«​កង បូរាណ​» ​គឺជា​ឈ្មោះ​របស់​ស្ត្រី​អ្នក​នយោបាយ​មួយ​រូប​មកពី​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ដែល​លោកស្រី​ជា​តំណាងរាស្ត្រ​ស្ត្រី​តែ​ម្នាក់​គត់​ក្នុង​ចំណោម​តំណាងរាស្ត្រ​ចំនួន​ ៤១ ​រូប​របស់​គណបក្ស​ដឹកនាំ​ដោយ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​កំពុង​ធ្វើការ​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្រោយពី​យល់ព្រម​ទទួល​យក​ការបែងចែក​អាសនៈ​សមាជិក​រដ្ឋសភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​។

ទាំង​ឈ្មោះ និង​រូបសម្បត្តិ ចរិតលក្ខណៈ ពិតជា​សមសួន​ជា​នារី​ខ្មែរ ហើយ​អ្វី​ដែល​ស្ត្រី​អ្នក​នយោបាយ​រូប​នេះ​ខំ​ប្រឹងប្រែង​អត់ធ្មត់​ជម្នះ​រាល់​ភាពលំបាក​ពី​អតីតភាព​ជា​កូន​កសិករ​រហូត​មក​ដល់​ចំណុច​ជោគជ័យ​នេះ ក៏​មិន​គួរ​មើល​រំលង​ពី​ការ​ខំ​សង្វាត​នេះ​ដែរ​។


ដោយ​មាន​និស្ស័យ​ជា​អ្នក​នយោបាយ​តាំងពី​ស្ថិត​ក្នុង​វ័យ​ជា​យុវតី លោកស្រី​ កង បូរាណ បាន​ផ្សារភ្ជាប់​ដំណើរ​ជីវិត​ទៅ​នឹង​គណបក្ស​នយោបាយ​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តាំងពី​លោកស្រី​ស្ថិត​ក្នុង​វ័យ​ប្រមាណ​ជា​ ២០ ​ឆ្នាំ​ប៉ុណ្ណោះ ដោយ​រំពឹង​ទៅ​ដល់​គោលដៅ និង​បាន​ចូលរួម​ចំណែក​បម្រើ​ការងារ​សង្គមជាតិ នៅពេល​ណា​មួយ​។


ធ្មេច​បើកៗ​ភាព​អត់ធ្មត់ និង​ការ​តស៊ូ​របស់​លោកស្រី​ប្រមាណ ​២០ ​ឆ្នាំ​លោកស្រី​បាន​ដើរ​ដល់​គោលដៅ​ជា​បណ្តើរៗ ដូចជា​ធ្លាប់​ធ្វើ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង​ទេសចរណ៍​ធ្លាប់​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ក៏​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ផង​ដែរ មុន​បាន​ក្លាយ​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​។


មួយ​រយៈ​នេះ បើ​ទោះបី​ជា​មាន​ការ​រិះគន់​ទៅ​លើ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទិ្ធ ដែល​បាន​ព្រមព្រៀង​ទទួល​យក​ការ​បែងចែក​អាសនៈ​តំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ក៏ដោយ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​នេះ​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ការ​រិះគន់​នោះ​ឡើយ​។


ការ​ផ្តោត​សំខាន់​សម្រាប់​បក្ស​មួយ​នេះ គឺ​ការ​បាន​ចូលរួម​ធ្វើការ​ជាមួយ​គណបក្ស​កាន់​អំណាច​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ការបម្រើ​ជាតិ​រួម​គ្នា ដើម្បី​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​បាន​ល្អ​ប្រសើរ សម្រាប់​ដំណើរការ​នៃ​ការអភិវឌ្ឍ​។


ពិតណាស់ ការ​មាន​តួនាទី​នៅក្នុង​ការបម្រើ​សេវាសាធារណៈ​របស់​រដ្ឋ ឬ​ជា​អ្នកបម្រើ​ក្នុង​ស្ថាប័នរដ្ឋ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ការ​បម្រើ​ជាតិ​។ ប៉ុន្តែ​សម្រាប់​អ្នកនយោបាយ និង​អ្នកបម្រើ​នយោបាយ​ដែល​មិន​សប្បាយ​ចិត្ត​នឹង​ការងារ​បម្រើ​ជាតិ​តាម​បែប​យុទ្ធសាស្ត្រ​នេះ ពួកគេ​មិន​គាំទ្រ​ឡើយ​ចំពោះ​ការងារ​បែប​នេះ​។ ពួកគេ​ចាត់​ទុក​គណបក្ស​នយោបាយ​ណា​ដែល​ស្ម័គ្រចិត្ត​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​គ្រាន់តែ​ជាអាយ៉ង​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ​។

