ពោធិ៍សាត់: តើ​លោកអ្នក​ធ្លាប់​គិត​ថា ខណៈ​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​កាន់​ទីឋាន​ធម្មជាតិ ជាពិសេស​ទឹកធ្លាក់ លោកអ្នក​ប្រាថ្នា​ទាំង​ការ​គយគន់​ទេសភាព​ព្រៃភ្នំ បទពិសោធ​ក្រេប​ទឹក​ចេញ​ពី​រុក្ខជាតិ ថតរូប​សែលហ្វី និង​ការ​ងូតទឹក​ធ្លាក់​ដ៏ត្រជាក់​ស្រេប​?


បើ​លោកអ្នក​ប្រាថ្នា​ទីឋាន​ធម្មជាតិ​ដែល​មិនទាន់​ត្រូវ​បាន​អភិវឌ្ឍ សូម្បីតែ​ផ្លូវ​ចូល​ក៏​ត្រូវ​ត្រួសត្រាយ​ព្រៃ​ដើរ​ឡើង​ភ្នំ អ៊ីចឹង​គួរ​តែ​សាកល្បង​ចំណាយពេល​ប៉ុន្មាន​ម៉ោង​ទៅ​លេង​តំបន់​ទឹកធ្លាក់​ស្ទឹង​តាសុខ​ស្ថិត​នៅ​ចន្លោះ​ខេត្ដ​កោះកុង និង​ពោធិ៍សាត់​។

ស្លៀក​ខោខូវប៊យ អាវ​ ២ ​ជាន់​ពាក់​ស្បែកជើង​ស្ព័រ​កញ្ចាស់​មួយ​គូ ដៃ​ម្ខាង​កាន់​កាំបិតផ្គាក់ និង​ខ្នង​ជាប់​សម្ពាយ​មួយ​បង្វិច មគ្គុទេសក៍​ភូមិ កង ណយ បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការនាំ​ភ្ញៀវ​ដើរ​លុកព្រៃ​ឆ្ពោះ​ទៅ​កាន់​តំបន់​ទឹកធ្លាក់​ដ៏ស្រស់បំព្រង​ជ្រក​លើ​ខ្នងភ្នំ​ស្ថិត​នៅ​ចន្លោះ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស និង​ជួរ​ភ្នំក្រវាញ​។


ភ្ញៀវ​បរទេស​ហក់​ចុះ​អាង​ធម្មជាតិ​ដែល​បំពេញ​ដោយ​ទឹកធ្លាក់​។ រូបថត សហការី


បើ​ទោះបី​ជា​ទឹកធ្លាក់​ស្ទឹង​តាសុខ​ស្ថិត​ក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ដ​ពោធិ៍សាត់​គឺជា​គោលដៅ​សំចត​ដែល​ភ្ញៀវទេសចរ​ត្រូវ​ចំណាយពេល​សម្រាក​ទទួល​ទាន​អាហារ និង​ងូតទឹក​ត្រជាក់​ស្រេប​ដើម្បី​ផ្ដល់​ថាមពល​ក្រោយ​ដើរ​ជើង​តាម​ជម្រាល​ភ្នំ​ប្រមាណ ២ ម៉ោង​យ៉ាង​ណា​ក៏ដោយ ក៏​គ្រប់​ជំហាន​សុទ្ធតែ​ជា​ដំណើរ​កម្សាន្ដ​ដ៏ជក់​ចិត្ដ​ចំពោះ​ភ្ញៀវ​ជាមួយ​ទស្សនីយភាព​ធម្មជាតិ​ប្លែកៗ​។


លោក កង ណយ អាយុ ២៧ ឆ្នាំ​ដែល​មាន​បទពិសោធ​នាំ​ភ្ញៀវទេសចរ​ជាង ២ ឆ្នាំ​បាន​ប្រាប់​ថា​៖ «​ក្នុង​សហគមន៍​អេកូទេសចរណ៍​អូរសោម​នេះ​មាន​គោលដៅ​សម្រាប់​ឲ្យ​ភ្ញៀវ​ដើរ​ច្រើន​។ ប៉ុន្ដែ​នៅក្នុង​បរិវេណ​ទឹកធ្លាក់​ស្ទឹង​តាសុខ​នេះ យើង​មាន​កន្លែង​លេង​ច្រើន​ដូចជា ទឹកធ្លាក់​ឆាយ​ប្រុយ អាង​ក្រពើ ដើម​ម្រះព្រៅ​ភ្នំ​ធំៗ​ដើរកាត់​ក្លោងទ្វារ​ប្រាសាទ​រចនា​ពី​ដើមឈើ​ធម្មជាតិ ភ្លក្ស​រសជាតិ​ទឹក​ហូរ​ចេញ​ពី​ដើម​វល្លិ៍ជុយ ជាពិសេស​បទពិសោធ​នៃ​ការដើរ​ព្រៃ​តែ​ម្ដង​»​។

សំចត​រថយន្ដ​នៅ​ក្បែរ​តៀម​លក់​ភេសជ្ជៈ​របស់​លោក សេង ម៉េង គ្រី ហៅ​តា​៩៧ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​ ៧៥ ពី​ទីរួម​ខេត្ដ​កោះកុង និង​ចម្ងាយ​ប្រមាណ ៣០ ​គីឡូម៉ែត្រ​ពី​សហគមន៍​អេកូ​ទេសចរណ៍​អូរសោម​ភ្ញៀវ​ទាំង​ប៉ុន្មាន​ចាប់ផ្ដើម​ដើរ​អែប​រណ្ដៅ​ដី​យក្ស​ជាប់​នឹង​ទឹកធ្លាក់​កម្ពស់ ៥០ ​ម៉ែត្រ​ឆាយប្រុយ​តាម​ដងអូរ ដែល​នៅ​សល់​ទឹក​តិចៗ​ពី​ការ​ទប់​ទំនប់​ស្ទឹង​តាតៃ​ខាង​លើ​។ ដំណើរ​ដើរចូល​ព្រៃ និង​ឡើង​ភ្នំ​ចាប់ផ្ដើម​ទៅ​តាម​ដាន​ផ្លូវ​ចាស់​ដែល​លោក កង ណយ តែងតែ​ដឹកនាំ​ភ្ញៀវ​ភាគច្រើន​ជា​ភ្ញៀវ​បរទេស​ដែល​ចង់​ភ្លក្ស​បទពិសោធ​ដើរ​ព្រៃ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​នេះ​។

