
រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅជាបណ្ដុំល្អាងដែលមានប្រវត្ដិទាក់ទងនឹងរឿងព្រេងកថាជាច្រើន ដូចជា ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងតែងខ្លួន និងល្អាងល្ខោន ជាដើម។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ក្រុងបាត់ដំបង: ភ្នំសំពៅ ជាទីឋានសំពៅកឿងក្នុងរឿងព្រេងបុរាណខ្មែរមានបណ្ដុំល្អាងជាច្រើនដែលទាក់ទាញចិត្ដភ្ញៀវទេសចរជុំវិញពិភពលោក។
គោលដៅមួយក្នុងចំណោមល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងប្រចៀវ គឺ «ល្អាងក្បាលខ្មោច» ជាទីកន្លែងដែលមនុស្សជាច្រើនត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម និងសា្លកស្នាម រួមទាំងឆ្អឹងមួយចំនួនត្រូវបានរក្សាក្នុងចេតិយកញ្ចក់រហូតដល់សព្វថ្ងៃ។
អារម្មណ៍ស្ងប់សុខចាប់ផ្ដើមជ្រួតជ្រាបក្នុងចិត្ដតាំងពីពេលបររថយន្ដចូលច្រកទ្វារអារាមភ្នំសំពៅ ហើយហឫទ័យជ្រះថ្លាពេលបានឃើញព្រះពុទ្ធបដិមាកំពុងត្រូវបានឆ្លាក់ចេញពីថ្មភ្នំ។ មិនដល់មួយនាទីផង រថយន្ដនឹងឡើងដល់កំពូលភ្នំកម្ពស់ប្រមាណ ១០០ ម៉ែត្រជាទីដែលមានព្រះវិហារចំណាស់មួយស្វាគមន៍អ្នកចូលថ្វាយបង្គំព្រះ ក្រោយពេលម្ចាស់យានយន្ដត្រូវបានប្រជាការពារជម្រាបប្រាប់ឲ្យបិទម៉ាស៊ីនត្រជាក់រថយន្ដ ដើម្បីផ្ដល់ថាមពលបន្ថែមឲ្យរថយន្ដបរឡើងភ្នំដោយសុវត្ថិភាព។
ទេសភាពដ៏ស្រស់ត្រកាលនៃកំពូលភ្នំសំពៅដែលសម្បូរទៅដោយរឿងព្រេងបុរាណក្នុងប្រវត្ដិព្រេងនិទានខ្មែរ ភ្ញៀវទេសចរនឹងកាន់តែស្បើយអស់អារម្មណ៍មួហ្មងបន្ទាប់ពីការគយគន់ភ្នំទេវកថានានាជុំវិញ។
យ៉ាងណាមិញ ព្រះវិហារលើភ្នំសំពៅក៏ស្ថិតនៅមិនឆ្ងាយពីល្អាងក្បាលខ្មោច ជាទីឋានពិឃាត និងតម្កល់ធាតុជនរងគ្រោះដែលត្រូវបានក្រុមអាវខ្មៅវាយសម្លាប់ និងទម្លាក់ពីលើមាត់ល្អាងយ៉ាងសាហាវព្រៃផ្សៃផងដែរ។
ក្រោយពីស្នើសុំឲ្យភ្ញៀវទេសចរដែលប្រណិប័តន៍ព្រះពុទ្ធសាសនាឡើងព្រះវិហារគិរីរម្យអុចធូបបួងសួងសុំសេចក្ដីសុខលោក សួង ស៊ីថន ជាប្រជាការពារម្នាក់នឹងអមដំណើរភ្ញៀវដើរទស្សនាទីឋានមួយចំនួននៅលើកំពូលភ្នំ។

ទិដ្ឋភាពនៅខាងក្នុងល្អាងដែលអាចធ្វើឲ្យភ្ញៀវទេសចរខ្លះមានអារម្មណ៍គួរឲ្យអាណោចអាធ័ម។ ហុង មិនា
