ភ្នំពេញៈ ទិវា​ជាតិ​អំណាន​លើក​ទី​ ៤ ដែល​បាន​រៀបចំ​ឡើង​ចំនួន ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៩ ដល់​ ១១ ខែ​មីនា​នេះ​បាន​បិទ​បញ្ចាប់​ដោយ​ការចងចាំ និង​ភាពសប្បាយ​រីករាយ​ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​សិស្ស​និស្សិត​ប្រមាណ​ជាង ៦៧ ០០០ ​នាក់​ជាមួយ​នឹង​ចែកចាយ និង​លក់​សៀវភៅ​យ៉ាងច្រើន​ចំនួន​រាប់សិប​ម៉ឺន​ក្បាល​ផងដែរ​។ នេះ​បើ​យោង​តាម​ក្រុម​អ្នកស្ម័គ្រចិត្ត​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​បញ្ចប់​ទិវា​ជាតិ​អំណាន​។


ស្រប​គ្នា​នេះ​គេ​សង្កេតឃើញ​ថា ទិវា​ជាតិ​អំណាន​មាន​ការរៀបចំ​សណ្តាប់ធ្នាប់​បាន​ល្អ​ដែល​មាន​ការចូលរួម​ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត​យ៉ាង​សស្រោកសស្រាំ​។

និស្សិត​ពេទ្យ​ ១ ​រូប​កញ្ញា ហម សុម៉ានិត អាយុ ២០ ​ឆ្នាំ​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ក្រុម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ពិធី​នៃ​ទិវា​ជាតិ​អំណាន​យល់​ថា​៖ «​ខ្ញុំ​យល់ថា ក្នុង​នាម​ជា​យុវជន​គួរតែ​ចូលរួម​ចំណែក​លើកកម្ពស់​ការអាន និង​អាច​មក​ចូលរួម​ក្នុង​ការទិញ​សៀវភៅ​ក្នុង​ពិព័រណ៍​សៀវភៅ​អ៊ីចឹងៗ​»​។


កញ្ញា​បន្ត​ទៀត​ថា​៖ «​ដូច​ខ្ញុំ​ជា​និស្សិត​ពេទ្យ​ការអាន​ពិត​ជា​សំខាន់​មែនទែន​ការអាន​អាច​បង្កើន​ចំណេះដឹង​អាច​ឲ្យ​យើង​ដឹង​ពីអ្វីៗ​ជាច្រើន​ទៀត ហើយ​ក៏​អាច​ពង្រឹង​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​បាន​ផង​ដែរ​»​។


ការប្រមូលផ្ដុំ​ស្ដង់​សៀវភៅ​ដ៏សម្បូរបែប​ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកចូលរួម​ក៏​ជា​កត្តា​សំខាន់​ដែរ​។


ក្រៅពី​សៀវភៅ ទិវា​អំណាន​ក៏​មាន​ការលេង​ល្បែង​ល្បងប្រាជ្ញា​។ រូបថត លៀប ទេពិទូ

កញ្ញា ឆោម សុវណ្ណដា និស្សិត​ឆ្នាំ​ទី​ ១ ​ផ្នែក​រដ្ឋបាល​សាធារណៈ​ដែល​បាន​ចូលរួម​ក្នុង​ទិវា​ជាតិ​អំណាន​នេះ​បាន​ប្រាប់​ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រំភើប​មែនទែន​នៅពេល​ដែល​ខ្ញុំ​មក​កាន់​ទីនេះ​ផ្ទាល់​។ ថ្ងៃ​ហ្នឹង​គឺជា​ថ្ងៃ​ចុងក្រោយ​ហើយ​គ្រាន់តែ​ចូលមក​ដល់​ខ្លោងទ្វារ​ភ្លាម​ខ្ញុំ​មាន​អារម្មណ៍​ថា រំភើប​ខ្លាំង ព្រោះ​ឃើញ​មនុស្ស​ជាច្រើន សិស្ស​និស្សិត និង​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​មក​ទី​នេះ ហើយ​គាត់​កាន់​សៀវភៅ​ទៅវិញ​យ៉ាង​ច្រើន ហើយ​ខ្ញុំ​ក៏​ចង់​បាន​សៀវភៅ​នៅ​ទី​នេះ​ឲ្យ​បាន​ច្រើន​ដែរ​ណាមួយ​គេ​មាន​បញ្ចុះតម្លៃ​ហើយ​ខ្ញុំ​គិតថា​វា​ល្អ​សម្រាប់​ប្រជាជន និង​សិស្ស​និស្សិត​នៅ​កម្ពុជា​»​។

