ក្រុងហាណូយ៖ សត្វស្វាកំហូចរមែងឆក់ថង់នំ ដបទឹក និងចំណីចំណុកនានាពីដៃភ្ញៀវទេសចរនៅលើកោះស្វារបស់វៀតណាម ជាដែនដីទេសចរណ៍ដ៏ពេញនិយមមួយ ដែលក្រុមសកម្មភាពសិទ្ធិសត្វរិះគន់ និងអំពាវនាវឲ្យបញ្ឈប់ដំណើរការទេសចរណ៍សត្វនៅតំបន់អាស៊ីអាគ្នេយ៍នេះ។
ភ្ញៀវទេសចរត្រូវបានលើកទឹកចិត្ដធ្វើសញ្ញាដៃទទេឲ្យហ្វូងស្វាដឹង បើពួកគេមិនចង់រងនូវការបំពានពីហ្វូងស្វាដដែលតែងតែលួច និងឆក់អាហារ មួក និងថែមទាំងទូរស័ព្ទពីភ្ញៀវ ដែលភ័យស្លន់ និងចូលចិត្ដថតរូប។
អ្នកស្រី ឌីញ ធីហាវ បានប្រាប់ AFP នៅលើដែនកោះតូចក្នុងឆកញ៉ាភូ ស្ថិតនៅភាគកណ្ដាលប៉ែកខាងត្បូង ប្រទេស វៀតណាម ថា៖ «អាស្វាបានឆក់នំប៊ីស្គីពីខ្ញុំ រួចហក់តោងឡើងលើខ្លួនខ្ញុំទៀត»។
វាជាតំបន់ទេសចរណ៍សត្វមួយក្នុងចំណោមគោលដៅជាច្រើននៅទូទាំងប្រទេស វៀតណាម ដែលភ្ញៀវចំណាយប្រាក់តែប៉ុន្មានដុល្លារអាចជិះដំរី ឬអូទ្រីស ឬទស្សនាខ្លាឃ្មុំ និងខ្លាសម្ដែងសៀកថែមទៀត។
នៅលើដែនកោះស្វា ហ្វូងស្វាជិះម៉ូតូ លើកដុំដែក និងលេងបាល់បោះក្នុងរោងសៀក ដែលពានរមួយក្បាលក្នុងឯកសណ្ឋានអាវយឺតដើរប្រមូលធីបពីមហាជន។ នៅទីតាំងផ្សេងទៀតនៃកោះ ភ្ញៀវអាចភ្នាល់លើការប្រកួតហែលទឹករបស់សត្វសម្រាប់ការកម្សាន្ដនាពេលព្រឹកព្រលឹម។
យោងតាមសម្ដីបុគ្គលិកខ្លះបានឲ្យដឹងថា ទង្វើនេះជាសកម្មភាពព្រៃផ្សៃចំពោះសត្វ។ លោក ជេសុន បេឃ័រ អនុប្រធានយុទ្ធនាការអន្ដរជាតិនៃក្រុមសម្ព័ន្ធសត្វ PETA បាននិយាយថា៖ «ស្វាមិនប៉ងដើរជើងមុខ ជិះម៉ូតូ ឬសម្ដែងកាយវិការអ្វីឥតប្រយោជន៍ និងឡប់ៗនោះទេ ពួកវាត្រូវធ្វើតាមដោយបារម្ភពីជោគវាសនាពេលខ្លួនវាមិនស្ដាប់បង្គាប់»។
ដែនកោះតូចនេះ មានស្វាប្រមាណ ១ ២០០ ក្បាល ដែលការចាក់ថ្នាំវ៉ាក់សាំងបង្ការធ្លាប់ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រសូវៀត មុនពេលវាត្រូវបានប្រែក្លាយជាតំបន់ទេសចរណ៍ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
អ្នកគ្រប់គ្រងកោះស្វា លោក ទ្រួង ង្វៀង ភូកអាន បាននិយាយថា សត្វទាំងនេះត្រូវបានថែទាំយ៉ាងល្អប្រសើរតាមរយៈប្រាក់របស់ភ្ញៀវទេសចរ។
ភ្ញៀវទេសចរភាគច្រើនជាជនជាតិវៀតណាម ចិន និងរុស្ស៊ី ដែលឆ្លងកាត់តំបន់ឆ្នេរ ញ៉ាត្រាងដ៏ល្បីល្បាញ។
គីរីល ទេសចររុស្ស៊ី អាយុ ១៩ ឆ្នាំ បាននិយាយថា៖ «ខ្ញុំគិតថា ពួកវាមានចំណីគ្រប់គ្រាន់ និងរីករាយ។ វាពិតជាល្អណាស់»៕ AFP/HR