ផ្ដើមដោយល្អាងតែងខ្លួនដែលយោងតាមព្រេងនិទានជាទីឋានសម្រាប់ក្រុមល្ខោនតុបតែងខ្លួនព្រះនាងរំសាយសក់ លោក សួង ស៊ីថន បានចង្អុលប្រាប់ទៅកាន់រូងខ្លីមួយដែលមានបន្សល់នូវទ្រុងសំណាញ់ដែកថា៖ «ទីនេះជាកន្លែងរក្សាទុកនូវស្លាកស្នាមស្ដែងៗមួយចំនួន ជាពិសេសសម្លៀកបំពាក់ជនរងគ្រោះក្នុងសម័យប៉ុលពត។ ជនរងគ្រោះនៅទីនេះគឺជាអ្នកចេះដឹង»។
ពីល្អាងតែងខ្លួនទៅកាន់ល្អាងល្ខោន ភ្ញៀវនឹងបានឃើញគំនូររូបភាពជនរងគ្រោះសម័យប៉ុលពតត្រូវបានវាយទម្លាក់ពីលើមាត់ល្អាងផ្នែកខាងឆ្វេងដៃ ហើយនៅផ្នែកខាងស្ដាំដៃគឺជាចម្លាក់ស្មូនអំពីទារុណកម្មមកលើអ្នកសាងបាបមុនពេលទៅដល់មាត់ល្អាង។
លោក ម៉ក់ ស៊ិនណារ៉ា អតីតប្រធានមន្ទីរទេសចរណ៍ខេត្ដបាត់ដំបងបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ភ្នំសំពៅកកើតឡើងនៅពេលសំពៅចៅរាជកុលដែលដឹកភ័ស្តុភារបណ្ណាការមករៀបអភិសេកជាមួយនាងរំសាយសក់ ហើយត្រូវក្រពើអាធនបង្កឿងរហូតក្រឡាប់សំពៅបាក់ក្លាយជាភ្នំក្តោង។ ចំណែកឯភ័ស្តុភារបណ្ណាការដែលបានបែកខ្ចាយដូចជា មាន់ទា នោះក្លាយជាភ្នំទ្រុងមាន់ ភ្នំទ្រុងទា ហើយកន្លែងនាងរំសាយសក់ច្បូតសក់បូមទឹកនោះក៏ក្លាយជាភ្នំនាងរំសាយសក់»។
លោកនិទានបន្តថា៖ «រីឯក្រពើឈ្មោះអាធនពេលរីងទឹកអស់ក៏ដុះឡើងក្លាយជាភ្នំក្រពើ ហើយភ្នំសំពៅនេះជាប្រាសាទនាងរំសាយសក់ទើបបានជាភ្នំនេះសម្បូរល្អាង ព្រោះថាល្អាងនេះយើងអាចនិយាយបានថាជាបន្ទប់រៀបចំតុបតែងខ្លួនរបស់នាងរំសាយសក់ចាំទទួលចៅរាជកុល»។

មាត់ល្អាងនៅខាងលើនៃភ្នំជាកន្លែងដែលខ្មែរក្រហមវ៉ៃមនុស្សទម្លាក់មកពីលើ ចូលមកក្នុងល្អាង។ ហុង មិនា
ល្អាងល្ខោន ធ្លាប់ជាទីកន្លែងសម្រាប់ក្រុមល្ខោនរបស់ព្រះបាទរាជកុលនៅលើភ្នំសំពៅចូលមកដណ្ដឹងព្រះនាងរំសាយសក់បានប្រែក្លាយជាល្អាងក្បាលខ្មោច ដែលមានតាំងលលាដ៍ក្បាលក្នុងទូកញ្ចក់នៅចុងផុតនៃផ្នែកខាងស្ដាំដៃជាធាតុជនរងគ្រោះត្រូវពួកខ្មែរក្រហមនាំយកមកសម្លាប់។
នៅចំកណ្ដាលនៃបរិវេណល្អាងមានព្រះពុទ្ធបដិមាមួយអង្គស្ថិតជាប់ជណ្ដើរចុះទៅខាងក្រោម ខណៈទីកន្លែងពិឃាតមនុស្សដ៏ឃោរឃៅគឺស្ថិតនៅខាងឆ្វេង ជាជ្រលងថ្មកម្ពស់ប្រមាណ ១០ ម៉ែត្រសណ្ឋានដូចជាអណ្ដូងដែលខ្មែរក្រហម បណ្ដើរអ្នកទោសវាយទម្លាក់ពីខាងលើចូលក្នុងល្អាងដែលជាទីកន្លែងដ៏ងងឹតឈឹង។
