ក្រុង​ច្បារមន: អ្នក​ឡើង​ភ្នំ កែវ រតនា​ ដែល​គ្រង​ឈុត​ពណ៌​បៃតង​ចាស់​ ពាក់​ស្បែក​ជើង​សង្រែក ដាក់​សម្ពាយ​លើ​ខ្នង​ រួម​ទាំង​អង្រឹង និង​ទឹក​សុទ្ធ​ប៉ុន្មាន​​ដប​យ៉ាង​រណេង​រណោង​ បាន​និយាយ​ថា នៅ​ទីតាំង​ខ្លះ លោក​​ត្រូវ​ឡើង​ចំណោត​ខ្ពស់​តាមរយៈ​​ខ្សែ​ពួរ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​​តោង​សួ​ឡើង​ និង​ជ្រលង​ខ្វះ​ខ្យល់​អុកស៊ីហ្ស៊ែន​ដក​ដង្ហើម​។


ជាមួយ​មិត្ដភក្ដិ​ ៤ ​នាក់​ផ្សេង​ទៀត រួម​ទាំង​អ្នក​ជូន​ភ្ញៀវ​ម្នាក់ លោក កែវ រតនា បម្រើ​ការងារ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​និយាយ​ថា​៖ «​វា​ជា​បទពិសោធ​លើក​ទីមួយ ដែល​ខ្ញុំ​បាន​ឡើង​ភ្នំ​ដ៏​ខ្ពស់​បំផុត​ក្នុង​ស្រុក​ខ្មែរ​​ជាមួយ​មិត្ដភក្ដិ​»។

បុគ្គលិក​អង្គការ អាយុ ២៧ ឆ្នាំ​រូប​នេះ បាន​បន្ត​ថា៖ «វា​ហត់​ខ្លាំង​ដែល​យើង​ត្រូវ​ចំណាយ​ពេល​​ ៣ ថ្ងៃ និង ២ យប់​ចំពោះ​ដំណើរ​ទាំង​ទៅ​ និង​មក​។ ប៉ុន្ដែ​យើង​មាន​ភាព​ងាយ​ស្រួល​ខ្លះ​ដែរ ដោយ​ខាង​សហគមន៍​បាន​រៀប​ចំ​គោល​ដៅ​ស្នាក់ ខ្សែ​ពួរ​តោង និង​ការ​ត្រួសត្រាយ​ផ្លូវ​ហើយ​ជា​ស្រេច​»។


ទោះបី​ឱរ៉ាល់ ​គឺ​ជា​ភ្នំ​ដ៏​ខ្ពស់​បំផុត​នៅ​ប្រទេស ​កម្ពុជា ​ក្នុង​កម្ពស់​ ១ ៨១៣ ម៉ែត្រ​ស្ថិត​​ក្នុង​ខេត្ដ​កំពង់ស្ពឺ​​ក្បែរ​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង និង​ពោធិ៍សាត់​ នៃ​ភាគ​ខាង​កើត​ជួរ​ភ្នំ​ក្រវាញ​យ៉ាង​ណា​ក៏​ដោយ ក៏​ទីឋាន​សម្បូរ​បក្សី​កម្រ​មួយ​នេះ តែងតែ​ស្វាគមន៍​ភ្ញៀវ​ដែល​​អ្នក​និយម​ផ្សង​ព្រេង​ជា​​ហូរហែ​​ ដោយ​សហគមន៍​តែ​មួយ​ទទួល​សេវាកម្ម​ជូន​ភ្ញៀវ​ឡើង​ភ្នំ​រហូត​ដល់​រាប់​ពាន់​នាក់​ត្រឹម​ ៦ ខែ​ដំបូង ​នៃ​ឆ្នាំ ​២០១៩​។


