ក្រុងបាត់ដំបង៖ ភ្ញៀវអាចអង្គុយ និងថតរូបភាពនៅកន្លែងកំពូលតារាភាពយន្ដហូលីវូដធ្លាប់ធ្វើកាលពីប៉ុន្មានឆ្នាំមុននៅលើក្យូសលយចូលស្រះឈូកក្នុងផ្ទះស្នាក់វត្ដគរ ស្ថិតនៅចម្ងាយ ៨០០ ម៉ែត្រ ពីក្រុងបាត់ដំបង។
រូបភាពតារាភាពយន្ដ អេនជេលីណា ជោលី អតីតស្វាមី ប្រ៊េត ភីត ជាមួយម្ចាស់ផ្ទះស្នាក់វត្ដគរ និងក្រុមបុគ្គលិក ២ សន្លឹក ត្រូវបានតាំងភ្ជាប់ជញ្ជាំងនៅសាលទទួលភ្ញៀវ និងមុខបន្ទប់ដែលពួកគេធ្លាប់ស្នាក់ផងដែរ។
លោក គឹម នូ ម្ចាស់ផ្ទះស្នាក់វត្ដគរ ដែលបានបើកសម្ពោធក្នុងឆ្នាំ ២០១៣ បាននិយាយចង្អុលទៅកាន់បន្ទប់ជាន់ក្រោមនៃផ្ទះបុរាណខ្មែរថា៖ «គាត់ [អេនជេលីណា ជោលី] មកស្នាក់ទីនេះរយៈពេល ១០ ថ្ងៃ ពេលថតកុនរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ក្នុងឆ្នាំ ២០១៦ ជាមួយអតីតស្វាមីដែលជាតារាភាពយន្ដហូលីវូដផងដែរនោះ គឺលោក ប្រ៊េត ភីត»។
ភាពស្ងប់ស្ងាត់ ផ្ទះរចនាប័ទ្មបុរាណខ្មែរ គួបនឹងបរិស្ថានដ៏ស្រស់បំព្រងទាំងរុក្ខជាតិ មិនមានរបងបិទបាំងភ្នែកអ្នកភូមិជិតខាង ទាំងនេះបានទាក់ទាញចិត្ដកំពូលតារាភាពយន្ដហូលីវូដឲ្យមកទីនេះម្ដងហើយម្ដងទៀត។
ស្ថិតលើផ្ទៃដីកន្លះហិកតា ផ្ទះស្នាក់វត្ដគរ ដែលមានទីតាំងស្ថិតនៅមិនឆ្ងាយពីទីសក្ការៈវត្ដគរ ផ្ដល់នូវបទពិសោធស្នាក់នៅបែបខ្មែរប្រកបដោយផាសុកភាព និងទទួលទានអាហារបែបខ្មែរដែលត្រូវបានរៀបចំឡើងជាឈុតបែបបស្ចិមប្រទេស ជាពិសេសការបន្ដថែរក្សារចនាប័ទ្មផ្ទះបុរាណខ្មែរឲ្យនៅស្ថិតស្ថេរគង់វង្ស។
ផ្ទះស្នាក់មួយនេះមិនមានទីចំណតរថយន្ដក្នុងបរិវេណឡើយ ដោយទីធ្លាទាំងមូលត្រូវបានប្រើប្រាស់សម្រាប់ការតុបតែងរុក្ខជាតិតូចធំ ស្រះទឹក ទូកឈើបុរាណ កង់ឌុប ឧបករណ៍ចាប់ត្រី អាងទឹកសម័យទំនើប និងផ្ទះសង់ពីចំនៀរឈើធំៗ ដ៏ស្កឹមស្កៃសម្រាប់ផ្គាប់ចិត្ដភ្ញៀវស្រឡាញ់បរិស្ថានធម្មជាតិ។
