កំពត៖ វា​មិនមែន​ប្រជុំ​ថ្ម​ច្រូងច្រាង​ក្នុង​តំបន់​ជួរ​ភ្នំ Hallelujah Mountain នៃ​ភាពយន្ដ​ហូលីវូដ Avatar នោះ​ទេ​។​ ភ្នំ​ថ្ម​​គ្រប​ដណ្ដប់​រុក្ខជាតិ​បៃតង​ស្រស់​ដោយ​ចុង​កំពូល​មាន​កម្ពស់​ប្រមាណ ១០០ ​ម៉ែត្រ បែរ​ទៅ​ទិស​ពាយព្យ​ ឈរ​អែប​ជាប់​នឹង​អាង​ស្ដុក​​ទឹក​ធំ​មួយ​សម្រាប់​ស្រោច​ស្រព​ដំណាំ​កសិកម្ម​អ្នក​ស្រុក​កំពង់​ត្រាច​ ស្ថិត​ក្នុង​តំបន់​សម្បូរ​ភ្នំ​ថ្ម​កំពុង​តែ​ក្លាយ​ជា​ទីចាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ ដោយសារ​តែ​ផ្លូវ​ទំនប់​ប្រវែង ១ ២០០ ម៉ែត្រ​។


រយៈពេល​ជា​ច្រើន​សតវត្សរ៍​ ភ្នំ​ដំរី​ស្ថិត​នៅ​យ៉ាង​ឯកា​ដោយ​ពាក់​កណ្ដាល​​ភ្នំ​ខាង​លិច​ជាប់​នឹង​ប្រភព​ទឹក និង​ពាក់​កណ្ដាល​ទៀត​ជាប់​វាល​ស្រែ​វាលស្រូវ​ដ៏​សែន​កណ្ដោច​កណ្ដែង​ បើ​ទោះបី​ជា​ភ្នំ​ដំរី​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​ភ្នំ​កំពង់ត្រាច​តែ​ប្រមាណ ៧ គីឡូម៉ែត្រ​។

ថ្មីៗ​នេះ ជាមួយ​ការ​បង្ហោះ​រូបភាព​ដ៏​ទាក់ទាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ភ្នំ​ដំរី​ ស្ថិត​ក្នុង​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាង​ជើង ស្រុក​កំពង់ត្រាច បាន​អន្ទង​ចិត្ដ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ​ប៉ងស្កាត់​​មក​ជួប​ឲ្យ​ខាង​តែ​បាន​។


ជាមួយ​សំណេរ​រៀប​រាប់​អំពី​ទិដ្ឋភាព​នៃ​ការ​កសាង​ផ្លូវ​តាម​ជើង​ភ្នំ​ដំរី​ប្រវែង ១ ២០០ ម៉ែត្រ​ ដោយ​ភ្ជាប់​នឹង​រូបភាព​ដ៏​ស្រស់​ត្រកាល​នៃ​ភ្នំ​ដំរី​ស្ថិត​នៅ​ចម្ងាយ​ជិត ៥០ គីឡូម៉ែត្រ ភាគ​ខាង​ជើង​​ក្រុង​កំពត ការ​បង្ហោះ​ពី​​​ខែ​វិច្ឆិកា​​ឆ្នាំ​មុន បាន​ទាក់ទាញ​ការ​ចុច​ likes ជាង​ ១ ពាន់​ដង និង​ចែក​រំលែក​ជាង ៧០០ ដង​។


ម្នាក់​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ ដែល​បាន​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​បរិវេណ​ភ្នំ​ដំរី យុវតី បៀច ស្រីអូន ក៏​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ក្បែរ​ខាង​ បាន​មក​អើត​ឈ្ងោក​ភ្នំ​ដំរី​ជាមួយ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ទីឋាន​ដ៏​ទាក់ទាញ​ ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ខ្លួន​​។


ផ្លូវ​អែបភ្នំ​ជាប់​មាត់ទឹក​ដ៏ធំល្វឹងល្វើយជា​ទី​​សំចត​ថតរូប គន់ថ្ងៃ​លិច។ហុង មិនា

យុវតីវ័យ ១៩ ឆ្នាំ ជា​សិស្ស​​ថ្នាក់​ទី ១២ វិទ្យាល័យ​ព្រះបិតា​ជាតិ​បាន​ប្រាប់​​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​​ខ្ញុំ​ជា​អ្នក​ស្រុក​នៅ​ទី​នេះ​ តែ​អត់​ដឹង​ថា គេ​ចាក់​ធ្វើ​ផ្លូវ​តាំង​ពី​ពេល​ណា​មក​ទេ។ ពី​មុន​អត់​មាន​ផ្លូវ​ជិះ​​អែប​ជើង​ភ្នំ​នេះ​ទេ​។ តាំង​ពី​ឃើញ​គេ​​បង្ហោះ​លើ​ហ្វេសប៊ុក ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ និង​មក​លេង​ ព្រម​ទាំង​​ថត​រូប​នៅ​ទីនេះ​បាន ២ ដង​ហើយ​។

