
លោក សាម អ៊ីន អ្នកនាំពាក្យ គបម ផ្តល់កិច្ចសម្ភាសន៍ដល់ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ៨ មករា។ ផា លីណា
ជាមួយនឹងគោលនយោបាយថ្មីមានឈ្មោះថា «ស ៥» សម្រាប់ដាក់ចូលរួមប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយអាចឈ្នះនាំមកនូវការផ្លាស់ប្តូរបាន គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលបង្កើតឡើងដោយបណ្តុំបញ្ញវន្តល្បីៗ មកពីស្ថាប័នសង្គមស៊ីវិលបានបង្ហាញនូវមូលដ្ឋានគ្រឹះដ៏សំខាន់មួយដែលអាចរុញគណបក្សនេះទៅរកជ័យជម្នះបានតាមរយៈការបោះឆ្នោតនាឆ្នាំ ២០១៨ នេះ នោះគឺលុះត្រាតែប្រជាពលរដ្ឋដែលចង់មានការផ្លាស់ប្តូរត្រូវទៅចូលរួមបោះឆ្នោតឲ្យបានច្រើន បើមិនដូច្នេះទេបក្សកាន់អំណាចនៅតែអាចគ្រប់គ្រងខ្សែក្រវាត់បន្តនិរន្តរភាពអំណាចរបស់ខ្លួនបានដដែល។
នៅពេលបាត់វត្តមានគណបក្សសង្គ្រោះជាតិចេញពីប្រទេសដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជារបស់លោក កឹម សុខា ដែលកំពុងជាប់ឃុំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដឹកនាំដោយលោក យ៉េង វីរៈ លោកបណ្ឌិត យ៉ង សាំងកុមារ លោកបណ្ឌិត សាម អ៊ីន ...ដែលជាបណ្តុំបញ្ញវន្ត និងជាអតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលហាក់ដូចជាបានហក់មកដណ្តើម ចំណាត់ថ្នាក់ជាបក្សប្រឆាំងធំទី ១ វិញក្រោយបក្សសង្គ្រោះជាតិដែលមានទម្ងន់ប្រហាក់ប្រហែលគ្នានឹងបក្សកាន់អំណាចសម្រាប់ការប្រកួតបោះឆ្នោតជាតិត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដែលគ្រោងធ្វើឡើងនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
ទោះបីជា គបម រំពឹងថាខ្លួនអាចដណ្តើមយកចំណាត់ថ្នាក់របស់បក្សសង្គ្រោះជាតិដើម្បីក្លាយជាគូប្រជែងនឹងបក្សកាន់អំណាចក៏ដោយ ប៉ុន្តែគណបក្សដែលទើបតែមានអាយុជាង ១ ឆ្នាំនេះមិនចង់ឲ្យបាត់វត្តមានបក្សសង្គ្រោះជាតិនោះទេដោយគណបក្សវ័យក្មេងនេះចាត់ទុកវត្តមានរបស់គណបក្សសង្គ្រោះជាតិនៅក្នុងសង្វៀននយោបាយគឺជាការបង្គ្រប់ឲ្យមានមុំ ៣ ទល់នឹងបក្សកាន់អំណាច និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលស័ក្តិសមជាងគណបក្សនយោបាយឯទៀតៗដើម្បីប្រកួតគ្នាតាមបែបប្រជាធិបតេយ្យ និងរកដំណោះស្រាយរួមគ្នាក្នុងការអភិវឌ្ឍជាតិ។
តាមរយៈកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី ៨ មករា នៅឯទីស្នាក់ការធំរបស់គណបក្សនេះក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានទីធ្លាធំហ៊ុមព័ទ្ធដោយច្បារដំណាំ និងដើមឈើតូចធំតាមបរិយាកាសនៃធម្មជាតិលោកបណ្ឌិត សាម អ៊ីន អ្នកនាំពាក្យ គបម បានបង្ហាញនូវគោលនយោបាយដែលមានឈ្មោះថា «ស៥» ដើម្បីត្រៀមឃោសនារកសំឡេងគាំទ្រចូលរួមបោះឆ្នោតជាតិខាងមុខនេះ។ គោលនយោបាយ «ស៥» នោះគឺ ១ សេដ្ឋកិច្ច ២ សុខាភិបាល ៣ សិក្សាធិការ ៤ សង្គមកិច្ច និង ៥ សេវាសាធារណៈល្អ។