សំឡេងស្រទន់បែបរដឺន កុមារី សុខ សុនីតា ក្នុងចំណោមកុមារប៉ុន្មាននាក់ទៀតដែលមានអាយុចន្លោះពី ១១ ទៅ ១៥ ឆ្នាំបានចូលខ្លួនមករៀបរាប់អំពីហេតុការណ៍កើតឡើងហាក់បីដូចជាការសូត្រកំណាព្យដោយមិនចាំបាច់មានការស្នើសុំពីអ្នកទស្សនា។
ចង្អុលទៅកាន់មាត់ល្អាងខាងលើនៃភ្នំសំពៅ កុមារី សុនីតា រៀនថ្នាក់ទី ៥ បានរៀបរាប់រឿងរ៉ាវដែលខ្លួនបានដឹងឮតៗគ្នាពីរៀមច្បង និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិថា៖ «នេះជាកន្លែងគេ [ខ្មែរក្រហម] វ៉ៃមនុស្សទម្លាប់មកពីលើ លោកពូ! ពួកគាត់សុទ្ធតែជាអ្នកចេះដឹង»។

ព្រះវិហារលើភ្នំសំពៅ ស្វាគមន៍ភ្ញៀវចូលថ្វាយបង្គំព្រះ ដែលស្ថិតនៅមិនឆ្ងាយពីល្អាងក្បាលខ្មោច។ ហុង មិនា
បន្ទរចំពោះសកម្មភាពវាយសម្លាប់អ្នកចេះដឹងខ្មែរលោក សួង ស៊ីថន អាយុ ៣៥ ឆ្នាំក៏មិនមែនវ័យស្ថិតក្នុងរបបប៉ុលពតបានបន្ដថា៖ «អ្នកចេះដឹងជាអតីតកងទាហានមានស័ក្ដិ ១ និងស័ក្ដិ ២។ ចំណោមមនុស្សស្លាប់ទាំងនោះមានតែ ២ នាក់ប៉ុណ្ណោះរត់រួចរស់ជីវិតទៅរស់នៅស្រុកគេ»។
លោកបន្ដនិយាយពីហេតុការណ៍នោះថា៖ «ពួកគេត្រូវបានវាយទម្លាក់គរលើសពជាច្រើន តែគេអត់ហ៊ានរើខ្លួនទេ និងយកឈាមអ្នកស្លាប់មកលាបដើម្បីបន្លំភ្នែកកងប៉ុលពត ២ នាក់ដែលរង់ចាំវាយបង្ហើយ បើមាននរណាមិនទាន់ដាច់ខ្យល់។ ក្រោយពីការវាយចប់ ពួកប៉ុលពតក៏ចាកចេញទៅហើយជនរងគ្រោះ ២ នាក់ក៏នាំគ្នារត់ចុះតាមក្រោមល្អាង និងបន្ដភៀសខ្លួនទៅនៅស្រុកក្រៅ»។
ដោយមានការនឹករឭក សោកសង្វេគចំពោះរឿងរ៉ាវបានកើតឡើងកន្លងមក អតីតជនរងគ្រោះទាំង ២ ក៏បាននាំគ្នាមកធ្វើបុណ្យធ្វើទានបញ្ជូនកុសលដល់អ្នកស្លាប់រួមជំនាន់ និងអរគុណចំពោះតំណក់ឈាមអ្នកស្លាប់ដែលអាចស្រោចស្រង់ខ្លួនពីសេចក្ដីស្លាប់។
លោក សួង ស៊ីថន ស្ថិតក្នុងចំណោមប្រជាការពារ ៤ នាក់ទៀតដែលឈរជើងនៅលើកំពូលភ្នំសំពៅបានបន្ដថា៖ «ប៉ុន្មានខែមុន ពួកគេមកលេងធ្វើបុណ្យធ្វើអីទៅ។ ពួកគេអង្គុយយំ ដោយនឹកស្រណោះដល់រឿងអតីតដែលធ្លាប់កើតឡើងចំពោះរូបគេ។ ពួកគេអរគុណចំពោះឈាមអ្នកស្លាប់ដែលពួកគេយកមកលាបលើខ្លួនបន្លំជាអ្នកស្លាប់ ហើយអាចបន្ដជីវិតរស់ដល់សព្វថ្ងៃ»។