កញ្ញា បៀច ស្រីអូន ដែល​នាំ​ប្អូន​ស្រី និង​ក្មួយ​តូច​ម្នាក់​ទៀត​មក​ថត​រូប​លេង​កម្សាន្ដ​នៅ​លើ​ខ្នង​ទំនប់​ជាប់​ភ្នំ​ដំរី បាន​ឆ្លៀ​ត​ពេល​ពី​ការ​សិក្សា​មក​​ផ្ដិត​យក​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​តំបន់​ទេសចរណ៍​ថ្មី​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​បង្អួត​មិត្ដភក្ដិ​បាន​ ២ ដង​ទៅ​ហើយ​។

យុវតី​នៅ​​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​រូប​នេះ​​និយាយ​ថា​៖ «​ពេល​ថត​ទៅ មាន​មិត្ដភក្ដិ​ក្នុង​ហ្វេសប៊ុក​សួរ​ថា​នៅ​ណាៗ​។ ពេល​រសៀល​ជា​វេលា​ថត​ស្អាត​បំផុត​ ដោយ​អាច​មើល​ឃើញ​ទិដ្ឋភាព​ផ្ទៃ​ទឹក​ឆ្លុះ​ជើង​ភ្នំ ខណៈ​ពេល​ព្រឹក​ព្រលឹម​ ផ្កា​ព្រលឹត​​ និង​កញ្ឆែត​រីក​ស្គុសស្គាយ​ក៏​ស្អាត​ដែរ​»។

ដោយ​មើល​ឃើញ​ពី​សក្ដានុពល​ទេសចរណ៍​ថ្មី​មួយ​ទៀត​សម្រាប់​ខេត្ដ​កំពត​ មន្ទីរ​ទេសចរណ៍​បាន​និង​កំពុង​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ពី​លទ្ធភាព​បង្កើត​ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​សម្រាប់​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជា​ផ្លូវ​ការ​។

ទេសភាពដ៏​ស្រស់ត្រកាល​ នៅ​តាម​ផ្លូវ​ទៅកាន់ភ្នំ​ដំរី​។ហុង មិនា

លោក សយ សាណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​កំពុង​តែ​សិក្សា និង​សហការ​ជាមួយ​សហគមន៍​ពី​លទ្ធភាព​​នៃ​ការ​រៀបចំ ដោយសារ​វា​ថ្មី​ពេក​ ហើយ​យើង​មើល​ទៅ​លើ​ការ​ទាក់ទង​នឹង​ផ្លូវ​ចូល។ ឥឡូវ យើង​អត់​មាន​អី​ ហើយ​យើង​អត់​ទាន់​ហ៊ាន​ផ្សព្វផ្សាយ​ច្រើន​នោះ​ទេ​។ យើង​កំពុង​រក​មធ្យោបាយ​ថា តើ​យើង​គួរ​ធ្វើ​ត្រឹម​កម្រិត​ប៉ុនណា​?»។

ទាក់ទង​នឹង​ប្រវត្ដិ​ភ្នំ​ដំរី​ ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ នៅ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​អំពី​រឿងរ៉ាវ​ភ្នំ​ដំរី​ ដែល​លាត​សន្ធឹង​នៅ​កណ្ដាល​វាល​ស្រែ​ពលរដ្ឋ​នៃ​ស្រុក​កំពង់ត្រាច​នោះ​ឡើយ​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​អត់​សូវ​ច្បាស់​ទេ​ចំពោះ​រឿង​នេះ​ ពី​ព្រោះ​កន្លង​មក យើង​អត់​ទាន់​បាន​សិក្សា​អំពី​ភ្នំ​នេះ​​ទេ​​។ ពេល​ទំនប់​នេះ ​ត្រូវ​បាន​ស្ដារ យើង​មើល​ឃើញ​ថា វា​មាន​ភាព​ស្រស់​ស្អាត​ និង​ទាក់ទាញ​គួរ​សម​។ ខ្ញុំ​អត់​មាន​ឯកសារ​អ្វី​នោះ​ទេ ដោយសារ​​វា​នៅ​​ថ្មី​ពេក។ ខ្ញុំ​ធ្លាប់​សិក្សា​ពី​ផ្ទះ​ប៉ិត​បុរាណ​រប​ស់​​ប្រជាពលរដ្ឋ​ច្រើន​នៅ​តំបន់​នោះ​»​​។​

លោក​​អះអាង​ថា ផ្លូវ​លំ​កសាង​ថ្មី​ ដែល​ទាក់ទាញ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ គឺ​ជា​អតីត​ទំនប់​ចាស់ ដែល​ត្រូវ​ស្ដារ​ដើម្បី​ការពារ​ការ​ជ្រាប​ទឹក​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​បង្ហាញ​​ថា​៖ «​ទិដ្ឋភាព​ទំនប់​ទឹក​ការពារ​ជ្រាប​តាម​​ជើង​ភ្នំ​ដំរី​ប្រវែង ១ ២០០ ម៉ែត្រ​ ដែល​អនុវត្ដ​ការងារ​សាង​សង់​ដោយ​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្ថិត​ក្នុង​ឃុំ​ដំណាក់​កន្ទួត​ខាង​ជើង ស្រុក​កំពង់​ត្រាច ខេត្ដ​កំពត​»៕

វីដេអូ៖