រតនគិរី៖ ជា​ទម្លាប់ លោក ងីន បៀន បញ្ឆេះ​ម៉ូតូ​កញ្ចាស់​របស់​ខ្លួន​ រួច​ធ្វើ​ដំណើរ​បោះ​ពួយ​ទៅ​កាន់​ចម្ការ​សណ្ដែក​​ដី ឬ​ចម្ការ​កៅស៊ូ​។ ប៉ុន្ដែ​យូរៗ​ ម្ដង ម៉ូតូ​អត់​ស្លាក​លេខ​ និង​កញ្ចក់​របស់​លោក​មាន​​ឱកាស​បាន​ដឹក​ភ្ញៀវ​បរ​កាត់​វិថី​សម្បូរ​ដុំ​ថ្ម និង​អង្គត់​ឈើ​ ដែល​អាច​បំបែក​​កាទែរ​ម៉ាស៊ីន និង​ក្បាំង​ម៉ូតូ​យ៉ាង​​ងាយ​ ទៅ​កាន់​បឹង​ធម្មជាតិ​​យក្ស​​អោម ​យក្ស​ក្រា​។


ចម្ងាយ​ប្រមាណ ៥ គីឡូម៉ែត្រ ​​ពី​ទី​ប្រជុំ​​ជន​នៃ​​ភូមិ​ណងហៃ ឃុំ​សេដា ស្រុក​លំផាត់ បឹង​យក្ស​អោម ​យក្ស​ក្រា ឬ​អ្នក​ស្រុក​ហៅ​ថា បឹង​ភ្លោះ រំលេច​នូវ​ទិដ្ឋភាព​​​បៃតង​នៃ​ដើម​ឈើ​ខ្ពស់​ៗ​ដុះ​ហ៊ុមព័ទ្ធ​បឹង​ធំ ​១ ​គូ​។ ប្រសិន​បើ​ទស្សនា​តាមរយៈ​ Google Map ឬ​រូបភាព​ពី​​លើ​អាកាស​ បឹង​ភ្លោះ​នឹង​រំលេច​រូបភាព​ជា​ទម្រង់​មុខ​មនុស្ស​ភព​ផ្កាយ ឬ​អេលៀន​គួរ​ឲ្យ​ទាក់​ទាញ​។

លោក ងីន បៀន ដែល​ជា​​អតីត​ទាហាន​​​ឈរ​ជើង​ក្នុង​ទឹក​ដី​ខេត្ដ​ក្រចេះ បាន​និយាយ​ថា៖ «​​ម្ដង​កាល​ ខ្ញុំ​ជូន​ភ្ញៀវ​ទៅ​លេង​បឹង​ភ្លោះ ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​​​បរទេស​។ នៅ​​​​ចន្លោះ​ខែ ៣ និង ខែ ៤ មាន​ភ្ញៀវ​បរទេស​មក​លេង​ច្រើន​ជាង​បណ្ដា​ខែ​ផ្សេងៗ​។ បារាំង​ចូល​ចិត្ដ​ហែល​ទឹក​ ​ដើរ​លុក​ព្រៃ និង​បោះ​តង់ ឬ​ចង​អង្រឹង​គេង​ក្នុង​ព្រៃ​ផង​ដែរ​»។


បឹងភ្លោះ យក្ស​អោម យក្ស​ក្រា ហ៊ុមព័ទ្ធ​ដោយ​ព្រៃព្រឹក្សា​បៃ​តង​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម


មគ្គុទេ្ទសក៍​ភូមិ​ អាយុ ៤៣ ឆ្នាំ បាន​ឲ្យ​​​ដឹង​ថា ដោយសារ​ផ្លូវ​​លំបាក​ពេក អ្នក​​ភូមិ​​កម្រ​ឃើញ​ភ្ញៀវ​ខ្មែរ​មក​អើត​ឈ្ងោក​បឹង​ភ្លោះ​នេះ​ណាស់​ ហើយ​​ភ្ញៀវ​​បរទេស​ភាគ​ច្រើន​ដើរ​ថ្មើរ​ជើង​ពី​ភូមិ​ខ្លួន​ឯង​តែ​ម្ដង​។


