
លោក ជូង ជូងី ពេលផ្តល់បទសម្ភាសនៅការិយាល័យមេធាវីកាលពីថ្ងៃទី ៥ ខែកុម្ភៈ។ ផា លីណា
ភ្នំពេញៈ បុរសរាងតូចស្តើង សក់ស្កូវមួយៗ សម្តីច្បាស់ៗមិនស័កិ្តសមនឹងមាឌ នោះគឺជាបុគ្គលម្នាក់ដែលត្រូវបានមនុស្សជាច្រើនស្គាល់ក្នុងការតតាំងរឿងក្តីនយោបាយនៅតុលាការ គាត់គឺមេធាវី ជូង ជូងី ហើយក៏ត្រូវបានគេហៅថា ជាមេធាវី «មិនដែលឈ្នះក្តី» ម្តងណាឡើយ តាំងពីចូលខ្លួនមកការពាររឿងក្តីនយោបាយឲ្យគណបក្សប្រឆាំងជិត ១០ ឆ្នាំកន្លងមកនេះ។
ទោះបីមិនធ្លាប់ស្គាល់រសជាតិជោគជ័យក្នុងការតតាំងលើរឿងនយោបាយនៅឯសាលាក្តីក៏ដោយ ប៉ុន្តែសម្រាប់មេធាវី ជូង ជូងី ដែលជួបតែបរាជ័យក្នុងរឿងក្តីដ៏រសើបនេះមិនបាក់ទឹកចិត្តក្នុងតួនាទីជាអ្នកស្វែងរកយុត្តិធម៌សម្រាប់សាធារណជននោះទេ។
គ្រប់ករណីដែលលោកខំប្រឹងតតាំងតាមផ្លូវច្បាប់ ដើម្បីការពារកូនក្តីខ្លួនក្នុងរឿងនយោបាយ ហើយនៅតែចាញ់នោះ លោកមេធាវី ជូង ជូងី ចាត់ទុកបរាជ័យនោះគ្រាន់តែជាទម្រង់ ប៉ុន្តែវាជាជោគជ័យសម្រាប់ស្មារតីនៃការខំប្រឹងប្រែង។
ក្នុងនាមជាមេធាវីដើម្បីស្វែងរកយុត្តិធម៌ជូនសាធារណជន លោក ជូង ជូងី ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈខ្ពស់ធ្វើយ៉ាងណារក្សានូវគុណតម្លៃ និងឆន្ទៈច្បាស់លាស់ក្នុងការប្រឹងប្រែងដណ្តើមយកយុត្តិធម៌សម្រាប់កូនក្តី ដោយមិនសម្លឹងឃើញប្រយោជន៍ធំពីកូនក្តីឡើយ ទោះបីជាកូនក្តីនោះបានស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
ក្នុងបទសម្ភាសមួយកាលពីថ្ងៃទី ៥ ខែកុម្ភៈនៅការិយាល័យរបស់លោក នាខណ្ឌទួលគោក លោកមេធាវី ជូង ជូងី ដែលទើប តែទទួលបានបរាជ័យធំមួយករណីបន្ថែមទៀតក្នុងការតតាំងតាមផ្លូវច្បាប់កាលពីថ្ងៃទី ១ ខែកុម្ភៈ នៅសាលាឧទ្ធរណ៍ ដើម្បីការពារកូនក្តីរបស់ខ្លួនគឺលោក កឹម សុខា អតីតមេបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជាត្រូវបានរំលាយនោះ ហាក់ដូចសម្តែងនូវស្មារតីរឹងមាំថែមទៀតដើម្បីឆ្លើយតបនឹងបរាជ័យនេះ។
លោក ជូង ជូងី ថ្លែងថា៖ «ទោះបីជាញឹកញាប់យើងជាមេធាវីការពារសិទ្ធិក្នុងរឿងនយោបាយពាក់ព័ន្ធនឹងសកម្មជននយោបាយកំពូលៗអ៊ីចឹង យើងពិបាកទទួលបានជោគជ័យជាទម្រង់ ប៉ុន្តែជាស្មារតីយើងទទួលបាន។ ពីព្រោះសំខាន់មហាជនគេមើលការតតាំងរបស់យើង មើលការតវ៉ារបស់យើងទៅ គេយល់ថា យើងធ្វើកម្រិតណា? អ៊ីចឹង ជាទម្រង់យើងហាក់ដូចជាថាចាញ់មែន ប៉ុន្តែជាស្មារតី យើងទទួលបានការគាំទ្រពីអ្នកដែលស្រឡាញ់កូនក្តីយើង»។
