តាម​ធម្មតា​ការព្រមព្រៀង​អ្វីមួយ​ភាគី​ពាក់ព័ន្ធ​តែង​ធ្វើ​កិច្ចសន្យា​ជាមួយគ្នា​ដោយ​មាន​ការដឹងឮ​ពី​អាជ្ញាធរ និង​សាក្សី​។ ​ក៏ប៉ុន្តែ​មានរឿង​ខ្លះ​ដូចជា​ករណី​ប្រគល់​កូន​ឱ្យ​អ្នកដទៃ​ ឬ​សាច់ញាតិ​យក​​ទៅ​ចិញ្ចឹម មាន​ខ្លះ​ពុំ​ធ្វើ​កិច្ចសន្យា​ទេ​។ ​ចង់ដឹងថា តើ​ការធ្វើ​​បែប​នេះ​ត្រឹមត្រូវ​តាមច្បាប់​ឬ​យ៉ាងណា​នោះ ភ្នំពេញ​ ប៉ុស្ដិ៍​​ បាន​សុំ​ការពន្យល់​ពី​លោក មេធាវី លី កុសល មាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ​ផ្លូវ​លេខ​ ៩ ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​និង​លោក​ (​ខ​) ​បាន​រាប់អាន​គ្នា ហើយ​លោក​ (​ខ​) ​សុខចិត្ត​ប្រគល់​កូនតូច​ម្នាក់​ឱ្យទៅ​លោក​ (​ក​) ​ចិញ្ចឹម​ថែរក្សា​តែ​ភាគី​ទាំង​ ២ ​មិន​បានធ្វើ​កិច្ចសន្យា​ ឬ​ឱ្យ​អាជ្ញាធរ​ដឹងឮ​ទេ​។ ​តើ​ភាគី​ទាំង​ ២ ​អនុវត្ត​បែបនេះ​ត្រឹមត្រូវ​តាមច្បាប់​ឬ​យ៉ាងណា​? ​ចុះបើ​លោក​ (​ខ​) ​ប្តឹង​លោក​ (​ក​) ​ដោយ​ចោទថា លួច​កូន​របស់​គាត់​យ៉ាងម៉េច​ដែរ​?


ករណី​កូនចិញ្ចឹម​ ឬ​កូន​ស្មុំ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​វប្បធម៌​មួយ​មាន​ជា​យូរណាស់​មកហើយ វា​គ្រាន់តែ​នីតិវិធី​នៃ​ការស្មុំ​នោះ​​ពុំ​ត្រឹមត្រូវ​តាម​លក្ខណ:​ច្បាប់ ហើយ​ខ្លះ​ក៏​មិន​ត្រឹមត្រូវ​តាមច្បាប់​។ ​បញ្ហា​នេះ​យើង​ត្រូវ​សង្កេត​​ទៅ​មើល​លើ​ច្បាប់​នីតិវិធី​នៃ​ការស្មុំ​កូន​ដែល​ពីមុន​យើង​មានច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍​និង​គ្រួសារ ក៏ប៉ុន្តែ​វា​ពុំទាន់​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ​ពោលគឺ​គោលការណ៍​ស្មុំ​កូន​អន្តរប្រទេស​​គ្មាន​ចែង​ជាដើម​។


​ប៉ុន្តែ​បើ​ក្រឡេក​មើល​បច្ចុប្បន្នភាព​ដោយសារ​ការយក​ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​កាលពី​ថ្ងៃទី​ ២២ ខែ​​កញ្ញា​ឆ្នាំ​ ១៩៩២ ក្នុង​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​របស់​កុមារ​។