លោក បៀន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​ភ្ញៀវ​ខ្មែរ​និយម​មក​លេង​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន ជា​ពិសេស បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ គាត់​នាំ​គ្នា​ញ៉ាំ​​អាហារ​ក្រោម​ដើម​​ឈើ​មាន​ម្លប់​ត្រជាក់​ស្រួល​ ហើយ​​អ្នក​ខ្លះ​ចុះ​ងូត​ទឹក​លេង​។ ចំណែក​ភ្ញៀវ​បរទេស​ ជួន​កាល​បោះ​តង់ ឬ​ចង​អង្រឹង​សម្រាក​ពេល​យប់ ហើយ​ជួន​កាល​ គាត់​មក​សម្រាក​​ក្នុង​ភូមិ​វិញ។​ សេវាកម្ម​ជូន​ភ្ញៀវ និង​គេង ១ ​យប់ ខ្ញុំ​គិត​តម្លៃ ៨ ម៉ឺន​រៀល»។

ដោយ​មាន​ការ​ត្អូញត្អែរ​ចំពោះ​ស្ថានភាព​ផ្លូវ​លំបាក​ និង​​មិន​មាន​ចំណាត់​ការ​សម្រួល​ស្ថានភាព​ផ្លូវ​​ពី​សំណាក់​ភូមិ​ឃុំ​ផ្ទាល់​ បឹង​ភ្លោះ​យក្ស​​អោម ​យក្ស​ក្រា ស្ទើរ​តែ​គ្មាន​នរណា​ស្គាល់​ពី​តំបន់​សក្ដានុពល​អេកូទេសចរណ៍​មួយ​​នេះ​ឡើយ​។

មេភូមិ​ណងហៃ លោក អែ បែ ជា​​អាជ្ញាធរ​គ្រប់គ្រង​ពលរដ្ឋ​ជាង ២០០ គ្រួសារ ទទួល​ស្គាល់​ថា ផ្លូវ​ទៅ​កាន់​យក្ស​អោម ​យក្ស​ក្រា​ ពិត​ជា​លំបាក​ និង​មិន​សូវ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​មក​អើត​ឈ្ងោក​​ញឹក​ញាប់​ឡើយ​។

បឹងភ្លោះមានសភាពស្ងប់ស្ងាត់ ដោយសារកត្តាផ្លូវលំបាក។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អង្គុយ​ក្រោម​ផ្ទះ​ឈើ​ស្អាត​លេច​ធ្លោ​ជាង​ផ្ទះ​សំបែង​ដទៃ លោក​មេភូមិ​ជនជាតិ​ដើម​ភាគ​តិច​ទំពួន បាន​និយាយ​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «មិន​ដឹង​ម៉េច​ទេ យើង​បាន​ដាក់​របាយការណ៍​​ស្នើសុំ​ផ្លូវ​ចូល​ទៅ​តំបន់​​ទេសចរណ៍​ និង​កសាង​សហគមន៍​យើង​។ យើង​ទើប​បាន​ត​បណ្ដាញ​​​ភ្លើង​ចូល​ដល់​ភូមិ»​។

ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ស្រុក​បកែវ ឬ​ទី​រួម​ស្រុក​លំផាត់​ (ប្រមាណ ៤០ គីឡូ-ម៉ែត្រ ​ដូច​គ្នា​ពី​ផ្លូវ​បំបែក​លំផាត់ ឬ​បរកែវ​​) ដោយ​ឆ្លង​កាត់​តាម​​រមណីយដ្ឋាន​បឹង​លំកុដ ឬ​អ្នក​ស្រុក​ហៅ​បឹង​គិរីវង្គត រួច​បន្ត​ដំណើរ​ទៅ​​​មុខ​ត្រង់​ផ្លូវ​បំបែក​នៃ​អារាម​ឈ្មោះ​វត្ដ​គិរី​វង្គត់​ប្រមាណ ១០ គីឡូម៉ែត្រ ​​ទៅ​កាន់​ភូមិ​ណងហៃ​។