ប៉ុន្តែ​សម្រាប់​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​បាន​បដិសេធ​នឹង​ការ​លើក​ឡើង​ខាង​លើ ដោយ​ចាត់​ទុក​ការ​ចោទប្រកាន់​នេះ​ជា​ការ​លាប​ពណ៌ ឬ​ជា​ការ​យល់​ឃើញ​របស់​បុគ្គល ហើយ​ថា​ហ៊្វុនស៊ិនប៉ិច​នៅ​តែ​ជា​គណបក្ស​មាន​ការ​គាំទ្រ ហើយ​បក្ស​រាជានិយម​នៅ​តែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជារាស្ត្រ​។

ជួប​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី ១៩ កុម្ភៈ លោកស្រី​ កង បូរាណ តំណាងរាស្ត្រ​ស្ត្រី​តែ​ម្នាក់​គត់​របស់​បក្ស​ហ៊្វុនស៊ិនប៉ិច​ថ្លែង​ថា​៖ «​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ ខ្ញុំ​ចុះ​ទៅ​ (​ជួប​រាស្ត្រ​) ក្នុង​នាម​មហាគ្រួសារ​រាជានិយម​ហ៊្វុនស៊ិនប៉ិច ខ្ញុំ​នៅ​តែ​មាន​សញ្ញាណ​នៃ​ការ​ទទួល​ស្វាគមន៍ នៅ​តែ​មាន​ការ​ចូលរួម​ពី អ៊ុំ ពូ មីង ពុក ម៉ែ បង ប្អូន ដែល​ជា​គ្រួសារ​រាជានិយម​នៅ​តែ​គាំទ្រ​ពួកខ្ញុំ​»​។

ជាមួយ​នឹង​ការ​មាន​ជំនឿ​លើ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ លោកស្រី​ កង បូរាណ បាន​រំឭក​ពី​ស្នាដៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​អតីតកាល​ដែល​បាន​នាំ​មក​​នូវ​សុខសន្តិភាព សិទ្ធិសេរីភាព ​ប្រជាធិបតេយ្យ និង​រាជានិយម​សម្រាប់​ប្រទេស​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ចំពោះ​ការងារ​កំពុង​ប្រឈម​សព្វថ្ងៃ​លោកស្រី​ឲ្យ​ដឹង​ថា​តាំងពី​ចូល​ខ្លួន​មក​អង្គុយ​កៅអី​រដ្ឋសភា​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ បាន​ប៉ុន្មាន​ខែ​នេះ​លោកស្រី​ក៏​ដូចជា​តំណាងរាស្ត្រ​ដទៃ​ទៀត​របស់​ហ៊្វុនស៊ិនប៉ិច តែងតែ​ចុះ​ទៅ​មូលដ្ឋាន​ជួប​ជាមួយ​រាស្ត្រ​ច្រើន​ដង​មក​ហើយ​។

លោកស្រី​ កង បូរាណ បន្ថែម​ថា​៖ «​សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យើង​សមាជិក​នៃ​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​មាន​សកម្មភាព​គ្រប់​គ្នា​។ មូរ​ដៃអាវ លាត់​ជើង​ខោ​ដើម្បី​ចូលរួម​ដោះស្រាយ​ចូលរួម​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​។ ដូច្នេះ​ហើយ​ទើប​តាម​មណ្ឌល​មួយៗ​សុទ្ធតែ​រង់ចាំ​ទទួល​ស្វាគមន៍​អ្នក​តំណាងរាស្ត្រ​នៃ​គ្រួសារ​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ទាំងអស់​»​។

ទោះបី​មាន​ការ​រិះគន់​ថា​តំណាងរាស្ត្រ​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិនមែន​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ឬ​មណ្ឌល​នីមួយៗ​ក្តី ប៉ុន្តែ​បើ​តាម​លោកស្រី​ កង បូរាណ ក្នុង​ការ​ចុះ​ទៅ​មណ្ឌល​នីមួយៗ​ហ៊្វុនស៊ិនប៉ិច​នៅ​តែ​មាន​កេរ្តិ៍ឈ្មោះ និង​នៅ​តែ​ជា​កម្លាំង​សកម្ម​ក្នុង​ការ​បំពេញ​តួនាទី ដើម្បី​នាំ​មក​នូវ​សុខ​សន្តិភាព​សម្រាប់​កម្ពុជា​។