លោក ឈឺន ឈីម ប្រធាន​សហគមន៍​តំបន់​ស្រែ​កិន ដែល​ចាប់​ផ្ដើម​ផ្ដល់​​សេវាកម្ម​ជូន​ភ្ញៀវ​​តាំង​​ពី​​ឆ្នាំ ២០០២ ​ បាន​​ឲ្យ​ដឹង​ថា​៖ «​ចូល​ឆ្នាំ​២០១៩​ នេះ​ យើង​​​ឃើញ​ថា សម្ទុះ​ភ្ញៀវ​មក​លេង​ច្រើន ដែល​ខុស​ពី​ឆ្នាំ​មុនៗ​ ដោយសារ​គាត់​បាន​ទទួល​ព័ត៌មាន​ច្រើន​។ សហគមន៍​យើង​បាន​​​ទទួល​ភ្ញៀវ​ប្រហែល ៣ ៥០០ នាក់ ​នៅ​ឆមាស​ទី​១​​ ហើយ​នៅ​ដំណាច់​​ឆ្នាំ​នេះ តាម​ការ​ប៉ាន់​ស្មាន យើង​នឹង​អាច​ទទួល​ភ្ញៀវ​ប្រមាណ ៥០០ នាក់​ទៀត​។ អ៊ីចឹង​ឆ្នាំ ​២០១៩ នេះ យើង​ទទួល​ភ្ញៀវ​សរុប​បាន​ប្រមាណ ៤ ០០០ នាក់​»។


លោក ឈឺន ឈីម អាយុ ៣៩​ ឆ្នាំ បាន​សង្កេត​​ឃើញ​ថា៖ «ឆ្នាំ​នេះ មាន​ភ្ញៀវ​ជាតិ​ច្រើន​លើស​សព្វ​មួយ​ដង ដោយ​ក្នុង​ចំណោម ៤ ០០០ នាក់ យើង​មើល​ឃើញ​​ថា បរទេស​មាន​ចំនួន​ប្រមាណ ១ ០០០ នាក់ ខណៈ​ភ្ញៀវ​ខ្មែរ​មាន​​ចំនួន ៣ ០០០ នាក់​ឯណោះ​»​។

ភ្ញៀវ​​ជិះ​គោ​យន្ដ​ជា​ច្រើន​ម៉ោង​មក​កាន់​ភូមិ​ រួច​ជិះ​គោ​យន្ដ​បន្ដ​ដំណើរ​ទៅកាន់​ជើង​ភ្នំ​ឱរ៉ាល់។ ហុង មិនា

មគ្គុទេសក៍​ភូមិ ដែល​មាន​បទ​ពិសោធ​នាំ​ភ្ញៀវ​ ១៧ ឆ្នាំ​ បាន​​ណែនាំ​ឲ្យ​ភ្ញៀវ​ជ្រើសរើស​ដំណើរ​កម្សាន្ដ​ឡើង​ភ្នំ​រយៈពេល ៣ថ្ងៃ ២ យប់​ ដែល​សមល្មម​សម្រាប់​ការ​ដើរ​ទស្សនា​ទីតាំង​ពេញ​និយម​មួយ​ចំនួន​​ដូចជា គយគន់​ព្រៃ​ឈើ​ ខ្មោច​យន្ដហោះ សត្វ​ស្លាប​កម្រៗ ជា​ពិសេស បទពិសោធ​ដើរ​ព្រៃ​ ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​កម្ពុជា និង​ការ​ស្នាក់នៅ​​​បែប​ផ្សង​ព្រេង​។

ជា​អ្នក​មាន​​បទពិសោធ​នាំ​ភ្ញៀវ​ក្នុង​​ឆ្នាំ ​២០០២ ដូច​គ្នា តាំង​ពី​វែក​ព្រៃ​ដើរ​រហូត​ដល់​ផ្លូវ​ត្រូវ​បាន​​​ត្រួសត្រាយ​ស្អាត​​ លោក ធាង សូត្រ អាយុ ៤៧ ឆ្នាំ ប្រាប់​​ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​ពួក​ខ្ញុំ​ត្រូវ​គ្រាហ៍​ភ្ញៀវ​កាន់​ឈើ​ច្រត់ ហើយ​នៅ​​ពេល​សម្រូត​ខ្សែ គឺ​ខ្ញុំ​ត្រូវ​ប្រើ​កម្លាំង​ទាញ​ និង​គ្រាហ៍​គាត់​ឡើង​ទាំង​ស្រី ទាំង​​ប្រុស​។

