បាត់ដំបង៖ ចម្ងាយតែ ៣០០ ម៉ែត្រ ស្ថិតនៅពីក្រោយភូមិគ្រឹះតារាភាពយន្តហូលីវូដ អេនជេលីណា ជោលី ជាទីតាំងអង្គការមូលនិធិម៉ាដក្ស ជោលីភីត ដែលមានបេសកកម្មអភិរក្សព្រៃឈើ សត្វព្រៃ និងគាំទ្រសហគមន៍ជនបទនៅកម្ពុជា ទឹកធ្លាក់សំឡូតចាស់ អន្ទងចិត្ដទេសចរទាំងក្នុងស្រុក និងបរទេសជិតឆ្ងាយមកងូតទឹក និងហក់លោតលើអាងរំលេចផ្ទៃទឹកបៃតងស្រស់ក្នុងបរិយាកាសធម្មជាតិ។
ទឹកធ្លាក់សំឡូតចាស់ ឬអ្នកខ្លះហៅថា ទឹកធ្លាក់ អេនជេលីណា ជោលី ស្ថិតក្នុងព្រៃស្រោងស្រោបជុំជិតនៃភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង រំលេចនូវអាងទឹកធម្មជាតិដ៏ថ្លាឈ្វេងបំពេញដោយមុខទឹកហូរធ្លាក់ ២ តូចៗ និងថ្មលយដែលអំណោយផលដល់ការហក់លោត និងហែលលេងពីសំណាក់យុវវ័យ ចាស់ៗ និងភ្ញៀវបរទេសផងដែរ។
ភាពស្រស់បំព្រងនៃទឹកធ្លាក់បង្កប់ខ្លួនក្នុងព្រៃឈើចោលម្លប់ត្រឈឹងត្រឈៃ មួយផ្នែកជាគុណសម្បត្ដិរបស់មូលនិធិម៉ាដក្សជោលីភីត (MJP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយតារាភាពយន្ដ អេនជេលីណា ជោលី បំណងអភិរក្ស ព្រៃឈើ សត្វព្រៃធម្មជាតិ និងអភិវឌ្ឍសហគមន៍ក្នុងតំបន់ការពារសំឡូត ខេត្ដបាត់ដំបង ដែលជាមាតុភូមិ កំណើតកូនប្រុសច្បងរបស់ខ្លួន។
ក្រោយពីសម្រាកមួយភ្លែត មុនពេលឡើងជណ្ដើរច្នៃពីខ្មែងឫស្សីទៅកាន់ពយខ្ពស់នៃទឹកធ្លាក់ លោក គា សុវណ្ណ ដែលនាំភ្ញៀវបរទេស ៥ នាក់ ជាបុគ្គលិកស្ម័គ្រចិត្ដរបស់អង្គការមួយ បាននិយាយថា៖ «ភាពទាក់ទាញដំបូងរបស់ទឹកធ្លាក់សំឡូតចាស់នេះ គឺសម្រស់ធម្មជាតិ ដែលហ៊ុមព័ទ្ធដោយដើមឈើតូចធំផ្ដល់ម្លប់សម្រាប់ការសម្រាកលម្ហែត្រជាក់ស្រួលខ្លួន ព្រមទាំងងូតទឹក និងលោតទឹកលេង។ មួយវិញទៀត ភ្ញៀវខ្លះក៏ចង់អើតឈ្ងោកមើលទិដ្ឋភាពនៃភូមិគ្រឹះរបស់តារាហូលីវូដផងដែរ»។
លោក សុវណ្ណ ដែលជួយប្រាប់អំពីរបៀបនៃការហក់លោតទឹកដល់មិត្ដភក្ដិបរទេស បានបន្ដថា៖ «ពួកគាត់ឆ្លៀតពេលពីការងារនៅខេត្ដក៏នាំគ្នាមកសម្រាក ចាប់មេអំបៅ និងងូតទឹកលេងនៅទីនេះ។ ផ្លូវមកកាន់ទឹកធ្លាក់ ដែលកាត់ក្រោយផ្ទះ ជោលី យើងអាចមើលឃើញផ្ទះ ២-៣ ខ្នង ក្នុងបរិវេណដីដែលស្រោបព្រៃជុំជិតនេះ»។
