តពី​លេខ​មុន...

ភ្នំពេញ​ប៉ុស្តិ៍ សូម​បញ្ចប់​នូវ​រឿងរ៉ាវ​នៃ​ប្រវត្តិ​សង្ខេប និង​ការងារ​ការពារ​ព្រៃឈើ​ដ៏សកម្ម​របស់​ម្ចាស់​ពាន​រង្វាន់​វីរជន​បរិស្ថាន ពិភពលោក ឈ្មោះ អ៊ូច ឡេង សម្រាប់​ភាគ​ទី​ ៣ ​ក្នុង​លេខ​នេះ​ក្រោយ​ពី​ខកខាន​កាលពី​សប្តាហ៍​ទី​ ៤ នា​ខែ​មុន​។

ជាមួយ​នឹង​ការ​ពិពណ៌នា​អំពី​វិនាសកម្ម​ព្រៃឈើ​ដោយសារ​ជំនួញ​ឈើ​ដ៏គគ្រឹកគគ្រេង​របស់​មហាសេដ្ឋី​មួយ​ចំនួន​ដែល​ប្រមូល​លុយ​វាល់​លាន​ដុល្លារ​អាមេរិក តាមរយៈ​ការកាប់​ឈើ​លក់​នេះ ម្ចាស់​ពាន​រង្វាន់​វីរជន​បរិស្ថាន​ពិភពលោក ឈ្មោះ អ៊ូច ឡេង ក៏​បាន​ព្រមាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ទៀត​ស្តី​អំពី​សកម្មភាព​កាប់​ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​កម្ពុជា​។ បើ​តាម​ម្ចាស់​ពានរង្វាន់​ពិភពលោក​រូប​នេះ របាយការណ៍​ថ្មី​របស់​លោក​ដែល​និយាយ​អំពី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​នឹង​ត្រូវ​បញ្ចេញ​ក្រោយ​ការបោះឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​ដើម្បី​ចៀសវាង​ការចោទ​ថា​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។


ក្រៅពី​ការបន្លំ ឬ​លូន​តាម​ព្រៃ​ដើម្បី​ទៅ​ដល់​តំបន់​កាប់​ឈើ មធ្យោបាយ​ដែល​អាច​ចូល​ទៅ​ដល់​តំបន់​តឹងរ៉ឹង​នោះ គឺ​លុះត្រាតែ​មាន​ការ​ស្គាល់គ្នា ឬ​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​នៅ​ខាង​ក្នុង​តំបន់​នោះ​ទើប​អ្នក​នៅ​ខាង​ក្រៅ​ឯណេះ​អាច​ចូល​ទៅ​បាន​ងាយស្រួល​ដោយ​មិន​មាន​ការ​ព្រួយបារម្ភ​។ ពីព្រោះ​ថា​ស្ថានភាព​ក្នុង​តំបន់​នោះ​មាន​ការ​យាមកាម​យ៉ាង​ប្រុងប្រយ័ត្ន​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​អ៊ូច ឡេង​។


មិន​ត្រឹម​តែ​លោក​បាន​ហៅ​តំបន់​ជំនួញ​ឈើ​ក្នុង​តំបន់​សេសាន​ថា​ជា​ «​ទីក្រុង​កាប់​ឈើ​» ​ប៉ុណ្ណោះ​ទេ លោក​ក៏​បាន​ចាត់ទុក​តំបន់​នោះ​ជា​ទីផ្សារ​ធំ​មួយ ដែល​មាន​ទាំង​កន្លែង​សប្បាយ​សម្រាប់​តែ​ក្រុម​អ្នក​ជំនួញ​ឈើ​គ្នា​គេ​ក្រុម​គេ​តែប៉ុណ្ណោះ​។ ឯ​អ្នក​ទៅ​ពី​ខាង​ក្រៅ​មិន​អាច​ទៅ​សប្បាយ​នៅ​ទី​នោះ​បាន​ឡើយ ប្រសិន​បើ​មិន​មាន​ទំនាក់ទំនង​ល្អ ឬ​ស្គាល់​គ្នា​ច្បាស់​ជាមួយ​មនុស្ស​នៅ​ខាង​ក្នុង​នោះ​ទេ​។