ការទទួលបរាជ័យប៉ុន្មានថ្ងៃថ្មីៗក្នុងការតតាំងករណីនយោបាយសុំឲ្យកូនក្តីខ្លួន លោក កឹម សុខា នៅក្រៅឃុំលោកមេធាវី ជូង ជូងី បានប្រៀបធៀបករណីនេះវាខុសគ្នាទៅនឹងរឿងធម្មតា ដែលជាហេតុមិនអាចជួយឲ្យកូនក្តីលោកនៅក្រៅឃុំបាន។ ប្រសិនបើករណីនេះជារឿងធម្មតានោះលោក កឹម សុខា ដែលជាកូនក្តីនឹងត្រូវដោះលែងឲ្យនៅក្រៅឃុំហើយ ប៉ុន្តែរឿងនេះវាហាក់ដូចជាមានគំនាបអ្វីមួយដែលធ្វើឲ្យលោក កឹម សុខា ពិបាកនឹងត្រូវដោះលែងឲ្យនៅក្រៅឃុំណាស់។
ទោះជាយ៉ាងណាលោក ជូង ជូងី មិនបានចោទចំៗថា ហេតុផលមិនដោះលែងកូនក្តីខ្លួនឲ្យនៅក្រៅឃុំនេះ វាស្ថិតក្រោមសម្ពាធអ្វីនោះទេ ដោយលោកសំអាងថា ករណីនេះអាស្រ័យលើមហាជនជាអ្នកអង្កេតទៅចុះ ឯលោកជាមេធាវីគ្រាន់តែបញ្ជាក់ពីជំហររបស់ខ្លួនក្នុងនាមជាមេធាវី គឺលោកត្រូវផ្តោតទៅលើបច្ចេកទេសដើម្បីការពារកូនក្តីជាជាងគិតរឿងនេះ ជារឿងគំនាប ឬនយោបាយ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចោទប្រកាន់ក្នុងបទល្មើសជាក់ស្តែងតាមរយៈឃ្លីបវីដេអូដែលលោកបានថ្លែងតាំងពីឆ្នាំ ២០១៣ ដោយថាលោកដកខ្លួនចេញពីអង្គការសិទ្ធិមនុស្សមកបង្កើតបក្សនយោបាយដោយសារមានការណែនាំផ្តល់គំនិតពីអាមេរិក។ ដូច្នេះហើយលោកត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ដោយឃុបឃិតជាមួយអាមេរិកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ជូង ជូងី បានបញ្ជាក់ថា៖ «បញ្ហានេះដោយសារខ្ញុំជាមេធាវីការពារគាត់ផ្ទាល់ ដូច្នេះខ្ញុំមានកម្រិតក្នុងការបកស្រាយ។ ប៉ុន្តែ បើសិនជាខ្ញុំមិនមែនជាមេធាវីការពារគាត់ ខ្ញុំជាមេធាវីមួយដែលមិនទទួលកាន់ក្តីហ្នឹង ខ្ញុំងាយពន្យល់ងាយបកស្រាយជាង។ ខ្ញុំជាមេធាវីការពារគាត់ ដូច្នេះជំហររបស់ខ្ញុំគឺបកស្រាយតាមវិធីមួយការពារសិទ្ធិគាត់ អ៊ីចឹងប្រសិនបើការបកស្រាយរបស់ខ្ញុំទៅ ហាក់ដូចជាថាប្រឆាំងទៅនឹងចំណាត់ការរបស់តុលាការ»។
ពាក់ព័ន្ធនឹងការចោទក្នុងបទល្មើសជាក់ស្តែងលោក ជូង ជូងី ក៏នៅតែបដិសេធចំពោះការធ្វើអត្ថាធិប្បាយទៅលើនីតិវិធីនៃការចោទបែបនេះដែរ ក្នុងនាមជាមេធាវីនោះ។
ទោះជាយ៉ាងណា លោកបានលើកទឹកចិត្តឲ្យសាធារណជនក្រឡេកទៅមើលមាត្រា ៨៦,៨៧, និងមាត្រា ៨៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ថា តើបទល្មើសជាក់ស្តែងមានចរិតយ៉ាងម៉េច ហើយការចោទលោក កឹម សុខា វាស្របទៅតាមបទល្មើសជាក់ស្តែងឬយ៉ាងណា?
