សេវាកម្ម​វេច​ខ្ចប់​ជា​ចំណុច​សំខាន់​នៃ​ភាព​ទាក់​ទាញ


130823_13
អ្នកស្រី កែម សម្ផស្ស ម្ចាស់សហគ្រាសវេចខ្ចប់ក្នុងស្រុកមួយ ហុង មិនា

ភ្នំពេញៈ ការ​វេច​ខ្ចប់​អាច​ធ្វើ​ឲ្យ​ផលិត​ផល​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ហើយ​រក្សា​គុណភាព​បាន​រយៈពេល​យូរ។ ផលិត​ផល​កម្ពុជា​ភាគ​ច្រើន​ប្រឈម​នឹង​បញ្ហា​វេច​ខ្ចប់​ដែល​ធ្វើ​ឲ្យ មាន​ការ​ចាប់​អារម្មណ៍​តិច​តួច។ អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​ជាមួយ​សហគ្រិន​ស្រ្ដី​វ័យ​ក្មេង​អ្នក​ស្រី កែម សម្ផស្ស ដែល​បង្កើត​អាជីវកម្ម​សេវា​វេច​ខ្ចប់​ហៅថា សហគ្រាស​វេច​​ខ្ចប់​កម្ពុជា ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​តម្លៃ​បន្ថែម​របស់​ផលិត​ផល សម្រាប់​ការ​នាំ​ចូល​ទីផ្សារ​ជា​ពិសេស​នៅ​តាម​ផ្សារ​ទំនើប។

តើ​សហគ្រាស​អ្នក​ស្រីមាន​ផលិត​ផល​អ្វី​ខ្លះ?

យើង​បាន​ផលិត​ឧបករណ៍​វេចខ្ចប់​ជា​ច្រើន​ប្រភេទ ហើយ​យើង​បាន​វេច​ខ្ចប់​ស្ករស ស្ករត្នោត​ដែល​បាន​នាំ​ចូល​ពី​ខាង​ក្រៅ ហើយ​ស្ករ​ត្នោត​ដែល​បាន​ផលិត​នៅ​កម្ពុជា​ដោយ​អង្គការ Geres។ កញ្ចប់​របស់​យើង​ភាគ​ច្រើន​ជា​ផលិត​ផល​ជីវសាស្ដ្រ​ដែល​គេ​បោះ​ចោល ដែល​មាន​ដូចជា កញ្ចប់​អាហារ ឬកែវ​ទឹក​ជាដើម។

ហេតុ​អ្វី​អ្នក​ស្រី​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​សហគ្រាស​បែប​នេះ?

បើនិយាយ​ពី​បញ្ហា​នោះ​ខ្ញុំ​សូម​ងាក​ទៅ​ឆ្នាំ​២០០២​-២០០៣ ​ខ្ញុំ​បាន​ឃើញ​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ផលិតផល​ដូច​នោះ​ នៅ​ពេល​ខ្ញុំ​បម្រើ​ការ​ជា​បុគ្គលិក​នៅ​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ ៥ ​នៅ​ទីក្រុង​ភ្នំពេញ។ ពេល​នោះ​ ខ្ញុំ​បាន​ឃើញ​ស្ទើរ​តែ​ការ​វេច​ខ្ចប់​ទាំង​អស់​ធ្វើ​ពី​ស្បោង ប្លាស្ទិក។ ខ្ញុំ​គិត​ថា នៅ​ថ្ងៃ​អនាគត​យើង​ត្រូវ​លុប​បំបាត់​វត្ថុ​ធ្វើ​ពី​ប្លាស្ទិក។ ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ ស្ករស​ត្រូវ​បាន​ប្រើតាម​តម្រូវ​ការ​នៅ ​តាម​ភោជនីយ​ដ្ឋាន​ដែល​គេបាន​ចាក់​ស្ករ​ចូល​ក្នុង​កែវ ហើយ​អ្នក​បរិភោគ​ដែល​បាន​ទៅ​ញាំមី​ ពួកគេ​បាន​ដាក់​ស្ករស​ពីរ​ ឬបី​ស្លាបព្រា។ ដូច្នេះ ​វា​មាន​ការ​ខាត​បង់។ ខ្ញុំ​គិត​ថា ស្ករស​មួយ​គីឡូ​ក្រាម​មាន​តម្លៃ​ជាង​ ៣០០០ ​រៀល ហើយ​បន្ទាប់​ពី​ខ្ញុំ​បាន​វេច​ខ្ចប់ ១,២ ​គីឡូ​ក្រាម​រួម​មាន​កញ្ចប់​តូច​ៗ​ចំនួន​ ២៥០ ហើយ​ពួកគេ​ត្រូវ​បាន​ប្រើ​ប្រាស់​បាន​ ២៥០ កែវ​កាហ្វេ។ បន្ទាប់​ពី ខ្ញុំ​ខ្ចប់​វា ខ្ញុំ​បាន​ឃើញ​ថា​ ទទួល​ជោគ​ជ័យ។ ខ្ញុំ​បាន​ជួប​ប្រទះ​ហាង​កាហ្វេ​និង​ភោជនីយ​ដ្ឋាន​និង​សណ្ឋាគារ​គាំទ្រ​ដល់​ពួក​យើង។

តើ​​អ្នកស្រី​បាន​ចាប់​ផ្ដើម​​សហ​គ្រាស​​នេះ​ពី​ពេល​ណា​មក?