លោកស្រី​បញ្ជាក់​ថា​៖ «​ធម្មតា​អ្នក​ដែល​មិន​ពេញចិត្ត គាត់​និយាយ​ភាសា​តាម​ចំណង់​ចំណូល​ចិត្ត​គាត់​បែប​មិន​ពេញចិត្ត​ទៅ ប៉ុន្តែ​សម្រាប់​អ្នក​គាំទ្រ​អ្នក​ស្រឡាញ់​គ្រួសារ​រាជានិយម​នៅ​តែ​ស្រឡាញ់​។ ព្រោះ​អ្វី​ដែល​គ្រួសារ​រាជានិយម​ធ្វើ​មក​ដល់​ឱកាស​នេះ គឺ​គោល​បំណង​តែ​មួយ​គត់​ចង់​បាន​សង្គម​ជាតិ​ខ្មែរ​ទាំង​មូល​មាន​សុខ​សន្តិភាព​មាន​ស្ថិរភាព​នយោបាយ​»​។

លោកស្រី​ បូរាណ បន្ថែម​ថា​៖ «​យើង​មិន​អាច​ឃាត់​មាត់​គេ​ [​មិន​ឲ្យ​] ​និយាយ​ទេ ប៉ុន្តែ​យើង​អាច​បិទ​ត្រចៀក​របស់​យើង​មិន​ស្តាប់​បាន​។ ប៉ុន្តែ​គ្រួសារ​រាជានិយម​មួយ​នេះ​នៅ​តែ​ប្រកាន់​នូវ​ជំហរ​មួយ គឺ​ថែរក្សា​ឲ្យ​បាន​នូវ​ភាព​ដែល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ដោយ​សុខដុម​រមនា​ជាមួយ​នឹង​ទឹកដី​ភូមិ​កំណើត​របស់​ខ្លួន​»​។

ក្នុង​សម្លៀកបំពាក់​តាម​បែប​ខ្មែរ​បូរាណ​សម​នឹង​ឈ្មោះ​ជាមួយ​នឹង​សម្បុរ​ស្រអែម​ស្រស់​ដែល​បង្ហាញ​នូវ​ចរិត​លក្ខណៈ​ជា​នារី​ខ្មែរ​ពិតៗ លោកស្រី​ កង បូរាណ ដែល​បាន​ក្លាយ​ជា​អ្នក​តំណាងរាស្ត្រ​ស្ត្រី​មួយ​រូប​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ឲ្យ​ដឹង​ថា និស្ស័យ​របស់​លោកស្រី​គឺ​នៅ​មិន​ឆ្ងាយ​ពី​សង្វៀន​នយោបាយ​ឡើយ​។ ដោយសារ​តែ​មាន​និស្ស័យ​ចង់​ដើរ​លើ​ផ្លូវ​នយោបាយ លោកស្រី​ កង បូរាណ បាន​ហក់​ចូល​ក្នុង​ឆាក​នយោបាយ​នា​ឆ្នាំ​ ១៩៩៧ ក្នុង​ជួរ​ចលនា​យុវជន​របស់​គណបក្ស និង​ឆ្នាំ​ ២០០១-២០០៨ ជា​សមាជិក​ក្រុម​ការងារ​របស់​គណបក្ស​ក្នុង​ខេត្ត​កណ្តាល និង​ក្នុង​ឆ្នាំ​ ២០០៨ ដដែល​លោកស្រី​ក៏​បាន​មក​កាន់​ជា​សមាជិក​ក្រុម​ការងារ​រាជធានី​ភ្នំពេញ​។

ជា​បន្តបន្ទាប់​មក​ទៀត​តាំងពី​ឆ្នាំ​ ២០១៤ មក​ដល់​បច្ចុប្បន្ន​លោកស្រី​ កង បូរាណ ក៏​ត្រូវ​បាន​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ សព្វព្រះទ័យ តែងតាំង​ឲ្យ​ធ្វើ​ជា​ជំនួយការ និង​ពិធីការ​ផ្ទាល់​របស់​ព្រះអង្គ​។ ក្រៅពី​នេះ​លោកស្រី​ក៏​ជា​សមាជិក គណៈកម្មាធិការ​នាយក និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​តួនាទី​ជា​អគ្គលេខាធិការរង​របស់​គណបក្ស​។

