
ទិដ្ឋភាពទឹកធ្លាក់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណជិត ៣០ ម៉ែត្រ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ក្រុងព្រះវិហារ៖ ទឹកធ្លាក់ភ្នំត្បែង ឬទឹកធ្លាក់តាម៉ាភ្នំត្បែង កម្ពស់ប្រមាណជិត ៣០ ម៉ែត្រ និងហូរជម្រាលជាច្រើនតំណាក់ ផ្ដល់បរិយាកាសគួរឲ្យគយគន់ និងងូតទឹកលេងក្រោមសម្រស់ធម្មជាតិនៃព្រៃព្រឹក្សាស្រោបស្ទើរជុំជិតយ៉ាងត្រជាក់ល្ហឹម។
ធ្វើដំណើរទៅកាន់ទឹកធ្លាក់ភ្នំត្បែង ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យភាគខាងជើងក្រុងភ្នំពេញ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រ ពីក្រុងព្រះវិហារ ភ្ញៀវទេសចរត្រូវដើរឡើងជណ្ដើរបេតុង ១ ៣៤៥ កាំ ដោយឆ្លងកាត់អារាមភ្នំត្បែង ឬវត្ដដំបូកខ្មៅ ប្រមាណ ១ គីឡូម៉ែត្រ។
ជណ្ដើរបេតុងលាតពង្រាយតាមជម្រាលភ្នំកម្ពស់ ៦០០ ម៉ែត្រ មិនមែនជាកិច្ចការងាយស្រួលប៉ុន្មានចំពោះមនុស្សទូទៅឡើយ។ លើសពីនេះ ភ្ញៀវត្រូវស្ពាយសម្ភារចាំបាច់មួយចំនួនតាមខ្លួន ដូចជា អាហារ និងគ្រឿងសំណែន ខណៈតូបចាប់ហ៊ួយលើភ្នំ មានអាហារកញ្ចប់តិចតួច មីកំប៉ុង និងទឹកពិសារប៉ុណ្ណោះ។

អារាមភ្នំត្បែង ឬវត្តដំបូកខ្មៅ ល្បីបារមីសច្ចំ សួង ដែលពលរដ្ឋខ្មែរ និងជនជាតិថៃគោរពមានជំនឿស័ក្ដិសិទ្ធិ។ ហុង មិនា
លោក ខែក ធួន អាចជាបុរសដំបូងម្នាក់ ដែលអ្នកដំណើរបានជួបដំបូង ពេលចតរថយន្ដនៅក្បែរជើងភ្នំត្បែង ដោយសារអ្នកស្រុកត្បែងមានជ័យរូបនេះ ជាអ្នកផ្ដល់សេវាកម្មស្ពាយសម្ពាយជូនភ្ញៀវដែលមានបំណងឡើងភ្នំត្បែង ព្រមទាំងជូនដំណើរពួកគេទៅតាមគោលដៅកម្សាន្ដមួយចំនួន។
ស្ថិតក្នុងសម្លៀកបំពាក់អាវយឺតពណ៌ផ្ទៃមេឃ ខោខ្លីទឹកប៊ឹកប្រឡាក់ក្អែល និងស្បែកជើងផ្ទាត់ទឺកស្កជាមួយថង់បាវអង្ករដែលច្នៃជាសម្ពាយ លោក ធួន អាយុ ៤២ ឆ្នាំ មកសួរនាំភ្ញៀវ បើពួកគេត្រូវការកម្លាំងជួយលីសែងអីវ៉ាន់ធ្ងន់ស្រាលឡើងភ្នំជាង ១ ០០០ កាំលើជណ្ដើរបេតុង និងជូនទៅលេងទឹកធ្លាក់លើកំពូលភ្នំ។
លោក ខែក ធួន ដែលស៊ីឈ្នួលស្ពាយអីវ៉ាន់នេះជាង ១០ ឆ្នាំមកហើយនោះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ភ្ញៀវភាគច្រើនមិនមានកម្លាំងស្ពាយបង្វេចដើរឡើងភ្នំដោយខ្លួនឯងបាន។ អ៊ីចឹង គាត់អាចឲ្យខ្ញុំធ្វើកិច្ចការនេះ។ ភ្ញៀវខ្លះឡើងដោយអត់ស្ពាយអ្វីសោះ ក៏ពិបាកដែរ ពីព្រោះផ្នែកខ្លះនៃជណ្ដើរមានសភាពចោតខ្លាំង»។

