
លោក សាម អ៊ីន ពេលផ្តល់បទសម្ភាសន៍ជាមួយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៨ ខែមករា។ ផា លីណា
ពិតណាស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ចង់បានបក្សសង្គ្រោះជាតិមកចូលរួមក្នុងសង្វៀននយោបាយគ្រាន់បានជាគ្នា ដើម្បីបន្សាបឥទ្ធិពលគណបក្សកាន់អំណាចឲ្យចុះខ្សោយ។
បើទោះបីជាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូលក្នុងរបបដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលជាគូប្រជែងនយោបាយនេះក៏ដោយសម្រាប់ គ.ប.ម នៅតែឲ្យតម្លៃខ្ពស់ទៅលើគណបក្សសង្គ្រោះជាតិ។
គ.ប.ម ចាត់ទុកបក្សប្រឆាំងដ៏ធំមួយនេះមានតួនាទីសំខាន់នៅក្នុងឆាកនយោបាយនៅកម្ពុជាហើយចង់ឲ្យមានវត្តមានគណបក្សនេះចូលរួមប្រកួតប្រជែង។ ប៉ុន្តែបើបក្សសង្គ្រោះជាតិធ្វើពហិការក្នុងការបោះឆ្នោតខាងមុខ គ.ប.ម ត្រូវតែបន្ថែមល្បឿនសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ នេះដោយរៀបចំបេក្ខជនឲ្យបានគ្រប់ខេត្តក្រុងដើម្បីប្រកួតយកឈ្នះចាញ់ជាមួយគណបក្សកាន់អំណាច។
ជាងនេះទៀត គ.ប.ម ក៏លើកទឹកចិត្តឲ្យអតីតក្រុមការងាររបស់បក្សសង្គ្រោះជាតិទៅចូលរួមបោះឆ្នោតហើយក៏លើកទឹកចិត្តពួកគាត់អំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតដើម្បីទប់សំឡេងរបស់គណបក្សកាន់អំណាចមិនឲ្យកើនឡើងបាន។
អ្នកនាំពាក្យ គ.ប.ម បណ្ឌិត សាម អ៊ីន ថ្លែងថា៖ «យើងគិតថាបើសិនជាអតីតក្រុមការងារគណបក្សសង្គ្រោះជាតិហ្នឹងចូលរួមបោះឆ្នោតអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត យើងគិតថាជារឿងមួយល្អ គឺយើងបំបែកសំឡេង ៥០%+១ របស់គណបក្សប្រជាជនតាមរយៈដែលប្រជាពលរដ្ឋគាត់នៅស្រឡាញ់គាំទ្រអតីតក្រុមការងារសង្គ្រោះជាតិ គាត់បោះឆ្នោត [គាំទ្រទៅ]»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតទៅលើ គ.ប.ម នៅត្រង់ថាគណបក្សនេះប្រកាន់ជំហរមិនតបតនឹងការមួលបង្កាច់ ឬលាបពណ៌មកលើខ្លួនពីសំណាក់គូប្រជែងនយោបាយហើយប្រសិនបើមានវាសនាល្អឈ្នះឆ្នោតដឹកនាំប្រទេស គបម នឹងសុខចិត្តជ្រើសយកគណបក្សកាន់អំណាចមកធ្វើរដ្ឋាភិបាលចម្រុះជាមួយគ្នា ប៉ុន្តែដឹកនាំដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ហេតុផលដែល គបម សុខចិត្តធ្វើរដ្ឋាភិបាលចម្រុះជាមួយបក្សកាន់អំណាចដោយសារថា គ.ប.ម ចង់បង្កើតឲ្យមានទំនុកចិត្តទៅវិញទៅមកហើយម្យ៉ាងទៀតខ្លួនក៏សម្លឹងឃើញបក្សកាន់អំណាចមានធនធានមនុស្សល្អៗមួយចំនួនដែលអាចធ្វើការជាមួយគ្នាបានប្រសើរ។
