ខណៈដែល​សហភាព​អឺរ៉ុប​កំពុង​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ថា​តើ​ត្រូវ​ដក​ឬ​មិន​ដក​គម្រោង​អនុគ្រោះ​ពន្ធ «នាំចូល​ទំនិញ​គ្រប់​យ៉ាង​លើក​លែង​តែ​សពា្វវុធ (EBA)» ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប លោក​បណ្ឌិត Raoul Marc Jennar អ្នក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ផ្តល់​បទ​សម្ភាស​ដល់​ភ្នំពេញ​ប៉ុស្តិ៍​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

តាម​ទស្សនៈ​របស់លោក តើ​ការដក​គម្រោង​អនុគ្រោះ​ពន្ធ EBA ជា​ដំណោះ​ស្រាយ​សម្រាប់​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា?

ការដាក់ទណ្ឌកម្ម គឺជា​ឧបករណ៍​មួយ​ក្នុងចំណោម​ឧបករណ៍​នានា របស់​សហភាព​អឺរ៉ុប ក្នុង​ការ​លើក​កម្ពស់​សន្តិភាព ប្រជាធិប​តេយ្យ និង​ការ​គោរព​នីតិរដ្ឋ សិទ្ធិ​មនុស្ស និង​ច្បាប់​អន្តរជាតិ។ ប៉ុន្តែ​សហភាព​អឺរ៉ុប​មិន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បណ្តា​ប្រទេស ដែល​ផ្គត់ផ្គង់​សម្ភារ​យុទ្ធសាស្ត្រ (ដូចជា​សាធា​រណរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ ដែល​ជា​ប្រទេស​ទទួល​បាន EBA ផង​ដែរ) ឬ​អ្នក​ដែល​ជា​អតិថិជន​ល្អ របស់​ឧស្សាហកម្ម​អាវុធ​របស់​អឺរ៉ុប (ដូចជា​ប្រទេស​អេហ្ស៊ីប)។ សហភាព​អឺរ៉ុប នៅ​តែ​នៅ​ស្ងៀម​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធំៗ​នៅ​ក្នុង​ប្រទេស​ជាច្រើន ដោយសារ​ហេតុផល​នយោបាយ។


ការ​ដាក់​ទណ្ឌកម្ម​ជា​ញឹកញាប់ មាន​ផលវិបាក​ប៉ះពាល់​ជីវិត​ប្រចាំ​ថ្ងៃ របស់​ប្រជាជន​ភាគ​ច្រើន។ ក្នុង​នាម​ការពារ​សិទ្ធិ​នយោបាយ គេ​បាន​ធ្វើ​ឲ្យ​ខូច​ដល់​សិទ្ធិ​មូលដ្ឋាន ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ២២ ដល់​មាត្រា២៧ នៃ​សេចក្តី​ប្រកាស​សកល​នៃ​សិទ្ធិ​មនុស្ស​ឆ្នាំ ១៩៤៨ ដែល​សិទ្ធិ​ទាំង​នោះ រួម​មាន ការ​ទទួល​បាន​ស្បៀង​អាហារ​សុខភាព ការ​អប់រំ ការងារ សុខុមាល​ភាព...។ នៅ​ក្នុង​នាម​ប្រជាធិប​តេយ្យ និង​សិទ្ធិ​មនុស្ស គេ​ថែមទាំង​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ដូច​ដែល​ប្រវត្តិសាស្ត្រ​ថ្មីៗ បង្ហាញ​យើង ជា​ពិសេស​ជាមួយ​នឹង​ឧទាហរណ៍​នៃ​ការ​ស្លាប់។ ទណ្ឌកម្ម​ជា​របស់​តក្កវិជ្ជា​នៃ​ទំនាក់​ទំនង​អន្តរជាតិ ដែល​អ្នក​ខ្លាំង​ដាក់​ច្បាប់​ទៅ​លើ​អ្នក​ខ្សោយ។


នេះ​ផ្ទុយ​នឹង​ស្មារតី​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។ ការព្យួរ EBA គឺជា​ការ​ដាក់​ទណ្ឌកម្ម។ ប៉ុន្តែ​វា​នឹង​មិន​បំពេញ​ទៅ​តាម​ការ​រំពឹង​ទុក របស់​សហភាព​អឺរ៉ុប។


តាម​ទស្សនៈ​របស់លោក តើ​សហភាព​អឺរ៉ុប​គួរ​ធ្វើ​អ្វី ដើម្បី​ធ្វើ​ឲ្យ​ប្រជាធិប​តេយ្យ​របស់​កម្ពុជា​ព្រមទាំង​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ?


