
លោក មេធាវី ផុន ធារិន កាលពីកន្លងមក។ រូបថត សហការី
កន្លងមកការធ្វើសំបុត្រកំណើត ឬលិខិតអត្រានុកូលដ្ឋានផ្សេងៗគឺតែងមានករណីខុសឈ្មោះ ឬអក្ខរាវិរុទ្ធនៅពេលចេញជាផ្លូវការ។ ដើម្បីដោះស្រាយបញ្ហានេះ តើពលរដ្ឋអាចទាមទារធ្វើថ្មីបានឬទេ? ជុំវិញបញ្ហានេះភ្នំពេញប៉ុស្ដិ៍បានសម្ភាសជាមួយលោកមេធាវី ផុន ធារិន បម្រើការនៅការិយាល័យមេធាវី ផុន ធារិន ក្នុងបុរីឌឺមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា លោក (ក) បានធ្វើសំបុត្រកំណើត តែនៅពេលធ្វើនោះត្រូវបានមន្ត្រីអត្រានុកូលដ្ឋានសរសេរឈ្មោះគាត់ខុស ឬខ្វះព្យញ្ជនៈណាមួយនៃឈ្មោះរបស់គាត់។ តើលោក (ក) អាចទាមទារធ្វើឡើងវិញបានទេ?
មុនឈានដល់សំណួរខាងលើនេះ សូមស្វែងយល់ពាក្យថា “សំបុត្រអត្រានុកូលដ្ឋាន” បន្តិចសិន។ សំបុត្រអត្រានុកូលដ្ឋាន គឺជាសំបុត្រសម្រាប់កត់ត្រាភាពជាស៊ីវិលនៃប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅស្របច្បាប់ក្នុងដែនសមត្ថកិច្ចកំណត់នៃច្បាប់ព្រះរាជាណាចក្រកម្ពុជា។ សំបុត្រអត្រានុកូលដ្ឋានរួមមាន៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។
តាមច្បាប់លោក (ក) ឬប្រជាពលរដ្ឋមានសិទ្ធិស្នើសុំធ្វើការកែតម្រូវ ឈ្មោះ ឬអក្ខរាវិរុទ្ធលើសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតក្នុងឆ្នាំមិនទាន់ដាច់នៅសាលាសង្កាត់/ឃុំបាន ទោះជាកំហុសបច្ចេកទេសនោះកើតចេញពីមន្ត្រីអត្រានុកូលដ្ឋាន ឬប្រជាពលរដ្ឋក៏ដោយ។
មានន័យថា ការស្នើសុំកែតម្រូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតបានតែអំឡុង ១២ ខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃចុះសំបុត្រអត្រានុកូលដ្ឋាននោះ គឺចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ នៃឆ្នាំនីមួយៗ ដោយមន្ត្រីអត្រានុកូលដ្ឋានសាលាសង្កាត់ /ឃុំ។ ក្នុងករណីមានកំហុសមិនអាចកែបានរួមមាន៖ សរសេរខុសច្រើនពេក ឬសរសេរឬបំពេញខុសខ្ទង់ក្នុងករណីនេះ មន្ត្រីអត្រានុកូលដ្ឋានត្រូវបំពេញបែបបទមោឃភាពសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតនោះហើយត្រូវចេញសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតថ្មីមួយទៀតជំនួសជូនប្រជាពលរដ្ឋតាមនីតិវិធី។
ដោយឡែកសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតត្រូវបានឆ្លងឆ្នាំ និងបញ្ជូនទិន្នន័យផុតពីសាលាសង្កាត់/ឃុំ ការស្នើសុំកែតម្រូវឈ្មោះ ឬអក្ខរាវិរុទ្ធតម្រូវឱ្យដាក់ពាក្យស្នើសុំទៅតុលាការនៃទីតាំងបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួន ដើម្បីឱ្យតុលាការចេញសាលក្រមកែតម្រូវឈ្មោះ ឬអក្ខរាវិទ្ធនោះ។ ក្រោយពីទទួលបានសាលក្រមរួច យើងអាចស្នើសុំកែតម្រូវទិន្នន័យអត្តសញ្ញាណនៅនាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ឬសាលាក្រុងស្រុកខណ្ឌនៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនកំពុងរក្សាទុក។
ករណីបែបនេះ ហេតុអ្វីបានជាមន្ត្រីអត្រានុកូលដ្ឋានមិនទទួលខុសត្រូវ ព្រោះថាគឺសមត្ថកិច្ចផ្នែកគាត់ទេដែលជាអ្នកបំពេញឈ្មោះខុស?
ក្នុងករណីជាកំហុសបច្ចេកទេសរបស់មន្ត្រីអត្រានុកូលដ្ឋានក្នុងការសរសេរឈ្មោះ ឬអក្ខរាវិរុទ្ធខុសប្រជាពលរដ្ឋត្រូវមានករណីយកិច្ច និងកាតព្វកិច្ចត្រួតពិនិត្យមុនយកទៅប្រើប្រាស់ជាផ្លូវការ ប៉ុន្តែប្រជាពលរដ្ឋខ្លួនឯងបានដឹងអំពីកំហុសនោះ ឬបណ្តែតបណ្តោយមិនព្រមយកទៅកែកំហុសនោះឱ្យទាន់ពេលវេលានៅសាលាសង្កាត់/ឃុំ តាមច្បាប់កំណត់ នោះមានន័យថា ប្រជាពលរដ្ឋនោះមានកំហុសដោយកើតចេញពីខ្លួនឯង ដែលមិនអាចបន្ទោសលើមន្ត្រីអត្រានុកូលដ្ឋានទាំងស្រុងបានឡើយ។ ម្យ៉ាងទៀតច្បាប់ក៏បានទុកសិទ្ធិឱ្យប្រជាពលរដ្ឋកែតម្រូវតាមនីតិវិធីច្បាប់ផងដែរ។
ចុះបើមានករណីបែបនេះ តើលោក (ក) អាចប្តឹងមន្ត្រីដែលបំពេញឈ្មោះគាត់ខុសនោះបានទេ?
បើនិយាយមែនទែនទៅលោក (ក) ឬប្រជាពលរដ្ឋមានសិទ្ធិប្តឹងមន្ត្រីអត្រានុកូលដ្ឋាន ក្នុងករណីដែលមន្ត្រីអត្រានុកូលដ្ឋានណាមួយបង្កឱ្យមានកំហុសច្រើនពេកដោយសារការកើតចេញពីភាពខ្ជីខ្ជា ឬការធ្វេសប្រហែសមន្ត្រីអត្រានុកូលដ្ឋាននោះ គួរតែទទួលរងការពិន័យរដ្ឋបាល ឬបញ្ចប់តួនាទីពីមន្ត្រីអត្រានុកូលដ្ឋានដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។ ដោយឡែកក្នុងករណីកំហុសអក្ខរាវិរុទ្ធកើតមានម្តងម្កាល ហើយមិនមែនជាចេតនារបស់មន្ត្រីអត្រានុកូលដ្ឋាន តែជាចំណែកការទទួលខុសត្រូវរបស់សាមីខ្លួនមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់គួរមិនត្រូវដាក់បន្ទុកកំហុសលើមន្ត្រីអត្រានុកូលដ្ឋានទាំងស្រុងឡើយ គួរដោះស្រាយកែតម្រូវតាមនីតិវិធីច្បាប់កំណត់វិញ៕