លោក​ អ៊ូច ឡេង ថ្លែង​ថា​៖ «​របាយការណ៍​ខ្ញុំ​ចេញ​រាល់​លើក​សុទ្ធ​តែ​មាន​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​។ មន្ត្រី​មួយ​ចំនួន​ធំ​ក៏ល្អ​ដែរ ព្រោះ​វា​ជា​ការពិត ប៉ុន្តែ​មន្ត្រី​ខ្លះ​បែរ​ជា​ថា មិន​មាន​ការ​កាប់​ឈើ​ទេ​មាន​ការដឹកជញ្ជូន​ខ្នាត​តូច​តាម​ម៉ូតូ​អី​ជាដើម​អ៊ីចឹង​។ វា​មិនមែន​បង្ហាញ​អំពី​តថភាព​ពិតប្រាកដ​ក្នុង​ការរកស៊ី​ឈើ​។ ខ្ញុំ​មិន​អាច​គូស​រូប​ [​ឡាន​ដឹកឈើ​] បាន​ទេ ទាល់​តែ​មាន​ការពិត ខ្ញុំ​ថត​មក​ដើម្បី បង្ហាញ​ភ័ស្តុតាង បង្ហាញ​ឯកសារ​អំពី​វិនាសកម្ម​ព្រៃឈើ​ទើប​ឲ្យ​សាធារណជន​ពិចារណា​ថា​វា​ជា​រឿង​ពិត​ឬ​យ៉ាង​ម៉េច​?»​។


បើ​ទោះបី​ដឹង​ថា​ឈ្មួញ​រកស៊ី​កាប់​ឈើ​មាន​កាំភ្លើង​សម្រាប់​ការពារ​មុខរបរ​របស់​ពួកគេ​ក៏ដោយ ប៉ុន្តែ​ម្ចាស់​ពាន​រូប​នេះ​បង្ហាញ​នូវ​ស្មារតី​មិន​តក់ស្លុត​ ឬ​ខ្លាចរអា​នឹង​ពួកគេ​នោះ​ឡើយ​។ លោក​ អ៊ូច ឡេង បាន​ប្តេជ្ញា​រួច​ហើយ​ថា លោក​នឹង​មិន​ដកថយ​ពី​បេសកកម្ម​ការពារ​ព្រៃឈើ​ដែល​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ខ្លួន​នោះ​ទេ​។ លោក​ថា​សូម្បី​តែ​កម្លាំង​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ ឬ​ក៏​នគរបាល​ដែល​ចុះបង្ក្រាប​ក៏​មិន​សូវ​មាន​សុវត្ថិភាព​ដែរ ដោយសារ​តែ​ប្រឈម​នឹង​អាវុធ​របស់​ពួក​រកស៊ី​កាប់​ឈើ​នោះ​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​នេះ​ហើយ​ដែល​យើង​បារម្ភ​អំពី​សុវត្ថិភាព ហើយ​ខ្ញុំ​ក៏​មិន​ខ្លាច​ងាប់​ហើយ​ក៏​មិន​ខ្លាច​អំពី​ការ​ចាប់ខ្លួន​ ឬ​ចោទ​ប្រកាន់​ដែរ​ព្រោះ​ខ្ញុំ​មាន​ភ័ស្តុតាង​មាន​ឯកសារ​ត្រឹមត្រូវ​។ រឿង​អី​យើង​ខ្លាច ចុះ​បើ​យើង​ខ្លាច​តើ​យើង​មាន​លទ្ធភាព​អី​ដើម្បី​ការពារ​ព្រៃឈើ​យើង​ការពារ​មរតក​យើង​។ អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​ប្រឈមមុខ​ត្រូវ​តែ​ប្រថុយ​អាយុជីវិត ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ឬ​ក៏​ប្រជាពលរដ្ឋ​ទាំងអស់​ក្រោកឈរ​ឡើង​ដើម្បី​ការពារ​ព្រៃឈើ​»​។

