ខេត្តកណ្តាល៖ ដោយមើលឃើញពីសក្តានុពលនៃទីកន្លែងសម្រាប់ការកម្សាន្តជិតក្រុងភ្នំពេញ ស្របនឹងរដូវកាលនៃដំណើរត្រាច់ចរក្រុមសត្វស្លាបច្រើនប្រភេទផ្លាស់ទីពីកន្លែងមួយទៅកាន់កន្លែងមួយនោះ ទើបជំរុញឱ្យក្រុមហ៊ុនទេសចរណ៍សំវាសនាធួរ រៀបចំដំណើរកម្សាន្តជាយក្រុងភ្នំពេញជាលើកទី២ ក្រោយពីទទួលបានជោគជ័យលើកទី១ មកសម្រាប់ការទស្សនាសត្វស្លាបក្នុងស្រុក នៅឯត្រើយខាងកើតនៃទន្លេមេគង្គលើក្នុងតំបន់អភិវឌ្ឍន៍ស្កាយឡេនដ៍អរិយក្សត្រ នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល នាថ្ងៃចុងសប្តាហ៍។
កញ្ញា ពេជ្រ កញ្ញា ជាអ្នករៀបចំកម្មវិធីដំណើរកម្សាន្តទស្សនាសត្វស្លាបក្នុងស្រុកនៃតំបន់អភិវឌ្ឍន៍ស្កាយឡេនដ៍អរិយក្សត្ររបស់ក្រុមហ៊ុនទេសចរណ៍សំវាសនាធួរ បានរៀបរាប់ឱ្យដឹងពីកម្មវិធីដំណើរកម្សាន្តនៅតំបន់ជាយក្រុងភ្នំពេញនេះថា៖ «ក្រោយពីបានសហការ និងសិក្សាពីសក្តានុពលនៃតំបន់អភិវឌ្ឍន៍ស្កាយឡេនដ៍អរិយក្សត្រ ឃើញថាមានវាលព្រៃដែលអាចជាទីជម្រកសត្វស្លាបក្នុងស្រុកនានារស់នៅ និងជ្រកកោនបាន ជាមួយអង្គការ WCS កន្លងមកនោះក៏សម្រេចរៀបចំជាដំណើរកម្សាន្តថ្មីមួយកន្លែងនេះសម្រាប់គោលដៅកម្សាន្តរបស់ក្រុមភ្ញៀវបរទេស ដែលមានទីតាំងនៅតំបន់ក្រុងភ្នំពេញ។ យើងទទួលបានជោគជ័យសម្រាប់ការរៀបចំលើកទី១ មានភ្ញៀវ ២ ក្រុម ដោយមួយក្រុមមានភ្ញៀវ ១០ នាក់ សម្រាប់ដំណើរកម្សាន្តមួយព្រឹក ពេលចុងសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តាមគោលការណ៍ក្រុមហ៊ុន យើងប្រាប់ក្រុមទេសចរថា មានក្រុមសត្វស្លាបក្នុងស្រុកប្រមាណ ១០ ប្រភេទនៃដំណើរកម្សាន្តលើកទី១ កាលពីថ្ងៃទី ២៦-២៧ ខែ កញ្ញា ឆ្នាំ ២០២០ នោះ តែជាក់ស្តែងក្រុមភ្ញៀវរីករាយសប្បាយចិត្តដោយសារពួកគេអាចមើលឃើញសត្វស្លាបជាង ១០ ប្រភេទឯណោះ។ សម្រាប់ការរៀបចំលើកទី២ នឹងធ្វើទៅនៅថ្ងៃទី ១៧-១៨ ខែ តុលា ឆ្នាំ ២០២០ ខាងមុខ។ លើកក្រោយៗ អាចនឹងរៀបចំនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២០»។
