ក្រុង​សែន​មនោរម្យ៖ ​​ទោះបី​​​ពុំ​​​ទាន់​មាន​​អ្នក​​​​ជួយ​​ឧបត្ថម្ភ ​​ក្នុង​យុទ្ធនាការ​​​លើក​ស្ទួយ​បន្ត​រក្សា​នូវ​​​​មរតក​វប្បធម៌​នៃ​​ជនជាតិ​ភាគ​តិច​ព្នង​ នៅ​តំបន់​​​ទឹក​ធ្លាក់​​ប៊ូស្រា​ ខេត្ត​មណ្ឌលគិរី​នៅ​ឡើយ​ក្តី​​ក៏​ឆន្ទៈ​​ស្រឡាញ់​​សិល្បៈ​តន្រ្តី និង​​វប្បធម៌​ក្រៅ​ជាតិ​សាសន៍​ខ្លួន​របស់​តន្រ្តីករ​ជាតិ​​អូស្រ្តាលី​ និង​ជា​សា្ថបនិក​​​​នៃ​​​​ក្រុម​​ Cambodian Space Project លោក ជូលៀន ប៉ូលសុន​​ នៅ​តែ​ខិតខំ​បន្ត​​​ឥត​ងាករេ​​ ដើម្បី​ផលិត​ជា​ខ្សែ​​វីដេអូ​ខ្លី​ឈ្មោះ​ Echoes Across the Mountains ឲ្យ​បាន​​នៅ​ដំណាច់​ឆ្នាំ ២០២០ ​នេះ​ឬ​ដើម​ឆ្នាំ ​២០២១​។ ​


គម្រោង​​ផលិត​ជា​ខ្សែ​វីដេអូ​បែប​​និទាន​រឿង​រ៉ាវ​​ស្តីពី​វប្បធម៌​ជនជាតិ​ភាគ​តិច​​នេះ បង្កើត​ឡើង​​តន្រ្តីករ​​​​អូស្រ្តាលី​ ជូលៀន​​ ប៉ូលសុន ដែល​លោក​នឹង​ជួយ​​រៀបចំ​​ដឹកនាំ​សម្តែង និង​ការ​ថត​​ផលិត​ជា​វីដេអូ​​ឯកសារ​​​ស្តីពី​ក្រុម​​តន្រ្តី​ប្រពៃណី​ និង​​វប្បធម៌​​របស់​​ជនជាតិ​​ភាគ​តិច​​ព្នង​ មាន​មូលដ្ឋាន​នៅ​​តំបន់​​​​រមណីយដ្ឋាន​ទឹក​ធ្លាក់​ប៊ូស្រា​ នៃ​ខេត្ត​មណ្ឌលគិរី។

លោក​​ ជូលៀន ប៉ូលសុន ​(Julien Poulson) ​បាន​បង្ហើប​​ថា​​​៖ «​​ខ្សែ​វីដេអូ​ឯកសារ​ចងក្រង​​ពី​តន្រ្តី និង​វប្បធម៌​ របស់​ជនជាតិ​ភាគ​តិច​ព្នង​នេះ ខ្ញុំ​បាន​​​​គ្រោង​​​​តាំង​ពី ​១០ ឆ្នាំ​មក​ តែ​ទើប​​​បាន​​ចាប់​ធ្វើ​នៅ​ដើម​ឆ្នាំ ​២០២០ ​នេះ។ សម្រាប់​ខ្ញុំ តាមរយៈ​​វីដេអូ​នេះ វា​នឹង​​ក្លាយ​ជា​មធ្យោបាយ​មួយ​អាច​ប្រាប់​ពី​គោល​បំណង​​សំខាន់ៗ​របស់​បងប្អូន​​ជនជាតិ​ព្នង​ ​ដែល​​​ព្រួយ​បារម្ភ​ពី​​អត្តសញ្ញាណ​​​នៃ​សិល្បៈ​ តន្រ្តី​ និង​វប្បធម៌​​ខ្លួន​ ដែល​កំពុង​តែ​មាន​ការ​ផ្លាស់​ប្តូរ​ និង​ស្ថិត​​​ក្នុង​​លក្ខណៈ​ជិត​បាត់បង់​នូវ​អត្តសញ្ញាណ​​ដើម​ខ្លួន​​ ទៅ​ឲ្យ​​​ពិភព​​លោក​​​បាន​ស្គាល់​»​។​