លោក សាម អ៊ីន ថ្លែងថា៖ «សេណារីយោដែលមិនល្អដែលអាក្រក់បំផុតនោះ គឺនៅពេលដែលប្រជាពលរដ្ឋដែលចង់បានការផ្លាស់ប្តូរ គាត់អត់ទៅបោះឆ្នោត អ៊ីចឹងពេលហ្នឹងគឺយើងនឹងបណ្តែតបណ្តោយឲ្យជោគវាសនាប្រទេសជាតិរបស់យើង ជោគវាសនាខ្លួនយើង ជោគវាសនាក្រុមគ្រួសារយើងគឺឲ្យទៅលើប្រជាពលរដ្ឋដែលគាត់ទៅបោះឆ្នោត ហើយភាគច្រើនប្រជាពលរដ្ឋដែលទៅបោះឆ្នោតហ្នឹង ភាគច្រើនគាត់គាំទ្រគណបក្សប្រជាជន»។
លោកបន្ថែមថា៖ «ហើយបើយើងអ្នកចង់បានការផ្លាស់ប្តូរយើងមិនទៅបោះឆ្នោតគឺជាហានិភ័យមួយខ្ពស់ណាស់ដែលយើងបណ្តោយឲ្យគណបក្សប្រជាជនទទួលបានសំឡេងឆ្នោតនៅក្នុងរដ្ឋសភាហ្នឹងលើសពី ២ ភាគ ៣ ដែលគាត់អាចឈានទៅកែរដ្ឋធម្មនុញ្ញស្រេចតែចិត្តបានតាមរយៈសំឡេងឯកបក្ស»។
បើតាមលោក សាម អ៊ីន សេណារីយោ ដែល គបម ចង់បានដើម្បីប្រយុទ្ធនឹងគណបក្សកាន់អំណាច និងទប់ស្កាត់គណបក្សនេះមិនឲ្យបានសំឡេង ៥០ ភាគរយបូកនឹង ១ ដើម្បីបង្កើតច្បាប់គាបសង្កត់អង្គការសង្គមស៊ីវិល និងរំលាយគណបក្សនយោបាយបានងាយស្រួលនោះគឺថាត្រូវធ្វើយ៉ាងណាចលនាឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានច្រើន។
បើកាលណាប្រជាពលរដ្ឋទៅបោះឆ្នោតច្រើនគឺសំឡេងប្រឆាំងនឹងគណបក្សប្រជាជនក៏មានច្រើនដែរ ដូច្នេះហើយវាជារនាំងរាំងខ្ទប់មិនឲ្យបក្សកាន់អំណាចកើនសំឡេង ៥០%+១ ដើម្បីធ្វើអ្វីស្រេចតែចិត្តបានឡើយ។
លោក សាម អ៊ីន ថ្លែងថា៖ «សេណារីយោ ដែលល្អបំផុតគឺយើងយកឈ្នះគណបក្សប្រជាជនតែម្តង។ អ៊ីចឹងយើងគិតថាវាអាស្រ័យទៅនឹងការចូលរួម និងការយល់ដឹងរបស់ប្រជាពលរដ្ឋ។ យើងនឹងធ្វើយុទ្ធនាការមួយដើម្បីជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋហើយនឹងឲ្យប្រជាពលរដ្ឋដែលចង់បានការផ្លាស់ប្តូរហ្នឹងគឺគាត់ត្រូវតែសម្រេចចិត្តទៅបោះឆ្នោតចៀសវាងគាត់សម្រេចចិត្តខឹងហើយគាត់មិនទៅបោះឆ្នោត យើងគិតថាគាត់នឹងធ្វើកំហុសមួយហើយគឺគាត់ប្រគល់សិទ្ធិអំណាចធំទៅឲ្យគណបក្សប្រជាជនដែលអាចបានសំឡេងលើសពី ២ ភាគ ៣ ដែលគ្រោះថ្នាក់សម្រាប់ប្រទេសកម្ពុជារបស់យើង»។
ក្នុងវិស័យនៃគោលនយោបាយទាំង ៥ របស់ គបម បើប្រៀបធៀបនឹងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិគឺមានចំណុចប្រហាក់ប្រហែលគ្នាច្រើនក្នុងទិសដៅឆ្ពោះទៅរកការអភិវឌ្ឍជាតិតាមរយៈគោលនយោបាយនេះ។
ប៉ុន្តែនៅក្នុងចំណុច «ស៤» របស់ គបម គឺមានលក្ខណៈខុសគ្នាបន្តិចពីគណបក្សសង្គ្រោះជាតិនៅត្រង់ថា គបម មានលទ្ធភាពផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅគឺ គបម ផ្តល់ជូននូវទឹកប្រាក់ចំនួន ១៥ ម៉ឺនរៀលក្នុង ១ ខែ និងស្ត្រីសម្រាលកូននឹងទទួលបាននូវទឹកប្រាក់ ៥០ ម៉ឺនរៀលពីរដ្ឋាភិបាល។ ឯគណបក្សសង្គ្រោះជាតិមានលទ្ធភាពផ្តល់ជូនចាស់ជរានូវទឹកប្រាក់ត្រឹម ៤ ម៉ឺនរៀលប៉ុណ្ណោះក្នុង ១ ខែ។