សម្រាប់​ចក្ខុវិស័យ​នា​ថ្ងៃ​អនាគត លោកស្រី​បាន​ជូន​ជា​អនុសាសន៍​សុំ​ឲ្យ​ជួយ​ពង្រឹង​ការ​ផ្សព្វផ្សាយ​អនុសញ្ញា​ស្តី​អំពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ​រួម​ទាំង​ច្បាប់​ជាតិ គោលនយោបាយ​បទប្បញ្ញត្តិ និង​វិធានការ​នានា​ដែល​ជំរុញ​ឲ្យ​មាន​សមភាព​សីលធម៌​សម្រាប់​ស្ត្រី​ផង​ដែរ ដើម្បី​ធានា​ឲ្យ​មាន​ការ​ចូលរួម​លើក​កម្ពស់​ស្ត្រី​តាមរយៈ​ការ​ផ្តល់​នូវ​ឱកាស ឋានៈ តួនាទី ឬ​ក្នុង​វិស័យ​ការងារ​សម្រេច​ចិត្ត​ឲ្យ​មាន​កម្រិត​ខ្ពស់​។

លោកស្រី​បញ្ជាក់​ថា​៖ «​ជា​ទម្លាប់​របស់​ស្រុក​យើង ឥឡូវ​ក្នុង​សង្គម​គ្រួសារ បុរស​នៅ​តែ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ច្រើន​ខ្ពស់​ជាង​ស្ត្រី​។ ប៉ុន្តែ​ក្នុង​អនុសាសន៍​របស់​ខ្ញុំ​សុំ​ឲ្យ​មាន​ការ​ចូលរួម​លើក​កម្ពស់​ស្ត្រី​តាមរយៈ​ការ​ផ្តល់​ឋានៈ តួនាទី​ក្នុង​វិស័យ​ការងារ​ក៏ដូចជា​សង្គម​គ្រួសារ​ហ្នឹង​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ខ្ពស់​។ បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ជាតិ និង អន្តរជាតិ​ដើម្បី​បង្កើន​នូវ​សមត្ថភាព​ស្ត្រី នៅ​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​នយោបាយ​ឲ្យ​បាន​ច្រើន​ផង​ដែរ​»​។

ងាក​ទៅ​អតីតភាព​ជា​យុវវ័យ យុវតី​ កង បូរាណ ជា​សិស្ស​អនុវិទ្យាល័យ​ចតុមុខ​និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​ហើយ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​បាក់ឌុប​នា​ឆ្នាំ​ ១៩៩៧​។

លោកស្រី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​គ្រប់គ្រង និង​ទេសចរណ៍​នា​ឆ្នាំ​ ២០០២ និង​បាន​សិក្សា​បន្ថែម​ផ្នែក​បដិសណ្ឋារកិច្ច​នៅ​ប្រទេស​ថៃ ហ្វីលីពីន និង​សាំងហ្គាពួ​ដល់​ឆ្នាំ​ ២០០៤ លោកស្រី​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផែ្នក​គ្រប់គ្រង និង​ទេសចរណ៍​។

អ្នក​នយោបាយ​ស្ត្រី​រូប​នេះ​ក៏​ធ្លាប់​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ផង​ដែរ​មុន​ក្លាយ​ជា​តំណាងរាស្ត្រ​ដែល​នៅ​ឆ្នាំ​ ២០០៣ លោកស្រី​ កង បូរាណ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។

ចាប់ពី​ឆ្នាំ​ ២០១៤ ដល់ ឆ្នាំ​ ២០១៧ លោកស្រី​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ហើយ​ក៏​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​តាម​មហាវិទ្យាល័យ​នានា​ផង​ដែរ​។

យុវតី កង បូរាណ ជា​កូនក្រមុំ​នៃ​អ្នក​ខេត្ត​កំពង់ចាម និង​ជា​កូន​ទី​ ២ ​ក្នុង​ចំណោម​បងប្អូន​ស្រី ២ ​នាក់​ក្នុង​គ្រួសារ​ដែល​មាន​ឪពុកម្តាយ​ជា​កសិករ និង​ជា​គ្រូបង្រៀន​។ ក្នុង​វ័យ​​ ៤១ ​ឆ្នាំ​លោកស្រី​ កង បូរាណ គឺជា​ឧត្តមភរិយា​ជា​ម្តាយ​ជា​ទីស្រឡាញ់ និង​កក់ក្តៅ​របស់​កូនស្រី​ ២ ​នាក់​ក្នុង​គ្រួសារ បន្ទាប់ពី​រៀប​អាពាហ៍​ពិពាហ៍​នា​ឆ្នាំ​ ២០០២៕