រុក្ខជាតិបៃតងតូចធំ អមដំណើរភ្ញៀវទេសចរទៅកាន់ទឹកធ្លាក់។ហុង មិនា
ខណៈក្រុមយុវវ័យនៅតែបន្ដប្រើល្បឿនស្ថេរចន្លោះជណ្ដើរ ២០០ ទៅ ៣០០ កាំដំបូងដែលបទភ្លេងចម្រៀងកំដរអារម្មណ៍បន្លឺចេញពីកូនបាសស្ពាយជាប់ខ្លួន អ្នកស្រី សួន អាយុជាង ៦០ ឆ្នាំ បាននិយាយជាមួយខ្យល់ដង្ហើមបែបដង្ហក់ថា៖ «ហត់ខ្លាំងណាស់ក្មួយ។ ប៉ុន្ដែចេះតែខំទៅតាមកម្លាំងចិត្ដ ដែលចង់ឃើញចង់ស្គាល់ ជាពិសេស ទីឋានសក្ការៈនៅលើភ្នំ»។
សម្ពាយនៅលើស្មាទម្ងន់ប្រមាណ ២០ គីឡូក្រាម ដើរបណ្ដើរ ឈប់ចាំភ្ញៀវបណ្ដើរ ក្នុងសភាពមិនហត់នឿយដូចអ្នកដំណើរទូទៅ លោក ធួន បានបន្ដថា៖ «ពីជើងភ្នំឡើងដល់កំពូល ជណ្ដើរបេតុងនេះមាន ១ ០៩២ កាំ ដោយមានកន្លែងឈប់សម្រាកចំនួន ៣ ក្យូស។ ដល់កំពូលភ្នំ យើងដើរទៅកាន់វត្ដភ្នំត្បែង ឬវត្ដដំបូងខ្មៅ ដោយឡើងជណ្ដើរបេតុង ២៥៣ កាំទៀត»។
អ្នកផ្ដល់សេវាកម្មស្ពាយអីវ៉ាន់ឲ្យភ្ញៀវរូបនេះ បានអះអាងថា ចំពោះអ្នកដំណើរវ័យចាស់ ដែលមិនមានលទ្ធភាពដើរឡើងភ្នំខ្លួនឯងបាន ពួកគេអាចជិះអង្រឹងស្នែងរហូតដល់កំពូលភ្នំ។

ជណ្ដើរ ១ ៣៤៥ កាំ ដែលមានក្យូសឈប់សម្រាក់ ៣ ដំណាក់ មុនទៅដល់ទឹកធ្លាក់។ហុង មិនា
លោក ធួន ដែលគិតថ្លៃសេវាកម្មស្ពាយសម្ពាយចាប់ពី ៣ ម៉ឺនរៀលទៅតាមទម្ងន់នៃអីវ៉ាន់ ដោយដើរតាមភ្ញៀវត្រុកៗតាំងពីព្រលឹមទល់ព្រលប់ បាននិយាយថា៖ «ប៉ុន្ដែ យើងកម្រជួបភ្ញៀវដែលរកសេវាកម្មសែងឡើងណាស់ ពីព្រោះចាស់ៗ គាត់ភ័យពេលជិះលើអង្រឹងឡើងជណ្ដើរចោទ។ យូរៗ យើងទទួលម្ដង ដោយសារគាត់ចង់ទៅគោរពបួងសួងនៅវត្ដលើភ្នំ»។
ក្រោយឈប់សម្រាកច្រើនលើកច្រើនសាតាមជណ្ដើរសណ្ដូកខ្លួនដូចសត្វនាគ និងឆ្លៀតចោលកន្ទុយភ្នែកគយគន់ទេសភាពដ៏ស្រស់ត្រកាល ព្រមទាំងអុចធូបទៀនបួងសួងសុំសេចក្ដីសប្បាយទៅតាមជំនឿនៅអារាមភ្នំត្បែង ភាពហត់នឿយនឹងត្រូវជម្រុះចោលពេលបានទៅដល់ទីឋានទឹកធ្លាក់ភ្នំត្បែង ឬតាម៉ា ដែលហូរក្នុងសន្ធឹកទឹកយ៉ាងខ្លាំងក្លានៃមុខកាត់ប្រមាណ ៥ ម៉ែត្រ និងកម្ពស់ជិត ៣០ ម៉ែត្រ។
ចេញពីវត្ដដំបូកខ្មៅ ភ្ញៀវទេសចរអាចជ្រើសរើសផ្លូវពីរ ដោយមួយទៅកាន់បរិវេណផ្នែកខាងក្រោមទឹកធ្លាក់ ខណៈមួយផ្លូវទៀត ទៅកាន់កន្លែងជម្រាលនៃផ្នែកខាងលើ ជាទីឋានសម្រាប់ងូតលេងរបស់ភ្ញៀវ។ ប៉ុន្ដែភ្ញៀវអាចឡើងពីបរិវេណខាងក្រោមទៅខាងលើ ឬចុះពីខាងលើមកខាងក្រោមបានដូចគ្នា។