ទៅ​ដល់​ភូមិ​ណងហៃ ជា​ទី​ដែល​​ភ្ញៀវ​គួរ​ចត​យានយន្ដ​ និង​ស្វែងរក​អ្នក​ភូមិ​ជួយ​ជូន​ផ្លូវ ពី​ព្រោះ​អ្នក​ដំណើរ​ថ្មី​ថ្មោង​អាច​នឹង​​វង្វែង​ ដោយសារ​ពួក​គេ​ត្រូវ​បាន​ដើរ​កាត់​ស្មៅ​ព្រៃ​ខ្ពស់ៗ​ មុន​ពេល​ទៅ​ដល់​បឹង​ទាំង ២។

លោក ង៉ែត ពិទូ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី ក៏​បាន​ឃើញ​ពី​ស្ថានភាព​លំបាក​ ដែល​​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​មិន​ប្រាថ្នា​ធ្វើ​ដំណើរ​បរ​រថយន្ដ​រាប់​សិប​គីឡូ រួច​ជិះ​ម៉ូតូ​ ឬ​ដើរ​ថែម​ទៀត​នោះ​​។

លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ​ថា​៖ «​ពិត​ជា​លំបាក​មែន​ចំពោះ​ផ្លូវ​ ទើប​ខ្ញុំ​អត់​ទាន់​ផ្សព្វផ្សាយ​។ ដោយសារ​ផ្លូវ​លំបាក​បើ​យើង​ផ្សព្វផ្សាយ​ដូច​ជា​យើង​ភូត​កុហក់​គេ​ ហើយ​យើង​ក៏​មិន​ទាន់​ធ្វើ​សប្បទាន​ទេសចរណ៍​ក៏​ដោយសារ​តែ​ផ្លូវ​វា​អត់​ទៅ​រួច»​។

ទីចតរថយន្តនៅភូមិណងហៃ មុនភ្ញៀវជិះម៉ូតូ និងថ្មើរជើងទៅបឹងភ្លោះ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ​បាន​​បង្វែរ​រាល់​ការ​ទទួល​ខុស​ត្រូវ និង​​កិច្ចការ​​អភិវឌ្ឍន៍​​ផ្សេងៗ​ទៅ​កាន់​មន្ទីរ​បរិស្ថាន​ ដែល​កំពុង​កៀរគរ​ការ​គាំទ្រ​ដើម្បី​ដាក់​​ទីតាំង​​ទាំង​នោះ​ជា​តំបន់​អភិរក្ស​​ធនធាន​ធម្មជាតិ​។

ឆ្លើប​តប​នឹង​ឱកាស​អភិវឌ្ឍ​ជា​តំបន់​អេកូ​ទេសចរណ៍ លោក ​ផុន​ ​ខេមរិន ប្រធាន​​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​ ​​អះអាង​ថា វា​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ផល​ប៉ះពាល់​ និង​អត្ថ​ប្រយោជន៍​ដែល​ធ្លាក់​ដល់​ដៃ​សហគមន៍។​

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ទាក់ទង​ថ្ងៃ​ក្រោយ​ចំពោះ​ការ​​អភិវឌ្ឍ​ទីតាំង​នោះ​ដើម្បី​ជា​ប្រយោជន៍​សហគមន៍ និង​ប្រជាពលរដ្ឋ​ទាំង​មូលដែល​ជះ​ផល​​ប៉ះពាល់​តិចតួច​ចំពោះ​ការ​អភិវឌ្ឍ​យើង​នឹង​មាន​លទ្ធភាព​ដើម្បី​ស្នើ​សុំ​គោលការណ៍។ ប៉ុន្ដែ​បើ​ការ​អភិវឌ្ឍ​នោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ ក៏​ដូចជា​ផល​ប្រយោជន៍​បាន​តិច​ដល់​សហគមន៍ យើង​ក៏​នឹង​ថ្លឹងថ្លែង​តាម​នេះ​»។

