កំពត៖ ឆ្នេរកំពត ១ កន្លែង ដែលគន់ឃើញកោះត្រល់យ៉ាងច្បាស់ក្រឡែត និងមិនឆ្ងាយពីភ្នំបូកគោ បានក្លាយជាគោលដៅទេសចរណ៍ ក្រោយអ្នកលេងកីឡាជិះក្ដាររលកទាញដោយថាមពលខ្យល់ឆត្រយោង បានប្រទះឃើញឆ្នេរមុខខ្យល់ គឺជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់ប្រភេទកីឡាសកម្មនេះ។
លោក ហ្វ្រែង វ៉ាន ហ៊្សូកហ្គែល ដែលបានមករស់នៅប្រទេស កម្ពុជា ១៥ ឆ្នាំចុងក្រោយនេះ បានធ្វើដំណើរជាច្រើនប្រទេសរួមទាំងឆ្នេរក្រុងព្រះសីហនុប្រទេស កម្ពុជា បំណងស្វែងរកទីតាំងលេងកីឡាលើផ្ទៃសមុទ្រ។
លោក ហ្វ្រែង បាននិយាយថា៖ «ទឹកនៅទីនេះមានសុវត្ថិភាព និងរាក់។ ចាប់ឈរត្រង់នេះ យើងអាចដើរទៅកាន់ទូកដ៏ឆ្ងាយចម្ងាយប្រមាណ ១០០ ម៉ែត្រឯនោះ។ ពីមុន ខ្ញុំធ្លាប់ទៅលេងនៅឆ្នេរកោះរ៉ុងសន្លឹម និងក្រុងព្រះសីហនុ តែកំពតពិតជាកន្លែងល្អបំផុត»។
វាលទំនាបគ្មានថ្មរដិបរដុប នៅឆ្នេរកែបថ្មី ស្ថិតនៅតាមផ្លូវទល់មុខមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាយៀល លើផ្លូវជាតិលេខ ៣ បានក្លាយជាគោលដៅលេងកីឡាស្គីលើទឹកថ្មីដែលហៅថា Cambodia Kiteboarding បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយបុរសជនជាតិហូឡង់។
លោក ហ្វ្រែង អាយុ ៣១ ឆ្នាំ ជាស្ថាបនិក Cambodia Kiteboarding ដែលក្លាយជាគ្រូបង្វឹកកីឡាទាមទារភាពរឹងមាំនេះនៅកំពត បាននិយាយថា៖ «ចម្ងាយតែ ១៦០ គីឡូម៉ែត្រ ពីភ្នំពេញ យើងមានទីកន្លែងលេងកីឡាដ៏ល្អនេះ។
យើងមានភ្ញៀវមកពីសិង្ហបុរី ថៃ និងជុំវិញតំបន់អាស៊ីអាគ្នេយ៍។ ពួកគេបានទៅហ្វីលីពីន និងកន្លែងផ្សេងៗទៀត រួមទាំង តៃវ៉ាន់ រួចហើយ ហើយពួកគេប្រាប់ថា កំពតពិតជាអស្ចារ្យ»។
លោកនិយាយថា ឆ្នេរកំពតមានសណ្ឋានទំនាប ទឹករាក់ និងសុវត្ថិភាពខ្ពស់ ដែលមើលឃើញកោះត្រល់ និងភ្នំបូកគោដ៏ស្រស់ស្អាត។ លោក ហ្រ្វែង វ៉ាន ហ៊្សូកហ្គែល ដែលមកកម្ពុជាជាមួយក្រុមគ្រួសារក្នុងឆ្នាំ ១៩៩៩ បានឲ្យដឹងថា ពួកគេចូលចិត្ដវា ហើយទីតាំងវាងាយស្រួលទៅដល់។ នៅវៀតណាម វាមានការហោះហើរ ២-៣ តង់ មុនពេលទៅដល់គោលដៅ និងចំណាយពេលច្រើន។ នៅទីនេះ អ្នកលេងកីឡាអាចធ្វើដំណើរមកភ្នំពេញ និងជិះតាក់ស៊ីផ្ទាល់មកកាន់កំពត។
ដោយមកកាន់កម្ពុជាលើកដំបូង លោក ហូហ្គ័រ ជាមួយមិត្ដភក្ដិ ៣ នាក់ទៀត មកពីអាល្លឺម៉ង់បានចំណាយពេល ១០ ថ្ងៃ នៅតែក្នុងខេត្ដកំពត បំណងលេងកីឡាបែបសកម្មនេះ។
លោក ហូហ្គ័រ បាននិយាយពេលសម្រាកទទួលទានអាហារសម្រន់មុនពេលចាប់ផ្ដើមលេងកីឡាទៀតថា៖ «ការលេងជិះក្ដារលើទឹកពិតជាលំបាក ដែលទាមទារការហ្វឹកហាត់ហ្មត់ចត់មុនពេលអនុវត្ដ»។