លោក សាម អ៊ីន ថ្លែងថា៖ «យើងមានគោលនយោបាយថានឹងបញ្ជូនអ្នកជំនាញកសិកម្ម ៥ ពាន់នាក់ទៅធ្វើការជួយកសិករផ្នែកទឹក ផ្នែកទុនទីផ្សារ ដើម្បីឲ្យកសិករអាចដាំដំណាំដែលយល់ដឹងពីបច្ចេកទេសកសិកម្ម ហើយគាត់យល់ដឹងពីទីផ្សារ។ អ៊ីចឹងកសិករយើងនឹងក្លាយជាកសិករមានសមត្ថភាពប្រកួតប្រជែងជាមួយនឹងកសិករប្រទេសជិតខាងដូចជាប្រទេសថៃប្រទេសវៀតណាម»។
ដោយមើលឃើញបច្ចុប្បន្នបន្លែត្រូវបាននាំចូលពីប្រទេសជិតខាងមិនមែនជាបន្លែមានលក្ខណៈធម្មជាតិនោះតាមអ្នកនាំពាក្យគណបក្សនេះគឺវាអាចកើតឡើងដោយសារកសិករខ្មែរមិនមានសមត្ថភាព ឬជំនាញកសិកម្មដាំដុះគ្រប់គ្រាន់ ដូច្នេះរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលមានថ្នាក់ដឹកនាំជាអ្នកជំនាញកសិកម្មផងដែរនោះគឺលោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋាភិបាលនឹងបញ្ជូនគ្រូជំនាញកសិកម្ម ៥ ពាន់នាក់ឲ្យទៅជួយកសិករផ្នែកដាំដុះ។
បើតាមលោក សាម អ៊ីន វិស័យសុខាភិបាល និងសិក្សាធិការគឺរដ្ឋាភិបាលដឹកនាំដោយ គបម នឹងពង្រឹងគុណភាព និងសេវាឲ្យបានល្អ និងស្មើភាពគ្នាសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសដើម្បីទទួលបានសេវាថែទាំសុខភាព ដោយបង្កើតប្រព័ន្ធធានារ៉ាប់រងទូទៅហើយតម្រូវឲ្យប្រជាពលរដ្ឋបង់ថ្លៃតែ ៥០០ រៀលប៉ុណ្ណោះក្នុង ១ ខែដើម្បីបានទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលមានគុណភាពខ្ពស់។
ដោយឡែក វិស័យសិក្សាធិការ រដ្ឋាភិបាលរបស់ គបម នឹងរៀបចំឲ្យមានកម្ចីសម្រាប់យុវជនដែលមានសមត្ថភាពរៀន ប៉ុន្តែមិនមានលទ្ធភាពបន្តការសិក្សាទៀតដោយបានអនុញ្ញាតឲ្យពួកគេខ្ចីក្នុង ១ ឆ្នាំ ៥ លានរៀលដើម្បីឲ្យពួកគេអាចបន្តការសិក្សាបានខ្ពស់ និងជំនាញវិជ្ជាជីវៈផ្សេងៗតាមសមត្ថភាពរបស់ពួកគេ។
លោក សាម អ៊ីន បញ្ជាក់ថា៖ «អ៊ីចឹងយើងគិតថាដើម្បីរុញឲ្យប្រទេសកម្ពុជាហ្នឹងមានការរីកលូតលាស់ខ្លាំងគឺយើងត្រូវយកចិត្តទុកដាក់រឿងការអភិវឌ្ឍធនធានមនុស្ស ហើយយើងត្រូវធ្វើម៉េចសម្រួលបរិយាកាសនៃការលូតលាស់សេដ្ឋកិច្ចជាតិឲ្យបានខ្លាំង ហើយតួនាទីសំខាន់របស់រដ្ឋាភិបាលរបស់មន្ត្រីរាជការធ្វើម៉េចធានាឲ្យមានការជួយរុញឲ្យមានការលូតលាស់សេដ្ឋកិច្ចជាតិជាជាងការជួយបន្ទុចបង្អាក់»។
ការបន្ទុចបង្អាក់គឺលោកសំដៅទៅលើការរៀបចំប្រព័ន្ធរដ្ឋបាលមួយដោយប្រព្រឹត្តអំពើពុករលួយសុំលុយក្រៅផ្លូវការមានច្រើនកន្លែងនៅពេលមានការសុំច្បាប់បង្កើតក្រុមហ៊ុនអ្វីមួយ៕
សូមរង់ចាំអានភាគបន្តសប្តាហ៍ក្រោយ