ជាទូទៅ​ ពលរដ្ឋ​ក្នុង​សហគមន៍​ខ្លះ​តែងតែ​នាំគ្នា​លេង​តុងទីន ប៉ុន្តែ​ ការ​លេង​តុង​ទីន ជា​កិច្ច​សន្យា​រវាង​គូ​ភាគី ភាគី​ត្រូវ​តែ​បំពេញ​កាតព្វ​កិច្ច​គ្នា ទៅ​វិញ​ទៅ​មក តាម​ការ​ព្រម​ព្រៀង។ ក្នុងករណី ភាគី​ណា​មួយ មិន​បាន​បំពេញ​កាតព្វកិច្ច ទង្វើ​របស់​ភាគី​នោះ ផ្ទុយ​នឹង​ច្បាប់។

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ ​ប៉ុស្តិ៍ ​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីម​ហ្គិ​ច នៃ​ក្រុម​មេធាវី​ អាស៊ាន​-​អន្តរជាតិ ​ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ ​១៦R ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដែលមាន​ខ្លឹមសារ ដូចខាងក្រោម ៖


ការលេង​តុងទីន​ជា​បញ្ហា​មួយ​ដែល​ចាត់ទុកថា ខុសច្បាប់ ហើយ​អ្នកលេង​ច្រើនតែ​ស្រុះស្រួល​គ្នា​និង​ចាត់​ឲ្យ​មនុស្ស​ម្នាក់​ធ្វើ​តំណាង ​(​មេ​តុងទីន​)​។ ប៉ុន្តែ​ពេល​មេ​តុងទីន​ឬ​កូន​ដែល​ដេញ​បាន​រត់គេចខ្លួន តើ​កូន​ឬ​មេ​តុងទីន​មាន​សិទ្ធិ​ប្តឹងទៅ​កន្លែង​ណា​? ​


​ករណីនេះ​មាន​មេ​តុងទីន​ខ្លះ គាត់​ចេះតែ​ដាក់ឈ្មោះ បុគ្គល ក, ខ អ៊ីចឹងទៅ ប៉ុន្តែ​តាម​ការពិតទៅ​គ្មាន​ឈ្មោះ​បុគ្គល ​ក​, ខ នេះ​ពិត​ប្រា​ដក​ទេ ដែល​គេ​ហៅថា​មេ​តុងទីន​នោះ​កាន់​កូនខ្មោច​។


ប៉ុន្តែ​ទោះបីជា​មេ​តុងទីន​នោះ​គ្មាន​បាន​កាន់​កូនខ្មោច​ក៏ដោយ តែ​នៅពេលដែល​កំពុង​លេង ហើយ​គាត់​មិន​ចង់​មាន​បញ្ហា​ដល់​ការប្តឹង​ផ្ដល់​ទៅ​តុលាការ​នោះ​គឺ​មេ​តុងទីន​នោះ គាត់​ហៅ​កូន​តុងទីន​ទាំងអស់​មក​ប្រាប់ថា ឥឡូវនេះ កូន​តុងទីន​ទី​១ ឬ ទី​២ ដែល​ដេញ​បាន​នោះ គេ​មិន​បង់​ឲ្យ​គាត់ ​(​មេ​តុងទីន​)​ ទេ អ៊ីចឹង​គាត់​គ្មាន​លុយ​បង់​ឲ្យ​កូន​តុងទីន​ដែល​នៅរស់​ទេ​។ អ៊ីចឹង​គាត់​ (​មេ​តុងទីន​) ​ត្រូវ​ប្រាប់​កូន​តុងទីន​ដែល​នៅរស់​ថា ពួកគេ​ត្រូវ​នាំ​គ្នា​ផ្តិត​មេដៃ​ឲ្យ​គាត់​ដើម្បី​ប្តឹង​​ទៅ​តុលាការ។ ប៉ុន្តែ​ក្នុង​ករណី​មេ​ប្រមូល​លុយ​ហើយ​រត់​គេច​ខ្លួន​ចោល​​នោះ​កូនៗ​តុងទីន​ក៏​ត្រូវ​មាន​សិទ្ធិ​ប្ដឹង​ទៅ​កាន់​តុលាការ ​ដើម្បី​ឲ្យ​ជួយ​រក​ខុសត្រូវ​វិញ​ដែរ​។


តើ​ករណី​នេះ​អាច​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​ទេ? ហើយ​បើ​មេតុងទីន​ប្រមូល​លុយ​រត់​ដោយ​ចេតនា តើ​គាត់​អាច​ហៅ​ថា ឆបោក​បាន​ទេ​?​


ក្នុង​ករណី​នេះ​ពួកគេ​មិន​ចាំបាច់​អី​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ទេ ហើយ​​បើ​មេតុងទីន​នោះ​ប្រមូល​លុយ​រត់​ដោយ​ចេតនា គឺ​គាត់​ចូល​ក្នុង​បទ​ឆបោក​ហើយ​។

បើ​យោង​មាត្រា​ ៣៧៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា អំពើ​ឆបោក​គឺជា​អំពើ​បន្លំ​ចំពោះ​រូបវន្ត​បុគ្គល​ ឬ​នីតិបុគ្គល​ណា​មួយ​ដោយ​ប្រើ​ឈ្មោះ​ក្លែង​ដោយ​អះអាង​ទៅលើ​ឋានៈ​ក្លែង ដោយ​រំលោភ​លើ​ឋានៈ​​ពិតប្រាកដ​ ឬ​ដោយ​ប្រើ​ឧបាយកល​ទុច្ចរិត ហើយ​ដូច្នេះ​បាន​ទទួល​ពី​បុគ្គល​នេះ​ដែល​នាំ​ឲ្យ​ខូចប្រយោជន៍​របស់​បុគ្គល​នេះ ឬរបស់​តតិយជន​នូវៈ ១- ​ការប្រគល់​មូលនិធិ​តម្លៃ ឬ ទ្រព្យសម្បត្តិ អ្វីមួយ។ ២- ​ការផ្គត់ផ្គង់​សេវា​។ ៣- ​ការធ្វើ​លិខិត​ដែល​មាន​តម្លៃ​ជា​កាតព្វកិច្ច ឬ ជា​ការ​ឲ្យ​រួច​ពី​កាតព្វកិច្ច​។

ចំពោះ​ការដាក់​ទោសទណ្ឌ​វិញ​បើ​យោង​តាម​មាត្រា​ ៣៧៨ ​ចែង​ថា​អំពើ​ឆបោក​ត្រូវ​ផ្តន្ទាទោស​ពី​ ៦ (​ប្រាំមួយ​) ​ខែ​ដល់​ ៣ (​បី​) ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ​១ ០០០ ០០០ (​មួយ​លាន​) ​រៀល​ទៅ ៦000 000 (ប្រាំមួយ​) លាន​រៀល។ មាត្រា​ ៣៧៩ អំពើ​ឆបោក​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ (​ពីរ​) ​ឆ្នាំ​ទៅ​ ៥ (​ប្រាំ​) ​ឆ្នាំ​៕