ក្រុង​ហុងកុង៖ ស្ថិត​នៅ​សួន​ច្បារ​ដ៏​ស្ងាត់​ជ្រងំ ម្លប់​អគារ​ខ្ពស់​សន្លឹម​បាន​ជះ​ស្រមោល​លើ​គ្រូ​បង្ហាត់​​កីឡា​ គ្រីស្ទិន ហេនហ្វត ខណៈ​នាង​កំពុង​ធ្វើ​ចលនា​មុខ​កាមេរ៉ា​ទូរស័ព្ទ ដើម្បី​ឲ្យ​​ប្រិយមិត្ត​​​​អនុវត្ត​តាម​នៅ​ផ្ទះ​រៀងៗ​ខ្លួន​។


និយាយ​បណ្ដើរ ធ្វើ​ចលនា​បណ្ដើរ គ្រូ​បង្ហាត់​កីឡា​អាយុ ៣៣ ឆ្នាំ​រូប​នេះ​​បន្លឺ​ប្រាប់​សិស្ស​តាម​អនឡាញ​​​​ថា៖ «តោះ! អ្នក​ទាំង​អស់​គ្នា យើង​នឹង​ចាប់​ផ្ដើម​លំហាត់​ប្រាណ​រាង​កាយ ១០ នាទី ដែល​អ្នក​អាច​ធ្វើ​នៅ​ផ្ទះ ទោះ​ជា​ស្ថិត​នៅ​បន្ទប់​​តូច​ចង្អៀត​​ក្ដី»។

នេះ ​គឺ​ជា​សកម្មភាព​ដែល​ត្រូវ​បាន​យក​ទៅ​អនុវត្ត​តៗគ្នា​ជុំវិញ​ពិភព​លោក​អំឡុង​ពេល​មាន​ការ​រីក​រាល​ដាល​​​​នៃ​វីរុស​​កូរ៉ូណា។


ប្រជាជន​ ៤៤ ភាគរយ​ ឬ ​៣,៤ ពាន់​លាន​នាក់​ទូទាំង​ពិភព​លោក​ ត្រូវ​​សម្ងំ​នៅ​ក្នុង​ផ្ទះ​ការពារ​ខ្លួន និង​ចូលរួម​កាត់​បន្ថយ​អត្រា​ឆ្លង​។​


អ្នក​ដែល​នៅ​ផ្ទះ​មួយ​ចំនួន មិន​ដឹង​ថា​តើ​ពួក​គេ​គួរ​ធ្វើ​អ្វី អំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៍ ឬ​អាច​ថា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដើម្បី​រក្សា​សុខភាព​ឲ្យ​រឹងមាំ។


ប្រជាជន​ហុង​កុង ដែល​ភាគ​ច្រើន​រស់​នៅ​ផ្ទះ​ល្វែង​តូច​ចង្អៀត បាន​លើក​ឡើង​ពី​បញ្ហា​កង្វះ​ទីធ្លា​​ធ្វើ​ចលនា​​​​លំហាត់​ប្រាណ​ និង​សកម្មភាព​កីឡា​នានា។

ប៉ុន្តែ​​គ្រូ​បង្វឹក​ជនជាតិ​កាណាដា គ្រីស្ទិន ហេនហ្វត បាន​​ពន្យល់​ថា៖ «ពិត​​ណាស់ ១០០ ភាគរយ គឺ​អ្នក​ពិត​ជា​អាច​ថែ​រាង និង​សុខភាព​មាំមួន​ ទោះ​ជា​អ្នក​​​នៅ​ផ្ទះ​តូច​ចង្អៀត​​ក្ដី»។

ទោះជា​ផ្ទះតូច​ចង្អៀត ក៏​ប្រជាជន​នៅទីក្រុង​ហុងកុង អាច​ច្នៃ​កន្លុក​កន្លៀត​ហាត់ប្រាណ​ តាម​ការ​បង្រៀន​ក្នុងអនឡាញ​។ រូបថត AFP

អ្នក​ម្ដាយ​កូន ​១ ដែល​រស់នៅ​ក្រុង​ហុងកុង​អស់​ជាង ៦ ឆ្នាំ​មក​​​ហើយ​នេះ បាន​​បញ្ជាក់​ទៀត​ថា៖ «សំខាន់ គឺ​អ្នក​ចេះ​​ច្នៃ​ទីតាំង និង​​ចលនា​»។