លោក​បន្ត​ថា៖ «គេ​ឆ្ងល់​ច្រើន​ណាស់​ចំពោះ​រឿង​ផលិត​ខ្សែ​វីដេអូ​ស្តីពី​វប្បធម៌​​ជនជាតិ​​ព្នង​​នេះ តាម​របៀប​ណា? ចម្លើយ​​ដ៏​​​សាមញ្ញ​​ ​គឺ​ខ្ញុំ​ឆ្លើយ​​ថា ខ្ញុំ​គ្រាន់​តែ​​ដឹកនាំ​ និង​ជួយ​​សម្របសម្រួល​ពួក​គាត់​​ដោយ​​រីករាយ​សប្បាយ​ចិត្ត​នឹង​ធ្វើ​ប៉ុណ្ណោះ។ ខណៈ​​ឯ​ការ​រៀបរាប់ ឬ​និយាយ​​ពី​​​រឿង​រ៉ាវ​នានា​នោះ គឺ​ពួក​​គាត់​ជា​​​អ្នក​សម្តែង​​ទាំង​អស់​​​តាមរយៈ​​​ការ​លេង​ឧបករណ៍​​តន្រ្តី​ និង​​​ចម្រៀង​​ប្រពៃណី​​ពួក​គាត់​។​ ប្រសិន​​​បើ​​មាន​គ្រឿង​ឧបករណ៍​គ្រប់គ្រាន់​ ខ្ញុំ​រំពឹង​ថា គម្រោង​​ផលិត​​អាច​នឹង​ថត​បញ្ចប់​នៅ​​ចុង​ឆ្នាំ ​២០២០ ឬ​អាច​​បន្ត​នៅ​ត្រឹម​​ខែ​មីនា ឆ្នាំ ​២០២១។​


ឧបករណ៍​តន្រ្តី​កែច្នៃ​របស់​តន្រ្តី​ករ​ជន​ជាតិ​ភាគ​តិច​ព្នង​នៅ​តំបន់​ប៊ូស្រា ខេត្ត​មណ្ឌល​គិរី​​​។ រូប Julien Poulson


មិន​ត្រឹម​តែ​មាន​គម្រោង​ថត​ផលិត​ជា​វីដេអូ​​ឯកសារ​​​នៃ​ក្រុម​តន្រ្តី​​ប្រពៃណី​ និង​​វប្បធម៌​​របស់​ជនជាតិ​ភាគ​តិច​​ព្នង​ នេះ​តែ​ប៉ុណ្ណោះ​ទេ គឺ​មាន​គម្រោង​ជា​ច្រើន​​ទៀត​ផង​ដែរ​ដូចជា កម្មវិធី​សិល្បៈ​វប្បធម៌​ ​ និពន្ធ​ និង​អាន​​​ (Readers & Writers Festival) កម្មវិធី​ Folk Art Blues Festival និង​កម្មវិធី​​ Cambodian Women of Song ​ដែល​ជា​ការ​សហការ​​រួម​គ្នា​​រវាង​សិល្បករ​ តន្រ្តី​ខ្មែរ​ និង​បរទេស​ទៅ​តាម​ជំនាញ​សិល្បៈ​ផ្សេងៗ​គ្នា​។ ​ ​

លោក ​ជូលៀន ប៉ូលសុន ​ ជា​តន្រ្តីករ​ជំនាញ​លេង​ហ្គីតា ​បាន​​​រៀន​ជំនាញ​​​ផលិត​​កុន​នៅ​​​ឯ​​​ទីក្រុង​មែនប៊ន​ នៃ​ប្រទេស​ អូស្រ្តាលី ហើយ​ស្នាដៃ​ផលិត​​កុន​​ខ្លី​ឈ្មោះ​​ថា​ Super-8 ស្តីពី​​តារា​ចម្រៀង​ស្រី​ខ្មែរ​​​ម្នាក់​​​ឈ្មោះ ពៅ វណ្ណរី ដែល​ជា​កុន​​​​ដំបូង​​​​លោក​​ត្រូវ​បា​ន​ចាក់​បញ្ចាំង​នៅ​ឯ​​ទីក្រុង​កែនន៍​ ប្រទេស ​បារាំង​​ កាល​ពី​ឆ្នាំ ​២០១៨ ​កន្លង​មក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ជូលៀន ប៉ូលសុន ​គឺ​ជា​តន្រ្តីករ​ដែល​​​កើត និង​ធំ​ពេញ​វ័យនៅ​ក្នុង​រដ្ឋ​​​តាស​មានៀ​ តំបន់​ភាគ​ខាង​ត្បូង​នៃ​​ប្រទេស​ អូស្រ្តាលី និង​​ជា​អ្នក​​បរិស្ថាន​​និយម​រូប​​នេះ​ ចូល​​​ចិត្ត​​​ស្រាវជ្រាវ​ពី​ប្រវត្តិ​​សិល្បៈ​​ប្រជាប្រិយ​ និង​​តន្រ្តី​ ខណៈ​​លោក​ក៏​មាន​ចំណូល​ចិត្ត​សិក្សា​ស្វែង​យល់​វប្បធម៌​របស់​ជន​ភាគ​តិច​ នៅ​​ក្នុង​ប្រទេស​ កម្ពុជា ​​ផង​ដែរ​៕