ស្រុកប៊ួងដុង: ហ្មដំរី អ៊ី ហយប៊ីយ៉ា អង្គុយ​លើ​ខ្នង​ដំរី ប្រើ​ឈើ​វាយ​សត្វ​ប្រមោយ​ឲ្យ​ស្ទុះស្ទា​បំបោល​ទៅ​មុខ ដើម្បី​វ៉ា​គូប្រជែង​ដណ្ដើម​ជយលាភី​ពី​ការប្រកួត​ជា​ប្រពៃណី​អ្នក​ស្រុក​ភ្នំ​នៅ​ស្រុក ប៊ួង ដុង ប្រទេស​វៀតណាម​។


អ្នកភូមិ​ចាត់ទុក​ថា​ការប្រកួត​នេះ​ដើម្បី​អបអរ​ដល់​សត្វ​មហាកម្លាំង​ដែល​ប្រជាជន​វៀតណាម​តែង​ចាត់ទុក​វា​ជា​សមាជិក​គ្រួសារ​។

យ៉ាងណា​មិញ​ក្រុម​អ្នក​អភិរក្ស​សត្វ​បែរ​ជា​អំពាវនាវ​ឲ្យ​បញ្ឈប់​ការប្រកួត​បែប​ប្រពៃណី​នេះ​ដោយ​ចាត់ទុក​ថា ទង្វើ​នេះ​មាន​ភាព​សាហាវឃោរឃៅ និង​ហួស​សម័យ​។


តាម​ប្រពៃណី​ដ៏យូរលង់ ពិធីបុណ្យ​ប្រណាំង​ដំរី​ស្រុក​ប៊ួងដុង​ជាទូទៅ​ត្រូវ​បាន​ប្រារព្ធ​រៀងរាល់​ ២ ​ឆ្នាំ​ម្ដង និង​ជា​កម្មវិធី​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ ដោយ​រួមផ្សំ​ការប្រកួត​បាល់ ហែល​ទឹក ដង្ហែ​ក្បួន រៀប​ចំណី​ប៊ូហ្វេ​ឲ្យ​សត្វ និង​បញ្ចប់​ដោយ​ការប្រកួត​ដំរី​នៅ​ ២ ​​ថ្ងៃ​ចុងក្រោយ​។


ដំរី​ចំនួន ១៤ ​ក្បាល​បាន​ចូលរួម​ការប្រកួត​ឆ្នាំ​នេះ​ដែល​តិច​ជាង​ឆ្នាំមុនៗ​ឆ្ងាយ​ណាស់​។ រូបថត AFP


ហ្មដំរី អ៊ី ហយ និយាយ​ថា​លោក​មាន​មុខមាត់​ណាស់​ដែល​សត្វ​ដំរី​របស់​លោក​តែង​ទទួល​បាន​ជោគជ័យ​ពី​ការប្រកួត​ជាច្រើន​លើក និង​ល្បី​ពេញ​ភូមិ ឯ​ភាគ​កណ្ដាល​ខេត្ត​ដាក់​ឡាក ជា​តំបន់​មាន​សត្វ​ដំរី​វៀតណាម​នៅ​សេសសល់​រស់រាន​មាន​ជីវិត​។

ហ្មដំរី​វ័យ ៣៨ ​ឆ្នាំ​ជា​ជនជាតិ​ដើម​ភាគតិច អ៊ីដេ ដែល​ចិញ្ចឹម​បីបាច់​ដំរី​របស់​ខ្លួន​តាំងពី​វ័យ​កុមារ​បាន​និយាយថា​៖ «​អាខាម ស៊ីញ (​ឈ្មោះ​ដំរី​) វា​ឈ្នះ​លេខ​ ១ ​រហូត​ឲ្យ​តែ​មាន​ការប្រកួត​នៅ​ខេត្ត​ដាក់ឡាក​»​។

មុន​ការប្រកួត​លោក​តែងតែ​រៀបចំ​ចំណី​ចំណុក​ឲ្យ​ដំរី​សំណព្វ​ស៊ីចុក​មាន ចេក និង​អំពៅ ដើម្បី​ប៉ូវ​កម្លាំង​វា​ឲ្យ​ខ្លាំងក្លា ហើយ​ទីបំផុត​ដំរី​របស់​លោក​ពិតជា​បាន​ប្ដូរ​ដំរី ១០ ​ក្បាល​ទៀត​ក្នុង​ការប្រណាំង​ដោយ​នាំ​ប្រាក់រង្វាន់​ប្រមាណ ១៣០ ​ដុល្លារ​ជូន​ម្ចាស់​វា​។

អ្នកមើល​ការប្រកួត​ខ្លះ​សាទរ រីឯ​ខ្លះ​ទៀត​ពោលថា​អាណិត​សត្វ​ដំរី​។ រូបថត AFP

សម្លេង​ហ៊ោ​បាន​បន្លឺ​ឡើង​តែ​ក្នុង​ហ្វូង​ទស្សនិកជន​រាប់រយ​នាក់​នោះ​ក៏​មាន​ក្រុម​អ្នកតស៊ូ​សិទ្ធិ​សត្វ​ដែល​បាន​រិះគន់​ការប្រកួត​ថា ប្រើ​ហិង្សា​វាយ​ដំរី និង​ប្រើ​សត្វ​ឲ្យ​ធ្វើការ​ជាច្រើន​ម៉ោង​ក្រោម​កម្ដៅថ្ងៃ​ក្ដៅហែង​។

ស្ថិត​ក្នុង​ចំណោម​ហ្វូងមនុស្ស អ្នកនាង ដាយអនណេ ស្លេកធើរ មកពី​អង្គការ​សត្វអាស៊ី​បាន​ពោល​ថា​៖ «​នេះ​គឺជា​ការកម្សាន្ត​ដែល​មាន​កម្រិត​ភាពឃោរឃៅ​ខ្លាំង​ចំពោះ​សត្វ​»​។

អ្នកនាង​សម្ដែង​ភាព​វិជ្ជមាន​ដែល​ឆ្នាំ​នេះ​មាន​សត្វ​ដំរី​តែ ១៤ ​ក្បាល​មក​ចូលរួម ខណៈ​ឆ្នាំ​មុនៗ​ច្រើន​ជាង​នេះ​រាប់សិប​ក្បាល​ឯណោះ​។ អ្នកនាង​ក៏​សង្ឃឹម​ថា អាជ្ញាធរ​នឹង​រៀបចំ​កម្មវិធី​ប្រកួត​សត្វ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​ទាក់ទាញ​ទេសចរ ក្នុង​ទម្រង់​មួយ​ដែល​មិន​ប៉ះពាល់​សិទ្ធិ​សត្វ​។

យោង​តាម​អង្គការ​នៅ​ប្រទេស​វៀតណាម​មាន​ដំរី​ជាង ៨០ ​ក្បាល​កំពុង​រស់នៅ​ជាមួយ​មនុស្ស​ដោយ​ភាគច្រើន​ពួកវា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជា​យានជំនិះ ហើយ​នេះ​ក៏​ជា​ការងារ​ប៉ះពាល់​ដល់​សមត្ថភាព​បន្ត​ពូជ​ផងដែរ​។ ទន្ទឹម​នឹង​នោះ​ដំរី​ព្រៃ​ចំនួន​ពី ១០០ ទៅ ១៥០ ក្បាល​ក៏​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើតកូន​កើត​ចៅ​បាន​ច្រើន​ដែរ​៕