មុន​ក្លាយ​ជា​សកម្មជន​ព្រៃឈើ​ដ៏ល្បី និង​ជា​ម្ចាស់​ពាន​រង្វាន់​វីរជន​បរិស្ថាន​ពិភពលោក បុរស​សក់​រួញ​អង្គាដី ដែល​ប្រថុយ​យក​ជីវិត​ទៅ​ប្តូរ​នឹង​បេសកកម្ម​ការពារ​ព្រៃឈើ អតីតភាព​ការងារ​របស់​លោក​ក៏​ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក និង​លីកាដូ​ផង​ដែរ​។ លោក​ អ៊ូច ឡេង ធ្លាប់​បាន​បម្រើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​ជាង​ ១០ ​ឆ្នាំ និង​អង្គការ​អន្តរជាតិ ទទួល​បាន​ប្រាក់ខែ​ជាង​ ១០០០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ដែល​អាច​ចិញ្ចឹម​គ្រួសារ​បាន​ស្រួល​។ ប៉ុន្តែ​ដោយ​ដក់​អារម្មណ៍​ខ្លាំង​ជាមួយ​នឹង​ព្រៃឈើ និង​ដោយសារ​ឃើញ​ការកាប់​បំផ្លាញ​ព្រៃឈើ​កាន់តែ​រីក​រាលដាល​បុរស​ម្នាក់​នេះ​បាន​ចាកចេញ​ពី​ការងារ​ផ្នែក​សិទ្ធិមនុស្ស ហើយ​ហក់​ចូល​មក​បម្រើ​ការងារ​ផ្នែក​បរិស្ថាន និង​ព្រៃឈើ​វិញ​ម្តង​។

បុរស​ម្ចាស់​ពាន​រង្វាន់​ពិភពលោក​រូប​នេះ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​លោក​មិន​ស្ម័គ្រចិត្ត​ចេញ​មុខ​ការពារ​ព្រៃឈើ​ក៏​លោក​មិន​ខ្វះ​ការងារ​ធ្វើ​ដែរ​។ លោក​អាច​ធ្វើ​ជា​ចៅក្រម ឬ​មេធារី និង​ធ្វើការ​ជាមួយ​អង្គការ​ក៏​បាន​ដែរ​តាមរយៈ​ចំណេះវិជ្ជា​ដែល​លោក​បាន​បញ្ចប់​ផ្នែក​ច្បាប់ ប៉ុន្តែ​ដោយសារ​តែ​វិនាសកម្ម​ព្រៃឈើ​បាន​កក្រើក​ឡើង ធ្វើឲ្យ​បុរស​រូប​នេះ​នៅ​ស្ងៀម​មិន​បាន​។

លោក ឡេង បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​សម្រេច​ការពារ​ព្រៃឈើ​ដោយសារ​អី​? ឃើញ​គេ​កាប់​ឈើ​នៅ​នឹង​មុខ​។ ឃើញ​គេ​ដឹកជញ្ជូន​ឈើ​នៅ​នឹង​មុខ ទាំង​ឡានៗ អ្នកណា​មិន​ស្តាយ​? អ្នក​ណា​មិន​ស្រឡាញ់​ដើមឈើ ហើយ​យើង​រស់នៅ​យ៉ាង​ម៉េច​បើ​សិន​ជា​អត់​មាន​បរិស្ថាន​ល្អ​ប្រសើរ បើសិន​ជា​អត់​មាន​ដើមឈើ ព្រោះ​ដើមឈើ​ជួយ​ដល់​អាយុជីវិត​មនុស្ស​»​។