ទី១ សហភាព​អឺរ៉ុប គួរតែ​មិន​លម្អៀង​នៅពេល​ខ្លួន​ធ្វើការ​វិនិច្ឆ័យ​អំពី​ជីវិត​នយោបាយ​របស់​កម្ពុជា។ ប៉ុន្តែ​ករណី​នេះ​មិន​ត្រូវ​បាន​ធ្វើ​ទេ។ សហភាព​អឺរ៉ុប មិន​ដែល​ថ្កោល​ទោស​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ស្អប់​ពូជ​សាសន៍ និង​ការ​ភ័យ​ខ្លាច​ជន​បរទេស ដោយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ គេ​មិន​ដែល​ថ្កោល​ទោស​ការ​អនុវត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បរិហារ​កេរ្តិ៍ និង​មួល​បង្កាច់​សមាជិក​រដ្ឋាភិបាល។ គេ​មិន​ដែល​ថ្កោល​ទោស​ការ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ និង​សន្ធិ​សញ្ញា​ក្លែង​ក្លាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ឲ្យ​វា​មើល​ទៅ​ថា រដ្ឋាភិបាល​កំពុង​ផ្ទេរ​ផ្នែក​នៃ​ទឹកដី​ទៅ​ប្រទេស​វៀតណាម។ EU ក៏​មិន​ដែល​ថ្កោល​ទោស​លោក សម រង្ស៊ី នៅ​ពេល​លោក​ញុះញង់​ប្រជាជន​ក្រីក្រ ឲ្យ​ដក​បង្គោល​ព្រំដែន។ មួយ​ទៀត សហភាព​អឺរ៉ុប​បន្ត​នៅ​ស្ងៀម​អំពី​ឥរិយាបថ​ប្រជាភិថុតិ និង​ទាញ​ប្រជាប្រិយ​ភាព របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ខ្លួន​ហៅ​អ្វី​ទាំង​នោះ​ថា «ប្រជាធិប​តេយ្យ​យ៉ាង​រស់​រវើក»។

សហភាព​អឺរ៉ុប តែងតែមាន​ការស្វាគមន៍ ចំពោះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ខិតខំ​ប្រឹង​ប្រែង​នៅ​ក្នុង​ការ​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ។ សហភាព​អឺរ៉ុប​ប្រព្រឹត្ត​ចំពោះ​ពួកគេ ហាក់បី​ដូច​ពួកគេ​ជា​តំណាង​របស់​ពួកគេ។ សហភាព​អឺរ៉ុប​រក្សា​ការ​រិះគន់​ទាំង​អស់​របស់​ខ្លួន ចំពោះ​រដ្ឋាភិបាល។ សហភាព​អឺរ៉ុប មិន​អព្យាក្រឹត​ទេ។ មន្ត្រី​សហភាព​អឺរ៉ុប​ធ្លាប់​និយាយ​ថា ពួកគេ​ការពារ​តម្លៃ​និង​គោល​ការណ៍​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ទុក​ចិត្តការ​ថ្លែង​បែបនេះ​ទេ។ វា​មិន​អាច​ជឿជាក់​បាន​ដោយសារ​អឺរ៉ុប មិន​ធ្វើ​វា​នៅ​គ្រប់​ទីកន្លែង​ទាំង​នៅ​អឺរ៉ុប និង​នៅ​ផ្នែក​ដទៃៗ​ទៀត​នៃ​ពិភពលោក។

សហភាព​អឺរ៉ុប គួរ​យល់​ជាជាង​ធ្វើការវិនិច្ឆ័យ។ ពហុភាព​នយោបាយ គឺជា​ភាព​ថ្មី​ប្លែក​ក្នុង​ប្រទេស​កម្ពុជា។ វា​មិន​បាន​កើត​ឡើង​មុន​ការ​ធ្វើ​អាណា​និគម ទាំង​ក្នុង​អំឡុង និង​បន្ទាប់​ពី​អាណា​និគម រហូត​ដល់​ឆ្នាំ ១៩៩៣ ហើយ​វា​មិន​គ្រប់គ្រាន់​ទេ ដែល​មាន​រដ្ឋ​ធម្មនុញ្ញ​ស្រស់​ស្អាត ឬ​ការ​មាន​ការ​បោះឆ្នោត​មួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រជាធិប​តេយ្យ​ត្រឹមត្រូវ។ កម្រិត​នៃ​ការ​អប់រំ​នៅ​តែ​ទាប ហើយ​វា​ផ្ដល់​ជា​មូលដ្ឋាន​សម្រាប់​ប្រជា​ភិថុត។ មិន​មាន​ឯកភាព​ជាតិ​លើ​បញ្ហា​សំខាន់ៗ ហើយ​កត្តា​បែក​បាក់​គ្នា​មាន​ច្រើន។ ឧទាហរណ៍ សហភាព​អឺរ៉ុប​អាច​នឹង​ធ្វើ​ការងារ​មាន​ប្រយោជន៍​មួយ ដោយ​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​យល់​ដឹង​ប្រសើរ​ជាង​មុន​អំពី​ការ​ពិត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ក្លែង​ដោយសារ​ហេតុផល​នយោបាយ​តាមរយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រជាធិប​តេយ្យ ដែល​មាន​លក្ខណៈ​តំណាង​ដែល​គោរព​ប្រជាជន និង​ស្ថាប័ន។