លោកបណ្ឌិត សាម អ៊ីន ថ្លែងថា៖ «បើសិនជាគាត់ (បក្សកាន់អំណាច) សម្រេចចិត្តមិនចង់ចូលរួមក្នុងរដ្ឋាភិបាលទេ គាត់ចង់ដើរតួនាទីជាគណបក្សប្រឆាំងក៏ជារឿងមួយល្អដែរ ហើយយើងអាចព្យាយាមស្វែងរកអ្នកមានសមត្ថភាពបន្ថែមទៀតដើម្បីមកដើរតួនាទីដឹកនាំរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន»។
ជាមួយនឹងក្តីរំពឹងពីការទទួលបានជ័យជម្នះលើគណបក្សកាន់អំណាច គ.ប.ម ក៏នឹងត្រៀមខ្លួនចុះមូលដ្ឋានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលចង់បានការផ្លាស់ប្តូរដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់បក្សដែលត្រៀមយកមកអនុវត្តនៅពេលឈ្នះឆ្នោត និងអប់រំប្រជាពលរដ្ឋឲ្យបានដឹងពីហានិភ័យដែលអាចកើតឡើង ខណៈពេលដែលខ្លួនកំពុងចង់បានការផ្លាស់ប្តូរហើយបែរជាមិនទៅបោះឆ្នោត។

លោកបណ្ឌិត សាម អ៊ីន (ឆ្វេង) និងក្រុមការងាររបស់លោក។ រូបថត ហ្វេសប៊ុក
លោកថ្លែងថា៖ «[យើង] ធានាថាធ្វើម៉េចឲ្យមានតំណាងរាស្ត្រមួយល្អដែលបោះឆ្នោតដោយតំណាងប្រជាពលរដ្ឋ ហើយគាត់មិនមែនខ្លាចមេបក្សទេ គាត់ត្រូវខ្លាចប្រជាពលរដ្ឋ គាត់ត្រូវតែបម្រើប្រជាពលរដ្ឋ ហើយតំណាងរាស្ត្រហ្នឹងនឹងធានាថារដ្ឋាភិបាលមួយគឺជារដ្ឋាភិបាលដែលមានការទទួលខុសត្រូវជាមួយប្រជាពលរដ្ឋរបស់ខ្លួន។ អ៊ីចឹងយើងមានតំណាងរាស្ត្រល្អ តំណាងរាស្ត្រហ្នឹងនឹងត្រួតពិនិត្យធ្វើម៉េចឲ្យរដ្ឋាភិបាលហ្នឹងអាចធ្វើការដឹកនាំគ្រប់គ្រងផ្តល់សេវាជូនប្រជាពលរដ្ឋល្អគឺត្រូវតែរើសមន្ត្រីដែលល្អៗមកធ្វើការហើយយើងក៏លើកទឹកចិត្តឲ្យប្រជាពលរដ្ឋសកម្មចូលរួមដើម្បីតាមដានមើលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋានហ្នឹងពិតជាធ្វើតាមសន្យារបស់គាត់អត់?»។
ក្រោយអវត្តមានបក្សសង្គ្រោះជាតិលោក សាម អ៊ីន បង្ហាញក្តីរំពឹងថា គបម នឹងក្លាយជាបក្សប្រឆាំងដ៏ធំនៅកម្ពុជាស័ក្តិសមជាគូប្រជែងនយោបាយជាមួយនឹងគណបក្សកាន់អំណាច ប្រសិនបើគណបក្សសង្គ្រោះជាតិមិនធ្វើសកម្មភាពឲ្យបានគ្រប់គ្រាន់។ ពេលនោះហើយដែល គបម មានឱកាសប្រើប្រាស់គោលនយោបាយថ្មីនេះដើម្បីឈានទៅដឹកនាំប្រទេស។ ទោះយ៉ាងណា គបម លើកទឹកចិត្តឲ្យមានការរីកលូតលាស់នៃគណបក្សនយោបាយផ្សេងៗទៀត ដើម្បីឲ្យមានពហុបក្ស ពហុគំនិត និងធ្វើការជាមួយគ្នាចៀសវាងមានតែ ២ បក្សដែលប្រកួតគ្នាយកឈ្នះចាញ់ស្លាប់រស់រៀងខ្លួនបែបនេះគឺវាមិនល្អ។
