
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប. ផ្តល់បទសម្ភាសដល់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ២៨ ធ្នូ។ រូបថត រតនា
មួយរយៈពេលកន្លងទៅនេះកម្ពុជាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាមិនខ្វល់នឹងការដកខ្លួនឈប់ផ្តល់ជំនួយពីសំណាក់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកសម្រាប់ដំណើរការបោះឆ្នោតនោះឡើយ ខណៈដែលមហាមិត្តចិនបានហក់ចូលមកជំនួស និងជប៉ុននៅតែបន្តផ្តល់ជំនួយជារហូតមកនេះស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក៏បានប្រកាសដែរថាខ្លួននៅតែរក្សាជំហរឯករាជ្យក្នុងការអនុវត្តតួនាទីរបស់ខ្លួនដោយសារមានលទ្ធភាពគ្រប់គ្រាន់តាមរយៈជំនួយពីប្រទេសផ្សេងៗទោះបីសហភាពអឺរ៉ុបព្យួរជំនួយក៏ដោយ។
ដោយថ្លែងស្រដៀងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបនឹងការមិនទទួលស្គាល់ការបោះឆ្នោតនាពេលខាងមុខពីសំណាក់សហគមន៍អន្តរជាតិ នៅពេលដែលការបោះឆ្នោតមួយមិនមានគូប្រកួតទម្ងន់ប្រហាក់ប្រហែលគ្នាចូលរួមហើយដែលត្រូវបានគេចាត់ទុកថាការបោះឆ្នោតនោះមិនឯករាជ្យ និងយុត្តិធម៌លោក ឌឹម សុវណ្ណារុំ ក្នុងនាមអ្នកនាំពាក្យ គ.ជ.ប. ក៏បានបង្ហាញនូវជំហរមិនខ្វល់ចំពោះការមិនទទួលស្គាល់នោះដោយលោកនៅតែសង្កត់ធ្ងន់លើការបំពេញតួនាទីដោយផ្អែកលើនីតិវិធីរបស់ គ.ជ.ប. ដែលបានចែងហើយថាកម្ពុជាមានលទ្ធភាពរៀបចំការបោះឆ្នោតដោយខ្លួនឯងតាំងពីឆ្នាំ ១៩៩៨ មកហើយ ដូច្នេះមិនមានអ្វីដែលមិនអាចទៅរួចសម្រាប់ប្រទេសមួយនេះទេ។ កម្ពុជាធ្វើការមិនមែនសម្រាប់ផ្គាប់ចិត្តអ្នកណាឡើយពោលគឺកម្ពុជាធ្វើការដើម្បីខ្លួនឯង។
ទាក់ទងនឹងការព្យួរជំនួយពីសហគមន៍អឺរ៉ុបនេះក៏មិនបានធ្វើឲ្យមានឧបសគ្គរាំងស្ទះដល់ដំណើរការរបស់ គ.ជ.ប. ក្នុងការរៀបចំការបោះឆ្នោតដោយសារថា ក្រៅពីប្រទេសចិន ជប៉ុន ដែលបាននិងកំពុងជួយ គ.ជ.ប ក៏នៅមានប្រទេសមហាអំណាចរុស្ស៊ីរង់ចាំត្រៀមជួយដល់ដំណើរការបោះឆ្នោតនេះដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៨ ខែធ្នូអ្នកនាំពាក្យ គ.ជ.ប. លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា៖ «យើងត្រូវតែធានាឲ្យបាន [នូវទំនុកចិត្ត]។ អ្វីដែលយើងធ្លាប់បានធ្វើហើយកាលពីលទ្ធផល [បោះឆ្នោតឃុំសង្កាត់] ដែលយើងទទួលបានកាលពីថ្ងៃទី ៤ ខែមិថុនាហ្នឹងយើងនៅតែរក្សា ហើយនឹងខិតខំប្រឹងប្រែងធ្វើឲ្យបានកាន់តែប្រសើរថែមទៀត»។