យ៉ាងណាមិនថាដំណើរកម្សាន្តទស្សនាសត្វស្លាបក្នុងស្រុកនៅតំបន់អភិវឌ្ឍន៍ស្កាយឡេនដ៍អរិយក្សត្រក្បែរក្រុងភ្នំពេញ ឬនៅតំបន់កម្សាន្តនានាទូទាំងប្រទេសខ្មែរនោះទេ គឺមិនមានរយៈពេលពេញ ១ ឆ្នាំឡើយ គឺតាមរយៈរដូវកាលរបស់សត្វស្លាប ដោយវេលាមើលសត្វស្លាបល្អបំផុតនោះ គឺនៅចន្លោះខែមីនា រហូតដល់ខែធ្នូ។
កញ្ញា ពេជ្រ កញ្ញា បង្ហើបឱ្យដឹងថា៖ «បើតាមដឹងនោះ រយៈពេលដែលអាចទស្សនាសត្វស្លាបបាននោះ គឺមានចាប់ពីតុលា រហូតដល់ខែមីនា នៅក្នុង ១ ឆ្នាំ។ ខណៈពេលនេះ គឺជាវេលាល្អនៃការត្រាច់ចរស្វែងរកចំណីរបស់សត្វស្លាបនានាពីតំបន់មួយទៅកាន់តំបន់មួយទៀត តាមប្រភេទសត្វ ហើយមានលក្ខខណ្ឌល្អផ្នែកបរិស្ថាននៃព្រៃព្រឹក្សាជាជម្រករបស់ពួកវាទៀតផង។
ជាក់ស្តែងកញ្ចប់សេវាកម្មដំបូង យើងនៅតំបន់អភិវឌ្ឍន៍ស្កាយឡេនដ៍អរិយក្សត្រ កាលពីខែមុននោះ ទទួលបានជោគជ័យ ដោយសារភ្ញៀវបានមើលឃើញសត្វស្លាបក្នុងស្រុកទាំងឡាយជាង ១០ ប្រភេទឯណោះ ខណៈតាមគម្រោងយើងប្រាប់ពួកគាត់ថា មានចំនួន ១០ ប្រភេទតែប៉ុណ្ណោះ»។
សម្រាប់ដំណើរកម្សាន្តទស្សនាសត្វស្លាបក្នុងស្រុកនៅតំបន់អភិវឌ្ឍន៍ស្កាយឡេនដ៍អរិយក្សត្រនេះ មានកញ្ចប់សេវាកម្ម ២ ប្រភេទគឺប្រភេទទី១ សម្រាប់មនុស្សធំម្នាក់មានតម្លៃ ៦២ ដុល្លារ និងប្រភេទទី២ ម្នាក់តម្លៃ ៤៨ ដុល្លារ សម្រាប់កុមារមានវ័យ ១២ ឆ្នាំចុះក្រោម ហើយសេវាកម្មនេះ មានបូកបញ្ចូលកាហ្វេពេលព្រឹក អាហារសម្រន់ និងអាហារប៊ូហ្វេថ្ងៃត្រង់ (Brunch Buffet) នៅអាហារដ្ឋាន Farm to Table។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនទេសចរណ៍សំវាសនាធួរ (SVC) កាលពីដើមឡើយ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា មជ្ឈមណ្ឌលអភិរក្សសត្វព្រៃសំវាសនា (Sam Veasna Center for Wildlife Conservation) បង្កើតឡើងនៅឆ្នាំ ២០០៣ ហើយបានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនៅក្រសួងមហាផ្ទៃនៅឆ្នាំ ២០០៦ មានគោលដៅផ្តល់នូវសេវាកម្មផ្នែកអេកូទេសចរណ៍ក្នុងសហគមន៍ ដែលសហការជាមួយនឹងអង្គការ WCS។ លុះឆ្នាំ ២០១៩ ទើបប្រែក្លាយមកជាក្រុមហ៊ុនទេសចរណ៍សំវាសនាធួរ (Sam Veasna Conservation Tours-SVC) ដោយនៅរក្សាគោលការណ៍សេវាកម្មដដែល៕