លោកថ្លែងថា៖ «តាមពិតទិសដៅធំរបស់យើងចង់ក្លាយជាគណបក្សមួយដឹកនាំប្រទេស ប៉ុន្តែយើងទទួលស្គាល់ថាដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យហ្នឹងរីកលូតលាស់ល្អមានភាពរស់រវើក យើងគួរតែមានមុំនយោបាយយ៉ាងតិចឲ្យបាន ៣។ ប៉ុន្តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យើងចង់ក្លាយជាគណបក្សមួយដែលនាំមុខសម្រាប់ដឹកនាំការជជែកដឹកនាំរដ្ឋាភិបាល»។
ទោះយ៉ាងណាសម្រាប់ការបោះឆ្នោតជាតិថ្ងៃទី ២៩ កក្កដា ២០១៨ នេះបើតាមលោក សាម អ៊ីន គបម គ្រាន់តែចង់បានឲ្យមានមុំនយោបាយ ៣ សម្រាប់ការប្រកួតតាមបែបប្រជាធិបតេយ្យគឺបក្សប្រជាជនកម្ពុជាបក្សសង្គ្រោះជាតិ និង គបម ដើម្បីកាត់បន្ថយសំឡេងកើនឡើងរបស់បក្សកាន់អំណាចហើយជាការបោះជំហានឆ្ពោះទៅរកការពង្រីកខ្លួនឯងឲ្យរីកធំធាត់មានសម្ទុះគាំទ្រខ្លាំងចាប់ពីការបោះឆ្នោតនាឆ្នាំនេះទៅ។ ឯក្តីរំពឹងទៅលើជ័យជម្នះធំធេងដែលអាចដឹកនាំប្រទេសក្រោយការបោះឆ្នោតនេះទៅ គបម មិនទាន់មានឱកាសគ្រប់គ្រាន់ឈានទៅរកប៉ូលនៃការដឹកនាំប្រទេសនោះទេ ប៉ុន្តែ គបម កំពុងសម្លឹងទៅរកការគ្រប់គ្រងប្រទេសអាណត្តិក្រោយ។
លោកបានបង្ហាញក្តីរំពឹងថា៖ «យើងសម្លឹងឃើញថាឆ្នាំ ២០២៣ អាចជាពេលវេលាមួយសមស្របដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានអាចរីកលូតលាស់ទៅដល់កម្រិតមួយដែលយើងអាចមានសមត្ថភាពគ្រប់គ្រាន់ឈានទៅដឹកនាំរដ្ឋាភិបាល។ ស្ថានការណ៍ ២០១៨ យើងគិតថាប្រសិនបើមានការចូលរួមពីអតីតក្រុមការងារគណបក្សសង្គ្រោះជាតិ យើងនឹងអាចសម្រេចទៅ នឹងមុំនយោបាយ ៣ ហើយកុំឲ្យគណបក្សប្រជាជនហ្នឹងមានសំឡេងលើសពី ៥០%+១»។
ទោះជាយ៉ាងណាលោកបញ្ជាក់ថា៖ «បើប្រជាពលរដ្ឋភាគច្រើនគាត់នៅតែចង់បានការផ្លាស់ប្តូរគាត់ទៅបោះឆ្នោត យើងគិតថាគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅមានលទ្ធភាពអាចយកឈ្នះគណបក្សប្រជាជនបាន»។
រដ្ឋាភិបាលដឹកនាំដោយ គ.ប.ម មិនឲ្យបង្កើតរចនាសម្ព័ន្ធបក្សនយោបាយនៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈដូចជានគរបាល ទាហាន និងមន្ត្រីរាជការ។
គ.ប.ម ហ៊ានធានាថាកងកម្លាំងប្រដាប់អាវុធត្រូវតែស្ថិតនៅជាកម្លាំងអព្យាក្រឹត មិនមែនជារបស់បក្សនយោបាយ ប៉ុន្តែជាកងកម្លាំងរបស់ជាតិហើយធ្វើការជាមួយគណបក្សណាដែលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។
