ក្រុងសាណា៖ ជាមួយទស្សនីយភាពបៃតងស្រស់ ព្រៃឈើក្រាសៗ សត្វព្រៃប្លែកៗ និងផ្ទៃឈើខៀវស្រងាត់ យេម៉ែនរំពឹងថា ប្រជុំកោះសូស្យូត្រារបស់ខ្លួននឹងក្លាយជាគោលដៅទេសចរណ៍ក្នុងក្ដីសុបិន ទោះបីជាប្រទេសនេះធ្លាក់ក្នុងជម្លោះដ៏អាក្រក់យ៉ាងណាក៏ដោយ។
លាតសន្ធឹងលើមហាសមុទ្រឥណ្ឌា ចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ ពីឆ្នេរប្រទេសយេម៉ែន ប្រជុំកោះទាំង ៤ និងកោះថ្មចំនួន ២ ទៀត គឺជាលំនៅឋានរបស់ពលរដ្ឋប្រមាណ ៥ ម៉ឺននាក់ និងបានញាំញីដោយសង្គ្រាមដែលបំផ្លិចបំផ្លាញដែនដីនេះ។
ខណៈពលរដ្ឋយេម៉ែនភាគច្រើនកំពុងជាប់ដៃរឿងជម្លោះ ដែលបានផ្ទុះឡើងកាលពីឆ្នាំ ២០១៤ រវាងឧទ្ទាមហ៊ូធី និងរដ្ឋាភិបាល ជាន់កដោយវិបត្ដិកូវីដ ១៩ ទេសចរផ្សងព្រេងកំពុងតែបង្ហាញចំណាប់អារម្មណ៍ចំពោះដំណើរកម្សាន្ដទៅកាន់ប្រជុំកោះសូស្យូត្រា។
ដោយសារការហោះហើរបានបន្ដតាមរយៈអាកាសចរណ៍ Air Arabia មួយសប្ដាហ៍ម្ដងពីទីក្រុងអាប៊ុលដាប៊ី ទីភ្នាក់ងារបានទទួលសំណើរាប់រយ។ យេម៉ែន ជាប្រទេសក្រីក្របំផុតមួយស្រាប់ប្រចាំតំបន់ឧបទ្វីបអារ៉ាប់តាំងពីមុនសង្គ្រាម បាននិងកំពុងអភិវឌ្ឍប្រជុំកោះអស់រយៈពេលជាច្រើនឆ្នាំដើម្បីឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍។
ប្រជុំកោះសូស្យូត្រា ស្ថិតនៅចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រ ពីតំបន់ Horn of Africa និងចម្ងាយ ១ ០០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងអាដេន ជាទីមូលដ្ឋានរដ្ឋាភិបាលយេម៉ែនតាំងនៅ។
យោងតាមទីភ្នាក់ងារវប្បធម៌ UNESCO របស់អង្គការសហប្រជាជាតិ បានបង្ហាញថា ទីឋាននេះមានភាពល្បីល្បាញចំពោះជីវចម្រុះដ៏ល្អឯក ដែលរុក្ខជាតិស្ទើរតែមួយភាគបីចំណោម ៨២៥ ប្រភេទ និងពពួកល្មូន ៩០ ភាគរយត្រូវបានចាត់ទុកជាភាពល្អឯក។
ភាពវិសេសនេះ និងរុក្ខជាតិដ៏អស្ចារ្យ ដូចា ដើមឈើនាគ ដែលរំលេចនូវសណ្ឋានដូចឆ័ត្រ និងជ័រក្រហម បានទទួលងារជាតំបន់បេតិកភណ្ឌពិភពលោក។
យោងតាមវេបសាយរបស់ UNESCO បានឱ្យដឹងថា៖ «កោះសូស្យូត្រា ពិតជាបានផ្ដល់សារសំខាន់ចំពោះបរិស្ថានជីវចម្រុះលើតំបន់ Horn of Africa។ ជាតំបន់សម្បូរទៅដោយជីវចម្រុះច្រើនបំផុតមួយ និងជាដែនកោះដ៏ល្អឯកមួយក្នុងពិភពលោក វាត្រូវបានហៅថា «ប្រជុំកោះហ្គាឡាប៉ាហ្គូសលើមហាសមុទ្រឥណ្ឌា»៕ AFP/HR