ដាក់​ជីវិត​ការពារ​ព្រៃឈើ​ជាង​ ២០ ​ឆ្នាំ​លោក​ អ៊ូច ឡេង ស្គាល់​ឈ្មួញ​ឈើ​ ឬ​ឧកញ៉ា​ធំៗ​ជាច្រើន​ដែល​បាន​និង​កំពុង​ប្រមូល​លុយ​រាប់លាន​ដុល្លារ​អាមេរិក​ពី​ជំនួញ​ឈើ​។ សកម្មជន​ព្រៃឈើ​រូប​នេះ​ក៏​បាន​ថ្លែង​សំដៅ​ទៅ​ឧកញ៉ា​រកស៊ី​ឈើ​ម្នាក់​ក្នុង​ចំណោម​ឧកញ៉ា​ឈ្មួញ​ឈើ​ទាំង​ឡាយ​ដែល​ធ្លាប់​បាន​បញ្ចេញ​អំនួត​អំពី​ឥទ្ធិពល​នៃ​ជំនួញ​ឈើ​របស់​ខ្លួន ដោយ​អះអាង​ថា​ក្នុង​មុខរបរ​ជំនួញ​ឈើ​របស់​គាត់ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​នាយឧត្តមសេនីយ៍​ សៅ សុខា មិន​បង្ក្រាប​គឺ​មិន​មាន​កម្លាំង​សមត្ថកិច្ច​ណា​ថ្លើម​ធំ​ហ៊ាន​មក​បង្ក្រាប​ជំនួញ​ឈើ​របស់​គាត់​បាន​ឡើយ​។

ដោយសារ​តែ​ហ៊ាន​ធ្វើ​ពលិកម្ម​លះបង់​កម្លាំង​កាយ​ចិត្ត​រហូត​ដល់​ហ៊ាន​ប្រថុយ​យក​ជីវិត​ទៅ​ប្តូរ​ដើម្បី​ការពារ​ព្រៃឈើ លោក​ អ៊ូច ឡេង បាន​ទទួល​ពាន​រង្វាន់​វីរជន​បរិស្ថាន​ពិភពលោក​នា​ឆ្នាំ​ ២០១៦ នៅ​សហរដ្ឋអាមេរិក និង​បាន​ទទួល​ពានរង្វាន់​ដែល​មាន​ឈ្មោះ​ថា​អ្នក​ផ្លាស់ប្តូរ​ល្បែង​នៅ​អាស៊ី​នា​ឆ្នាំ​ ២០១៧​។

លោក​ថា​៖ «​មិន​ដឹង​ជា​គេ​ជ្រើសរើស​ ឬ​បោះឆ្នោត​យ៉ាង​ម៉េច​ទេ​។ នៅពេល​ដែល​ខ្ញុំ​សួរ​ទៅ​ម្ចាស់​ពានរង្វាន់ គេ​ថា គេ​បោះឆ្នោត​ឲ្យ​ខ្ញុំ​រាប់លាន​នាក់​តាម​អនឡាញ​។ គេ​គាំទ្រ​ខ្ញុំ ដោយសារ​ខ្ញុំ​ខិតខំ​ការពារ​ព្រៃឈើ​ការពារ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូចជា​ក្នុង​នាម​ទូទាំង​ពិភពលោក​ដែរ​ព្រោះ​ថា​ព្រៃឈើ​មិនមែន​របស់​ខ្ញុំ​តែ​ម្នាក់​ឯង​ទេ​ជា​របស់​យើង​ទាំងអស់​គ្នា​»​។

លោក​ អ៊ូច ឡេង ធ្លាប់​បម្រើការ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ពី​ឆ្នាំ​ ១៩៩៦ ​ដល់​ឆ្នាំ​ ២០០៥ និង​ធ្លាប់​ធ្វើការ​នៅ​អង្គការ​សិទ្ធិមនុស្ស​អាហុក​ពី​ឆ្នាំ​ ២០០៥ ​ដល់​ឆ្នាំ​ ២០១១ ​។ បន្ទាប់មក​លោក​បាន​ចាកចេញ​មក​បម្រើការ​ឲ្យ​អង្គការ​ម្ចាស់​ជំនួយ​ USAID បាន​រយៈពេល​ ១ ​ឆ្នាំ​ក៏​ចាកចេញ​មក​ប្រឡូក​ក្នុង​ការងារ​ការពារ​ព្រៃឈើ​រហូត​មក​។

