Writing Through បណ្ដុះ​គ្រាប់​ពូជ​​តាម​​ការ​បង្រៀន​​​កំណាព្យ និង​​ភាសា​​​​អង់គ្លេស​

Content image - Phnom Penh Post
សិស្ស​សិក្សា​ជំនាញ​ថ្មី​ស្ដីពីកំណាព្យ និង​សំណេរ​ភាសា​អង់គ្លេស​ធ្វើ​បទ​បង្ហាញ​នៅ Book Launch។ ហុង មិនា

ភ្នំពេញ៖ កាល​ពី ១៤ ឆ្នាំ​មុន អ្នកស្រី Sue Guiney បាន​មក​ដល់​កម្ពុជា​ជា​លើក​ដំបូង​ ហើយ​​វា​ស្រាប់​តែ​កែប្រែ​ជីវិត​របស់​អ្នកស្រី​។ ស្ដ្រី​អាមេរិក​រូប​នេះ​បាន​ផ្ដើម​សរសេរ​សៀវភៅ​ប្រលោម​លោក​​ជា​ច្រើន​ស្ដីពី​​កម្ពុជា។​ ក្រោយ​​មក អ្នកស្រី​ចាប់​ផ្ដើម​បំពេញ​បេសកកម្ម​តប​ស្នង​ដល់​ប្រទេស​ដែល​តែងតែ​ជំរុញ​ចិត្ដ​អ្នក​ស្រី​រៀង​រហូត​មក​។

ក្នុង​ឆ្នាំ ​២០១០ កវី​ប្រលោម​លោក កំណាព្យ និង​គ្រូ​បង្រៀន​រូប​នេះ បាន​បើក​សិក្ខាសាលា​សំណេរ​មួយ​នៅ​មជ្ឈមណ្ឌល​សិល្បៈ និង​អប់រំ​ Anjali House នៅ​សៀមរាប ហើយ​វាជា​វេលា​កកើត​​ Writing Through។

ចាប់​ពី​ពេល​នោះ សិក្ខាសាលា​ដំបូង​បាន​ពង្រីក​ខ្លួន​ជា​អង្គការ​សប្បុរសធម៌​អន្ដរជាតិ​​​ដោយ​ផ្ដោត​លើ​បុគ្គល​ងាយ​រងគ្រោះ​ ទាំង​កុមារ និង​មនុស្សធំ ​សិស្ស និង​គ្រូ​ផង​ដែរ​។

Writing Through ជា​គម្រោង​ដំបូង​ដែល​​បង្កើត​ឡើង​នៅ​កម្ពុជា ​ជា​កម្មវិធី​សិក្ខាសាលា​​រៀបចំ​​យ៉ាង​ពិសេស​ ដោយ​ការ​ប្រើប្រាស់​សំណេរ​កំណាព្យ និង​ការ​សរសេរ​រឿង​​ខ្លីៗ​ជា​ភាសា​អង់គ្លេស ក្នុង​បំណង​អភិវឌ្ឍ​ជំនាញ​គិត​​ពិចារណា ភាសា​បរទេស និង​ជំនឿ​ចិត្ដ​។

អ្នកស្រី Kristin Schuster ជា​ជំនួយ​ការ​ប្រតិបត្ដិ និង​អ្នក​សម្របសម្រួល​តំណាង​ប្រទេស​ ​កម្ពុជា នៃ​អង្គការ Writing Through ​​ឲ្យ​ដឹង​ថា​៖ «​នៅ Writing Through យើង​ជឿ​ថា ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​​ទាមទារ​ឲ្យ​ពលរដ្ឋ​មាន​សមត្ថភាព​​ខ្ពស់​»។

Kristin ​​ថា ជំនាញ​​​មាន​សារសំខាន់​ចំពោះ​ការ​ពង្រឹង​​សមត្ថភាព​ប្រាជ្ញា និង​គុណតម្លៃ​បុគ្គល​ មិន​មែន​ជា​ចំណេះ​ដឹង​​បែប​ប្រពៃណី​ដែល​ត្រូវ​បាន​បង្រៀន​នៅ​តាម​​ប្រព័ន្ធ​អប់រំ​​ទេ តែ Writing Through មាន​បំណង​កែ​សម្រួល​គម្លាត​ផ្នែក​អប់រំ​រវាង​បុគ្គល​​ប្រឈម​ហានិភ័យ​បំផុត។