តើ​ប្រទេស​កម្ពុជា​គួរប្រកាន់​ជំហរ​បែបណា?

រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា​បាន​សហការ​ជាមួយ​សហភាព​អឺរ៉ុប។ ភាគី​កម្ពុជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​រួម​ជាច្រើន។ ការ​ចរចា​កំពុង​បន្ត​ធ្វើ ហើយ​កំពុង​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ពិត​ប្រាកដ​ចំពោះ​ប្រធាន​បទ​ស្មុគស្មាញ​មួយ​ចំនួន។ ឧទាហរណ៍​មួយ​គឺថា សហភាព​អឺរ៉ុប​ទាមទារ​ឲ្យ​គោរព​ដាច់​ខាត​នូវ​អនុសញ្ញា​អន្តរជាតិ ដែល​មិន​ត្រូវ​បាន​គោរព​ពេញ ១០០ % ពី​សំណាក់​អ្នក​ទទួល​ផល​ជាច្រើន​នៃ​ការ​អនុគ្រោះ​ពន្ធ EBA នេះ។ ប៉ុន្តែ​ទោះបី​ជា​គេ​មើល​ឃើញ​ថា វា​ជាការ​អនុវត្ត​បែប​ស្តង់ដា ២ ក្តី ក៏​រដ្ឋាភិបាល​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ លើ​បញ្ហា​ជាច្រើន។ ឧទាហរណ៍​មួយ​គឺ​នៅ​ក្នុង​វិស័យ​សង្គម។

នៅពេលដែល​សហភាព​អឺរ៉ុប ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​បែបនេះ អឺរ៉ុប​ភ្លេច​គិត​ថា មាន​ការ​ប្រកួត​ប្រជែង​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​ដែល​កម្ពុជា​ត្រូវ​ជួប។ វឌ្ឍនភាព​សង្គម​ណាមួយ វា​ជាប់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ក្រុមហ៊ុន គឺ​ពួកគេ​អាច​ទៅ​ប្រទេស​ផ្សេង​ទៀត។ ប៉ុន្តែ​ទោះបី​ប្រឈម​នឹង​ស្ថានភាព​បែប​នេះ​ក្តី ក៏​រដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ នូវ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​សម្រាប់​កម្មករ។

ជម្រើស​ដ៏​ល្អ​សម្រាប់​សហភាព​អឺរ៉ុប និង​កម្ពុជា គឺ​ការបន្ត​កិច្ចសន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​តាម​លទ្ធផល​ជាក់​ស្តែង។ ប៉ុន្តែ​សហភាព​អឺរ៉ុប មិន​គួរ​ភ្លេច​ទេ​ថា កម្ពុជា​គឺជា​រដ្ឋ​អធិប​តេយ្យ​មួយ ដូច្នេះ​ត្រូវ​ទុកឱ្យ​រដ្ឋាភិបាល​អនុវត្ត និង​កែ​លម្អ​ចំណុច​ដែល​ខ្លួន​ចង់​បាន។

មាន​មន្ត្រី​សហភាព​អឺរ៉ុប​នៅ​ទីក្រុងប្រ៊ុ​ច​សែ​ល​ជាច្រើន​ហាក់​មាន​អាកប្ប​កិរិយា​ដាក់​កម្ពុជា ដូច​កម្ពុជា​ជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។ ពួកគេ​ទាមទារ​ឱ្យ​កម្ពុជា​មាន​អ្វី​ដូច​អ្វី​ដែល​គេ​មាន។

តើ​អ្វី​ជា​វិធី​ល្អ​បំផុត សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា?