លោក ឌឹម សុវណ្ណារុំ ថ្លែងថា៖ «មានពីណា គេមិនជួយ គ.ជ.ប. ដោយសាររឿងនយោបាយ ឬក៏ការដែលគេមិនជួយ គ.ជ.ប. នេះដោយសារ គ.ជ.ប. ធ្វើការងារខ្លួនមិនបានល្អ។ ២ ហ្នឹង ជា [សំណួរ?] ត្រូវពិចារណា។ ប៉ុន្តែនៅប្រទេសមហាអំណាចដទៃទៀត រុស្ស៊ី ជប៉ុន និងចិននៅតែបន្តជួយ។ មានន័យថា គ.ជ.ប. ធ្វើការរបស់គេវាមិនទៅអាក្រក់អីពេកឯណា ហើយអ្នកជំនាញនៅសហគមន៍អឺរ៉ុបគេក៏ទទួលស្គាល់ការងាររបស់ គ.ជ.ប. ដែរ»។
ទោះបីជាមានការរិះគន់ថា គជប ដែលមានសមាសភាពថ្មី ៣ រូបមកពីគណបក្សនយោបាយចម្រុះនឹងមិនអាចផ្តល់ភាពយុត្តិធម៌បានសម្រាប់ការបោះឆ្នោតជាតិនាឆ្នាំនេះដូចគ្នានឹងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាឆ្នាំមុនក៏ដោយ ប៉ុន្តែសមាជិកនៃស្ថាប័នកំពូលមួយនេះនៅតែអះអាងថាខ្លួននឹងឈរលើជំហរច្បាស់លាស់ដើម្បីផ្តល់ភាពយុត្តិធម៌លើលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនេះដែលអាចទទួលយកបានដូចការបោះឆ្នោតឃុំសង្កាត់អ៊ីចឹងដែរ។
លោក ឌឹម សុវណ្ណារុំ បន្ថែមថា៖ «អនុវត្តទៅតាមហ្នឹងទៅហើយយើងធានាថា ការបោះឆ្នោតនឹងទទួលបានជោគជ័យដូចដែលយើងធ្លាប់បានធ្វើ។ បើយើងធ្លាប់ធ្វើជោគជ័យរឿងអីយើងធ្វើបរាជ័យ វាគ្រាន់តែមានមនុស្ស ២-៣ នាក់ចេញទៅអ្នកថ្មីមកជំនួសគោលការណ៍នៅដដែលអ្នកដឹកនាំដដែលមនុស្សធ្វើកិច្ចការនៅដដែល អ្នកជំនាញនៅដដែល អ្នកច្បាប់នៅដដែល តើរឿងអីយើងធ្វើមិនកើត»។
ដើម្បីធានាពីការផ្តល់ទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតលោក ឌឹម សុវណ្ណារុំ ដែលអតីតក៏ជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមដែរនោះ បានបង្ហាញអំពីចក្ខុវិស័យ ៧ ចំណុចរបស់ គ.ជ.ប. ដែលលោកថា អាចផ្តល់នូវការជឿជាក់អំពីដំណើរការឆ្ពោះទៅមុខនៃនីតិវិធីរបស់ខ្លួនក្នុងការបំពេញតួនាទីជាអ្នករៀបចំការបោះឆ្នោតដោយរលូនដើម្បីធ្វើយ៉ាងណាគេចឲ្យផុតពីបញ្ហាចៀសវាងពេលបោះឆ្នោតហើយចេញលទ្ធផលស្រាប់តែមានក្រុមខ្លះឆ្លៀតឱកាសយកលទ្ធផលឆ្នោតទៅធ្វើអ្វីផ្សេងៗ។ ចក្ខុវិស័យ ៧ ចំណុចនោះរួមមាន ឯករាជភាព អព្យាក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈ និងភាពជាអ្នកបម្រើ សេវាដែលទាំង ៧ ចំណុចនេះគឺជាគោលការណ៍របស់ គ.ជ.ប.។
លោកថ្លែងថា៖ «ទាំងអស់គ្នានាំគ្នាធ្វើកិច្ចការហ្នឹង។ អា ៧ ចំណុចហ្នឹងហើយ ដែលជាត្រីវិស័យបានយកមកអនុវត្តកន្លងមកធ្វើឲ្យការបោះឆ្នោតឃុំសង្កាត់ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះទទួលបានជោគជ័យហើយយើងបន្តអនុវត្តគោលការណ៍របស់យើងបន្តអនុវត្តទស្សនវិស័យរបស់យើងដើម្បីធ្វើដំណើរទៅការបោះឆ្នោតព្រឹទ្ធសភាថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៨ ការបោះឆ្នោតជាតិថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨»។