ដើមឈើធំៗ រុក្ខជាតិតូចៗ វល្លិ ឫសឈើចាក់ត្របាញ់អែបទឹកធ្លាក់ចង្អូរតូចកម្ពស់ប្រមាណជាង ២ ម៉ែត្រ ហាក់បីដូចជាឫសដុះតួប្រាងប្រាសាទ ស័ក្ដិសមជាទីឋានផ្ទៃក្រោយសម្រាប់អ្នកនិយមផ្ដិតរូបភាពសែលហ្វ៊ីបង្ហោះបង្អួតមិត្ដភក្ដិក្នុងបណ្ដាញសង្គម។
ជាអ្នកយាមអង្គការមូលនិធិម៉ាដក្សជោលីភីត ស្ថិតនៅចំណុចផ្លូវប្រសព្វអក្សរ «T» ដែលនៅរដូវប្រមូលផលផ្លែឈើ ភ្ញៀវមិនភ្លេចឈប់រថយន្ដចូលទិញផលានុផលអ្នកស្រុកសំឡូត ដូចជា មង្ឃុត សាវម៉ាវ និងទុរេន លោក ធឿន ដែលសុំមិនប្រាប់ត្រកូល បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ លោកមើលឃើញភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិចន្លោះពី ១០ ម៉ូតូ និង ២-៣ រថយន្ដ ចូលទៅកាន់ទីធ្លាក់ ខណៈថ្ងៃឈប់សម្រាក និងបុណ្យទានធំៗ ភ្ញៀវមកលេងភ្លូកទឹកភ្លូកដី។
លោក ធឿន អាយុ ៥៦ ឆ្នាំ ដែលជាមន្ដ្រីប៉ូលិសទើបចូលនិវត្ដន៍ បានប្រាប់ថា៖ «មានសិស្សសាលា និងភ្ញៀវចាស់ក្មេងពីសំឡូតនេះ បាត់ដំបង និងប៉ៃលិន មកលេងជាហូរហែឥតដាច់។ ថ្ងៃបុណ្យវិញ មានមនុស្សស្ទើរតែពេញបរិវេណទឹកធ្លាក់»។
ស្ថិតនៅផ្នែកខាងលើនៃទឹកធ្លាក់ ក៏មានរណ្ដៅមួយប៉ុនមាត់លូ និងមានជម្រៅដ៏ល្បីរហូតដល់អ្នកជ្រមុជទឹកអះអាងថា ពួកគេមិនអាចលឹបដល់បាតរណ្ដៅ។ លោក គា សុវណ្ណ ដែលនាំភ្ញៀវបរទេសម្នាក់ទៀត ជ្រមុជទឹកចូលរណ្ដៅខាងលើឫសឈើ បានប្រាប់ថា លោក និងមិត្ដភក្ដិបរទេសព្យាយាមជ្រមុជចុះជ្រៅនៅតែមិនដល់បាត។ លោកក៏បានណែនាំកុំឲ្យអ្នកអត់ចេះហែលទឹកចុះក្នុងរណ្ដៅនេះ ពីព្រោះពួកគេអាចលង់។
ចេញដំណើរពីក្រុងបាត់ដំបងឆ្ពោះទៅកាន់ទីរួមខេត្ដប៉ៃលិនតាមផ្លូវជាតិ ៥៧ ចម្ងាយជិត ៥០ គីឡូម៉ែត្រ បត់ឆ្វេងតាមផ្លូវទៅកាន់ទីរួមស្រុកសំឡូតថ្មី ១៥ គីឡូម៉ែត្រ រួចបត់ស្ដាំ និងបន្ដ ដំណើរតាមផ្លូវលំប្រមាណ ២០ គីឡូម៉ែត្រទៀត ទើបប្រទះឃើញទីស្នាក់ការអង្គការមូលនិធិម៉ាដក្សជោលីភីត ជាទឹកធ្លាក់សំឡូតចាស់ស្ថិតនៅផងដែរ៕
វីដេអូ៖