លោក​បន្ដ​ថា​៖ «​បន្ទាប់​កើត​ជា​តំបន់​ការពារ​ហើយ យើង​នឹង​ពិនិត្យ​លទ្ធភាព​ជំរុញ​ទីតាំង​នោះ​ជា​សក្ដានុពល​អេកូ​​ទេសចរណ៍​សម្រាប់​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​តាមរយៈ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​។ ជាក់​ស្ដែង​ នៅ​តំបន់​គិរីវង្គត​ទោះបី​ជា​យើង​ស្នើ​ជា​តំបន់​ការពារ​ធម្មជាតិ ក៏​យើង​រៀបចំ​ជា​វិស័យ​ទេសចរណ៍ និង​បង្កើន​ចំណូល​របស់​ពួក​គាត់​។

ដំណើរតាមម៉ូតូឆ្ពោះទៅកាន់បឹងភ្លោះ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

យ៉ាងណា​មិញ ពី​លើ​គម្រោង​ដាក់​ទីតាំង​បឹង​ភ្លោះ​យក្ស​អោម ​យក្ស​ក្រា ជា​តំបន់​ព្រៃ​ការពារ​ដែល​ទាមទារ​ពេល​វេលា​យូរ​ ឬ​យ៉ាង​ណា​នោះ​អ្វី​ដែល​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ត្រូវ​ការ​មុន​គេ​ ​គឺ​ជា​ផ្លូវ​ងាយ​ស្រួល​ធ្វើ​ដំណើរ​គ្រប់​រដូវកាល​។

លោក ង៉ែត ពិទូ បាន​លើក​ឡើង​ថា​៖ «យើង​បាន​ស្នើ​ទៅ​ស្រុក​ទៅ​ឃុំ និង​ជម្រាប​ជូន​ដំណឹង​ទៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ជួយ​កសាង​ផ្លូវ​ប្រមាណ ៥ គីឡូម៉ែត្រ ​ដែល​មាន​ការ​លំបាក​ខ្លាំង​»។

សម្រាប់​អ្នក​នាំ​ភ្ញៀវ​ទៅ​កាន់​ បឹង​ភ្លោះ ក្ដី​រំពឹង​ទទួល​បាន​​ផ្លូវ​ថ្មី​​ទៅ​កាន់​បឹង​ធម្មជាតិ​ទាំង ២ ​នេះ មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​​​បង្កើន​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​ក្នុង​តំបន់​តាមរយៈ​សេវាកម្ម​ទេសចរណ៍​ផង​ដែរ។​

លោក ងីន បៀន សង្ឃឹម​យ៉ាង​​មុតមាំ​ថា៖​ «បើ​យើង​មាន​ផ្លូវ​ហើយ ភ្ញៀវ​ទៅ​ណា​ក៏​ទៅ​ដល់​ដែរ​ ហើយ​អត់​ផ្លូវ វា​យ៉ាប់​ណាស់។ ក្រៅ​ពី​ការងារ​នៅ​ចម្ការ​កំប៉ិក​កំប៉ុក យើង​ពឹង​អាស្រ័យ​លើ​ការ​ដឹក​ជញ្ជូន និង​ជូន​ភ្ញៀវ​ដើរ​ព្រៃ​តិចតួច​ គ្រាន់​ទប់​ការ​ចំណាយ​ផ្សេង​ៗ​»។

សម្រាប់​ភ្ញៀវ​មាន​បំណង​ចង់​ទៅ​កម្សាន្ដ​បឹងភ្លោះ​យក្ស​អោម ​យក្ស​ក្រា ពួក​គេ​អាច​ទាក់​ទង​មគ្គុទេ្ទសក៍​ភូមិ​លោក ងីន បៀន តាមរយៈ​លេខ​ទូរស័ព្ទ ០៩៧ ៦៣ ២០០ ២០៕

វីដេអ៖