ជុំវិញថា គ.ជ.ប. មិនឯករាជ្យហើយការបោះឆ្នោតនោះមិនស្របច្បាប់ទេដោយសារមិនមានគណបក្សសង្គ្រោះជាតិចូលរួមនោះលោក ឌឹម សុវណ្ណារុំ ហាក់ដូចជាមិនចាប់អារម្មណ៍នឹងការលើកឡើងនេះទេ។
លោកចង្អុលទៅចក្ខុវិស័យទាំង ៧ ចំណុចដែលបានរៀបរាប់ខាងលើដោយបង្ហាញថា គ.ជ.ប. មានឯករាជភាពរបស់ខ្លួនក្នុងការបំពេញតួនាទីជាអាជ្ញាកណ្តាលព្រោះថាស្ថាប័នកំពូលមួយនេះមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរៀបចំការបោះឆ្នោតឲ្យរលូនបាន បើទោះបីមិនមានសមាសភាពមកពីគណបក្សសង្គ្រោះជាតិចូលរួម ហើយសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដកខ្លួនឈប់ផ្តល់ជំនួយឲ្យក៏ដោយ។
លោកថ្លែងថា៖ «ម៉េចក៏បានធ្វើបុរេវិនិច្ឆ័យអ៊ីចឹង។ ម៉េចក៏បានវាយតម្លៃទៅលើស្ថាប័នជាតិដ៏កំពូលមួយយ៉ាងដូច្នេះ។ អាហ្នឹងមិនអាចវាយតម្លៃអ៊ីចឹងបានទេ។ រឿងប្រជាធិបតេយ្យមិនមែនប្រជាធិបតេយ្យនៅអឺរ៉ុបមកប្រជាធិបតេយ្យនៅកម្ពុជានៅប្រទេសដទៃយកមកប្រៀបធៀបគ្នាបានទេ។ ដូច្នេះកម្ពុជាមានផ្លូវរបស់ខ្លួន ដែលត្រូវដើរ មិនមែនដើរចាំបាច់គេញាក់ត្រូវធ្វើចេះ ត្រូវធ្វើចុះអត់ទេ»។
ភាពខុសគ្នារវាង គ.ជ.ប ចាស់ និងថ្មីនៅត្រង់ថាស្ថាប័នចាស់មានសមាសភាពមកពីគណបក្សនយោបាយចំនួន ២ គឺសមាជិក ៤ រូបមកពីគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯ ៤ រូបទៀតមកពីអតីតគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំរបស់លោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារ។ ដោយឡែកសមាជិក ១ រូបដែលត្រូវបានគេចាត់ទុកថាជាបុគ្គលអព្យាក្រឹត និងឯករាជ្យនោះត្រូវបានជ្រើសចេញពីសង្គមស៊ីវិល។
ប៉ុន្តែសម្រាប់ គ.ជ.ប. ថ្មីគឺមានសមាសភាពមកពីគណបក្សនយោបាយចំនួន ៣ បក្សក្រោយពីបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំមុនហើយសមាជិក ៣ រូបក្នុងចំណោម ៤ រូបមកពីបក្សនេះបានលាលែង។
ដើម្បីប៉ះប៉ូវនៅកន្លែងទំនេរពីការលាលែងស្ថាប័ននេះត្រូវបានបំពេញវិញដោយសមាជិកចំនួន ៣ រូបដែលត្រូវបានជ្រើសចេញពីគណបក្សនយោបាយចំនួន ២ ដែរក្នុងចំណោម ៣ ដើម្បីបង្គ្រប់នឹងសមាជិកមកពីគណបក្សកាន់អំណាចក្រោយពីគណបក្សចំនួន ៣ នេះទទួលបានចំណែកនៃអាសនៈរបស់គណបក្សប្រឆាំងដែលត្រូវបានរំលាយដោយតុលាការកំពូលនោះ។ ក្នុងនោះមានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សសញ្ជាតិកម្ពុជា។
