កំពត៖ ក្រោម​បរិយាកាស​ធម្មជាតិ​ទឹក​ និង​ព្រៃ​ភ្នំ​ជុំ​ជិត​នៃ​ទំនប់​ទឹក​ម្លេច (រំលេច ឬ​ម្លិច) ក្នុង​ស្រុក​ជុំគិរី រីសត​ឌឺ សាហ្វារី (The Safari) ​ផ្ដល់​បទពិសោធ​​ដល់​ភ្ញៀវ​សម្រាក​នៅ​ក្នុង​តង់​​​ផ្កាឈូក​ធំ​ទូលាយ​ និង​​គយគន់​​ទស្សនីយភាព​គ្រប់​ជ្រុង​។


តង់​ធំៗ​ទំហំ​អង្កត់​ផ្ចិត​រហូត​ដល់ ៥ ម៉ែត្រ ចំនួន ៨ ផ្គុំ​ជា​រាង​ក្រចក​សេះ បែរ​មុខ​ទៅ​កាន់​ផ្ទៃ​ទឹក​បឹង​ម្លិច និង​ភ្ជាប់​ដោយ​បន្ទះ​​ថ្ម​ស៊ីម៉ង់ដ៍​ បង្កើត​បាន​ជា​កញ្ចុំ​ផ្កា​​ដ៏​ស្រស់​ស្អាត​ បើ​ទស្សនា​ពី​លើ​វេហាស៍​។

ហ៊ុមព័ទ្ធ​ទៅ​ដោយ​ជួរ​ភ្នំ​ចំនួន ៥ ជុំវិញ​ ជំរំ​តង់​​​ប្រណីត​ហាក់​ស្ថិត​នៅ​កណ្ដាល​ជួរ​ភ្នំ​ក្បែរ​ព្រំ​ដែន​រវាង​ខេត្ដ​កំពត និង​តាកែវ​។


អ្នក​ពូកែ​​ស្វែងរក​ទេសភាព​​ទៅ​​​បង្អួត​លើ​​បណ្ដាញ​សង្គម​ អាច​នឹង​ភ្ញាក់​ផ្អើល​ពេល​បាន​ដឹង​ថា ទស្សនីយភាព​ជំរំ​តង់​អែប​ជើង​ភ្នំ​ទាំង​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ ​ពី​រាជធានី​ភ្នំពេញ​។


លោក វីរៈ ចាន់​តារា ម្ចាស់​រីសត​ ឌឹ សាហ្វារី បាន​និយាយ​ថា​​៖ «​នៅ​ពេល​យើង​ចាប់​ផ្ដើម​ដំបូង​ យើង​ថត​តែ​រូប​តង់​មួយ​ជាមួយ​មនុស្ស​ស្រី​ម្នាក់​ចេញ​ពី​តង់​ យើង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មែន​ទែន។ អ្នក​ខ្លះ​មិន​គិត​ថា​ នៅ​ស្រុក​ខ្មែរ ដោយ​ថា​នៅ​ថៃ​អ៊ីចឹង​»។


ឌឹ សាហ្វារី ហ៊ុមព័ទ្ធដោយជួរភ្នំ និង​ទំនប់ទឹក​ម្លិច ជាបណ្ដុំទេសភាព​ដ៏ត្រជាក់ភ្នែក។ហុង មិនា

ម្ចាស់​រីសត​ដែល​ធ្វើ​ឡើង​ចុះ​ភ្នំពេញ-កំពត​រូប​នេះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «ពេល​ខ្ញុំ​ចាប់​ផ្ដើម​ដំបូង​កាល​ពី​ខោនដោន​ឆ្នាំ​មុន ខ្ញុំ​មិន​គិត​ថាវា​លំបាក​​​ទាក់ទាញ​ភ្ញៀវ​នោះ​ទេ​។ បើ​សិន​ជា​យើង​ធ្វើ​វា​បាន​ល្អ​ជាង និង​ប្លែក​ វា​អាច​ទៅ​រួច ពី​ព្រោះ​​ខ្ញុំ​មើល​ឃើញ​ពី​ទំនោរ​របស់​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​ទៅ​លើ​ការ​ស្នាក់នៅ​ក្នុង​តង់ គួប​នឹង​ទីតាំង​ស្រស់​ស្អាត​ ព្រម​ទាំង​​​ម៉ូដ​តង់​ប្លែក​របស់​​យើង​ វា​អាច​ទៅ​រួច​»។

លោក វីរៈ ចាន់​តារា ជា​និស្សិត​​ផ្នែក​ព័ត៌មាន​វិទ្យា និង​បម្រើ​ការងារ​ជា​អ្នក​ឌីហ្សាញ​​ក្នុង​ស្រុក និង​នៅ​​​​​សិង្ហបុរី​ជាង ៣ ឆ្នាំ​ រួច​បន្ដ​ការងារ​ជា​បុគ្គល​សេរី​នៅ​កម្ពុជា​។

ចំពោះ​ការងារ​ជា​អ្នក​ឌីហ្សាញ លោក​ទទួល​ស្គាល់​ថា វា​ពិត​ជា​ធ្វើ​ឲ្យ​ស្ដ្រេស ដែល​ត្រូវ​ការ​ទីកន្លែង​សម្រាក​សម្រាប់​ខ្លួន​ឯង​ ទើប​លោក​ស្វះស្វែង​រក​ដី​បង្កើត​រីសត​សម្រាប់​សម្រាក​លម្ហែ​ និង​​ឈាន​ទៅ​ដល់​ការ​ទិញ​ដី​នៅ​ក្បែរ​ទំនប់​​ម្លេច​ទំហំ​ជាង​ ១ ហិកតា។