និស្សិត​ផ្នែក​រដ្ឋបាល​សាធារណៈ​រូបនេះ​ក៏​ស្នើ​ឲ្យ​មាន​ការតាំងពិព័រណ៍ ឬ​ទិវា​អំណាន​ឲ្យ​បាន​ជា​រៀងរាល់​ឆ្នាំ​ផងដែរ ព្រោះ​កញ្ញា​យល់​ថា​កម្មវិធី​នេះ​មាន​ល្អ និង​មាន​សារៈសំខាន់​ខណៈ​ដែល​ប្រជាពលរដ្ឋ​អាច​មក​រក​សៀវភៅ​បាន​ជា​ច្រើន និង​មិន​បាច់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ម្យ៉ាង​ទៀត​មាន​ការ​បញ្ចុះតម្លៃ​ផង​ដែរ​។

នៅក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី​ ៤ នេះ​មាន​ការតាំង​សៀវភៅ​ទាំងអស់​ចំនួន ៦៨ ​ស្តង់ និង​មាន​ការចែកចាយ និង​ដាក់លក់​សៀវភៅ​ជាច្រើន​ប្រភេទ​ដូចជា ប្រវត្តិសាស្ត្រ​ខ្មែរ​ច្បាប់​សេដ្ឋកិច្ច ការបណ្តុះ​ការគិត គំនិត​ជោគជ័យ អក្សរសិល្ប៍​ខ្មែរ និង​មាន​សៀវភៅ​កុមារ​ជាច្រើន​រឿងព្រេង រឿងនិទាន រូប​ត្លុក និង​គំនូរ​ផាត់ពណ៌​ផ្សេងៗ​រួមទាំង​សៀវភៅ​ជា​ភាសាបរទេស​ជាច្រើន​ផ្នែក​ទៀត​សម្រាប់​អ្នក​ដែល​និយម​អាន​សៀវភៅ​។

កញ្ញា សុខ សភក្ត្រនាថ ប្រធាន​គ្រប់គ្រង​សួន​អំណាន​ដែល​ជា​កន្លែង​មួយ​សម្រាប់​ចែកចាយ​សៀវភៅ​ឥត​គិតថ្លៃ​ដល់​អ្នក​ចូលរួម​បាន​សង្កេត​ឃើញ​ថា​៖ «​សម្ទុះ​របស់​យុវជន​ខ្មែរ​ទៅ​លើ​ការអាន​សៀវភៅ​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​ការកើនឡើង​យ៉ាងខ្លាំង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ហ្នឹង​រហូត​មក​ដល់​ទិវា​ជាតិ​អំណាន​នេះ​គឺ​កាន់តែ​មាន​ការកើន​ច្រើន​ទៀត​»​។

កញ្ញា​បន្ត​ទៀត​ថា​៖ «​ពួកគាត់​បាន​ចូលរួម​ជាមួយ​យើង​មក​អាន​សៀវភៅ មកលេង​ល្បែង​ល្បងប្រាជ្ញា​អី​ផ្សេងៗ​ទាក់ទង​ជាមួយ​ការអាន​សៀវភៅ ហើយ​ពួក​ខ្ញុំ​ក៏​មាន​ការចែកជូន​សៀវភៅ​ដល់​គាត់​ដើម្បី​ឲ្យ​គាត់​អាច​បង្កើន​ចំណេះដឹង​ដោយសារ​តែ​គាត់​ចូលចិត្ត​អាន​សៀវភៅ​»៕

វីដេអូ៖