ខ្មោច​យន្ដហោះ​កុម៉្មង់ដូ CIA ដែល​ជួប​ឧប្បត្ដិហេតុ​ក្នុង​ឆ្នាំ ​១៩៧៤ គឺជា​គោលដៅ​សំចត​ដ៏​ពេញ​និយម​មួយ​របស់​ភ្ញៀវ​ទេសចរ​ចង់​ដឹង​ចង់​ឃើញ​នូវ​ភ័ស្ដុតាង​​​ជាក់​ស្ដែង និង​សោក​សង្វេគ​​ចំពោះ​ជោគ​វាសនា​អ្នក​ដំណើរ​កាល​គ្រា​នោះ​។

លោក​ ឈីន ឈឺម បាន​ឲ្យ​ដឹង​​ថា​៖ «​ស្ថិត​នៅ​ពាក់​កណ្ដាល​​នៃ​កំពូល​ភ្នំ​ឱរ៉ាល់​ គឺ​មាន​​សត្វ​ក្រួច​សំពៅ (មាន់​ក្រិក) និង​ចក​​វ៉ក​កម្ពុជា​។ សត្វ​ទាំង​នេះ​ជា​ប្រភេទ​សត្វ​ស្លាប​​កម្រ ហើយ​ពេល​ភ្ញៀវ​​មក​ម្ដងៗ គាត់​តែងតែ​​ទៅ​​មើល​សត្វ​ទាំង​អស់​ហ្នឹង​។ ឲ្យ​​តែ​បាន​ឃើញ​ គាត់​សប្បាយ​ចិត្ត​។ នៅ​មាន​កន្លែង​សត្វ​ចាប​ជួបជុំ​គ្នា​ក្នុង​​ចំនួន​ច្រើន​ ដែល​ខ្ញុំ​បាន​ឃើញ​ តែ​ខាង​យើង​ខ្ញុំ​អត់​បាន​បង្ហាញ​ដល់​ភ្ញៀវ​នៅ​ឡើយ​»​។

ជា​បទពិសោធ ​អ្នក​ឡើង​ភ្នំ​ថ្មោង​ថ្មី លោក រតនា មិន​ព្យាយាម​ស្ពាយ​បង្វេច​សម្ភារ និង​គ្រឿង​​អាហារ​ច្រើន​ ដែល​ជា​អម្រែក​ដ៏​សែន​ធ្ងន់​ ខណៈ​ការ​ទទួល​ទាន និង​ការ​សម្រាក​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។

លោក​និយាយ​ថា​៖ «​យើង​កុំ​យក​សម្ភារ​អី​ធ្ងន់ៗ​ពេក ហើយ​បើ​ឡើង​ភ្នំ​ឱរ៉ាល់​ មិន​ចាំបាច់​យក​​ខោអាវ​ទៅ​ច្រើន​ទេ​។ យក​តែ ២ កុំប្លេ ​សម្រាប់ ​១ ​ឡើង និង ​១ ​​ចុះ​ទៅ​បាន​ហើយ​។ សម្រាប់​ខ្ញុំ ខ្ញុំ​​ប្រើ​ខោអាវ​ឆាប់​ស្ងួត ដែល​ខ្ញុំ​ត្រូវ​ប្រើ​តែ ១ ​កុំប្លេ​ប៉ុណ្ណោះ​ក្នុង​សម្ពាយ​។ ទៅ​ដល់​លើ​កំពូល ខ្ញុំ​បោក ​១ ​កុំប្លេរ​ជាប់​ខ្លួន រួច​ស្លៀក​តែ​អាវ​យឺត និង​ខោ​ខ្លី​ជា​ការ​ស្រេច​។

ដោយ​មាន​ការ​បំពាក់​ភ្លើង​សូឡា ដែល​ផ្ដល់​ពន្លឺ​ចាប់​ពី​ម៉ោង ៦ ល្ងាច​តទៅ​ទាំង ៣ ដំណាក់ លោក​ រតនា បាន​បញ្ជាក់​ថា​៖ «មិន​បាច់​យក​តង់​ទៅ​ទេ ពី​ព្រោះ​​វា​ចង្អៀត​។ វា​អាច​ប្រើ​បាន​តែ​នៅ​ដំណាក់​ទី២ ខណៈ​កំពូល​ភ្នំ​ ដី​មាន​សណ្ឋាន​រដិបរដុប និង​​ត្រជាក់​ខ្លាំង​ ដែល​មិន​អំណោយ​ផល​ដល់​ការ​បោះតង់​ឡើយ​»។

