ក្រុង​ទ្រីស័រ៖ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដុត​នំ​ និង​ចុងភៅ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​ឥណ្ឌា កាល​ពី​សប្ដាហ៍​មុន កំពុង​រង់ចាំ​​កត់ត្រា​ចូល​បញ្ជី​ហ្គីណេស ជាមួយ​សមិទ្ធផល​នំខេក​ប្រវែង​ ៦,៥ គីឡូម៉ែត្រ ជា​នំ​​ដ៏​វែង​បំផុត​ក្នុង​លោក។


នំខេក​​ដ៏​វែង​អន្លាយ​នេះ​ត្រូវ​បាន​លាប​ក្រែម​សូកូឡា នៅ​លើ​តុ​រាប់​ពាន់​តម្រៀប​គ្នា​នៅ​វិថី​នៃ​ក្រុង​ទ្រីស័រ ​រដ្ឋ​​​ឆ្នេរ​សមុទ្រ ខេរ៉ាឡា ប្រទេស ​ឥណ្ឌា។

នំខេក​រសជាតិ​វ៉ានីឡា និង​សូកូឡា នេះ​​មាន​កម្រាស់ ១០ សង់ទីម៉ែត្រ និង​កម្ពស់ ១០ សង់ទីម៉ែត្រ ហើយ​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក ក្នុង​ទម្ងន់​សរុប​​ ២៧ ០០០ គីឡូក្រាម។


នំខេក​បំបែក​​ឯតទគ្គកម្ម​​វែង​បំផុត​នេះ ជា​ញើសឈាម​របស់​អ្នក​ដុត​នំ និង​​ចុងភៅ ១ ៥០០ នាក់ ក្នុង​សម្លៀក​បំពាក់​​​ពណ៌​ស។ ពួក​គេ​បាន​ប្រើ​ស្ករ និង​ម្សៅ​អស់ ១២ ០០០ គីឡូក្រាម និង​​ចំណាយ​ពេល​ជិត ៤ ម៉ោង ​ដើម្បី​តម្រៀប​នំ និង​​ស្រោប​ក្រែម​បន្ត​គ្នា។​


កម្មវិធី​ធ្វើ​នំខេក​វែង​បំផុត​នេះ​ត្រូវ​បាន​​រៀបចំ​ដោយ​សមាគម​អ្នក​ដុត​នំ​ប្រចាំ​រដ្ឋ​ខេរ៉ាឡា ហើយ​សកម្មភាព​ដ៏​មមាញឹក​នេះ​ត្រូវ​បាន​ចោមរោម​ទស្សនា​ដោយ​មហាជន​កុះករ។


អគ្គលេខាធិការ​សមាគម Naushad បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ហ្គីណេស​បាន​ធ្វើ​ការ​វាស់វែង​នំខេក​ថា មាន​ប្រវែង ៦,៥ គីឡូម៉ែត្រ ប៉ុន្តែ​ការ​បញ្ជាក់​ពី​ប្រវែង​នេះ​នៅ​ពុំ​ទាន់​ជា​លក្ខណៈ​ផ្លូវ​ការ។

ប៉ុន្តែ​លោក​ថា៖ «នេះ​ជា​កិច្ចការ​ស្ដែង​ពី​ជំនាញ​​ផ្នែក​នំ​បង្អែម ទៅ​កាន់​ពិភព​លោក ហើយ​យើង​ក៏​ធានា​ពី​អនាម័យ និង​រសជាតិ​ផង​ដែរ»។

បើ​​​ការ​ផ្ទៀងផ្ទាត់​ប្រវែង​នេះ​ពិត​​ជា​ត្រឹមត្រូវ នំខេក​ឥណ្ឌា​របស់​សមាគម​អ្នក​ដុត​នំ​ប្រចាំ​រដ្ឋ​ខេរ៉ាឡា​ នឹង​ផ្ដួល​កំណត់ត្រា​ចាស់​របស់​ក្រុម​អ្នក​ដុត​នំ​ជនជាតិ​នៅ​តំបន់​ ជីស៊ី ដែល​បាន​ធ្វើ​នំខេក​ផ្លែ​ឈើ​ប្រវែង ៣,២ គីឡូម៉ែត្រ កាល​ពី​ឆ្នាំ ២០១៨៕ AFP