លោកបានប្រាប់ថា ឆ្អឹងសពទាំងនេះត្រូវបានដឹកយកទៅសារមន្ទីរពីរឡានផង និងបូជាផងដែលលោកអះអាងថាពលរដ្ឋខ្មែរដែលត្រូវបានសម្លាប់នៅទីនេះមានចំនួនប្រមាណ ១ ម៉ឺននាក់។

ពុទ្ធបដិមាបរិនិពា្វន និងកន្លែងដាក់ឆ្អឹងសពដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម។ ហុង មិនា
សម្រាប់សេវាកម្មណែនាំ និងពន្យល់ពីរឿងរ៉ាវទុរយសដែលបានកើតឡើងដល់ភ្ញៀវជាតិ និងអន្ដរជាតិបានស្ដាប់ មគ្គុទ្ទេសក៍ភូមិហាក់ដូចជាបំពេញតម្រូវការច្រើនជ្រុលដោយទាំងប្រជាការពារ និងកុមារា កុមារីនាំគ្នាចាប់ភ្ញៀវម្នាក់មួយៗទៅតាមភាពរវាសរវៃរបស់ពួកគេ។
កុមារី សុនីតា ដែលឆ្លៀតពេលសម្រាកពីការសិក្សាមកតំណាលរឿងប្រាប់ភ្ញៀវទេសចរបានប្រាប់ថា៖ «ខ្ញុំអាចនិយាយអង់គ្លេសបានតិចៗ និងប្រាប់ពួកគាត់អំពីការសម្លាប់ និងវាយទម្លាក់អ្នកចេះដឹងពីលើមាត់ល្អាង។ និទានរឿងរាល់ថ្ងៃពេលខ្លះក៏មានភ្ញៀវឲ្យប្រាក់តិចៗ មានថ្ងៃខ្លះបានដល់ ១០ ដុល្លារ តែក៏មានពេលខ្លះអត់បានអីម៉ារៀលដែរ»។
ចុះពីរថយន្ដដើររំលងអារាមគិរីរម្យដែលការពីដើមឡើយគ្រាន់តែជាអាស្រមសំណាក់ធម៌សំដៅទៅកាន់ល្អាងក្បាលខ្មោចបំណងចង់ឃើញទិដ្ឋភាពស្លាកស្នាមសោកនាដកម្មបន្សល់ទុកពីសម័យប៉ុលពត អ្នកស្រី សាទ្រីយ៉ា ជាមួយក្រុមគ្រួសារបែរជាមិនហ៊ានចូលល្អាង និងសម្រេចចិត្ដត្រឡប់ក្រោយវិញ។

ចម្លាក់រៀបរាប់ពីជំនឿបុណ្យបាប និងសកម្មភាពធ្វើទារុណកម្មនៅឋាននរក។ហុង មិនា
ស្ដ្រីមូស្លីមដែលមានគ្រងកន្សែងរុំក្បាលរូបនេះអាយុជាង ៤០ ឆ្នាំប្លាយបានប្រាប់ថា៖ «ខ្ញុំមិនហ៊ានមើលទិដ្ឋភាពដ៏ឲ្យសង្វេគបែបនេះទេ។ វាធ្វើឲ្យឆ្អើមផង ខ្លាចផង និងគួរឲ្យអាណោចអាធ័មផង។ ណាមួយវាជិតដល់ម៉ោងបាយថ្ងៃត្រង់ទៅហើយ ពួកខ្ញុំក៏សម្រេចចិត្ដចុះពីភ្នំវិញ»។
យ៉ាងណាមិញអារាមគិរីរម្យក៏មានវាសនាមិនខុសគ្នានោះទេ ដោយនៅសម័យប៉ុលពត ទីឋានសក្ការៈមួយនេះត្រូវបានបំប្លែងជាមន្ទីរឃុំឃាំង និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃនៅចំពោះព្រះភក្ត្រអង្គពុទ្ធបដិមា។
ល្អាងក្បាលខ្មោច ចំទើតលើកំពូលភ្នំសំពៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់តាមបណ្តោយផ្លូវជាតិលេខ ៥៧ ចម្ងាយ ១២ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនកុះករ ជាពិសេសនៅថ្ងៃឈប់សម្រាក៕
វីដេអូ៖