ក្រុង​ហាណូយ៖ ដោយ​ពិធី​បុណ្យ​ពាក់​កណ្ដាល​សរទរដូវ​កាន់​តែ​ខិត​ជិត​មក​ដល់​នៅ​ថ្ងៃទី ១៥ នៃ​ខែ​ចន្ទ​គតិ​ទាំង ៨ ដែល​ត្រូវ​​នឹង​ថ្ងៃទី ១៣ ខែ ​កញ្ញា ​នេះ អ្នកស្រី ង្វៀង ធី ធុយេន កំពុង​តែ​មមាញឹក​ក្នុង​ការ​ច្នៃ​ផលិត​បញ្ញវន្ត​ក្រដាស​។


អ្នកស្រី​ ធុយេន ជា​អ្នក​សិល្បៈ​​ម្នាក់​ក្នុង​​ចំណោម​មនុស្ស​តិចតួច​ដែល​បន្ដ​អាជីព​ជា​អ្នក​ផលិត​តុក្កតា​បុរាណ​សម្រាប់​ឲ្យ​ក្មេង​លេង​​ក្នុង​ឱកាស​បុណ្យ​ប្រចាំ​ឆ្នាំ​នេះ​។

អ្នកស្រី​ចំណាយ​ពេលវេលា​​ជា​ច្រើន​ក្នុង​ការ​ផលិត​តុក្កតា​ដោយ​អង្គុយ​បិទ​​ឫស្សី​តូចៗ កាត់​សម្លៀក​បំពាក់​តូចៗ និង​បិទ​ដំឡើង​រូប​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ បញ្ញវន្ត ដែល​ពលរដ្ឋ​វៀតណាម​ហៅ​ថា ធៀន ស៊ីហ្គាយ គឺ​ជា​និមិត្តរូប​បុគ្គល​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​។


បញ្ញវន្ត​ក្រដាស​ត្រូវ​បាន​​ពាក់​​មួក​​ និង​សម្លៀក​បំពាក់​ប្រពៃណី ​ដូច​ជា​អ្នក​ដែល​បំពេញ​ការងារ​មុខងារ​រាជការ​។


កាល​ពី​អតីត ពលរដ្ឋ​វៀតណាម​ដាក់​តាំង​បង្ហាញ​រូប​ទីងមោង​បញ្ញវន្ត​ក្រដាស​ក្នុង​អំឡុង​ពេល​រៀបចំ​ពិធី​ជប់លៀង​នៃ​បុណ្យ​​ពាក់​កណ្ដាល​សរទរដូវ​ ដើម្បី​លើក​ទឹក​ចិត្ដ​កុមារ​ខិតខំ​សិក្សា​រៀន​សូត្រ​ និង​ទទួល​ជោគជ័យ​ក្នុង​ឆាក​ជីវិត​។


​តុក្កតា​បញ្ញវន្ត​វៀតណាម​ប្រើ​គ្រោង​ឫស្សី សម្លៀកបំពាក់​បុរាណ។ VNS

ឈុត​បញ្ញវន្ត​ក្រដាស​ ដែល​មាន​តួអង្គ​បញ្ញវន្ត ១ ​រូប​ រួម​នឹង​អ្នក​បម្រើ ​២ ​នាក់ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​លើ​ថាស​ អម​ជាមួយ​នឹង​​ផ្លែ​ឈើ និង​ចំណី​អាហារ​ផ្សេងៗ​សម្រាប់​កុមារ​ទទួល​ទាន​ និង​លេង​នា​រាត្រី​បុណ្យ​ឆ្លង​។

តួអង្គ​បញ្ញវន្ត​ក្រដាស​ត្រូវ​បាន​​រក្សា​ទុក​នៅ​ក្បែរ​ទីកន្លែង​សិក្សា​របស់​កុមារ​ ឬ​តម្កល់​នៅ​ទីសក្ការៈ​របស់​គ្រួសារ​រហូត​ដល់​ដំណាច់​ឆ្នាំ​ចន្ទគតិ​។

នៅ​ទី​បញ្ចប់​នៃ​ពិធី​បុណ្យ​ ឬ​ដំណាច់​ឆ្នាំ​ចន្ទ​គតិ តុក្កតា​ឫស្សី​តូចៗ​នឹង​ត្រូវ​ដុត​ចោល​។

អ្នកស្រី ធុយេន ដែល​បាន​ស្នង​ប្រពៃណី​ផលិត​បញ្ញវន្ត​ក្រដាស​ពីដូនតា បាន​និយាយ​ថា​ មុខ​មាត់​បញ្ញវន្ត​ត្រូវ​បាន​ផលិត​ឡើង​ពី​ដី​ឥដ្ឋ​ និង​សម្ងួត​ក្រោម​កម្ដៅ​ថ្ងៃ និង​ផាត់​ពណ៌​មុខ​​មាត់​។

​ក្រុម​គ្រួសារ​ជួប​ជុំគ្នា​ក្នុង​ឱកាស​បុណ្យ​ពាក់កណ្ដាល​សរទរដូវ​។ VNS

អ្នកស្រី បាន​ឲ្យ​ដឹង​ទៀតថា​៖ «​​គ្រោង​ខ្លួន​របស់​បញ្ញវន្ត​ផលិត​​ឡើង​ពី​ឫស្សី​ ហើយ​គ្រោង​នោះ​ត្រូវ​តែ​មាន​តុល្យភាព​ ដែល​អាច​ដាក់​ឲ្យ​ឈរ​ត្រង់​ខ្លួន​បាន។ គន្លាក់​បត់​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ដែក​លួស​»។

ក្រោយ​ពី​ធ្វើ​គ្រោង​ខ្លួន​រួច អ្នកស្រី​ចាប់​ផ្ដើម​បិទ​ក្រដាស​។ តួអង្គ​បញ្ញវន្ត​ត្រូវ​បាន​ស្រោប​សម្លៀក​បំពាក់​ក្រណាត់​ពណ៌​ស្រស់ៗ​។

អ្នកស្រី​ ធុយេន បាន​បន្ដ​ថា​៖ «​​ក្មេងៗ​សម័យ​នេះ​កាន់​តែ​ចាប់​អារម្មណ៍​ចំពោះ​ឧបករណ៍​អេឡិចត្រូនិក​ តុក្កតា​បែប​បុរាណ​លែង​សូវ​ជា​ចំណូល​ចិត្ដ​ពួក​គេ​ទៀត​ហើយ​។ យ៉ាង​ណា ខ្ញុំ​នៅ​តែ​បន្ដ​ធ្វើ​រូប​សិប្បកម្ម​ទាំង​នេះ ​ដើម្បី​ថែ​រក្សា​ប្រពៃណី​បុរាណ​ដូន​តា​»។

ពិធី​បុណ្យ​ពាក់​កណ្ដាល​សរទរដូវ​ គឺ​ជា​ព្រឹត្ដិការណ៍​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​វៀតណាម ក្នុង​ឱកាស​​​ក្រុម​គ្រួសារ​អាច​ជួប​​ជុំ​ ឪពុក​​ម្ដាយ​ប្រៀន​ប្រដៅ​កូន​ចៅ ហើយ​កូន​ធំៗ​ជូន​កាដូ​ដល់​ឪពុក​ម្ដាយ និង​សាច់​ញាតិ​ចាស់​​ទុំ​ក្នុង​គ្រួសារ​៕ VNS/HR