ក្រុង​ធីមពូ៖ ប៊ូតង់​ដាក់​ឲ្យ​ដំណើរការ​ «​ការ​បង់​ថ្លៃ​​អភិវឌ្ឍ​និរន្ដភាព​» សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់​ក្រោយ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​​​ឥណ្ឌា​ ដែល​បាន​បង្ក​ជា​ក្ដី​បារម្ភ​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ពិសេស​ប្រចាំ​ទឹកដី​ហិមពាន្ដ​មួយ​នេះ​។


ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​បាន​ចាយ​ប្រាក់​ ២៥០ ដុល្លារ ​ក្នុង ​១ ​ថ្ងៃ ​នៅ​រដូវ​សម្បូរ​ភ្ញៀវ រួម​ទាំង​ការ​ចាយ​វាយ​លើ​អាហារ​ដឹក​ជញ្ជូន និង​ការ​​ស្នាក់​នៅ​ ដើម្បី​​មក​លេង​ប្រទេស​ដែល​មាន​​ប្រជាជន​តែ ៧៥ ម៉ឺន​នាក់ ​ដ៏​ល្បីល្បាញ​ចំពោះ​ភាព​រីករាយ​មុន​ពេល​សេដ្ឋកិច្ច​កើន​ឡើង និង​អត់​មាន​ឧស្ម័ន​កាបូន​។

ប៉ុន្ដែ​យុទ្ធសាស្ដ្រ «​តម្លៃ​ខ្ពស់ ផល​​ប៉ះពាល់​ទាប​» បាន​ជួប​ឧបសគ្គ​ខ្លះ​នា​ពេល​ថ្មីៗ​នេះ ​ដោយសារ​កំណើន​ភ្ញៀវ​ច្រើន​ពី​ប្រទេស ​ឥណ្ឌា ដែល​អត់​ចង់​ចំណាយ​ប្រាក់​បន្ថែម​លើ​ពន្ធ​។


កាល​ពី​ដើម​សប្ដាហ៍​ សភា​ជាន់​​ទាប​ប៊ូតង់​បាន​អនុម័ត​ច្បាប់​ដែល​ត្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ពី​ឥណ្ឌា បង់ក្លាដែស និង​ម៉ាល់ឌីវ បង់​ប្រាក់ ​១៦,៨៥ ដុល្លារ​ ​ក្នុង ​១ ​ថ្ងៃ ​ចាប់​ពី​ខែ​កក្កដា​។


ក្នុង​ឆ្នាំ ​២០១៨ ប៊ូតង់​បាន​ទទួល​ភ្ញៀវ ២០ ម៉ឺន​នាក់​មក​ពី​បណ្ដា​​ប្រទេស​នានា​ក្នុង​តំបន់​ ដោយ​​បាន​កើន​ជិត ១០ ភាគរយ​​ពី​ឆ្នាំ ​២០១៧ ដែល​បង្ក​ជា​ក្ដី​បារម្ភ​ថា វា​អាច​ក្លាយ​ជា​តំបន់​ទេសចរណ៍​ជោរជន់​ភ្ញៀវ​ពេក​។


ជាទូទៅ ភ្ញៀវ​​ទេសចរ​ទៅ​កាន់​ប្រទេសប៊ូតង់តម្រូវ​ឲ្យ​ចាយ​ប្រាក់ ២៥០ដុល្លារ​ក្នុង​១ថ្ងៃ​។ រូបថត AFP

ប្រធាន​ក្រុម​កីឡា​គ្រីឃីត​ឥណ្ឌា វីរ៉ាត់ កូលី បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​អំពី​ប៊ូតង់ នៅ​ពេល​លោក​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម​ពី​​ដំណើរ​​កម្សាន្ដ​​​ជា​មួយ​ភរិយា​ ជា​តារា​បូលីវូដ អានូស្កា សាម៉ា​។

ខណៈ​គូ​ស្នេហ៍​ល្បី​ឈ្មោះ​ឥណ្ឌា​​ដែល​គេ​ហៅ​ក្រៅ​ថា «​វីរូសកា​» បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ច្រើន​គ្មាន​នរណា​ផ្សេង​ធ្វើ​បែប​នេះ​ឡើយ​។

កាល​ពី​ខែ​តុលា​ឆ្នាំ​មុន អ្នក​ជិះ​កង់​ឥណ្ឌា​ម្នាក់​បាន​បង្ក​ឲ្យ​ផ្ទុះ​កំហឹង​ដោយ​បាន​ឡើង​កំពូល​ភ្នំ ​ដើម្បី​ថត​រូប​បង្ហោះ​។

យ៉ាង​ណា​ក្ដី​​ ប្រធាន​សមាគម​​​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​របស់​ប៊ូតង់ សូណាម វ៉ាងឈុក បាន​បង្ហាញ​នូវ​ក្ដី​កង្វល់​ថា សណ្ឋាគារ​ទើប​សង់​រួច​ថ្មី​ថ្មោង​សម្រាប់​ផ្ដល់​សេវាកម្ម​ឲ្យ​ភ្ញៀវ​ឥណ្ឌា​នឹង​បាត់​អតិថិជន​។

លោក វ៉ាងឈុក បាន​ប្រាប់ AFP ថា​៖ «​យើង​បាន​ប្រាប់​ក្ដី​កង្វល់​ និង​បញ្ហា​របស់​យើង​ដល់​រដ្ឋាភិបាល​ហើយ​»។

លោក​បាន​បន្ត​ទៀត​ថា៖ «ប៉ុន្ដែ​ទោះ​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​នៅ​តែ​គោរព​តាម​បទប្បញ្ញត្ដិ​ថ្មី​នេះ​»។

លោក តានឌី ដូរជី រដ្ឋមន្ដ្រី​ការ​បរទេស និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ទេសចរណ៍​ប៊ូតង់​បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​លើក​ទឹក​ចិត្ដ​លើ​ពន្ធអាករ​ បើ​តម្លៃ​ថ្មី​នេះ​ប៉ះពាល់​ដល់​វិស័យ​សណ្ឋាគារ៕ AFP/HR