ជាមួយ​គ្នា​​នេះដែរ ដោយ​យល់ឃើញ​ថា​កុមារ​គឺ​ពិតជា​មាន​សារៈសំខាន់​ជា​ទំពាំង​ស្នងឫស្សី​ពាក់ព័ន្ធ​នឹង​​ស្មុំ​កូន​នេះ​គឺមាន​ចែង​នៅក្នុង​ក្រមរដ្ឋប្បវេណី​ឆ្នាំ​ ២០០៧ និង​ច្បាប់​ស្តីពី​ស្មុំ​កូន​អន្តរប្រទេស​ដែល​ចែង​ពី​សិទ្ធិ​របស់​កូន​ស្មុំ​ពោល​គឺ​បញ្ញត្តិ​អំពី​លទ្ធភាព​របស់​អ្នក​សុំ​ដើម្បី​ថែរក្សា​កូន​ស្មុំ​នេះ​ឱ្យបាន​ត្រឹមត្រូវ​។ ​


យ៉ាងណា​​មិញ​ការសុំ​កូន​អ្នកដទៃ​យកមក​​ចិញ្ចឹម​ដោយ​ស្របច្បាប់​ដែល​យើង​ហៅថា ការស្មុំ​កូន​នេះ​ត្រូវ​តែ​ធ្វើឡើង​តាមផ្លូវ​តុលាការ​ដូច្នេះ​ការដែល​ចង់​រំលាយ​ការស្មុំ​កូន​នេះ​វិញ​ក៏ត្រូវ​ធ្វើឡើង​តាមរយៈ​ការកាត់កាល​តាមផ្លូវ​តុលាការ​ដូចគ្នា​ផងដែរ​។


ដើម្បី​ចៀសវាង​មាន​ទោស​ទណ្ឌ ឬ​ខុសច្បាប់​តើ​លោក​ (​ក​) ​ត្រូវតែ​អនុវត្ត​វិធី​បែបណា​?

ដើម្បី​ឱ្យមាន​ភាពត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​យើង​ត្រូវ​យល់ដឹង​អំពី​ការស្មុំ​កូន​ដូចខាងក្រោម ៖

«​ការស្មុំ​កូន​» គឺជា​ការសុំ​កូន​របស់​អ្នកដទៃ​មក​ចិញ្ចឹម​ដោយ​ស្របច្បាប់ និង​បង្កើត​ទំនាក់ទំនង​​ញាតិ​រវាង​ពួកគេ​ពោល​គឺ​ធ្វើឱ្យ​ទំនាក់ទំនង​ញាតិ​រវាង​ឪពុក​ម្តាយចិញ្ចឹម និង​កូនចិញ្ចឹម​ដូចគ្នា​ទៅនឹង​ឪពុកម្តាយ និង​កូនបង្កើត​ដែរ​។ គោលបំណង​នៃ​ការស្មុំ​កូន​គឺ​ធ្វើ​ឡើង​សម្រាប់​៖

*​អ្នក​ដែល​គ្មាន​ទាយាទ​ស្នង​អាជីវកម្ម​ត្រូវ​រក​ទាយាទ​ស្នង​បាន​តាមរយៈ​ការស្មុំ​កូន

*​អ្នក​ដែល​គ្មាន​ទាយាទ​ស្នង​មរតក​ ឬ​សន្តតិកម្ម​ទ្រព្យសម្បត្តិ​ជាអាទិ៍​ត្រូវ​រក​ទាយាទ​ស្នង​បាន​តាមរយៈ​ការស្មុំ​កូន

*​អ្នក​ដែល​អសមត្ថភាព​គ្មាន​កូន​ត្រូវ​ការកូន​ ដើម្បី​អាច​ផ្តល់​អាហារកិច្ច ឬ​មើលថែ​ខ្លួន​នៅពេល​ចាស់​ទៅ

*​រក​ឪពុកម្តាយ​សម្រាប់​កុមារ​​កំព្រា ឬ​កុមារ​ដែល​ខ្វះ​ការថែរក្សា ឬ​ការយកចិត្ត​ទុកដាក់​ពី​ឪពុក​មា្ត​យ​បង្កើត​...​។​ល​។