ផ្ទះ​សម្បែង​របស់​អ្នក​ក្រុងហុង​កុង ជា​​មធ្យម​​មាន​ផ្ទៃ​ក្រឡា​ត្រឹម​តែ ១៦ ម៉ែត្រ​ការ៉េ ឬ​​ ​៤ ម៉ែត្រ ​៤ ជ្រុង។

យ៉ាងណា​មិញ អ្នក​គ្រូ ហេនហ្វត បាន​​លើក​ទឹក​ចិត្ត​ថា៖ «ជឿ​ខ្ញុំ​ចុះ បើ​អ្នក​អាច​ហាត់​ប្រាណ​ក្នុង​ផ្ទះ​នៅ​ទីក្រុង​ហុងកុង​បាន ទៅ​ដល់​ណា​ក៏​អ្នក​អាច​ថែ​សុខភាព​​រាង​កាយ​បាន​ដែរ»។

កន្លង​មក មាន​កីឡាករ​ល្បីៗ រួម​ទាំង​​អ្នក​និយម​ហាត់កីឡា​បាន​ធ្វើ​ឲ្យ​ផ្អើល​បណ្ដាញ​សង្គម អំឡុង​ពេល​មាន​ការ​បិទ​ចរាចរណ៍​ក្នុង​ទីក្រុង។

អ្នក​ខ្លះ​រត់​ម៉ារ៉ាតុង​ក្នុង​បន្ទប់​គេង រីឯ​អ្នក​ខ្លះ​ទៀត​យក​តុកៅអី ធ្វើ​ជា​ឧបករណ៍​ហាត់​ប្រាណ​ជា​ដើម។

ក្នុង​ចំណោម​កូន​សិស្ស​របស់​អ្នក​គ្រូ ហេនហ្វត, អាលីស៊ុន យឿន បាន​និយាយ​ថា ក្រៅ​ពី​​រៀន​ហាត់ប្រាណ​​តាម​អនឡាណ នាង​ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា Zoom Video ដើម្បី​​ហាត់​ជា​ក្រុម​ជាមួយ​មិត្តភ័ក្ដិ​ផង​ដែរ។

បុគ្គលិក​បម្រើ​ការ​ផ្នែក​ទីផ្សារ​ វ័យ ៣២ ឆ្នាំ ​ដែល​ផ្អាក​ទៅ​ការិយាល័យ​មក​បំពេញ​ការងារ​ចិញ្ចឹម​ឆ្នាំ​បាយ​នៅ​​ផ្ទះ​ រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​ចាប់​ផ្ដើម​ហាត់​ប្រាណ​នៅ​ផ្ទះ​ប្រមាណ​ជា ៧ ទៅ ៨ សប្ដាហ៍​ហើយ»។

នាង​បន្ត​ទៀត​ថា៖ «យើង​គ្រាន់​តែ​ជ្រើស​រើស​យក​ចលនា​ណា​ងាយៗ សាមញ្ញៗ ហើយ​អនុវត្ត​ ១០ ទៅ ១៥ នាទី ពត់​កាច់​ខ្លួន​នោះ​​ក៏​ល្អ​ដែរ»។

អាលីស៊ុន បន្ត​ទៀត​ថា៖ «ធ្វើ​ត្រឹម​ប៉ុណ្ណឹង​​បាន​វា​ជួយ​កម្ដៅ​សាច់ដុំ និង​អាច​​​ឲ្យ​យើង​ជក់​ហាត់​ថែម​ទៀត»។

ការ​បង្រៀន​​ហាត់​ប្រាណ​​​តាម​អនឡាញ​ដោយ​អ្នក​គ្រូ​ហេនហ្វត​ មិន​មាន​ការ​គិត​ប្រាក់​ពីសិស្ស​ទេ​ ទោះ​ជា​នាង​​ថា​គ្រូ​​កីឡា​គ្រប់​គ្នា​​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ចំណូល​ព្រោះ​​ជំងឺ​ឆ្លង​​នេះ​។

នាង​ត្អូញ​​​ត្អែរ​ថា៖ «ខ្ញុំ​ពិត​ជា​ខាត​បង់​​​បាត់​ចំណូល​​ច្រើន​មែន​ទែន»។​

ប៉ុន្តែ​នាង​លើក​ទឹក​ចិត្ត​ខ្លួន​​ឯង​ថា៖ «យើង​​ត្រូវ​​ឆ្លង​កាត់​រឿង​នេះ​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​រីករាយ​នឹង​ជួយ​អ្នក​ទាំង​អស់​គ្នា​ហាត់​ប្រាណ​លើក​ដៃ​ជើង ​ថែទាំ​សុខភាព​ទាំង​អស់​គ្នា​»៕ AFP