កាលពី​ថ្ងៃ​ចន្ទ សប្ដាហ៍​មុន ភ្នំពេញ ​ប៉ុស្ដិ៍ ​បាន​ផ្សព្វផ្សាយ ១ វគ្គ​រួច​ហើយ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មាន​មេធាវី​របស់​ជនសង្ស័យ​ក្នុង​ពេល​ឃាត់​ខ្លួន​ដំបូង តាមរយៈ​ការ​ពន្យល់​ពី​លោក​មេធាវី កុយ ដុល្លា សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ។ ប៉ុន្តែ​វគ្គ​នេះ​លោក​បាន​ពន្យល់​ពី​ភាព​ត្រឹមត្រូវ ឬ​មិនត្រូវ ជុំវិញ​ការ​ដោះ​សម្លៀក​បំពាក់​ជនសង្ស័យ​រួច​ផ្សព្វផ្សាយ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

មាន​ករណី​ខ្លះ សមត្ថកិច្ច​ចាប់​ជនសង្ស័យ ហើយ​បាន​ដោះ​សម្លៀកបំពាក់​ចេញ​ទុក​តែ​ខោ​លីអូ ថត​បង្ហាញ​ជា​សាធារណៈ។ តើ​ទង្វើ​បែប​នេះ​ចាត់​ទុក​ថា ​ត្រឹមត្រូវ ឬ​យ៉ាង​ណា?


ជា​គោលការណ៍​រាល់​ការ​ថតរូប ឬ​ការ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ​ត្រូវ​មាន​ការ​ព្រមព្រៀង​ពី​សាមីខ្លួន​ជា​មុន​សិន។ ការ​ព្រមព្រៀង​នេះ​អាច​មាន​រូបភាព ២ យ៉ាង។ ទី១ សាមី​ខ្លួន​បាន​យល់ព្រម​យ៉ាងច្បាស់​ថា ខ្លួន​អនុញ្ញាត​ឱ្យ​ថត ឬ​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ចុះផ្សាយ​ជា​ដើម។ ទី២ ការ​ព្រមព្រៀង​អាច​ធ្វើ​ទ្បើង​ដោយ​តុណ្ហីភាព (ការ​យល់ព្រម​ដោយ​ភាព​ស្ងៀមស្ងាត់) មាន​ន័យថា សាមី​ខ្លួន​ដឹង​ថា គេ​បាន​ថតរូប​ហើយ តែ​មិន​មាន​ការ​ជំទាស់​នោះ​ទេ នេះ​អាច​បញ្ជាក់​បាន​ថា សាមី​ខ្លួន​យល់ព្រម​ឱ្យ​គេ​ថតរូប​ដោយ​តុណ្ហីភាព។ ក៏​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ឃើញ​មាន​សមត្ថកិច្ច​មួយ​ចំនួន​តូច​ដែល​បាន​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​បាន​ដោះ​សម្លៀកបំពាក់​ចេញ​ទុក​តែ​ខោ​លីអូ ថត​បង្ហាញ​ជា​សាធារណៈ។


នេះ ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល និង​ការ​អនុវត្ត​ផ្ទុយ​នឹង​ក្រមសីលធម៌​ទៀត​ផង ដោយ​ហេតុថា ពុំ​ទាន់​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ផ្តន្ទាទោស​នៅ​ឡើយ​ទេ ហើយ​បើ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ពុំ​មាន​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​បែប​នេះ​ទេ។ យោង​មាត្រា ១០ នៃ​ក្រម​រដ្ឋប្បវេណី ចែង​ថា “សិទ្ធិ​បុគ្គល​សំដៅ​ទៅ​លើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​នឹង​ជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ​សិទ្ធិ​ផ្សេង​ទៀត​ដែល​ជា​ផលប្រយោជន៍​ទាក់ទង​នឹង​លក្ខណៈ​បុគ្គល។


តាម​ការ​ពិនិត្យ​លើ​មាត្រា ១០ នៃ​ក្រម​រដ្ឋប្បវេណី​ខាង​លើ​ឃើញ​ថា សិទ្ធិ​ខាង​រូបភាព រូប​កាយ ភាពឯកជន ក៏​ជា​ផ្នែក​មួយ​នៃ​សិទិ្ធ​បុគ្គល​ផង​ដែរ។ កាល​ណា​វា​ជា​ប្រភេទ​នៃ​សិទ្ធិ​បុគ្គល ប្រសិន​បើ​សាមី​ខ្លួន​យល់​ឃើញ​ថា មាន​ការ​បំពាន គឺ​គាត់​អាច​ទាមទារ​ឱ្យ​បញ្ឈប់ (តាម​មាត្រា ១១ នៃ​ក្រម​រដ្ឋប្បវេណី) ទាមទារ​ឱ្យ​ដក​ចេញ (តាម​មាត្រា ១២ នៃ​ក្រម​រដ្ឋប្បវេណី) និង​សិទ្ធិ​ទាមទារ​សំណង​ដោយ​ផ្អែក​លើ​អំពើ​អនីត្យានុកូល (តាម​មាត្រា ៧៤៣ នៃ​ក្រម​រដ្ឋប្បវេណី)។


ចំពោះ​ជន​ណា​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដំបូង​ហើយ​ត្រូវ​បាន​អ្នក​កាសែត ​ឬ​ក៏​នគរបាល​យក​មក​ចុះ​ផ្សាយ ​ឬ​ក៏​បង្ហោះ​ដោយ​សរសេរ​ឈ្មោះ អាយុ ​និង​ទីកន្លែង​រស់នៅ​របស់​ជន​នោះ​ទៀត។ តើ​ការ​ធ្វើ​បែប​នេះ​ត្រូវ​តាម​ច្បាប់​ដែរ ឬ​យ៉ាង​ណា?


