
ទេសភាពឆ្នេរនេសាទ។ រូបថត លៀប ទេពិទូ
ក្រុងខេមរភូមិន្ទ: ឆ្នេរខ្សាច់សអមដោយដូងជ្រំ តាមបណ្ដោយឆ្នេរស្ថិតនៅភាគនិរតីប្រទេសកម្ពុជាចម្ងាយប្រមាណ ១៧០ គីឡូម៉ែត្រពីក្រុងភ្នំពេញកំពុងរង់ចាំភ្ញៀវទេសចរ។
ប៉ុន្មានឆ្នាំចុងក្រោយឆ្នេរនេសាទបានទទួលភ្ញៀវទេសចររឹតតែច្រើនដែលប្រាថ្នាភាពស្ងប់ស្ងាត់តាមការចែករំលែកលើបណ្ដាញសង្គមតៗគ្នា។
លោក សឿង សុភាព ហៅ ម៉ៅ ជាអ្នកគ្រប់គ្រងនៅរីសតមួយកន្លែងនៃឆ្នេរនេសាទបានប្រាប់ថា៖ «ពី ១ ឆ្នាំទៅ ១ ឆ្នាំឆ្នេរនេសាទទទួលវត្ដមានភ្ញៀវទេសចរកាន់តែច្រើនឡើងៗតាមរយៈការផ្សព្វផ្សាយតៗគ្នា។ ចាប់តាំងពីចិនផ្ដើមទិញនៅកំពង់សោមខ្លាំង ភ្ញៀវក៏ចាប់ផ្ដើមបុកមកទីនេះច្រើនផងដែរ»។
ការចំណាយខ្ពស់បានបង្ខំឲ្យទេសចរចំណូលទាប និងមធ្យមបង្វែរគោលដៅទេសចរណ៍តំបន់ឆ្នេរពីក្រុងព្រះសីហនុទៅតាមទីកន្លែងផ្សេងៗ។ អង្គុយមើលកូនៗប្រលែងលេងលើឆ្នេរយ៉ាងសប្បាយរីករាយលោក សុ វុទ្ធី អាយុ ៤៥ ឆ្នាំ ជាទេសចរមកពីភ្នំពេញបានមកកាន់ឆ្នេរនេសាទជាលើកដំបូងតាមរយៈការណែនាំពីមិត្ដភក្ដិ។

ទេសភាពដើមដូងដ៏ស្រស់ត្រកាល អាប់សោភណភាពដោយសារតែសំរាម។ ហុង មិនា
លោកបាននិយាយទៀតថា៖ «ដោយសារនៅកំពង់សោមពិបាកចូលដែលលោកលើកហេតុផលថា ការស្នាក់នៅ និងការហូបចុកមានតម្លៃថ្លៃ។ ឆ្នេរនេសាទមានសភាពល្អ និងមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរច្រើន តែបារម្ភខ្លាចក្រែងអ្នកវិនិយោគចិនវាតទីមកអភិវឌ្ឍតំបន់នេះទៀត»។
គ្រាន់តែថ្ងៃបុណ្យជាតិ រីសតឆ្នេរដូងជ្រំនេះបានទទួលភ្ញៀវពី ២០០ ទៅ ២៥០ រថយន្ដក្នុង ១ ថ្ងៃ ខណៈថ្ងៃចុងសប្ដាហ៍ និងថ្ងៃធម្មតាមានប្រមាណ ៣០ ទៅ ៤០ រថយន្ដក្នុង ១ ថ្ងៃ។
លោក សឿង សុភាព បានបន្ដថា៖ «វាជាចំនួនដ៏ច្រើនលើសលប់ បើធៀបនឹងវត្ដមានភ្ញៀវទេសចរកាលពេល ២ ឬ ៣ ឆ្នាំមុន ដែលឆ្នេរនេសាទទទួលភ្ញៀវមិនដល់ ១០ រថយន្ដផងក្នុង ១ ថ្ងៃ»។
ទោះយ៉ាងណាលោក វុទ្ធី ដែលមិនសម្រេចចិត្ដស្នាក់នៅស្រុកស្រែអំបិលបាននិយាយថា សហគមន៍នៅខ្វះសេវាកម្មស្នាក់នៅ និងម្ហូបអាហារព្រមទាំងបញ្ហាបរិស្ថាននៅជុំវិញឆ្នេរដែលភ្ញៀវទេសចរ និងម្ចាស់រីសតមិនបានចូលរួមសម្អាតអនាម័យទាំងអស់គ្នា។