អនុលោម​តាម​ក្រមរដ្ឋប្បវេណី​ឆ្នាំ​ ២០០៧ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​បាន​បើកផ្លូវ​ដល់​អ្នក​ដែលមាន​បំណង​ “​ស្មុំ​កូន​” ​ឬ​ “​សុំ​កូន​គេ​មក​ចិញ្ចឹម​ដោយ​ស្របច្បាប់​” អាចធ្វើ​ឡើង​តាម​រូបភាព ២ (​ពីរ​) ​គឺ​៖ (១). ​ការ​ស្មុំ​កូន​ពេញលេញ​ និង​ (២) ​ការស្មុំ​កូន​ធម្មតា​។

(១)៖ ​ការស្មុំ​កូន​ពេញលេញ​៖ គឺជា​ការសុំ​កូន​របស់​អ្នកដទៃ​យកមក​ចិញ្ចឹម​ដោយ​ស្របច្បាប់ និង​ធ្វើឡើង​តាមផ្លូវ​តុលាការ ដោយ​ទាមទារ​ឱ្យ​ផ្តាច់​ទំនាក់ទំនង​ញាតិ និង​ទំនាក់ទំនង​គតិយុត្ត​រវាង​ឪពុក​ម្តាយបង្កើត និង​ញាតិសន្តាន​របស់​កូនសុំ​នោះ​ទាំងស្រុង ដើម្បី​បង្កើត​ឱ្យ​មាន​នូវ​ទំនាក់ទំនង​ញាតិ និង​ទំនាក់ទំនង​គតិយុត្ត​រវាង​ឪពុក​ម្តាយចិញ្ចឹម​ និង​កូនសុំ​នោះ​វិញ​។

ការធ្វើ​បែបនេះ ​គឺ​ដើម្បីឱ្យ​ទំនាក់ទំនង​របស់​ឪពុក​ម្តាយចិញ្ចឹម និង​កូនសុំ​នោះ ដូចគ្នា​នឹង​ទំនាក់ទំនង​ឪពុកម្តាយ និង​កូនបង្កើត​ដែល​ច្បាប់​បាន​ទទួល​ស្គាល់ ។ គោលបំណង​នៃ​ការស្មុំ​កូន​ពេញលេញ​ខាងលើនេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ផ្តល់នូវ​គ្រួសារ​មួយ​ដែលមាន​ឪពុកម្តាយ​មាន​ជីវភាព​សមរម្យ និង​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដល់​កុមារ​អភ័ព្វ (​កូនសុំ​) និង​ដើម្បី​ផលប្រយោជន៍​កុមារ​ដែល​ខ្វះ​ការថែរក្សា ខ្វះ​ការយកចិត្ត​ទុកដាក់​ពី​ឪពុកមា្តយ​បង្កើត ឬ​ឪពុកមា្តយ​បង្កើត​មាន​ជីវភាព​​ក្រីក្រ ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការមើលថែរក្សា​កូន​បាន​ ឬ ដោយសារ​ស្ថានភាព​ណាមួយ​ដូចជា​បញ្ហា​វិបត្តិ​ស្មារតី​ ឬ​ពិការភាព​...​ជាដើម​។ ខាងក្រោម​នេះ​ជា​លក្ខខណ្ឌ​ដើម្បី​ស្មុំ​កូន​​ពេញលេញ​៖

* ឪពុក-ម្តាយចិញ្ចឹម ត្រូវតែ​មាន​សហព័ទ្ធ​ (​ប្តី​/​ប្រពន្ធ​ស្របច្បាប់​) និង​ត្រូវមាន​ឆន្ទៈ​ព្រមព្រៀង​គ្នា​ក្នុង​ការស្មុំ​កូន

* ឪពុក-ម្តាយ​ចិញ្ចឹម ត្រូវមាន​អាយុ​ចាប់ពី​ ២៥ ​ឆ្នាំ​ឡើង​​ទៅហើយ​ត្រូវ​មាន​អាយុ​ច្រើន​​ជាង​ “​កូនសុំ​” ​យ៉ាងតិច​ ២០ ​ឆ្នាំ