បញ្ហា​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចែកចាយ ការ​បង្ហោះ​រូបភាព ​ឬ​ការ​បង្ហាញ​អត្តសញ្ញាណ​មិន​ថា ​ជា​រូបភាព​បុគ្គល​ដែល​មាន​គ្រោះថ្នាក់​ផ្សេងៗ ឬ​មាន​ព្រឹត្តិការណ៍​ណា​មួយ​ទៅ​លើ​បណ្តាញ​សង្គម ជាពិសេស​នៅ​ពេល​មាន​ការ​ចាប់​បាន​ជន​ណា​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​ខុស​ជា​ដើម។ ដូច​គ្នា​ផង​ដែរ នៅ​ពេល​នគរបាល​ចាប់ និង​ឃាត់​ខ្លួន​ជន​ប្រព្រឹត្ត​ខុស​ណា​ម្នាក់​ពេល​ខ្លះ​ត្រូវ​បាន​អ្នក​កាសែត ​ឬ​ក៏​នគរបាល​បាន​ចុះផ្សាយ ឬ​ក៏​បង្ហោះ​ដោយ​សរសេរ​ឈ្មោះ អាយុ និង​អាសយដ្ឋាន​របស់​ជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ។

ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា ការ​បង្ហាញ​ឈ្មោះ អាយុ និង​អាសយដ្ឋាន​របស់​បុគ្គល​ណា​ម្នាក់​ដែល​អាច​សម្គាល់​ពី​អត្តសញ្ញាណ​បុគ្គល​នោះ ​គឺ​អាច​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល កិត្តិយស កាល​ណា​បុគ្គល​នោះ​ជា​អនីតិជន ដោយ​ហេតុ​ថា ការ​ធ្វើ​បែប​នេះ​អាច​ជះឥទ្ធិពល​ដល់​ការ​អប់រំ ការងារ ការ​ស្នាក់នៅ ​ឬ​សុវត្ថិភាព​របស់​អនីតិជន ហើយ​ច្បាប់​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បង្ហាញ​អត្តសញ្ញាណ​អនីតិជន​ទ្បើយ (យោង​តាម​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន)។ ប៉ុន្តែ​ចំពោះ​នីតិជន​វិញ នៅ​មាន​ការ​លំបាក​ក្នុង​ការ​កំណត់ ដោយសារ​ច្បាប់​ពុំ​ទាន់​ចែង​អំពី​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់លាស់​នៅ​ទ្បើយ​តែ​យើង​សាកល្បង​ពិនិត្យ​ទៅ​លើ​គោលការណ៍​ទូទៅ។

ផ្អែក​តាម​គោលការណ៍​ទូទៅ ជន​គ្រប់​រូប​ត្រូវ​សន្មត​ថា គ្មាន​ទោស​កាល​បើ​ពុំទាន់​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​នៅ​ទ្បើ​យ​ទេ។ ដើម្បី​កាន់​តែ​ច្បាស់​សូម​ពិនិត្យមើល​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែងថា “ជន​ជាប់ចោទ​ណា​​ក៏​ដោយ​ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស ដរាបណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ។

ហេតុ​ដូច្នេះ ការ​ឃាត់​ខ្លួន​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ គឺ​ឋានៈ​ត្រឹមតែ​ជា​ជនសង្ស័យ​ប៉ុណ្ណោះ ហើយ​នៅ​មាន​ដំណាក់កាល​ផ្សេងៗ​ទៀត​ដែល​អាច​ជា​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំ​ជម្រះ ជាអាទិ៍ (សូម​បញ្ជាក់​ផង​ដែរ​ថា ការ​លើក​ឡើង​នេះ ពុំ​រាប់បញ្ចូល​នូវ​នីតិវិធី​បង្ហាញ​ខ្លួន​ភ្លាម និង​ការ​បញ្ជូន​ទៅ​ជំនុំជម្រះ​ផ្ទាល់​ទេ ដោយសារ​ពេលវេលា​ខ្លី)។

ដូច្នេះ នៅ​មាន​ដំណាក់កាល​នៃ​នីតិវិធី​ផ្សេងៗទៀត ទម្រាំ​តែ​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ។ ឧទាហរណ៍​មាន​ការ​ឃាត់​ខ្លួន​បុគ្គល “ក” ពី​បទ​លួច ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌ ប៉ុន្តែ​ដល់​ដំណាក់កាល​ស៊ើបសួរ ឬ​ជំនុំជម្រះ ចៅក្រម​រក​ឃើញ​ថា បុគ្គល “ក” នោះ​ពុំ​មែន​ជា​អ្នក​លួច​នោះ​ទេ គឺ​មាន​បុគ្គល​ផ្សេង​ដែល​ជា​អ្នក​លួច​ពិត​ប្រាកដ​នៅ​ក្នុង​អង្គហេតុ​នោះ ហើយ​ចៅក្រម​បាន​សម្រេច​ឱ្យ​បុគ្គល “ក” រួច​ខ្លួន ហេតុ​ដូច្នេះ​ការ​ចុះផ្សាយ ឬ​បង្ហោះ​នាពេល​កន្លង​នោះ​សំណួរ​សួរ​ថា ​តើ​អាច​ធ្វើ​បដិទាន​កិត្តិយស ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​គាត់​បាន​ត្រឹម​កម្រិតណា កាល​បើ​ក្រោយ​មក​ចៅក្រម​រក​ឃើញ​ថា គាត់​ពុំមាន​កំហុស​ទេ៕