ក្រុងហាវ៉ាណា: សម្លឹង​មើល​កញ្ចក់ ដៃ​កាន់​បំពង់​ក្រេម​លាប​បបូរមាត់ អ្នកស្រី ដាលា បារីយូស ប្រាថ្នា​តែង​ខ្លួន​ឲ្យ​ស្រស់ស្អាត​ក្នុង​ថ្ងៃ​ខួប​កំណើត​វ័យ ១០២ ​ឆ្នាំ​ដែល​មាន​ការចូលរួម​ពី​បងប្អូន មិត្តភក្ដិ​ជាង ៣០ ​នាក់​។


ស្ត្រី​វ័យ​ជាង​មួយ​សតវត្សរ៍​នៅ​តែងខ្លួន​ឡើង​ខ្ញង់​រូប​នេះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​អត់​មាន​អារម្មណ៍​ថា ខ្ញុំ​ចាស់​អ៊ីចឹង​ទេ​។ ខ្ញុំ​មាន​គ្រួសារ​ដ៏ល្អ​ហើយ​ពួកគេ​ស្រឡាញ់​ខ្ញុំ​ណាស់ ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​»​។

អ្នកស្រី​នៅលើ​រទេះរុញ​ដែល​មាន​ក្មេងស្រី​វ័យ ៧ ឆ្នាំ​ត្រូវ​ជា​ចៅលួត និង​ស្ត្រី​វ័យ ៥៩ ឆ្នាំ​ជា​ចៅ​បង្កើត​តាម​កំដរ​ជាប់​ជានិច្ច​។ ក្នុង​វ័យ​ ១០២ ​ឆ្នាំ​អ្នកស្រី​អាច​បង្វិល​កង់រទេះ​ចល័ត​ដោយ​ខ្លួនឯង​ដោយ​មាន​ចៅស្រី​លួត​អង្គុយ​លើ​ភ្លៅ​ផង​ដែរ​។ នៅលើ​នំ​ខួបកំណើត​មាន​ដោត​ទៀន​តែ​ ២ ​ទេ ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្លុំ​ដល់​ម្ចាស់​ខួប​។


អ្នកស្រី ដាលា ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ២០១៧ នាក់​នៅ​ប្រទេស​គុយបា​ដែល​រស់​បាន​អាយុ​ជាង ១០០ ​ឆ្នាំ​។


នៅពេល​អ្នកស្រី ដាលា មាន​អាយុ ៦០ ឆ្នាំ អ្នកស្រី​ធ្លាប់​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ជំងឺមហារីក​ពោះវៀន​ផ្ដល់​ឱកាស​ឲ្យ​អ្នកស្រី​រស់​បាន​តែ​ ១ ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ផ្ទុយ​ពី​ការសន្និដ្ឋាន​របស់​វេជ្ជបណ្ឌិត អ្នកស្រី​នៅ​រស់រាន​មាន​ជីវិត​រហូត​មក​ដល់​សព្វថ្ងៃ ទាំង​ខ្លួន​ធ្លាប់​ជក់បារី ផឹកស្រា និង​រងរបួស​ដួល​ជាច្រើន​ដង​។


ប្រទេស​គុយបា​មាន​ប្រជាជន​សរុប ១១,២ លាន​នាក់​ជាមួយ​អត្រា​សង្ឃឹម​រស់ ៧៩,៥ ឆ្នាំ​បើ​ទោះ​ជា​ប្រាក់ខែ​រដ្ឋ​ជា​មធ្យម​តែ​ប្រមាណ ៣០ ដុល្លារ​ក្នុង​ ១ ​ខែ​។

ប្រទេស​សង្គមនិយម​មួយ​នេះ​ផ្ដល់​សេវា​សុខភាព​ឥតគិតថ្លៃ ខណៈ​ចំនួន​គ្រួពេទ្យ​ក៏ច្រើន​លើសលប់​។ គុយបា​ថែម​ទាំង​មាន​ «​ក្លិប​ ១២០» ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្លួន​រស់នៅ​ដល់​ចាស់ព្រឹទ្ធ​ចាស់ព្រេង​ផង​ដែរ​៕