លោកមានប្រសាសន៍ថា៖ «រឿងក្តីនយោបាយធំៗបើនិយាយពីទម្រង់ខ្ញុំអត់ដែលទទួលបានជោគជ័យទាល់តែសោះ គឺបានន័យថានៅពេលដែលយើងទាមទារឲ្យដោះលែងកូនក្តីយើងនៅក្រៅឃុំ ក៏តុលាការមិនដោះលែង ហើយយើងទាមទារឲ្យលើកលែងការចោទប្រកាន់កូនក្តីយើង ក៏យើងមិនដែលទទួលបានជោគជ័យជាទម្រង់។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំឲ្យតម្លៃទៅលើស្មារតី ឬក៏ទៅលើគតិ នៅពេលដែលនិយាយពីច្បាប់គេនិយាយពីទម្រង់ច្បាប់ និងគតិច្បាប់។ ទម្រង់ច្បាប់ គឺនិយាយពីបែបបទនៃការដើរ ឬក៏នៅចំណាត់ការរបស់សមត្ថកិច្ច។ បើគតិ គេនិយាយពីតម្លៃ ឬក៏គុណសម្បត្តិ តម្លៃស៊ីជម្រៅ»។
លោកបន្ថែមថា៖ «អ៊ីចឹង បើនិយាយពីគតិ ខ្ញុំបានជោគជ័យពីព្រោះខ្ញុំបានបំពេញតួនាទីជាមេធាវីដែលមហាជនទទួលស្គាល់ថា ខ្ញុំការពារកូនក្តីបានល្អ ហើយជាពិសេសកូនក្តីខ្ញុំជាអ្នកវាយតម្លៃសកម្មភាពរបស់ខ្ញុំ។ នៅពេលដែលយើងខំឲ្យអស់លទ្ធភាព ស្មោះត្រង់នឹងកូនក្តី ការពារសិទ្ធិឲ្យគាត់ឲ្យអស់ពីបច្ចេកទេស កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ដែលយើងមាន កូនក្តីយើងពេញចិត្ត អាហ្នឹងជាជោគជ័យសម្រាប់ខ្ញុំ»។
បើតាមលោក ជូង ជូងី ករណីធម្មតាផ្សេងៗក្នុងសង្គម ក្រៅពីករណីនយោបាយដែលមេធាវីរូបនេះទទួលកាន់ គឺភាគរយនៃជោគជ័យសម្រាប់ការតតាំងនៅឯសាលាដំបូង មេធាវីរូបនេះទទួលបានតិចបំផុត គឺប្រហែល ១០ ភាគរយ ប៉ុន្តែនៅពេលបន្តទៅសាលាឧទ្ធរណ៍លោកអាចទទួលបានជោគជ័យប្រមាណ ៤០ ភាគរយ ហើយបើរឿងទាំងនោះត្រូវបន្តដល់សាលាកំពូល លោកទទួលបានជោគជ័យរហូតដល់ ៧០-៨០ ភាគរយឯណោះ។
លទ្ធផលដែលទទួលបានខុសគ្នាតាមរយៈការតតាំងទាំង ៣ សាលា លោកថាដោយសារការយល់ដឹងរបស់ចៅក្រមក្នុងការសម្រេចក្តីនៅសាលាដំបូងនៅមានកម្រិត។
ម្យ៉ាងទៀតកូនក្តីរបស់លោកជាទូទៅគឺជាអ្នកក្រីក្រ ប៉ុន្តែរឿងរបស់គាត់ត្រូវតាមផ្លូវច្បាប់ ដូច្នេះពេលដែលគាត់បន្តការតស៊ូទៅដល់កំពូលគាត់ទទួលបានជោគជ័យ ពីព្រោះសាលាកំពូលដែលជាអ្នកសម្រេចចុងក្រោយគឺយកចិត្តទុកដាក់ខ្លាំងក្នុងការវិនិច្ឆ័យ។
ដោយសារតែមានឈ្មោះជាមេធាវីការពារក្តីឲ្យសកម្មជនបក្សប្រឆាំង សម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែលមិនយល់ច្បាស់ពីតួនាទីមេធាវី ពួកគេមិនហ៊ានមកពឹងពាក់ឲ្យជួយការពាររឿងក្តីរបស់ពួកគេទេ។
ជាពិសេស សម្រាប់បុគ្គលអ្នកមានទ្រព្យធនធូរធារក៏មិនហ៊ានមកពឹងពាក់មេធាវីរូបនេះឲ្យការពាររឿងក្តីរបស់ពួកគេដែរ ពីព្រោះថាការពឹងពាក់មេធាវីការពារបក្សប្រឆាំងឲ្យជួយការពាររឿងក្តី ពួកគេខ្លាចប៉ះពាល់ក្នុងរឿងក្តីរបស់ពួកគេ មួយវិញទៀតពួកគេក៏មិនរំពឹងថាបានទទួលជោគជ័យក្នុងការតតាំងក្តីតាមផ្លូវច្បាប់នោះដែរ។
លោក ងី បញ្ជាក់ថា៖ «បំណងរបស់ខ្ញុំគឺយុត្តិធម៌ជាចម្បង សព្វថ្ងៃសម្រាប់ខ្ញុំគ្មានកិច្ចការណាល្អជាងមេធាវីទេក្នុងការជួយប្រជាពលរដ្ឋក្នុងសង្គម។ ទោះបីខ្ញុំមានការលំបាកក្នុងការការពារក្តី ហើយមានបុគ្គលមួយចំនួនគាត់មានការរើសអើងនយោបាយចំពោះខ្ញុំក្តី ប៉ុន្តែខ្ញុំនៅតែមានទឹកចិត្តប្រឈមតទៅទៀត»។
នៅពេលសួរអំពីការគំរាមកំហែងធ្លាប់កើតមានចំពោះខ្លួនដែរឬយ៉ាងណានោះ ក្នុងនាមជាមេធាវីការពារសកម្មជនគណបក្សប្រឆាំងលោក ជូង ជូងី បានព្យាយាមបដិសេធម្តងហើយម្តងទៀតក្នុងការធ្វើអត្ថាធិប្បាយ។ ហេតុផលដែលលោកព្យាយាមបដិសេធក្នុងការបកស្រាយជុំវិញការគំរាមកំហែងពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារលោកយល់ថាការបកស្រាយចេញមកវាអាចនាំឲ្យមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់លោក។
(សូមរង់ចាំភាគបន្តសប្តាហ៍ក្រោយ)