រំឭកពីពេលវេលាដែលលោកមកកាន់កម្ពុជាលើកដំបូង លោក ហ្វ្រែង វ៉ាន ហ៊្សូកហ្គែល បានមកតាមឪពុកម្ដាយ ដែលបំពេញការងារនៅជំរំជនភៀសខ្លួនព្រំដែនថៃ រួចបន្ដជាមួយកាកបាទក្រហម អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការសហប្រជាជាតិ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំនៅក្មេងពេលគ្រួសារមកកាន់ភ្នំពេញក្នុងឆ្នាំ ១៩៩៩ ហើយខ្ញុំបានឡើងចុះកម្ពុជា ហូឡង់ ដើម្បីបន្ដការសិក្សារហូតដល់ចប់ ទើបខ្ញុំមកតាំងលំនៅអចិន្រៃ្តយ៍នៅទីនេះ។ វាមានរយៈពេល ១៥ ឆ្នាំហើយ»។
មុនពេលក្លាយជាអ្នកបង្វឹក លោក ហ្វ្រែង បានរៀនជិះទូកក្ដោង រួចបន្ដទៅជិះក្ដារលើទឹក រហូតដល់បញ្ចប់វគ្គសិក្សាជា គ្រូបង្វឹក (ITC) ក្នុងខែឧសភា ឆ្នាំ ២០០៩ ហើយលោកក៏បានបញ្ចប់ការសិក្សាដែលទទួលស្គាល់ដោយអង្គការជិះក្ដារខ្លែងពិភពលោកផងដែរ។
អំឡុងពេលនៅកម្ពុជា យុវជនហូឡង់រូបនេះ បានជិះក្ដាររលកអូសដោយកម្លាំងខ្យល់ខ្លែងទៅដល់ដែនកោះនៅខេត្ដកែប ជាទីដែលមានចម្ងាយជាង ២០ គីឡូម៉ែត្រ។
ខណៈអះអាងថា ក្រុមរបស់លោកវិលមកកំពតវិញដោយជិះរ៉ឺម៉ក លោកបានប្រាប់ ថា៖ «ថ្ងៃមួយ យើងចាប់ផ្ដើមដំណើរពីទីនេះ និងបញ្ចប់នៅកោះទន្សាយ។ យើងបានចំណាយពេល ២ ម៉ោង»។
លោកបានឲ្យដឹងថា រដូវជិះខ្លែងលើផ្ទៃទឹកដ៏ល្អបំផុតចាប់ពីខែធ្នូដល់ខែកុម្ភៈសម្រាប់នៅកម្ពុជា។ ចំពោះវៀតណាម វាចាប់ពីខែវិច្ឆិកា ដល់ខែមីនា ហើយថៃចាប់ពីខែវិច្ឆិកា ដល់ខែមីនា ដូចគ្នា។ រដូវភ្លៀងចាប់ពីខែឧសភាដល់ខែកញ្ញា មានខ្យល់ស្ទើរតែរៀងរាល់ថ្ងៃ។
ទោះមានទីតាំងល្អ កីឡាជិះក្ដារលើផ្ទៃទឹកនេះទាមទារអ្នកលេងចេះចំណេះដឹងមូលដ្ឋាន និងបទពិសោធខ្លះៗមុនពេលចាប់ផ្ដើមបង្ហើរខ្លែងទាញថាមពលខ្យល់។
លោកបាននិយាយថា៖ «មុនពេលអនុវត្ដ អតិថិជនគួរតែរៀនជំនាញ ២ ឬ ៣ ថ្ងៃ រួចយើងអាចទិញសម្ភារផ្ទាល់ខ្លួនលេងក៏បាន។ អ្នកគួរតែត្រូវការគ្រូបង្វឹកដូចជារូបខ្ញុំ ដែលអាចពន្យល់ប្រាប់អ្វីៗគ្រប់យ៉ាងអំពីបញ្ហាសុវត្ថិភាព។ ច្បាស់ណាស់ មនុស្សគ្រប់រូបអាចលេងកីឡានេះ គឺចាប់ពីអាយុ ៩ ដល់ ៦៥ ឆ្នាំ»។
លោកថា៖ «សម្រាប់អ្នកចាប់អារម្មណ៍ តែអត់មានបទពិសោធ ពួកគេគួរតែកក់រៀនមេរៀនត្រឹម ១ ឬ ២ ម៉ោង និងហ្វឹកហាត់បង្ហើរខ្លែងជិតៗជាមុនសិន។ ពួកគេត្រូវចេះរៀបចំខ្លែង បង្ហើរខ្លែងលើអាកាស និងការជិះប្រកបដោយសុវត្ថិភាព»។
អតិថិជនដែលមានសម្ភារផ្ទាល់ខ្លួន តែមិនចេះលេង គួរតែមកហ្វឹកហាត់ជាមួយលោក ហ្វ្រែង ដែលសេវាកម្មបង្រៀនមានតម្លៃ ៣៥ ដុល្លារ ក្នុងមួយម៉ោង។
អ្នកលេងជិះក្ដារលើផ្ទៃទឹកអាចជួលការបង្រៀនថ្នាក់ឯកជនតម្លៃ ៤៥ ដុល្លារ ១ ម៉ោង ហើយសម្រាប់អ្នករៀន ១ ម៉ោង មិនទាន់គ្រប់ អ៊ីចឹងកក់ ២ ម៉ោង ជាប់គ្នាក្នុងតម្លៃ ៧០ ដុល្លារតែម្ដង។
Cambodia Kiteboarding ប្រើទីតាំងផ្ទះស្នាក់ Villa Vedici ជាការិយាល័យ និងឆ្នេរកែបថ្មីស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងឈូក ស្រុកទឹកឈូ ជាកន្លែងកម្សាន្ដ។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ហ្វេសប៊ុក @cambodiakiteboarding ឬទាក់ទងលេខទូរស័ព្ទ ០៨៩ ៣៩២ ០៦៨៕
វីដេអូ៖