ការស្រឡាញ់ចូលចិត្ដលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ បាននាំឲ្យអតីតនិស្សិតវិស្វករមកពីសាលាតិចណូរូបនេះ បានចាប់ផ្ដើមមុខជំនួញក្រុមហ៊ុនទេសចរណ៍ដោយសហការជាមួយដៃគូជនជាតិបារាំង ដោយបើកផ្ទះស្នាក់វត្ដគរក្នុងឆ្នាំ ២០១៣ ផ្អែកលើទស្សនៈផ្ដល់សេវាកម្មបដិសណ្ឋារកិច្ចដ៏រីករាយបែបធម្មជាតិពិតៗ គោរពទៅតាមវប្បធម៌ប្រពៃណីអ្នកស្រុក និងស្ទួយបរិស្ថាន។
លោក គឹម នូ ដែលមានបទពិសោធក្នុងវិស័យទេសចរណ៍ជាច្រើនឆ្នាំបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «បច្ចុប្បន្ន យើងធ្វើផ្ទះបាន ៣ គឺផ្ទះប៉ិត ផ្ទះកន្ដាំង និងផ្ទះខ្មែរ ហើយយើងនឹងធ្វើផ្ទះ ២ ទៀត ដែលដាក់ឲ្យដំណើរការក្នុងខែកញ្ញានេះ គឺផ្ទះរោងដោល និងផ្ទះរោងឌឿង»។
ដោយមើលឃើញពីភាពល្អឯករបស់ស្ថាបត្យកម្មបុរាណខ្មែរ លោកបានឲ្យដឹងថា៖ «បើយើងធ្វើសំណង់អ្វីដែលមានលក្ខណៈដូចៗគ្នានៅស្រុកគេដែរ វានឹងមិនមានការចាប់អារម្មណ៍ឡើយ។ អ៊ីចឹង យើងធ្វើបែបរបស់យើង តែយើងបង្កើតបរិយាកាសបែបផាសុកភាពបន្ដិច ដូចជាបន្ទប់ទឹកស្អាតល្អ»។
តារាងមុខម្ហូបខ្មែរបែបកូនកាត់បារាំងបន្ដិច ដោយការរៀបចំជាឈុតដាច់ដោយឡែកពីគ្នា ដើម្បីបង្ហាញម្ហូបខ្មែរ តាមបែបបទនៃទម្លាប់ទទួលទានរបស់ភ្ញៀវទេសចរ។
អាហារឈុត ដែលរៀបចំផ្លាស់ប្ដូរញឹកញាប់រៀងរាល់ថ្ងៃ ដូចជាមួយឈុត រួមមាន ញាំសាច់មាន់ ស្ងោរជ្រក់សាច់គោ អាម៉ុកត្រី និងបង្អែមនំអ៊ី មានតម្លៃ ១២ ដុល្លារ សម្រាប់មនុស្សម្នាក់។
អង្គុយក្នុងភោជនីយដ្ឋានក្បែរមាត់ស្រះ លោក គឹម នូ បានបន្ដថា៖ «យើងមិនកែកុនរសជាតិឲ្យសមស្របតាមភ្ញៀវនោះទេ។ ជាក់ស្ដែង បើសម្លនេះត្រូវមានប្រហុក យើងត្រូវបង់ប្រហុកពិតៗតែម្ដង ដើម្បីឲ្យពួកគាត់ដឹងថា រសជាតិម្ហូបខ្មែរវាយ៉ាងដូចម្ដេច ពីព្រោះភោជនីយដ្ឋានជាច្រើនដែលចម្អិនម្ហូបសម្រាប់ភ្ញៀវទេសចរ ភាគច្រើនចុងភៅបារម្ភភ្ញៀវអត់អាចហូបបាន។ ប៉ុន្ដែដល់ពេលពួកគាត់ធ្លាប់ហូប ពួកគាត់ចូលចិត្ដម្ហូបយើង»។
ក្រៅពីការផ្ដល់បទពិសោធស្នាក់ក្នុងផ្ទះបុរាណខ្មែរ និងភ្លក្សរសជាតិអាហារម្ចាស់ស្រុកពិតៗ ម្ចាស់ផ្ទះស្នាក់វត្ដគររូបនេះក៏មានបំណងថែរក្សារចនាប័ទ្មផ្ទះប្រពៃណីខ្មែរ ដែលបន្សល់ទុកតាំងពីដូនតាបរមបុរាណ។
