លោក សុខ សុគន្ធ ហៅ ជែម សុខ ដែលបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក ហើយតែងតែធ្វើការជជែកផ្សាយបន្តផ្ទាល់នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានការរិះគន់ផងនិងគាំទ្រលោកផងនោះបានណែនាំខ្លួនលោកទៅតាមការសាកសួររបស់ភ្នំពេញប៉ុស្តិ៍ និងបានប្រាប់ពីអ្វីដែលលោកបានធ្វើនិងកំពុងធ្វើដែលមានខ្លឹមសារដូចខាងក្រោម៖
១-ជាដំបូងសូមលោកណែនាំខ្លួនដោយខ្លី។
ខ្ញុំ កើតនៅខេត្តកណ្ដាល ពេលធំបានចូលរៀននៅបាត់ដំបង។ បានសិក្សាជំនាញខាងវិជ្ជាគណិតូបកម្មទាំងកម្មវិធីនិងគ្រឿងប្រដាប់កុំព្យូទ័រ។ ពិសោធលើវិស័យ data processing, programing, networking, and admin ចំនួនជាង ២៥ ឆ្នាំ។ បន្ទាប់មកសិក្សាខាងវិជ្ជាចាត់ការលក់រាយ និងចាត់ការខាងផលិតផលប៉េត្រូល។ ពិសោធច្រើនយ៉ាងលើកិច្ចការអភិបាលលើធនធានមនុស្សនិងចាត់ការជំនួញ។ ចំណូលចិត្តលើ ប្រវត្តិសាស្ដ្រ សិក្សាស្រាវជ្រាវច្រើនឆ្នាំក្រៅសាលា។
២-លោកឧស្សាហ៍ចែករំលែកបទពិសោធ និងការយល់ឃើញរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុកលើប្រធានបទផ្សេងៗមិនថា បញ្ហាសង្គម ឬនយោបាយ។ តើលោកមានគោលបំណងអ្វីក្នុងការធ្វើបែបនេះ?
ខ្ញុំជាខ្មែរដំបូងបង្អស់ ក្នុងពិភពលោក ដែលប្រើភាសាខ្មែរក្នុង Discussion e-mail group, web group, chat clients like yahoo.com and paltalk.com រហូតដល់ Faceboo, Twtter, Telegrams ។ល។ ជាមនុស្សបបួលសន្ទនាអំពីសង្គមតាំងពីរវាងពាក់កណ្ដាលទសវត្សរ៍ទី ៩០ មកម្ល៉េះ។ គោលដៅខ្ញុំគឺ ស្វែងយល់ពីបញ្ហាសង្គម និងចែកចាយគំនិតប្លែកៗ ដែលមិនចាំបាច់ជាគំនិតរបស់ខ្ញុំ។
៣-តើលោកយល់ឃើញយ៉ាងណាចំពោះខ្លួនឯង បើប្រៀបធៀបទៅនឹងអ្នកវិភាគផ្សេងទៀត?
ខ្ញុំមិនមែនអ្នកវិភាគជំនាញទេ។ ខ្ញុំជាវាគ្មិនប្រជាប្រិយច្រើនជាង។ ព្រោះវិភាគទាមទារខ្ញុំធ្វើលំហាត់ច្បាស់លាស់ដែលខ្ញុំខ្ជិលធ្វើ។ដូច្នេះ ខ្ញុំមិនអាចប្រៀបធៀបទៅលោកអ្នកជំនាញខាងវិភាគអស់នោះឡើយ។ អ្វីដែលខ្ញុំបញ្ចេញមតិយោបល់គឺជាពិសោធន៍ និងការចេះដឹងជាឱរ៉ាល់របស់ខ្ញុំ។
៤-ក្នុងការវិភាគរបស់លោក លោកហាក់ដូចជាវាយប្រហារទៅលើលោក សម រង្ស៊ី ច្រើនជាងវាយប្រហារទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តើលោកអាចពន្យល់ពីការសម្រេចធ្វើដូច្នេះបានទេ?
រឿងរិះគន់លោកសមរង្ស៊ីព្រោះខ្ញុំចង់ឃើញគាត់ ប្រឹងធ្វើការកុំភូត និងកុំទំនើងវាយឫកពេក។ ម្យ៉ាងនិន្នាការនយោបាយ មិនត្រូវកុហកប្រជាជនទេ។ ខ្មែរត្រូវការអ្នកនយោបាយស្មោះត្រង់ រាបសា និងមាននិន្នាការច្បាស់លាស់។ ខ្មែរមិនត្រូវការមនុស្ស មកបោកលោកគ្រប់ទិសទេ។ ខ្ញុំមិនបានវាយគាត់ទេ តែរិះគន់នយោបាយគាត់មិនដាច់ រហូតដល់បានជោគជ័យមួយកម្រិត។
៥-កាលពីថ្ងៃទី១១ មករា កន្លងទៅលោក ហ៊ុន សែន បានសរសើរលោកថា លោកវិភាគត្រូវ។ តើលោកមានអារម្មណ៍យ៉ាងណាចំពោះការសរសើរនេះ? តើលោកគិតថាការសរសើរនេះដោយសារតែលោកនៅខាងលោក ហ៊ុន សែន មែនទេ?