*​ជាគោលការណ៍ “​កូនសុំ​” ត្រូវតែ​ជា​អនីតិជន ដែល​មាន​អាយុ​តិចជាង​ ៨ ​ឆ្នាំ

*​ត្រូវមាន​ការយល់ព្រម​ពី​ឪពុក​ម្តាយបង្កើត ឬ អាណាព្យាបាល​របស់​ «​កូនសុំ​» ប៉ុន្តែ​ប្រសិន​បើ​ឪពុក​ម្តាយបង្កើត​មិនអាច​បង្ហាញ​ឆន្ទៈ​បាន ឬ ករណី​ដែល​ឪពុកម្តាយ​បង្កើត​នោះ​​បាន​បោះបង់​កូន​ចោល​ដោយ​គំនិត​ទុច្ចរិត ឬ​ហេតុ​ផ្សេងៗ​​ទៀត​ដែល​បំពាន​ផលប្រយោជន៍​​កុមារ​ដែល​នឹង​ក្លាយជា​កូនសុំ​នោះ​គឺ​មិនចាំបាច់​មាន​ការយល់ព្រម​ពី​ឪពុកម្តាយ​បង្កើត​របស់ «​កូនសុំ​» នោះឡើយ​។

*​មូលហេតុ​នៃ​ការស្មុំ​កូន​ពេញលេញ​ត្រូវតែ​នៅក្នុង​ករណី​ដែល​ស្ថានភាព​របស់​កុមារ (​កូន​​សុំ​) ​មាន​ការពិបាក​ខ្លាំង​ និង​បានជា​ប្រយោជន៍​របស់​កុមារ​ដែល​នឹង​ក្លាយជា​កូនសុំ​នោះ ។

*​ការសាកល្បង​ចិញ្ចឹម​កុមារ​ដែល​នឹង​ក្លាយជា​កូនសុំ​នោះ​រយៈពេល​ ៦ (​ប្រាំមួយ​) ​ខែ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការសម្រេច​សេចក្តី​របស់​តុលាការ ។

បន្ទាប់ពី​មាន​លក្ខខណ្ឌ​ដូច​រៀបរាប់​ខាងលើ​នេះហើយ​ឪពុក-ម្តាយចិញ្ចឹម ត្រូវតែ​មាន​ឆន្ទៈ​សហការគ្នា​ និង​ព្រមព្រៀង​ដាក់​ពាក្យសុំ​ទៅកាន់​តុលាការ​នៃ​លំនៅ​របស់​ឪពុកម្ដាយ​ចិញ្ចឹម​នោះ ដើម្បី​ឱ្យ​តុលាការ​ចេញ​ដីកា​សម្រេច​បង្កើត​ស្មុំ​កូន​ពេញលេញ ។

(២)៖ ​ការស្មុំ​កូន​ធម្មតា​៖ គឺជា​ការបង្កើត​ទំនាក់ទំនង​ញាតិ​រវាង​កូន​អ្នកដទៃ និង​ឪពុក-ម្តាយចិញ្ចឹម​ដែល​បាន​សុំ​កូន​អ្នកដទៃ​នោះ​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ដូចជា​កូន​របស់​ខ្លួនឯង បង្កើត​តាមផ្លូវ​តុលាការ ប៉ុន្តែ​ការស្មុំ​កូន​ធម្មតា​នេះ​មិនបាន​ធ្វើឱ្យ​ផ្តាច់ទំនាក់ទំនង​ញាតិ​រវាង​ឪពុក​ម្តាយបង្កើត និង​កូនសុំ​នោះទេ ពោលគឺ​ទំនាក់ទំនង​ញាតិ​របស់​ពួកគេ​នៅតែ​បន្ត​អត្ថិភាព​នាំឱ្យ​ពួកគេ​មាន​សិទ្ធិ​ទាមទារ និង​ករណីយកិច្ច​ផ្គត់ផ្គង់​អាហារកិច្ច​គ្នា​ទៅវិញ​​ទៅមក​។ ​ជាង​នេះ​ទៅ​ទៀត​កូន​​សុំ​នោះ​នៅ​តែ​ជា​សន្តតិជន (​ទាយាទ​) ​មាន​សិទ្ធិ​ទទួល​បាន​​មរតក​របស់​ឪពុកម្តាយ​បង្កើត​របស់​គេ​ដដែល ។ ទន្ទឹម​នឹង​នេះ​កូនសុំ​ក៏​មាន​សិទ្ធិ​ទទួល​សន្តតិកម្ម​ពី​ឪពុកម្ដាយ​ចិញ្ចឹម​ផងដែរ​។ ខាងក្រោម​នេះ​ជា​លក្ខខណ្ឌ​ដើម្បី​ស្មុំ​កូន​ធម្មតា​៖