រស់នៅ​ក្នុង​គ្រួសារ​ជា​កូន​អ្នក​ក្រីក្រ​នៅ​ទីក្រុង​ភ្នំពេញ កុមារា អ៊ូច ឡេង រៀន​នៅ​សាលា​សាមគ្គី ប៉ុន្តែ​មិន​បាន​រៀន​គួរ​ក្រៅ​ម៉ោង​នឹង​គេ​ទេ ក្រៅតែ​ពី​រៀន​ម៉ោង​រដ្ឋ​ខ្លះៗ ហើយ​ក៏​មិន​មាន​សម្លៀកបំពាក់​សមរម្យ​នឹង​គេ​ដែរ​។ ការរៀនសូត្រ​ក្រៅ​ម៉ោង​របស់​ក្មេង​ម្នាក់​នេះ​ជួនកាល​ឈរ​តាម​បង្អួច​រៀន​នឹង​គេ​ដែរ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា អ៊ូច ឡេង បាន​តស៊ូ​ជម្នះ​រហូត​ដល់​បញ្ចប់​ថ្នាក់​វិទ្យាល័យ​បាក់ឌុប នា​ឆ្នាំ​ ១៩៩០ និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​នា​ឆ្នាំ​ ១៩៩៧​។

ដោយ​នឹក​ស្រមៃ​ពី​គ្រា​កន្លង​ផុត​ទៅ​ធ្លាប់​រស់នៅ​ជាមួយ​ឪពុក​ធាក់​ស៊ីក្លូ និង​ម្តាយ​មាន​សតិ​មិន​ល្អ​ដើរ​សុំទាន​គេ​ធ្វើឲ្យ​ម្ចាស់​ពាន​រង្វាន់​ពិភពលោក​រូប​នេះ​ទឹកភ្នែក​រលីងរលោង​ថ្លែង​ដោយ​អួលដើមក​នឹក​ឃើញ​ដល់​គ្រា​កំសត់​លំបាក​លំបិន​ធ្លាប់​រស់នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​ឪពុកម្តាយ​ក្រីក្រ​ដែល​មាន​កូនៗ​ក្នុង​បន្ទុក​ចំនួន​ ៦ ​នាក់​ប្រុស​ ៣ ​ស្រី​ ៣ ​។

លោក​និយាយ​ថា​៖ «​គាត់​ [​ម្តាយ​] ​ដូច​ជា​មាន​បញ្ហា​ខួរក្បាល​ដោយសារ​ក្រ​ពេក​គាត់​ដើរ​សុំទាន​គេ​។ វេទនា​មែនទែន​ជីវិត​ខ្ញុំ គ្រូៗ​ទាំងអស់ នាយក​សាលា​អី​គាត់​ដឹង​គ្រប់​គ្នា​អំពី​ការតស៊ូ​របស់​ខ្ញុំ​។ [​ខ្ញុំ​] ​អត់​មាន​ការ​គ្រប់គ្រង​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ​»​។ ទោះ​ជា​យ៉ាង​ណា​ឪពុកម្តាយ​របស់​លោក​​ អ៊ូច ឡេង មក​ដល់​សព្វ​ថ្ងៃ​នេះ​រស់នៅ​ក្នុង​ជីវភាព​មួយ​សមរម្យ​ជា​ធម្មតា​ខុស​ពី​ប្រមាណ​ ៣០​ ​ឆ្នាំ​មុន ទោះបី​ជា​គាត់​ឈាន​ដល់​វ័យ​ជរា​បន្តិច​មែន​។

ក្នុង​វ័យ​ ៤៧ ​ឆ្នាំ​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន​លោក​ អ៊ូច ឡេង បាន​រៀប​អាពាហ៍ពិពាហ៍​នា​ឆ្នាំ​ ១៩៩៩ ដែល​មាន​កូន​ ៣ ​នាក់​ក្នុង​បន្ទុក​។ បុរស​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​មាន​ដើម​កំណើត​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ ដែល​ជា​កូន​កសិករ​៕