លោក គឹម នូ បានលើកឡើងថា៖ «ពេលដែលខ្ញុំធ្វើបែបនេះ អ្នកស្រុកអ្នកភូមិចូលមក គេថាស្អាត ហើយខ្ញុំតបវិញថា ហ្នឹងហើយ តាមការពិតផ្ទះគាត់ស្អាតជាងផ្ទះខ្ញុំទៅទៀត។ ខ្ញុំចង់បំផុសឲ្យពួកគាត់ថែរក្សាផ្ទះបែបបុរាណទាំងនេះ»។
លោកបន្ថែមទៀតថា៖ «យើងក៏ចង់បង្ហាញអំពីរបៀបបដិសណ្ឋារកិច្ចរបៀបខ្មែរយើងដែរ។ យើងមិនដូចជាការផ្ដល់សេវាកម្មម្ហូបចេញពីឆ្វេងអី បែបស្ដង់ដាដូចសណ្ឋាគារ និងភោជនីយដ្ឋានផ្កាយ ៥ ឡើយ។ យើងធ្វើតាមរបៀបរបស់យើង បែបខ្មែរ។ បុគ្គលិកធ្វើការប្រាស្រ័យទាក់ទងជាមួយភ្ញៀវតាមរបៀបស្និទ្ធស្នាលបែបមិត្ដភក្ដិ ដើម្បីធ្វើឲ្យពួកគាត់មានអារម្មណ៍ដូចផ្ទះគាត់អ៊ីចឹងដែរ»។
បើកដំណើរការមកមានរយៈពេល ៦ ឆ្នាំមកនេះ ផ្ទះស្នាក់វត្ដគរ ទទួលស្វាគមន៍តារាភាពយន្ដហូលីវូដបាន ២ ដង ដោយម្ដងអំឡុងពេល ជោលី ថតភាពយន្ដខ្នាតធំស្ដីពីខ្មែរក្រហម និងម្ដងទៀត កាលពីប៉ុន្មានខែមុន ពេលអ្នកម្ដាយចិញ្ចឹម ម៉ាដុក រូបនេះ មកថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនទឹកអប់បារាំង។
ម្ចាស់ផ្ទះស្នាក់វត្ដគរ ដែលផ្ដល់សេវាកម្មផ្ទះស្នាក់បែបខ្មែរប្រណីតបានបន្ដថា៖ «កាលពីខែមេសាកន្លងទៅនេះ គាត់មកថតស្ពតសម្រាប់ពាណិជ្ជកម្មទឹកអប់របស់បារាំង។ គាត់មកជាក្រុមការងារ រួមទាំងក្រុមថតរូបមកពីស្រុកបារាំងផង និងហូលីវូដផង។ ប៉ុន្ដែកាលនោះ គាត់អត់បានស្នាក់នៅទីនេះទេ មានតែក្រុមការងារទាំងអស់របស់គាត់ស្នាក់នៅទីនេះ។ គាត់ស្នាក់នៅផ្ទះរបស់គាត់នៅសំឡូតចាស់ឯនោះ»។
លោក គឹម នូ រំពឹងថា កំពូលតារាភាពយន្ដហូលីវូដ ដែលជាម៉ូយម្នាក់របស់ផ្ទះស្នាក់លោក នឹងមកកាន់ទីស្នាក់អាស្រ័យរចនាប័ទ្មបែបខ្មែរនេះនៅឱកាសក្រោយៗទៀត។
បន្ទប់ធំទូលាយ ដែលបំពាក់បរិក្ខារប្រើប្រាស់ប្រណីត បន្ថែមដោយគ្រឿងសង្ហារឹមចំនៀរឈើច្នៃយ៉ាងពិសេស មានតម្លៃចាប់ ១២០ ទៅ ១៨០ ដុល្លារក្នុង ១ យប់។
ផ្ទះស្នាក់វត្ដគរ ស្ថិតនៅចម្ងាយ ៨០០ ម៉ែត្រពីក្រុងបាត់ដំបង លើផ្លូវវត្ដគរ ឬទំនាក់ទំនងតាមអ៊ីមែល info@maisonswatkor.com ឬចូលទៅកាន់វេបសាយ http://www.maisonswatkor.com/៕
វីដេអូ៖