ក្រុងវ៉ាស៊ីនតោន: ការបំប្លែង​ខ្លួន​មិនមែន​ជា​មធ្យោបាយ​ល្អ​ឡើយ តែ​អម្បូរ​ឆ្លាម​ខ្លះ​ដែល​រស់នៅ​បាតសមុទ្រ​រំលេច​នូវ​ពន្លឺ​ពណ៌​បៃតង​ស្រស់ ដោយ​អាច​មើលឃើញ​យ៉ាង​ឆើតឆាយ​។


ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ពួកគេ​បាន​រកឃើញ​ម៉ូលីគុល​ពន្លឺ​លើ​មច្ចុរាជ​សមុទ្រ ហើយ​វា​អាច​មាន​តួនាទី​ផ្សេងៗ​ទៀត ដូចជា​ការ​ទប់ទល់​នឹង​ជំងឺ​ឆ្លង​អតិសុខុម​ប្រាណ​ជាដើម​។

ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ iScience បាន​ចង្អុលបង្ហាញ​ពី​សមាសធាតុ​ម៉ូលីគុល​តូចៗ ដែល​ជំនួយ​ដល់​ការរំលាយ​អាហារ​មិន​ត្រូវបាន​ស្គាល់​កន្លងមក​។


សាស្ដ្រាចារ្យ ដាវីដ ហ្គូប៊័រ មកពី​សាកលវិទ្យាល័យ​ស៊ីតធី ក្រុង​ញូវយ៉ក និង​ជា​សហ​អ្នកនិពន្ធ​ការសិក្សា​បាន​ថ្លែងថា​៖ «​វា​ពិតជា​ខុសប្លែក​ពី​អម្បូរ​សត្វ​សមុទ្រ​បញ្ចេញ​ពន្លឺ​ដទៃ ដូចជា ពពួក​ពពុះទឹក និង​ផ្កាថ្ម​ជាដើម​។ នេះ​ជា​ម៉ូលីគុល​តូចៗ​ដែល​មិនមែន​ជា​ប្រូតេអ៊ីន ហើយ​វា​បង្ហាញ​ថា ក្នុង​បាតសមុទ្រ​ពណ៌​ខៀវ ពពួក​សត្វ​ទាំងនេះ​មាន​សមត្ថភាព​ស្រូបយក​ពន្លឺ​ពណ៌​ខៀវ និង​ប្រែ​ទៅជា​ពណ៌​ផ្សេង​»​។


ព្រឹត្ដិបត្រ​ក៏បាន​ផ្ដោត​លើ​អម្បូរ​សត្វ​ ២ ​ប្រភេទ ដូចជា ឆ្លាមហើម និង​ឆ្លាម​ឆ្មា ដែល​លោក ហ្គូប៊័រ បាន​សិក្សា​អំឡុង​ដំណើរ​មុជទឹក​នៅ Scripps Canyon ក្បែរ​ឆ្នេរ​សាន់ឌីអេហ្គោ​។


លោក ហ្គូប៊័រ បាន​បន្ដថា​៖ «​ពួកវា​ទំនង​ជា​មាន​ប្រវែង​ ១ ​ម៉ែត្រ ហើយ​ពួកវា​រស់នៅ​បាតសមុទ្រ​ដែល​មាន​ការខ្មាសអៀន​ច្រើន និង​មិន​សូវ​ពូកែ​ហែល​ទឹក​»​។

លើស​ពី​នេះ​ពួកវា​រស់នៅ​ក្នុង​ជម្រៅ​ទឹក​យ៉ាង​ពី ៣០ ​ម៉ែត្រ​ជាទី​ដែល​ពន្លឺ​មាន​ពណ៌​ខៀវ ហើយ​បើ​អ្នក​ត្រូវ​វា​ខាំ​នៅ​ទីនោះ ឈាម​ចេញ​មក​នឹងមាន​ពណ៌​ដូចជា​ទឹកខ្មៅ​៕ HR