ចំនួនភ្ញៀវមកលេងឆ្នេរនេសាទបានកើនឡើង ខណៈកាលពី ២-៣ ឆ្នាំមុនក្នុង ១ ថ្ងៃមានភ្ញៀវសឹងមិនដល់ ១០ រថយន្តផង។ ហុង មិនា
លោកនិយាយថា៖ «សម្រាប់យើងជាអ្នកទេសចរមែនទែន យើងអត់អាចទទួលយកបាននោះទេចំពោះការចោលសំរាមពាសវាលពាសកាល។ ទាំងភ្ញៀវមកលេងផង និងម្ចាស់រីសតផង គឺជាកត្ដាគួបផ្សំដែលធ្វើឲ្យបរិស្ថានឆ្នេរកខ្វក់។ ម្ចាស់រីសតអត់បានរៀបចំស្ដង់ដាអនាម័យដោយការដំឡើងធុងសំរាមទុកដាក់ត្រឹមត្រូវ»។
ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងសហគមន៍ស្រែអំបិល មន្ទីរទេសចរណ៍ខេត្ដកោះកុងបានបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចអាស៊ានរយៈពេល ៣ ថ្ងៃ ចំពោះសេវាកម្មទេសចរណ៍។
លោក ឈុន សំឃីម ប្រធានស្ដីទីនៃមន្ទីរទេសចរណ៍ខេត្ដកោះកុងបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ថា៖ «សក្ដានុពលចម្បងរបស់យើងគឺឆ្នេរខ្សាច់សស្អាតប្រវែង ៣,៥ គីឡូម៉ែត្រ ព្រៃកោងកាង និងអាហារគ្រឿងសមុទ្រ។ បច្ចុប្បន្នយើងមានសហគមន៍ចំនួន ២ ដែលជាសហគមន៍នេសាទ និងសហគមន៍ការពារធនធានធម្មជាតិមានបំណងផ្ដល់សេវាកម្មទេសចរណ៍ និងបានសុំកិច្ចសហការជាមួយមន្ទីរ និងអាជ្ញាធរមូលដ្ឋាន»។
លោកបន្ដថាសហគមន៍បានត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់សេវាកម្មផ្សេងៗទាក់ទងនឹងវិស័យទេសចរណ៍ក្នុងសហគមន៍ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះស្នាក់ ព្រមទាំងភោជនីយដ្ឋាន។

ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ វេលាសុរិយារៀបអស្ដង្គតនៅឆ្នេរនេសាទ។ហុង មិនា
លោកបានឲ្យដឹងថា៖ «អ្នកភូមិមិនមានលទ្ធភាពសាងសង់សណ្ឋាគារស្ដង់ដារង់ចាំភ្ញៀវរយៈពេលជាច្រើនមុននោះទេ។ សេវាកម្មស្នាក់នៅនឹងកើតក្រោយពេលមានតម្រូវការច្រើនពីភ្ញៀវ»។
ទាក់ទងនឹងកង្វល់ចំពោះបរិស្ថានលោក ឈុន សំឃីម បានប្រាប់ថា មន្ទីរទេសចរណ៍តែងតែណែនាំដល់អ្នកផ្ដល់សេវាកម្មទេសចរណ៍គិតគូរបញ្ហាអនាម័យបរិស្ថាន ដោយលោកបានលើកហេតុផល ២ យ៉ាងគឺកត្ដាមនុស្សពង្រាយ និងកត្ដាធម្មជាតិដែលបក់បោកមកតាមរលកសមុទ្រ។
គេងយោងអង្រឹងក្នុងតូបលក់អាហារលោក សឿង សុភាព ដែលមានសេវាកម្មលក់បាយស និងគ្រឿងសមុទ្រ (តម្លៃចន្លោះពី ៣៥ ០០០ ទៅ ៥ ម៉ឺនរៀលក្នុង ១ គីឡូក្រាម) បានពន្យល់អំពីបញ្ហាបរិស្ថានថា រៀងរាល់ថ្ងៃចន្ទ និងអង្គារ លោកជួលអ្នកអនាម័យប្រមូលសំរាម និងដុតចោល។
ឆ្នេរនេសាទស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្ដកោះកុងចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីផ្លូវជាតិ ៤៨ ឬប្រមាណ ១៧០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕
វីដេអូ៖