ធម្មតាការរស់នៅរបស់មនុស្សតែងមានករណីស្មុំកូនពីអ្នកដទៃមកចិញ្ចឹមដោយមូលហេតុផ្សេងៗដែលខ្លះមកពីអ្នកទទួលគ្មានកូន។ ឯករណីខ្លះទៀតមកពីម្ដាយ-ឪពុកបង្កើតគ្មានលទ្ធភាពអាចបីបាច់ថែរក្សាបណ្ដុះបណ្ដាលកូនបានល្អដោយសារកត្តាជីវភាព ឬមានជំងឺជាដើម។ ក៏ប៉ុន្តែបើការប្រគល់ និងទទួលកូននោះមិនបានធ្វើលិខិតស្នាម ឬមានអាជ្ញាធរដឹងឮត្រឹមត្រូវតើអ្នកទទួល (ម្ដាយថ្មី) អាចប្រឈមនឹងផ្លូវច្បាប់ដែរឬទេ? ជុំវិញករណីនេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ឡោ គីមហ្គិច នៃក្រុមមេធាវីអាស៊ានអន្តរជាតិមានអាសយដ្ឋានផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខ ដែលមានខ្លឹមសារដូចខាងក្រោម ៖
ឧបមាថាមានស្ត្រីម្នាក់បានឲ្យកូនទៅស្ត្រីម្នាក់ទៀត ប៉ុន្តែភាគីទាំង ២ មិនបានធ្វើកិច្ចសន្យាទេ។ ក្រោយមកស្ត្រីជាម្តាយបង្កើតបានប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីជាអ្នកទទួលកូននោះ។ តើបញ្ហានេះស្ត្រីជាអ្នកទទួលកូនគេត្រូវប្រឈមនឹងទោសដែរឬទេ?
ដើម្បីអាចបង្កើតការស្មុំកូនពេញលេញបានលុះត្រាតែបំពេញតាមលក្ខខណ្ឌដែលមានកំណត់ដោយច្បាប់ស្មុំកូន។ លក្ខខណ្ឌទាំងនោះទាក់ទងនឹងអាយុរបស់ឪពុកម្ដាយចិញ្ចឹម និងកូនសុំ។ ឪពុកម្ដាយចិញ្ចឹមត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ ហើយត្រូវមានអាយុច្រើនជាងកូនសុំយ៉ាងតិច ២០ ឆ្នាំទើបអាចបង្កើតការស្មុំកូនពេញលេញបាន (មាត្រា ១០០៩ នៃក្រមរដ្ឋប្បវេណី)។
ជាគោលការណ៍កូនសុំត្រូវមានអាយុតិចជាង ៨ ឆ្នាំ (មាត្រា ១០១០ នៃក្រមរដ្ឋប្បវេណី)។
ករណីនេះប្រសិនបើអ្នកទទួលកូននោះគាត់មិនបានទៅប្រាប់ ឬជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានទេបានន័យថា ជាការខុសច្បាប់ហើយ បើទោះបីពេលប្រគល់ និងពេលទទួលយកកូននោះមានការព្រមព្រៀងគ្នាផ្ទាល់មាត់ក៏ដោយ។ ករណីនេះស្ត្រីជាម្តាយបង្កើតដែលឲ្យកូនទៅគេនោះអាចចោទប្រកាន់ទៅភាគីអ្នកទទួលយកកូនបាន ដោយសារតែស្ត្រីអ្នកទទួលនោះគ្មានលិខិតស្នាមដឹងឮពីអាជ្ញាធរមូលដ្ឋាន ។
ចុះបើស្ត្រីដែលទទួលកូនពីអ្នកប្រគល់ គាត់បានប្រាប់អាជ្ញាធរមូលដ្ឋានត្រឹមមេភូមិដឹងឮតើស្របច្បាប់ដែរទេ?
ករណីនេះបើអ្នកទទួលកូនយកទៅចិញ្ចឹម ហើយប្រាប់ត្រឹមមេភូមិដឹងឮគឺជាការត្រឹមត្រូវតាមច្បាប់ហើយ ពីព្រោះអាជ្ញាធរមូលដ្ឋានបានដឹងឮ។
ចុះបើស្ត្រីជាម្តាយប្រគល់កូនរបស់គាត់ឲ្យទៅអនីតិជនម្នាក់ទៀតដែលមិនទាន់គ្រប់អាយុតើបានទេ?
ករណីនេះមិនអាចប្រព្រឹត្តទៅបានទេបើតាមច្បាប់ស្មុំកូនចែងថា លុះត្រាតែអ្នកសុំនោះមានអាយុលើសពី ២៥ ឆ្នាំ។ និយាយរួមឪពុក ឬម្តាយដែលចង់ស្មុំកូនត្រូវមានអាយុលើសពីកូនសុំ ២០ ឆ្នាំឡើងទៅទើបអាចស្មុំកូនមកចិញ្ចឹមបាន៕