អ្នកស្រី Kristin បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​​Writing Through ​ប្រើ​គរុកោសល្យ​បង្រៀន​ពិសេស​ដោយ​ផ្ដោត​លើ​​សំណេរ​កំណាព្យ និង​រឿង​និទាន​ភាសា​អង់គ្លេស​​បែប​ច្នៃ​ប្រឌិត​។ យើង​បាន​បំបែក​រនាំង​ឧបសគ្គ​រវាង​សិស្ស និង​គ្រូ​ ដោយ​ការ​​ពង្រីង​ការ​គោរព​គ្នា​ បង្កើត​បរិយាកាស​​សុវត្ថិភាព​ក្នុង​​ថ្នាក់​រៀន​ ដែល​លើក​ទឹក​ចិត្ដ​ដល់​សិស្ស​រៀន​គិត​គូរ​ពី​យុទ្ធសាស្ដ្រ​ថ្មី​ៗ​ រៀន​ស៊ើប​អង្កេត និង​ចែក​រំលែក​ក្ដី​ស្រមៃ និង​បទពិសោធ​»។

Content image - Phnom Penh Post
​អ្នកស្រី Sue Guiney ស្ថាបនិកអង្គការ​សប្បុរសធម៌ Writing Through ធ្វើ​បទបង្ហាញ​នៅសិក្ខាសាលា Book Launch។ ហុង មិនា

សិក្ខាសាលា​រៀបចំ​នៅ The Writing Workshop ​បច្ចុប្បន្ន​​ជា Writing Through ​​ចុះ​បញ្ជី​​ជា​អង្គការ​មនុស្ស​ធម៌​នៅ​សហរដ្ឋ​អាមេរិក ដំណើរការ​បាន​​ដោយ​ក្រុម​​សម្របសម្រួល​និយាយ​ភាសា​អង់គ្លេស​ រួម​ជាមួយ​ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រូ​បង្រៀន​ក្នុង​ស្រុក​។

អ្នកស្រី Kristin បាន​ឲ្យ​ដឹង​ថា​៖ «​វា​បាន​គាំទ្រ​ដល់​គម្រោង​ចីរភាព​យូរ​អង្វែង​របស់​យើង​តាមរយៈ​ការ​បណ្ដុះបណ្ដាល​គ្រូ​ក្នុង​ស្រុក​។ កម្មវិធី​​យើង​អាច​ត្រូវ​បាន​កែ​សម្រួល​សម្រាប់​បង្រៀន​សិស្ស​ដោយ​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​គោល​»។

កម្មវិធី​នេះ​បាន​កកើត​ឡើង​ពី​បទពិសោធ​របស់​អ្នកស្រី Sue Guiney ក្រោម​ការងារ​ស្ម័គ្រ​ចិត្ដ​នៅ​កម្ពុជា​ជាមួយ​គ្រួសារ​ក្នុង​ឆ្នាំ ​២០១៦​។ ដំណើរ​នេះ​បាន​ជំរុញ​ចិត្ដ​អ្នក​ស្រី​សរសេរ​​ប្រលោម​លោក​ដំបូង​របស់​ខ្លួន​ក្នុង​​សម័យ​ទំនើប​នៃ​កម្ពុជា​ក្រោម​ចំណង​ជើង​ថា «A Clash of Innocents​»។ ក្រោយ​​ពី​ចុះ​ផ្សាយ​ប្រលោម​លោក​នេះ អ្នកស្រី Sue បាន​ប្ដេជ្ញា​ចិត្ដ​នាំ​យក​ផ្លែ​ផ្កា​ពី​ស្នាដៃ​មក​ជួយ​អ្នក​ដែល​បាន​ជំរុញ​ចិត្ដ​អ្នកស្រី​វិញ​។

កម្មវិធី​ដែល​ស្វាគមន៍​មនុស្ស​គ្រប់​វ័យ អាយុ​ពី ៨ ឆ្នាំ គ្រប់​វណ្ណៈ​ក្នុង​សង្គម​ ជាមួយ​ចំណេះ​ដឹង​ភាសា​អង់គ្លេស​តិច​តួច​ ដំណើរ​ការ​ប្រកប​ដោយ​ភាព​ជោគជ័យ​ចំពោះ​ការ​បង្ហាត់​បង្រៀន​ចាប់​ពី​ថ្នាក់​ដំបូង​រហូត​ដល់​ជាន់​ខ្ពស់​។