ឆ្លើយនឹងសំនួរ ថាតើ គ.ជ.ប នឹងអនុវត្តតាមនីតិវិធីយ៉ាងម៉េចក្នុងនាមអាជ្ញាកណ្តាលសម្រាប់ការបោះឆ្នោតអាណត្តិបន្តទៀតនោះ ប្រសិនបើចេញលទ្ធផលក្រោយការបោះឆ្នោតមានការតវ៉ាដូចការបោះឆ្នោតអាណត្តិមុនៗទៀត។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា៖ «យើងមានបទពិសោធការងារដែលយើងទទួលបានជោគជ័យកន្លងមកហើយយើងត្រូវតែបន្តដើរនៅលើផ្លូវហ្នឹងទៀតហើយបើសិនជាយើងដើរនៅតាមផ្លូវហ្នឹងគឺមិនអាចនឹងជួបប្រទះបញ្ហាហ្នឹងទេ»។
លោកអះអាងថា៖ «ការដើរតាមផ្លូវតាមអី មិនមែនចេះតែនឹកឃើញដើរឯណា។ គេមានមាគ៌ា គេមានត្រីវិស័យ គេមានការចង្អុលបង្ហាញ»។
ស្ថិតក្នុងវ័យ ៤៨ ឆ្នាំលោក ឌឹម សុណ្ណារុំ បានឆ្លងកាត់ការងារច្រើនប្រភេទជាង ២០ ឆ្នាំកន្លងមកហើយមុនក្លាយជាអ្នកនាំពាក្យ គ.ជ.ប. កាលពីខែធ្នូឆ្នាំមុននេះ។
លោក សុវណ្ណារុំ ធ្លាប់ប្រឡូកក្នុងសមរភូមិស្លាបប៉ាកា ឬក៏ជាអ្នកកាសែតអាជីពតាំងពីឆ្នាំ ១៩៩៥ រហូតដល់ ២០០៩ និងធ្វើជាសាស្ត្រាចារ្យផ្នែកសារព័ត៌មានព្រមទាំងជាអ្នកផលិតកម្មវិធីផ្សេងៗក្នុងអាជីពជាអ្នកសារព័ត៌មានបម្រើការឲ្យស្ថាប័នទូរទស្សន៍ជាតិ មុនពេលក្លាយជាអ្នកនាំពាក្យ។
បើតាមលោក សុវណ្ណារុំ ការក្លាយជាអ្នកកាសែត និងជាអ្នកនាំពាក្យ វាអាចកើតឡើងដោយការប៉ងប្រាថ្នារបស់លោកផងសម្រាប់អាជីពជាអ្នកកាសែត និងក៏ជាចៃដន្យផងដែរសម្រាប់ការងារជាអ្នកនាំពាក្យព្រោះថាតាមរយៈវិជ្ជាជីវៈសារព័ត៌មាន និងចំណេះដឹងផ្នែកភាសាបារាំងបានរុញឲ្យលោកមកដល់ចំណុចមួយនេះ។
មុនហក់ចូលមកកាន់តួនាទីជាអ្នកនាំពាក្យ គ.ជ.ប. លោកក៏ធ្លាប់ធ្វើជាអ្នកនាំពាក្យឲ្យសាលាក្តីខ្មែរក្រហមជិត ៩ ឆ្នាំ និងធ្វើជាសាស្ត្រាចារ្យផ្នែកអ្នកនាំពាក្យផងដែរ។
ងាកទៅរកការសិក្សាលោក ឌឹម សុវណ្ណារុំ បានទៅសិក្សាផ្នែកសារព័ត៌មាននៅប្រទេសបារាំងនាឆ្នាំ ១៩៩៤ និងចុងក្រោយលោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកយុទ្ធសាស្ត្រ និងការទូតជាន់ខ្ពស់ពីទីក្រុងប៉ារីស ប្រទេសបារាំងនាឆ្នាំ ២០០៤-២០០៥។
បច្ចុប្បន្នលោកក៏កំពុងសិក្សាបន្តយកកម្រិតបណ្ឌិតផ្នែកនីតិ អន្តរជាតិសាធារណៈ។
ហ៊ី តេងសាន ជាឈ្មោះកុមារាម្នាក់ជាកូនទី ២ ក្នុងចំណោមបងប្អូន ៣ នាក់មានឪពុកឈ្មោះ ហ៊ី តុង ដែលជាអតីតចាងហ្វាងសាលាបឋមសិក្សាទូទាំងខេត្តកំពង់ធំកាលពីជំនាន់សង្គមរាស្ត្រនិយម និងធ្លាប់ឈរឈ្មោះជាអ្នកតំណាងរាស្ត្រផងដែរ និងម្តាយជាអាជីវករ។
ហ៊ី តេងសាន ជាកុមារកំព្រាឪពុកតាំងពីអាយុ ២ ឆ្នាំហើយក្រោយមកកុមារឈ្មោះ ហ៊ី តេងសាន បានប្រែក្លាយមកជាឈ្មោះ ឌឹម សុណ្ណារុំ ចាប់តាំងពីរបបខ្មែរក្រហមរហូតមកដល់សព្វថ្ងៃ។ លោក ឌឹម សុណ្ណារុំ មានគ្រួសារ និងកូន ៣ នាក់ក្នុងបន្ទុក៕