ងាកទៅប្រព័ន្ធយុត្តិធម៌វិញ គបម ក៏បានប្រកាសកែទម្រង់ប្រព័ន្ធតុលាការឲ្យបានស៊ីជម្រៅដែលជាកត្តាសំខាន់ដើម្បីកសាងប្រទេសឲ្យរីកចម្រើនរុងរឿង និងធានាឲ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខដុមរមនាព្រោះដំណើរការនៃការអភិវឌ្ឍប្រទេសឆ្ពោះទៅរកភាពជឿនលឿន និងសុខសាន្តសម្រាប់ប្រជាពលរដ្ឋបានលុះត្រាតែកសាងប្រព័ន្ធយុត្តិធម៌មួយឲ្យមានការជឿជាក់។
ដូច្នេះប្រព័ន្ធយុត្តិធម៌មិនត្រូវដាក់ឲ្យនៅស្ថិតក្រោមឥទ្ធិពលគណបក្សនយោបាយ ឬអ្នកនយោបាយហើយការសម្រេចណាមួយត្រូវផ្អែកលើច្បាប់ដែលបានចែង។
លោកបណ្ឌិត សាម អ៊ីន បានបញ្ជាក់ថា៖ «យើងគិតថាយកល្អឧត្តមសេនីយ៍ធំៗមិនគួរក្លាយជាសមាជិករបស់គណបក្សនយោបាយណាទេ។ យើងគិតថាការតែងតាំងរបស់គាត់ចាប់ពីឧត្តមសេនីយ៍ផ្កាយ ២ ផ្កាយ ៣ ផ្កាយ ៤ ទៅហ្នឹងវាគួរតែមានឆ្លងកាត់ការយល់ព្រមពីរដ្ឋសភា ដើម្បីធានាពីតម្លៃរបស់គាត់ផង ហើយធានាកុំឲ្យគាត់ស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកនយោបាយ»។
លោក សាម អ៊ីន បន្ថែមថា៖ «យើងគិតថាចៅក្រមនៅតុលាការកំពូល សាលាឧទ្ធរណ៍។ គាត់មិនគួរជាសមាជិកនៃគណបក្សនយោបាយទេ។ គាត់អាចគ្រាន់តែជាអ្នកគាំទ្រធម្មតា»។
ក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ ២០១៧ គបម ដែលទើបបានចូលរួមក្នុងការបោះឆ្នោតលើកដំបូងក្រោយពីបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃជាង ១ ឆ្នាំ គ.ប.ម មិនបានឈ្នះអាសនៈមេឃុំចៅសង្កាត់នោះទេ ប៉ុន្តែគណបក្សនេះបានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥ អាសនៈ។
ងាកទៅរកប្រវត្តិសង្ខេបរបស់អ្នកនាំពាក្យរូបនេះលោកបណ្ឌិត សាម អ៊ីន ដែលមានវ័យ ៤៦ ឆ្នាំមុនហក់ចូលក្នុងឆាកនយោបាយលោកគឺជាអតីតនាយកប្រតិបត្តិនៃអង្គការជីវិតថ្លៃថ្នូរដ៏ធំមួយដែលបានបំលែងខ្លួនមកពីអង្គការអន្តរជាតិដោយធ្វើការជួយប្រជាពលរដ្ឋខ្មែរផ្នែកមនុស្សធម៌។ បើតាមលោកបណ្ឌិត បន្ទាប់ពីបានបម្រើការក្នុងសង្គមស៊ីវិលអស់រយៈពេលជាង ១០ ឆ្នាំ ដោយសារចង់ធ្វើអ្វីដែលថ្មីសម្រាប់សង្គមខ្មែរលោកបានសម្រេចចិត្តងាកទៅរកសង្វៀននយោបាយបើទោះបីដឹងថាជីវិតអ្នកនយោបាយស្រុកខ្មែរមានវាសនាមិនសូវល្អក៏ដោយ។
ម្យ៉ាងទៀតការធ្វើនយោបាយរបស់លោកដោយសារតែចង់កែឥរិយាបថអ្នកនយោបាយសម្រាប់ជាគំរូដល់កូនខ្មែរជំនាន់ក្រោយឲ្យយល់ពីនយោបាយ។