លោក​ក៏​ណែនាំ​ដែរ​ថា៖ «ត្រូវ​មាន​ Sleeping bag និង​ខោអាវ​ក្រាស់ៗ​ពេល​គេង​យប់​។ នៅ​​អំឡុង​ខែ​នេះ សីតុណ្ហភាព​លើ​កំពូល​ភ្នំ​ធ្លាក់​ដល់ ៧ ឬ ៦ អង្សាសេ​។ អាហារ​ក្រៀមៗ និង​ឆ្អិន​ស្រាប់​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ភ្ជាប់​ជាមួយ​ឧបករណ៍​ចម្រោះ​តូចៗ​សម្រាប់​ច្រោះ​ទឹក​លើ​ភ្នំ​ដែល​មាន​ស្រាប់​ ដោយ​កុំ​ព្យាយាម​ស្ពាយ​ទឹក​ច្រើន​តាម​ខ្លួន​។ គួរ​ត្រៀម​ប្រេង​រឹត​សម្រាប់​ប្រការ​​រមួល​ក្រពើ ជា​ពិសេស សម្ភារ​ជំនួយ​បឋម​ រួមទាំង​ថ្នាំ​បាញ់​មូស​»។​

ជាមួយ​ឱកាស​រៀបចំ​សេវាកម្ម​​ជូន​ភ្ញៀវ​ឡើង​ភ្នំ​ឱរ៉ាល់​ចាប់​ពី​ភ្ញៀវ​ ១ ឬ ២ នាក់ ​រហូត​ដល់ ១០០ នាក់ ​ក្នុង ​១ កញ្ចប់​ សហគមន៍​ស្រែ​កិន​ គិត​ថ្លៃ​ពី​ភ្ញៀវ​លើ​ចំនួន​អ្នក​នាំ​ភ្ញៀវ​ ជាជាង​​ចំនួន​ភ្ញៀវ​តិច​ ឬ​ក៏​ច្រើន​។ ​​

លោក ឈឹន ឈីម បាន​ឲ្យ​ដឹង​ថា​៖ «​ជា​ទូទៅ សេវាកម្ម​ជូន​ភ្ញៀវ​ទាំង​ជាតិ និង​អន្ដរជាតិ​មាន​តម្លៃ​ស្ដង់ដា ៣៥ ដុល្លារ ​១ ​ថ្ងៃ ​​សម្រាប់​អ្នក​នាំ​ផ្លូវ​ម្នាក់​។ រាល់​ការ​ចំណាយ​ចំពោះ​ម្ហូប​អាហារ គឺ​ជា​បន្ទុក​របស់​ភ្ញៀវ​។ ពេល​ដែល​ឡើង​ទៅ ពួក​ខ្ញុំ​គ្រាន់​តែ​ជួយ​ស្ពាយ​អីវ៉ាន់ និង​ជួយ​គ្រាហ៍​ដើរ​ឡើង​»។

លោក ឈីម ​ណែនាំ​ឲ្យ​ជ្រើសរើស​អ្នក​ជូន​សមមាត្រ​នឹង​ចំនួន​ភ្ញៀវ​ក្នុង​ករណី​ពួក​គេ​អាច​ជួយ​កិច្ចការ​បាន​ច្រើន​។ ចំពោះ​ម្ហូប​អាហារ លោក ឈីម ស្នើ​ឲ្យ​ភ្ញៀវ​កុម្ម៉ង់​ ​១ សប្ដាហ៍ ឬ​ ៣ ថ្ងៃ​ទុក​ជា​​មុន​ ដែល​អ្នក​ភូមិ​ស្រួល​លៃលក​រក​មាន់​ទា​ និង​បន្លែ​ត្រី​ទុក៕

នៅកន្លែង​ចោទ​ខ្លាំង អ្នកឡើង​ទាមទារ​ជំនួយ​ពី​ខ្សែពួ​​រ។ រូបថត ហុង មិនា

​​អាហារក្រៀមៗ និងឆ្អិនស្រាប់គឺជាជម្រើសដ៏ល្អបំផុត។ ហុង មិនា

​អ្នក​ឡើង​ភ្នំ​រមែង​ទៅមើល​ទីតាំង​ខ្មោច​យន្ត​ហោះ​។ ហុង មិនា