* ឪពុកម្តាយ​ចិញ្ចឹម​អាច​នៅ​លីវ ឬ​មាន​សហព័ទ្ធ (​ប្តី-ប្រពន្ធ​ស្របច្បាប់​)

*​ឪពុក-ម្តាយចិញ្ចឹម​ត្រូវ​មាន​អាយុ​ចាប់ពី ២៥ ​ឆ្នាំ​ឡើង​ទៅ

* កូនសុំ​អាច​ជា​អនីតិជន ឬ នីតិជន ប៉ុន្តែ​មិនត្រូវ​ជា​បុព្វញាតិ ឬ​មាន​អាយុ​ច្រើនជាង​ឪពុកម្តាយ​ចិញ្ចឹម​ឡើយ

*​កូនសុំ ជា​អនីតិជន​ត្រូវ​មាន​ការយល់ព្រម​ពី​ឪពុក​/​ម្តាយបង្កើត ឬ​អ្នក​មាន​អំណាច​មេបា ឬ​អាណាព្យាបាល ។

បន្ទាប់ពី​មាន​លក្ខខណ្ឌ​ដូច​រៀបរាប់​ខាងលើ​នេះហើយ ឪពុក-ម្តាយ​ចិញ្ចឹម និង​កូនសុំ​ត្រូវមាន​ឆន្ទៈ​ដូចគ្នា និង​ព្រមព្រៀង​ដាក់​ពាក្យសុំ​ជាមួយ​គ្នា ទៅកាន់​តុលាការ​នៃ​លំនៅ​របស់​កូនសុំ​នោះ​ដើម្បី​ឱ្យ​តុលាការ​ចេញ​ដីកា​សម្រេច​បង្កើត​ស្មុំ​កូន​ធម្មតា​។ ប៉ុន្តែ​បើ​កូនសុំ​ជា​អនីតិជន ឪពុកម្តាយ​ចិញ្ចឹម​ត្រូវ​​ដាក់​ពាក្យសុំ​ជាមួយ​អ្នកមាន​អំណាច​មេបា​ ឬ​អាណាព្យាបាល​នៃ​កូនសុំ​នោះ​ទៅកាន់​តុលាការ​នៃ​លំនៅ​របស់​កូនសុំ​។

អ្នកដាក់​ពាក្យសុំ​មិនចាំបាច់​ត្រូវតែ​ជា​អ្នកមាន​សហព័ទ្ធ​ (​ប្ដី-ប្រពន្ធ​ស្របច្បាប់​) ​នោះ​ទេ ពោល​គឺ​បុរស ឬ​នារី​ដែល​នៅ​លីវ​ក៏​អាច​ក្លាយជា​ឪពុក ឬ​ម្ដាយ​​ចិញ្ចឹម​បានដែរ ប៉ុន្តែ​ចំពោះ​អ្នកមាន​សហព័ទ្ធ​ (​ប្ដី-ប្រពន្ធ​ស្របច្បាប់​) ប្រសិន​បើ​មានតែ​សហព័ទ្ធ​ម្ខាង​ដែល​ចង់បាន​កូនចិញ្ចឹម​នោះ អានុភាព​មាន​​តែ​ចំពោះតែ​អ្នក​ដែល​បានដាក់​ពាក្យសុំ​តែប៉ុណ្ណោះ​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​​សប្ដាហ៍​ក្រោយ​)