លោកថ្លែងថា៖ «យើងគិតថាការងារអង្គការយើងអត់អាចមានឥទ្ធិពលឈានទៅកែទម្រង់ប្រព័ន្ធអភិបាលកិច្ចកម្រិតជាតិបានទេ។ អ៊ីចឹងខ្ញុំគិតថាខ្ញុំចង់ធ្វើអ្វីមួយថ្មីដែលវាមានឥទ្ធិពលធំជាងកិច្ចការដែលខ្ញុំបម្រើការងារនៅអង្គការអ៊ីចឹងខ្ញុំក៏សម្រេចចិត្តចង់ចូលរួមក្នុងវិស័យនយោបាយ ដើម្បីបង្កើតឥទ្ធិពលជួយកែទម្រង់ផ្នែកអភិបាលកិច្ចល្អ»។
លោកបណ្ឌិត សាម អ៊ីន បានបញ្ជាក់ថា៖ «អ្នកនយោបាយជើងចាស់យើង គាត់ធ្វើនយោបាយចូលចិត្តសម្លុត គំរាម លាបពណ៌គ្នា។ យើងគួរធ្វើអ្វីមួយថ្មី ដើម្បីផ្លាស់ប្តូរផ្នត់គំនិតយុវជនយើងឲ្យដឹងថាការធ្វើនយោបាយគួរជារឿងធម្មតាមិនគួរជារឿងភ័យខ្លាច។ អ្នកមានចំណាប់អារម្មណ៍ហើយមានសមត្ថភាពគួរចូលរួមប្រកួតប្រជែងគ្នាក្នុងវិស័យនយោបាយដើម្បីឈានទៅដឹកនាំប្រទេសព្រោះកាលណាមានមនុស្សល្អជាច្រើនមានសមត្ថភាពចូលរួមប្រកួតប្រជែងគ្នាប្រាកដណាស់ប្រទេសកម្ពុជានឹងមានអ្នកដឹកនាំល្អ។ បើយើងនាំគ្នាខ្លាចគេចពីនយោបាយយើងទុកទីតាំងសំខាន់ហ្នឹងឲ្យទៅមនុស្សខូចដឹកនាំយើង ហើយកាលណាមនុស្សខូចដឹកនាំយើង យើងដឹងហើយជាតិយើងនឹងអាចវិវឌ្ឍទៅយ៉ាងណា?។
លោកបណ្ឌិត សាម អ៊ីន បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកនយោបាយព្រៃឈើមកពីប្រទេសអាល្លឺម៉ង់នាឆ្នាំ ២០០២។ សម្រាប់ការសិក្សាក្នុងស្រុកខ្មែរ យុវជន សាម អ៊ីន ជាអតីតសិស្សសាលាសន្ធរម៉ុកពីឆ្នាំ ១៩៨០-១៩៨៦។
ក្រោយជាប់ជាសិស្សពូកែផ្នែកគណិតវិទ្យាទូទាំងរាជធានី យុវជន សាម អ៊ីន ត្រូវបានប្តូរមកសិក្សានៅសាលាបាក់ទូកនាឆ្នាំ ១៩៨៧ ហើយក៏បានជាប់ជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសទៀតនាឆ្នាំ ១៩៨៩។
លទ្ធផលដ៏ល្អសម្រាប់ការសិក្សាបែបនេះបានជ្រោងឲ្យយុវជនរូបនេះមានឱកាសទៅបន្តការសិក្សានៅអាល្លឺម៉ង់នាឆ្នាំ ១៩៩០ ដល់ ១៩៩៧ ដោយបានទទួលសញ្ញាបត្រមួយផ្នែកវិទ្យាសាស្ត្រព្រៃឈើដែលមានកម្រិតស្មើអនុបណ្ឌិត ហើយក៏ត្រឡប់មកបម្រើការនៅអង្គការអន្តរជាតិមួយនៅស្រុកខ្មែរ។
មកដល់ឆ្នាំ ១៩៩៩ លោក សាម អ៊ីន បានវិលត្រឡប់ទៅប្រទេសអាល្លឺម៉ង់ម្តងទៀតដើម្បីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនាឆ្នាំ ២០០២ ផ្នែកនយោបាយព្រៃឈើ។
លោកបណ្ឌិត សាម អ៊ីន មានដើមកំណើតនៅស្រុកពារាំង ខេត្តព្រៃវែងក្នុងគ្រួសារមួយដែលមានឪពុកម្តាយជាអាជីវករថ្នាក់មធ្យម។ ការហក់ចូលក្នុងឆាកនយោបាយនេះធ្វើឲ្យម្តាយរបស់លោកមិនសូវសប្បាយចិត្តនោះទេដោយព្រួយបារម្ភពីសុវត្ថិភាពរបស់កូន។ បច្ចុប្បន្នអ្នកនយោបាយដែលចេញមកពីប្រភពសង្គមស៊ីវិលរូបនេះមានគ្រួសារ និងកូនស្រី ២ នាក់ក្នុងបន្ទុក៕