លោក​​ចាប់​ផ្ដើម​នឹក​ឃើញ​ the Safari Tent និង​​ស្រមៃ​ដល់​​ River Safari នៅ​សិង្ហបុរី​ តែ​លោក​​​ជ្រើសរើស​យក​តង់​​ម៉ូដ​ផ្កា​ឈូក​ ដោយសារ​សួន​សត្វ​ត្រូវ​​​ចំណាយ​ថវិកា​ច្រើន​។ យ៉ាងណាមិញ​ លោក​ ចាន់តារា អះអាង​ថា លោក​​​នៅ​តែ​មាន​មហិច្ឆតា​សួន​សត្វ​បែប​ទឹក​ដោយសារ​កូន​ខ្មែរ​យើង​ឥឡូវ អ្នក​ខ្លះ​អត់​ស្គាល់​ប្រភេទ​ត្រី​ក្នុង​ស្រុក​នោះ​ទេ​។

លោក លី ហៀង ដែល​ធ្វើ​​​​ដំណើរ​កម្សាន្ដ​ទៅ​កាន់​ ឌឹ សាហ្វារី ជាមួយ​ក្រុម​ការងារ​ចំនួន ៧០ នាក់​ទៀត​កាល​ពី​ប៉ុន្មាន​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​​និយាយ​ថា លោក​ពេញ​ចិត្ដ​ចំពោះ​​សេវាកម្ម​ម្ហូប​អាហារ បដិសណ្ឋារកិច្ច និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ទំនប់​ម្លិច​។

នាពេលរាត្រីមានការ​អាំងសាច់ ដុត​ភ្នក់ភ្លើង និង​អំពូលបំភ្លឺ ផ្ដល់បរិយាកាស​រីករាយក្រៃលែង។ ហុង មិនា

លោក​​មាន​ចំណាប់​អារម្មណ៍​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ទាក់ទង​ម្ហូប សេវាកម្ម និង​កន្លែង​គេង គាត់​រៀបចំ​ឲ្យ​ភ្ញៀវ​ល្អ​ ដោយ​គ្រាន់​តែ​អត់​ទាន់​ភ្លើង​ប្រើ​ប្រាស់​គ្រប់គ្រាន់​។ គាត់​នៅ​ប្រើ​ម៉ាស៊ីន​​​ភ្លើង​ និង​សូឡា​។ ទេសភាព​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​ មើល​ទៅ​បែប​ធម្មជាតិ​តែ​ម្ដង​។ យើង​មាន​អារម្មណ៍​​ថា ស្រស់​ស្រាយ​»។

ពេល​មក​ដល់​ច្រក​ទ្វារ​រីសត​ ឌឹ សាហ្វារី នា​ពេល​រសៀល អ្វី​ដែល​ត្រូវ​ធ្វើ​មុន​គេ គឺ​ដើរ​ទស្សនា​​តង់ ឈរ​គយ​គន់​ក្បែរ​មាត់ និង​បង្វិល​ភ្នែក​មួយ​ជុំ​ជា​រង្វង់​​ទស្សនា​ជួរ​ភ្នំ ៣៦០ ដឺក្រេ រួច​ទាញ​យក​កាមេរ៉ា ឬ​ទូរស័ព្ទ​ថត​រូប​គ្រប់​ជ្រុង​​ និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ភ្លាម​ៗ​។

នៅ​ពេល​យប់​ជា​ឱកាស​ដ៏​សប្បាយ​រីករាយ​បំផុត​ចំពោះ​ភ្ញៀវ​​មក​លេង​នៅ ឌឹ សាហ្វារី ដោយសារ​វា​ស័ក្ដិសម​ក្នុង​ការ​រៀបចំ​ពិធី​ជប់​លៀង​បែប​រ៉ូមេនទិក ក្រុម​គ្រួសារ និង​មិត្ដភក្ដិ​។

ការ​ស្នាក់​នៅ​ក្នុង​តង់​ធំ​មាន​តម្លៃ ៤៥ ដុល្លារ​សម្រាប់​មនុស្ស ២ នាក់ និង​តម្លៃ ៨៩ ដុល្លារ ​សម្រាប់​មនុស្ស​ ២ នាក់​គួប​ជាមួយ​អាហារ​បាប៊ីឃ្យូ​ពេល​ល្ងាច និង​អាហារ​​ពេល​ព្រឹក​។

រីសត ឌឹ សាហ្វារី ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទំនប់​ម្លេច ក្នុង​ឃុំ​ច្រេស ស្រុក​ជុំគិរី ខេត្ដ​កំពត​ ចម្ងាយ​ប្រមាណ ១០៩ គីឡូម៉ែត្រ ​​តាម​ផ្លូវ​ជាតិ​លេខ ៣ និង ១១៦ គីឡូម៉ែត្រ ​តាម​ផ្លូវ​ជាតិ​លេខ​ ៤១។ ​ព័ត៌មាន​លម្អិត សុំ​ចូល​ទៅកាន់​ហ្វេសប៊ុក @thesafariglamping ឬ​ទំនាក់ទំនង​​ទូរស័ព្ទ​ ០៩៨ ៧៧៨ ៩៧០៕

វីដេអូ៖