កាលពីឆ្នាំ​ ២០០៨ នៅ​ពេល​នោះ​ខ្ញុំ​នៅ​ក្មេង​ហើយ​ខ្ញុំ​នៅ​ធ្វើ​ការ​នៅ​សណ្ឋាគារ​នៅ​ឡើយ។ ឆ្នាំ​២០០៥ ខ្ញុំ​បាន​គ្រោង​សម្រាប់​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។ នៅ​គ្រាដំបូង​ខ្ញុំ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​វេច​ខ្ចប់​ស្ករស។ មក​ពេល​នេះ​ យើង​មាន​​ផលិត​ផល​ប្រហែល​ ៥០ ​មុខ​វេចខ្ចប់​ដោយ​ខ្លួន​ឯង។

តើ​អ្នក​ស្រី​យល់​ថា​ ការ​វេចខ្ចប់​មាន​ប្រយោជន៍​សម្រាប់​ផលិតផល​នេះ​យ៉ាង​ណា?

ការវេចខ្ចប់​គឺ​ពិត​ជា​សំខាន់​ដោយ​សារ​តែ​វា​ដូច​ជា​មុខ​មាត់​របស់​មនុស្ស ហើយ​ផលិតផល​នីមួយៗ​ចាំ​បាច់​ត្រូវ​ការ​វេច​ខ្ចប់​ឲ្យ​បាន​ល្អ ដើម្បី​គេច​ផុត​ពី​ការ​ឆ្លង​រោគ និង​ងាយ​ស្រួល​ក្នុង​ការ​បំផ្លាញ​ចោល។ ដូច្នេះ​ ការ​វេចខ្ចប់​គឺជា ​វត្ថុ​ដំបូង​គេ​ក្នុង​ការ​មើល​ដល់​ផលិត​ផល​នេះ។ ប្រសិន​បើ​វា​មើល​ទៅ​មាន​ការ​ទាក់​ទាញ វា​គឺជា​ការ​លក់​ដាច់​បំផុត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ទំនិញ​មាន​គុណ​ភាព និងមាន​រសជាតិ ប៉ុន្តែ​ការ​វេចខ្ចប់​របស់​ខ្លួន​គឺ​នៅ​អន់ វា​មាន​ការ​ពិបាក​​ក្នុង​ការ​លក់​ដូរ។

តើ​អ្នកស្រី​អាច​ប្រាប់​អំពី​ស្ថានភាព​សហគ្រាស​អ្នក​ស្រី​មាន​លក្ខណៈ​ដូច​ម្ដេចខ្លះ?

នៅគ្រានោះ​ ខ្ញុំ​នៅ​ជា​បុគ្គលិក​នៅ​ឡើយ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ជាមួយ​បង​ប្រុស​របស់​ខ្ញុំ។ ខ្ញុំ​បាន​ធ្វើ​វា​នៅ​ពេល​យប់ ហើយ​ពេល​ថ្ងៃ​យើង​បាន​ធ្វើ​ការ​ឲ្យ​គេ។ នៅ​គ្រា​នោះ យើង​វេចខ្ចប់​ផលិតផល ហើយ​យើង​បាន​ព្យាយាម​រក​ទីផ្សារ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ណែ​នាំ ការ​ផលិត​របស់​យើង​ដល់​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត។ កាលពី​ឆ្នាំ ២០១០ ខ្ញុំ​បាន​ឈប់​ធ្វើ​ការ​ឲ្យ​គេ ហើយ​ខ្ញុំ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាជីវកម្ម​ផ្ទាល់​របស់ ខ្ញុំ​ដោយ​មាន​​ការ​បញ្ជា​ទិញ​ដុំ​ពីដៃ​គូ​យើង​រួម​មាន​ភោជនីយដ្ឋាន ផ្សារ​ទំនើប ផ្សារ​ម៉ាត ជាដើម​ ។ល។

តើ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​សេវា​វេច​ខ្ចប់​នេះ​ឬទេ?

បើយើង​និយាយ​ពី​មនុស្ស​ជាតិ​នៅ​ពេល​នេះ​ពួកគេ​ត្រូវ​ការ​អ្វី​ៗ​ដែល​មើល​ទៅ​ស្រស់ ហើយ​ទាន់​សម័យ។ នៅពេល​ខ្ញុំ​បាន​​បង្ហាញ​ផលិត​ផល​របស់​ខ្ញុំ​នៅ​លើក​ដំបូង​ដល់ អតិថិជន ពួកគេ​រអ៊ូរទាំ​ថា ផលិតផល​របស់​ខ្ញុំ​មាន​តម្លៃ​ថ្លៃ​ប៉ុន្តែ​ពេល នេះ​គ្មាន​បញ្ហា​ទេ។

ការធ្វើ​ការងារ​បម្រើ​អ្នក​ដទៃ ​និង​ការ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង ​តើ​មួយ​ណា​ល្អ​សម្រាប់​អ្នក?

សម្រាប់​ការងារ​ផ្ទាល់​ខ្លួន​វិញ ​ខ្ញុំ​មាន​ក្តី​បារម្ភ​ក្នុង​ចិត្ត​ខ្លះៗ។ ហេតុអ្វី? ព្រោះ​ពេលនេះ ខ្ញុំ​ក្លាយ​ជា​ដើម​ឈ។ យើង​គិត​អំពី​ការ​រីក​ចម្រើន អំពី​ហានិភ័យ និង​អំពី​ការ​ប្រកួត​ប្រជែង៕PB

ព័ត៌មានថ្មីៗ