ក្រុងប៉ារីស៖ សួនកម្សាន្ដ Disneyland ក្រុងប៉ារីស ជាគោលដៅទេសចរណ៍ធំបំផុតនៅអឺរ៉ុប បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងបើកទ្វារស្វាគមន៍ភ្ញៀវនៅថ្ងៃទី ១៧ ខែមិថុនា ខណៈប្រទេសបារាំង បន្ធូរបន្ថយការរឹតបន្តឹង។
សួនកម្សាន្ដដែលមានបុគ្គលិក ១៧ ០០០ នាក់ បានបិទទ្វារកាលពីថ្ងៃទី ១៣ ខែមីនា និងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំមុន ហើយក៏បានបិទទ្វារម្ដងទៀតតាំងពីថ្ងៃទី ៣០ ខែតុលា។
សួនកម្សាន្ដនេះត្រូវលុបចោលគម្រោងបើកដំណើរការឡើងវិញពីរលើកដោយសារវិបត្ដិកូវីដចេះតែបន្ដ។
យោងតាមសេចក្ដីថ្លែងការណ៍បានបង្ហាញថា៖ «យើងមានក្ដីសោមនស្សរីករាយក្នុងការប្រកាសថា Disneyland Paris នឹងបើកទ្វារឡើងវិញនៅថ្ងៃទី ១៧ ខែមិថុនាខាងមុខ ដោយគោរពទៅតាមគោលការណ៍សុខភាព និងសុវត្ថិភាព»។
ដំបូងឡើយ Disneyland Paris មានក្ដីសង្ឃឹមថានឹងបានទទួលភ្ញៀវឡើងវិញតាំងពីខែកុម្ភៈ មុនពេលថ្ងៃទី ២ ខែមេសា ជាវេលាបើកទ្វារលើកទី២ ដែលក្រោយមកលុបចោលម្ដងទៀត។
កាលពីខែមុន ទីកម្សាន្ដនេះចាប់ផ្ដើមរៀបចំការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ខណៈបារាំងពន្លឿនការចាក់ទូទាំងប្រទេស។ កាលពីថ្ងៃចន្ទ សួនកម្សាន្ដ បានឱ្យដឹងថា ខ្លួននឹងតម្រូវឱ្យលើសអាយុ ៦ ឆ្នាំត្រូវពាក់ម៉ាស។
អ្នកចូលរួមត្រូវបានកំណត់ ហើយការទិញសំបុត្រទុក និងការកក់ទុក ក៏តម្រូវឱ្យធ្វើមុនផងដែរ។ អាស្រ័យលើគោលការណ៍សុវត្ថិភាពពីអាជ្ញាធរ គោលដៅទេសចរណ៍មួយចំនួនអាចបន្ដបិទ ឬកែសម្រួល។
ប្រភពសហជីពមួយនៅ Disneyland បានឱ្យដឹងកាលពីដើមឆ្នាំថា គណគ្រប់គ្រងរំពឹងថា នឹងវិលទៅកាន់សកម្មភាពមុនកើតវិបត្ដិឡើងវិញនៅក្នុងឆ្នាំ ២០២២។
សម្ព័ន្ធ Disney បានប្រកាសកាត់ការងារ ៣២ ០០០ នាក់ នៅសួនកម្សាន្ដរបស់ខ្លួនទូទាំងពិភពលោក ភាគច្រើននៅសហរដ្ឋអាមេរិក ដោយសារផលប៉ះពាល់ខ្លះ៕ AFP/HR