រឿងលោក ហ៊ុន សែន សរសើរគឺជាកាំបិតមុខ ២។ ខ្ញុំភិតភ័យច្រើនជាងត្រេកអរ ឬស៊ីជោរ។ ខ្ញុំក៏ត្រូវប្រឹងជូនគំនិតទៅគាត់ ដើម្បីគោលដៅមហាជន ហើយក៏ចង់សម្ដែងភាពស្មោះត្រង់ លើការរិះគន់រាជរដ្ឋាភិបាលជាពិសេសគឺរូបគាត់។ នេះមិនបានសេចក្ដីថា ខ្ញុំអែបអបគាត់ទេ។ ហេតុនេះខ្ញុំដាក់លក្ខ-ខណ្ឌជាស្រេចថា (១) មិនធ្វើនយោបាយ (២ )មិនវិលទៅរស់នៅកម្ពុជា (៣) មិនត្រូវការរង្វាន់ (៤) មិនទទួលឋានៈរាជការ។ប៉ុណ្ណឹងគិតថា គ្រប់គ្រាន់។
៦-តើការសរសើររបស់លោក ហ៊ុន សែន នេះ មានឥទ្ធិពលយ៉ាងណា លើការវិភាគរបស់លោក?
ការសរសើរពីលោក ហ៊ុន សែន ជួយខ្ញុំផងបំផ្លាញខ្ញុំផង។ តែជាការប្រថុយរបស់មនុស្សយើង។ លោកបានជួយឲ្យគេគិតពិចារណាសម្ដីខ្ញុំ ថាតើនិយាយត្រឹមត្រូវ និងមានហេតុផលឬទេ? ហើយក៏បង្ហាញថា លោក ហ៊ុន សែន ជាមនុស្សមានសុភវិនិច្ឆ័យយ៉ាងណា? ចំណែកបំផ្លាញ គឺខ្ញុំត្រូវគេវាយ ជេរ បន្ទោសចោទ ដាក់ស្លាកលាបពណ៌ ដែលខ្ញុំមិនចាំបាច់តបតពេកទេព្រោះនិយាយច្រើនហើយ។ អ្វីដែលខ្ញុំប្រយ័ត្ន គឺឆ្កែខាំក្រៅស៊ីវិល័យសង្គម។ ជាពិសេសមនុស្សមិនព្រមចេះសន្ទនា និងទទួលនូវទស្សនទាន។
៧-នៅពេលមួយនោះលោកនិយាយថា លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ (ដែលបានទទួលមរណភាពហើយនោះ) បានឲ្យអាវលោកមួយ មានតម្លៃ ១០០ ដុល្លារ ប៉ុន្តែលោកមិនយក។ តើលោកអាចពន្យល់បានទេ អំពីទំនាក់ទំនងរបស់លោកជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា?
លោក ហុក ឡងឌី មកប្រជុំនៅអាមេរិកកាលនោះ លោកមកក្រុងញូវយ៉ក ហើយខ្ញុំក៏បានត្រូវគេពឹងរឿងជួលសណ្ឋាគារជូនគណៈប្រតិភូ។ លោកឌី ជួបខ្ញុំកាលនោះ ហើយខ្ញុំបាននាំលោកទស្សនាអគារ world trade centers និងបានហូបគុយទាវ ១ ពេល។ គាត់ពេញចិត្តឥរិយាបថមិនអែបអបរបស់ខ្ញុំ និងរបៀបគិត។ មុនគាត់ចាកចេញវិលទៅវិញ គាត់បាននិយាយទូរស័ព្ទលាខ្ញុំ ហើយប្រាប់ថា គាត់បានទិញអាវមួយជាកាដូជូនខ្ញុំ។ ខ្ញុំក៏ឆ្លើយអរគុណគាត់ ហើយមិនបានទៅយកអាវនោះទេ ព្រោះខ្ញុំជាមនុស្សមានសមត្ថភាពលុយកាក់ និងមិនសូវចូលចិត្តទទួលកាដូទេ។ ម្យ៉ាងនៅអាមេរិក មានគំនិត ethical value មួយ គេមិនទទួលកាដូពីមន្ដ្រីបរទេស ឬក្នុងកិច្ចការទេ វាបង្ហាញភាពពុករលួយ។
៨-តើលោកមានគម្រោងត្រឡប់មករស់នៅកម្ពុជាវិញទេ?
ខ្ញុំគ្មានបំណង និង គិតទុកថា មករស់នៅកម្ពុជាទេ។ តែបើមកធ្វើកិច្ចការមួយភ្លែតៗហ្នឹងអាច។
៩-តើលោកមានអ្វីចង់បន្ថែមទៀតទេ ក្រៅពីសំណួរដែលខ្ញុំបានសួរ?
គ្មានទេ និយាយប្រាប់ត្រង់ហើយមិនសូវខ្វាយខ្វល់នឹងសាធារណៈប្រតិកម្មទេព្រោះការពិតក្នុងខ្លួនខ្ញុំងាយៗណាស់៕