ភ្ញៀវទេសចរផ្ដិតយកទេសភាពទឹកធ្លាក់ពីចំហៀងខាងក្រោម។ហុង មិនា
រុក្ខជាតិតូចៗដុះតោងជញ្ជាំងថ្មកម្ពស់ប្រមាណ ៣០ ម៉ែត្រ និងទឹកហូរស្រក់តក់ៗ ដែលហាក់ដូចជាមេឃកំពុងបង្អោលទឹកភ្លៀងឥតឈប់ឈរកាត់ផែនកម្រាលព្រំបៃតង តភ្ជាប់ដោយទឹកហូរធ្លាក់ក្រោមសន្ធឹកលាន់ទ្រហឹង បង្កើតបានជាទេសភាពផ្ទៃក្រោយរូបថតយ៉ាងស្រស់ត្រកាលសម្រាប់បរិយាកាសនៅផ្នែកខាងក្រោម។
ស្ថិតនៅពីក្រោយទឹកធ្លាក់ ក្រហូងថ្មដ៏ធំជាផ្លូវរូងសម្រាប់ឲ្យភ្ញៀវដើរឆ្លងកាត់ទៅទឹកធ្លាក់ផ្នែកខាងលើ។ ឆ្លងកាត់ទៅផ្នែកខាងស្ដាំនៃទឹកធ្លាក់ ក៏ជាទីឋានផ្ទៃក្រោយកាន់តែល្អឥតខ្ចោះសម្រាប់អ្នកនិយមសែលហ្វី មុនដើរកាត់ក្រោមតំណក់ទឹកស្រក់ពីជញ្ជាំងភ្នំ ដែលហូរជ្រៀករុក្ខជាតិស្រស់ញញឹម។
ផ្នែកខាងលើនៃទឹកធ្លាក់ គឺជាជម្រាលស្ទឹងដ៏ធំល្វឹងល្វើយក្រោមម្លប់ត្រឈឹងត្រឈៃនៃដើមឈើខ្ពស់ៗ។ វាពិតជាស័ក្ដិសមសម្រាប់ភ្ញៀវទេសចរងូតលេង ទទួលទានអាហារ និងសម្រាកបញ្ចូលថាមពលមុនពេលសម្រេចចិត្ដចុះពីភ្នំវិញ។
វាមិនទាន់អស់នោះទេ នៅខ្សែខាងលើនៃដងស្ទឹង នៅមានទឹកហូរទាបៗជាច្រើនតំណាក់ទៀត ដែលទាំងភ្ញៀវ និងអ្នកនាំភ្ញៀវអះអាងដូចគ្នាថា វាកាន់តែស្រស់ស្អាត និងស័ក្ដិសមសម្រាប់ការងូតលេងថែមទៀត។

ទិដ្ឋភាពទឹកធ្លាក់មើលពីក្រហូងថ្ម ដែលជាផ្លូវសម្រាប់ដើរឡើងទៅពីខាងក្រោម ទៅផ្នែកខាងលើនៃទឹកធ្លាក់។ហុង មិនា
អង្គុយលើដុំថ្ម ភ្នែករំពៃមើលភ្ញៀវលេងទឹកក្រោមក្រសែភ្នែកជាអ្នកផ្ដល់សុវត្ថិភាពក្នុងនាមជាអ្នកនាំផ្លូវម្នាក់ លោក ខែក ធួន បានប្រាប់ថា៖ «នៅបរិវេណទឹកធ្លាក់នេះ ភ្ញៀវចូលចិត្ដថតរូបច្រើនជាង ហើយចំពោះការងូតលេងកម្សាន្ដ ពួកគេនាំគ្នាដើរតាមខ្សែខាងលើបន្ដប្រមាណ ២០០ ទៅ ៣០០ ម៉ែត្រ។ វាមានទឹកហូរតាមជម្រាលថ្មច្រើនតំណាក់»។
ដើរចុះពីខ្សែទឹកខាងមកកាន់ខ្សែទឹកខាងក្រោមក្បែរក្បាលទឹកធ្លាក់ ទេសចរមួយក្រុមបានស្រែកប្រាប់អ្នកងូតទឹកផ្នែកខាងក្រោមថា «ខាងលើ មានកន្លែងៗស្អាតច្រើនទៀត»។
ទឹកធ្លាក់ភ្នំត្បែង ឬតាម៉ា ស្ថិតក្នុងភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារចម្ងាយប្រមាណ ២៨០ គីឡូម៉ែត្រពីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ ឬ ១០០ គីឡូម៉ែត្រ ពីផ្លូវបំបែកសៀមរាប ត្រង់ឃុំត្រពាំងឫស្សីនៃខេត្ដកំពង់ធំ៕

ភ្ញៀវទេសចរងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេង បន្សាបអស់អារម្មណ៍នឿយហត់ពីការឡើងជណ្ដើរជាង ១ ពាន់កាំ។ហុង មិនា
វីដេអូ៖