អស់ពីដូរស្ទីលសក់ អ្នកនាង ទូច ស្រីល័ក្ខណ៍ បន្តមកបង្ហាញរថយន្តថ្មីប្រើចរន្តអគ្គិសនី

Content image - Phnom Penh Post
រថយន្ត​ថ្មី​ប្រើ​ចរន្ត​អគ្គិសនី​ ដែល​អ្នកនាង ទូច ស្រីល័ក្ខណ៍​ Live វីដេអូ​បង្ហាញ​មហាជន។ ហ្វេសប៊ុក

ភ្នំពេញៈ បង្ករការភ្ញាក់ផ្អើលតារាចម្រៀងស្រីកូនមួយ និងជាអ្នកច្នៃសម្លៀកបំពាក់ពីសារុង អ្នកនាង ទូច ស្រីល័ក្ខណ៍ បែរ​ងាកមក​​បង្ហាញរថយន្តខ្នាតតូច មានតម្លៃសមរម្យ និងជាម៉ូដែលរថយន្តថ្មីមិនប្រើសាំង សម្រាប់ជាយានជំនិះធ្វើដំណើររបស់ខ្លួន ក្រោយ​ពី​បង្កការភ្ញាក់ផ្អើលដោយការដូរស្ទីលសក់មកនោះ។

តារាស្រីដែលទើបនឹងទទួលបានការចាប់អារម្មណ៍ ដែលហ៊ានកាត់សក់ខ្លីដូចសក់មនុស្សប្រុសរូបនេះ បានបង្ហោះសាររួមជាមួយវីឌីអូ ដើរចុះពីលើឡានពណ៌លឿង បង្ហាញពីរថយន្តថ្មី នៅក្នុងបណ្តាញសង្គមថា៖ «វាថោក ហើយងាយស្រួល អ្វី​ដែល​សំខាន់ របស់ថ្លៃមិនប្រាកដថា ស្រួលនឹងល្អរហូតនោះទេ»។

Content image - Phnom Penh Post

អ្នកនាង ទូច ស្រីល័ក្ខណ៍ ដែលជាតារាចម្រៀងឯងរាជ្យ និងជាតារាសម្តែង មានសម្ថភាពអាចច្នៃម៉ូដសម្លៀកបំពាក់ពីសារុងខ្មែរបានបរិយាយក្នុងវីឌីអូនោះថា៖ «នេះគឺជាឡានតូចច្រឡឹងមើលទៅ Cute គួរឲ្យស្រលាញ់របស់ខ្ញុំ ហើយ​ខ្ញុំក៏ចង់បង្ហាញ​អ្នក​ទាំង​អស់​គ្នាថា ប្រហែលជាអ្នកទាំងអស់គ្នា មិនទាន់បានជ្រាបពីរឿងនេះទេ។ ជាទូទៅឡានផ្សេងគេប្រើសាំង ឬម៉ាស៊ូត ប៉ុន្តែឡានរបស់ខ្ញុំដូចជាទូរស័ព្ទចឹង ខ្ញុំគ្រាន់តែសាកថ្មវា ទុករយៈពេល ២៤ ម៉ោង ទៅខ្ញុំអាចបានគ្រប់កន្លែង ពេញ​មួយ​ថ្ងៃ​តែម្តង​ជាមួយរថយន្តដ៏ច្រម៉ក់ៗ!»។

តារាចម្រៀងស្រីល្បីខាងតែងខ្លួនបែបប្លែកៗស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍ពីមហាជនរូបនេះ បន្ថែមទៀតថា៖ «ខ្ញុំមិនចាំបាច់ក្នុងការចំណាយលុយចាក់សាំងឡាន អ្វីដែលសំខាន់ឡានរបស់ខ្ញុំ Cute មែនទែន ហើយវាថ្មី ហើយ​មួយ​វិញ​ទៀត​​វាតូចហើយងាយស្រួលចត ហើយខ្ញុំក៏ត្រូវការយកប្រដាប់សាកថ្មទៅតាមគ្រប់ទីកន្លែងដែរ»។

Content image - Phnom Penh Post

បើសង្កេតមើលការងារលើវិស័យសិល្បៈវិញអ្នកនាង ទូច ស្រីល័ក្ខណ៍ ក៏នៅតែមានការគាំទ្រពីមហាជន និងបានចេញបទចម្រៀងថ្មីៗ ជាលក្ខណៈបែបអប់រំ ជាច្រើនបទបន្ថែមទៀតមានដូចជាបទ «ហេតុអ្វីរំលោភក្មេង» និងបទ «មេម៉ាយ​មាន​អី​មិន​ល្អ» ​គឺជាបទដែលសម្តែងមុនដំបូងក្នុងពេលនាងបានកាត់សក់ដូចជាមនុស្សប្រុសផងដែរ។

យ៉ាងណារថយន្តម៉ាកថ្មីដែលសាកថ្មជំនួសការប្រើប្រាស់សាំង ឬម៉ាស៊ូតរបស់តារាស្រីរូបនេះ នៅមិនទាន់បានដឹងនៅឡើយទេថា ជាម៉ាកអ្វី ខណៈព័ត៌មានលម្អិតក៏មិនត្រូវបានបកស្រាយពី អ្នកនាង ទូច ស្រីល័ក្ខណ៍ បានឡើយ​ដោយសារ​ប្រព័ន្ធទូរ​ស័ព្ទ​​របស់​នាងតេចូលគ្មានអ្នកទទួល៕

Content image - Phnom Penh Post

Content image - Phnom Penh Post

ព័ត៌មានថ្មីៗ