វាលក្រាល​ដោយ​ថ្ម​ចម្លែក​បន្លឺ​សំឡេង​ម៉ឺងៗ​ដូច​គោះ​ជួង​

ក្រុងឈីកាហ្គោ: ឧទ្យាន​រីងហ្គីងរ៉ុក​ (Ringing Rocks) នៅ​រដ្ឋ​ផេនស៊ីវេនៀ សហរដ្ឋ​អាមេរិក​មាន​វាល​គំនរ​ថ្ម​អាច​គោះ​បន្លឺ​សូរ​ដូច​សំឡេង​ជួង។

ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​មួយ​ស្ថិត​នៅ​កណ្តាល​ព្រៃ​នៃ​ឧទ្យាន​រីងហ្គីតរ៉ុក ខោនធីផាក គេ​នឹង​ឃើញ​ដី​វាល​៥២​ហិកតា​ក្រាល​ដោយ​ដុំថ្ម​និង​ផ្ទាំង​ពាសពេញ​។ ក្នុង​ចំណោម​នោះ​ផ្ទៃដី​ប្រមាណ​ជា​៣​ហិកតា ក្រាល​ទៅ​ដោយ​ដុំថ្ម​ម៉្យាង ដែល​នៅពេល​គេ​យក​វត្ថុ​ដទៃ​ទៅ​គោះ ដូចជា ញញួរ ឬ​ពូថៅ​នោះ វា​បញ្ចេញ​សូរ​សំឡេង​ម៉ឺងៗ​ដូច​លោហៈ។

អ្នក​ទេសចរ​យក​ញញួរ​គោះ​ដុំ​ថ្ម​ដែល​បញ្ចេញ​សំឡេង​ម៉ឺងៗ។
អ្នក​ទេសចរ​យក​ញញួរ​គោះ​ដុំ​ថ្ម​ដែល​បញ្ចេញ​សំឡេង​ម៉ឺងៗ។

អ្វី​គួរ​កត់សម្គាល់​លើ​សូរ​បន្លឺ​ចេញ​ពី​ដុំថ្ម ធ្វើឲ្យ​យើង​សឹង​តែ មិន​ជឿ​ថា​នោះ​ជា​ថ្ម​ឡើយ ព្រោះ​វា​បញ្ចេញ​សំឡេង​ម៉ឺងៗ​ដូចជា សំឡេង​វាយ​ឧបករណ៍​ភ្លេង​ធ្វើ​ពី​លោហៈ។ ដុំថ្ម​ចម្លែក​នេះ​បាន​ស្ថិត​នៅ​ក្នុង​ចម្ងល់​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត និង​ធរណីវិទ្យា​រាប់​សិប​ឆ្នាំ​មក​ហើយ​។

ពុំ មាន​អ្នក​ណា​ម្នាក់​ដឹង​ថា​ហេតុអ្វី​ក៏​ផ្ទាំងថ្ម​នៅ​ទី​នេះ​ស្ថិត​នៅ រាយប៉ាយ​លើ​ដី​ឡើយ។ អ្នក​ខ្លះ​ជឿ​ថា វា​កកើត​ឡើង​ដោយ​បាតុភូត​រអិល​បាក់​ថ្មភ្នំ។ ប៉ុន្តែ ចម្លែក​អ្វី ទីតាំង​ដែល​ថ្ម​នោះ​ស្ថិត​នៅ​សព្វថ្ងៃ​គឺជា​ដី​ដែល​ខ្ពស់​ជាង​គេ​បំផុត ក្នុង​តំបន់​នោះ​ទៅ​ហើយ។

តើ​ផ្ទាំង​ថ្ម​ទាំងនេះ​រំអិល​ខ្លួន​ធ្លាក់​ពី​កន្លែង​ណា​មក​? ចំណុច​ដែល​កាន់តែ​ចម្លែក​ទៀត​នោះ​គឺ​គេ​ពុំ​បាន​ប្រទះ​ឃើញ​មាន​រុក្ខជាតិ ឬ​ដើមឈើ​ណា​មួយ​អាច​រស់រាន​មាន​ជីវិត​នៅ​បរិវេណ​តំបន់​គំនរ​ថ្ម​នោះ​បាន ឡើយ សូម្បី​តែ​សត្វ​ល្អិត​ក៏​គ្មាន​ដែរ។

បច្ចុប្បន្ន​ តំបន់​វាល​គំនរ​ថ្ម​នេះ​កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍ ពី​ភ្ញៀវទេសចរ​រាប់​ពាន់​នាក់​ទៅ​ទស្សនា​ក្នុង​មួយ​ឆ្នាំៗ។ ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​ទី​នោះ​មាន​គោលបំណង​ចម្បង​គឺ​យក​ញញួរ​វាយ ដុំថ្ម​ទាំងនោះ​ដើម្បី​ស្ដាប់​សំឡេង​ម៉ឺង​ដ៏​ចម្លែក​របស់​វា​តែ ម្តង៕ PR

ព័ត៌មានថ្មីៗ