បទពិសោធ​ក្រេបទឹក​ចេញ​ពី​រុក្ខជាតិ​នៃ​ដំណើរ​កម្សាន្ត​ផ្សងព្រេង​។ផា លីណា

បើ​ទោះបី​ជា​ព្រៃភ្នំ​នេះ​មាន​ស្លាកស្នាម​ផ្លូវ​ដើរ​សម្រាប់​ឲ្យ​ភ្ញៀវ​ងាយស្រួល​បោះជំហាន​យ៉ាង​ណា​ក៏ដោយ​ក៏​ពួកគេ​មិន​អាច​ខ្វះ​បាន​នូវ​មគ្គុទេសក៍​នាំមុខ ខណៈ​ស្លាកស្នាម​ផ្លូវ​មាន​ខ្វាត់ខ្វែង​ដែល​ងាយ​ធ្វើ​ឲ្យ​វង្វេង​។

លោក កង ណយ បាន​រៀបរាប់​បណ្ដើរ​តាម​ផ្លូវ​ខណៈ​ទើប​ចំណាយពេល​បាន​ប៉ុន្មាន​នាទី​ថា​៖ «​ភ្ញៀវ​បរទេស​ខ្លះ ស្នើសុំ​ដើរ​លើ​ផ្លូវ​ថ្មី​ដែល​មិន​ទាន់​មាន​មនុស្ស​ដើរ​នៅ​ឡើយ ហើយ​ពួកគេ​ចំណាយពេល​ដើរ​ពេញ​ ១ ​ថ្ងៃ​ឯនោះ​ក្នុង​ព្រៃ​»​។

បើសិន​ជា​អ្នក​ស្រេកទឹក ឬ​ចង់​ភ្លក្ស​រសជាតិ​រុក្ខជាតិ​ទឹក​ពេល​ធ្វើ​ដំណើរ​កាត់​ព្រៃ អ៊ីចឹង មគ្គុទេសក៍​ភូមិ​អាច​ជួយ​ផ្ដល់​សំណើម​បំពង់ក​តាមរយៈ​ការកាប់​វល្លិ៍ទឹក​។ នៅ​មិន​ទាន់​អស់​នោះ​ទេ ដំណើរ​ទៅ​កាន់​ទឹកធ្លាក់​ស្ទឹង​តាសុខ លោក​អ្នក​នឹង​ប្រទះ​ឃើញ​ដើម​ម្រះព្រៅ​ភ្នំ​ធំៗ​ប៉ុន្មាន​ដើម ដែល​ទំនង​ជា​មាន​អាយុកាល​រាប់សិប​ឆ្នាំ​ទៅ​ហើយ​។

ថ្វីដ្បិត​តែ​ស្ថិត​ក្នុង​ព្រៃភ្នំ បដិសណ្ឋារកិច្ច​ផ្លូវការ​សម្រាប់​ភ្ញៀវទេសចរ​នៅ​តែ​មាន​ជាមួយ​ក្លោងទ្វារ​រចនា​ឡើង​ពី​រុក្ខជាតិ​ត្បាញ​យ៉ាង​ស្រស់ស្អាត​តាម​ធម្មជាតិ ដែល​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​មិន​ភ្លេច​ទាញ​យក​កាមេរ៉ា​ថត​ទុក​ជា​អនុស្សាវរីយ៍​។

ចំហាយ​ត្រជាក់​ចាប់ផ្ដើម​ភាយ​មក​ពេល​ទៅ​ដល់​ប្រភព​ទឹក​ធ្លាក់​ស្ទឹង​តាសុខ កម្ពស់​ប្រមាណ ១០ ​ម៉ែត្រ​ដែល​កំពុង​ហូរ​បំពេញ​អាង​ធំ​សម្រាប់​ត្រៀម​បន្សាប​ភាព​នឿយហត់​។ ទឹកថ្លា​ឈ្វេង គួប​នឹង​បរិមាណ​ទឹក​ដ៏ច្រើនសន្ធឹក​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​ងូត​លេង​កម្សាន្ដ​មុន​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​រៀបចំ​សម្អាត​បរិស្ថាន​វិល​ត្រឡប់មក​ភូមិឋាន​វិញ​។

ដំណើរ​ពី​ទឹកធ្លាក់​ឆាយ​ប្រុយ​ទៅ​កាន់​ទឹកធ្លាក់​ស្ទឹង​តាសុខ ភ្ញៀវ​អាច​ចំណាយពេល​ពី ១ ​ម៉ោង​កន្លះ​ទៅ​ ២ ​ម៉ោង ហើយ​បើ​យោង​តាម​ការកត់ត្រា​លើ​កម្មវិធី​ទូរស័ព្ទដៃ ដំណើរ​ទាំង​ទៅ និង​មកនេះ មនុស្ស​ម្នាក់​អាច​ដើរ​ប្រមាណ ១៨០០០ ​ជំហាន​៕

វីដេអូ៖