គោល​បំណង​ចម្បង​នៃ​សិក្ខាសាលា ​គឺ​លើក​ទឹក​ចិត្ដ​ដល់​អ្នក​សិក្សា​ឲ្យ​មាន​ការ​គិត​ពិចារណា​តាម​បែប​ផែន​ថ្មី និង​ហ៊ាន​​សម្ដែង​ចេញ​ដោយ​មិន​បារម្ភ​ចំពោះ​កំហុស​ឆ្គង​។

អ្នកស្រី Kristin ​ថា​៖ «​ពេល​ពួក​គាត់​ក្រោក​ឈរ​ឡើង និង​ចាប់​​សៀវភៅ​អាន​ ពួក​គាត់​នឹង​មាន​មោទនភាព និង​ជំនឿ​ចិត្ដ​លើ​​ខ្លួន​ឯង»។

អ្នក​ស្រី​ពន្យល់​ពី​មូលហេតុ​ដែល Writing Through ប្រើប្រាស់​កំណាព្យ និង​ការ​សរសេរ​រឿង​អង់គ្លេស​ជា​វិធី​សាស្ដ្រ​រៀន​​ត្រិះរិះ​ពិចារណា​បែប​ថ្មី​​ ដោយ​បាន​និយាយ​ថា ការ​ច្នៃ​ប្រឌិត និង​​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ​គឺ​ជា​អ្វី​ដែល​ប្រព័ន្ធ​​សាលារៀន​រដ្ឋ​មិន​ទាន់​ផ្ដោត​សំខាន់​នៅ​ឡើយ​ ហើយ​វា​ជា​គោលដៅ​ទាមទារ​​​លើ​ទីផ្សារ​ការងារ​​។

Content image - Phnom Penh Post
​សៀវភៅកំណាព្យ​របស់អង្គការ Writing Through។ ហុង មិនា

អ្នកស្រី​​​ថា​៖ «​និយោជក​ចង់​ជួល​បុគ្គលិក​ ដែល​មាន​គំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ដ្រ​ថ្មី និង​អាច​ជួយ​គំនិត​យោបល់​ទាំង​នោះ​ឲ្យ​​ជោគជ័យ​​។ ការ​បង្រៀន​ជា​ភាសា​អង់គ្លេស បាន​ផ្ដល់​អត្ថប្រយោជន៍​​ច្រើន ពី​ព្រោះ​អង់គ្លេស​​ជា​ភាសា​កំណើត​របស់​ស្ថាបនិក និង​ងាយ​ស្រួល​​ទាក់ទង​​រវាង​សិស្ស និង​ដៃគូ​ផង​ដែរ​»។

អ្នកស្រី Kristin ​លើក​ឡើង​ថា​៖ «​សហគមន៍​អ្នក​និពន្ធ​កម្ពុជា​នៅ​មាន​ទំហំ​តូច និង​ស្ថិត​លើ​វិថី​លំបាក​នៅ​ឡើយ​។ យើង​លើក​ទឹក​ចិត្ដ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្វែង​រក អាន និង​គាំទ្រ​ស្នាដៃ​អ្នក​និពន្ធ​ក្នុង​ស្រុក​។ យើង​កំពុង​តែ​ធ្វើ​ការ​លើ​សិក្ខាសាលា​​អនឡាញ​ ដែល​បង្រៀន​ឥត​គិត​ថ្លៃ ​ដើម្បី​ជួយ​ដល់​សិស្ស​បញ្ចេញ​សមត្ថភាព​អំឡុង​ពេល​វេលា​ដ៏​លំបាក​នេះ​។ យើង​បាន​ផ្ដល់​សកម្មភាព​ជា​ច្រើន​លើ​ទំព័រ​ហ្វេសប៊ុក​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាន​អនុវត្ដ​ទិចនិក​ និង​បង្កើន​ជំនាញ​»។

អ្នកស្រី Kristin បាន​និយាយ​ថា ដំណើរ​ការ​​ ៥ ឆ្នាំ​មក​នេះ Writing Through ទទួល​សិស្ស​ជាង ១ ៥០០ នាក់ ​សម្រាប់​សិក្ខា​សាលា​នានា​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​លម្អិត សុំ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក https://www.facebook.com/writingthrough/ និង ​https://writingthrough.org/help/ សម្រាប់​អ្នក​ចង់​ធ្វើ​ការ​បរិច្ចាគ​ដល់​អង្គការ​៕