តើ​អ្វី​ទៅជា​គោលបំណង​នៃ​ការធ្វើ​នយោបាយ? គឺ​ដើម្បី​សុខុមាលភាព​របស់​ប្រជាជន​ទាំង​មូល។ សុខុមាល​ភាព​អាច​ទទួល​បាន​នៅ​ពេល​មាន​ការ​ពេញ​ចិត្ត​លើ​តម្រូវការ​ជា​មូលដ្ឋាន​របស់​មនុស្ស ដូចជា​ត្រូវ​មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់ មាន​ការ​ថែទាំ​សុខភាព​សម្រាប់​មនុស្ស​គ្រប់គ្នា មនុស្ស​ទាំង​អស់​មាន​ឱកាស​ស្មើៗ​គ្នា​ទាក់ទង​ទៅ​នឹង​ការ​សិក្សា​អប់រំ សិទ្ធិ​មាន​លំនៅឋាន​សមរម្យ ការងារ​ដែល​ទទួល​បាន​ប្រាក់​ខែ​សមរម្យ និង​រស់​នៅ​ក្នុង​បរិស្ថាន​ស្អាត។ តើ​ទាំង​នេះ វា​មិន​មាន​សារៈ​សំខាន់​ស្មើ​សេរីភាព​នយោបាយ​ទេ​ឬ? ដើម្បី​សម្រេច​បាន​តាម​គោល​ដៅ​ទាំង​នេះ អ្វី​ដែល​សំខាន់ និង​ចាំបាច់​បំផុត គឺ​ត្រូវការ​ពេល​វេលា និង​ស្ថិរភាព​នយោបាយ។

ខ្ញុំ​សូម​ដកស្រង់​សម្ដី​របស់​អតីត​នាយករដ្ឋមន្ត្រី​បារាំង ដែល​លោក​លើក​ឡើង​ថា៖ «តើ​ការ​បោះ​ឆ្នោត​សម្រាប់​អ្នក​ដែល​ស្រេក​ឃ្លាន​មានន័យ​យ៉ាង​ដូចម្តេច? តើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​មានន័យ​យ៉ាង​ម៉េច​ចំពោះ​អ្នក​ដែល​គ្មាន​ការ​យល់​ដឹង? តើ​ភាព​ស្មើ​គ្នា និង​ភាតរ​ភាព​មានន័យ​ដូចម្តេច​សម្រាប់​អ្នក​រង​ទុក្ខ​វេទនា?»។

ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រទេស​កម្ពុជា​ត្រូវតែ​ស្វែងរក​វិធី​ដោយ​ខ្លួនឯង ដើម្បី​ផ្សះផ្សា​ការ​អភិវឌ្ឍ និង​លទ្ធិ​ប្រជាធិប​តេយ្យ ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថិរភាព និង​ការ​ជជែក​នយោបាយ​ពី​ពហុ​ភាគី​និយម។ ចំណុច​នេះ​គឺ​វា​អាច​ទៅ​រួច ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ។ ទី១ ប្រសិន​បើ​អ្នក​នយោបាយ​ទាំង​អស់​យល់​ស្រប​គ្នា​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ មិន​អាច​រស់​នៅ​ដោយ​សន្តិភាព​បាន នោះ​បញ្ហា​ទឹកដី រឿងរ៉ាវ​នៃ​ឧក្រិដ្ឋកម្ម និង​អំពើ​ប្រល័យ​ពូជ​សាសន៍ ក្នុង​របប​ប៉ុលពត និង​ការ​រំដោះ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ១៩៧៩ ការ​ស្វែង​យល់ និង​រៀន​សូត្រ ដើម្បី​រស់​នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​ជាមួយ​ប្រទេស​ជិត​ខាង​និង​ប្រកប​ដោយ​អព្យា​ក្រឹតភាព។

ទី ២ គឺ​អ្នកនយោបាយ​ទាំងអស់ ត្រូវគោរព​ខ្លួនឯង និង​គោរព​ស្ថាប័ន និង​ច្បាប់ ហើយ​លក្ខខណ្ឌ​ទី ៣ គឺថា​ប្រសិន​បើ​មាន​ឆន្ទៈ​ចង់​ឲ្យ​លទ្ធិ​ប្រជាធិប​តេយ្យ​ដំណើរការ​ដោយ​សន្តិ​វិធី​នោះ​វា​នឹង​គ្មាន​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​ក្នុង​បរិយាកាស នៃ​សង្គ្រាម​ស៊ីវិល​នោះ​ទេ៕