នៅពេលដែលបុគ្គលណាម្នាក់បង្កបទល្មើសបណ្តាលឲ្យជនរងគ្រោះស្លាប់ឬរងរបួសគឺជនបង្កតែងតែរត់គេចខ្លួនពីកន្លែងកើតហេតុប្រសិនបើមានឱកាសរត់រួចឬប្រសិនបើជាគ្រោះថ្នាក់ចរាចរណ៍វិញ ក្រោយពីបង្កហេតុពេលខ្លះជនបង្កទុកវត្ថុតាងនៃបទល្មើសចោលដូចជារថយន្តឬម៉ូតូជាដើមហើយពេលខ្លះបើគេស្គាល់អត្តសញ្ញាណគឺគ្រាន់តែចេញជាសំណងទៅឲ្យជនរងគ្រោះប៉ុណ្ណោះ។
ករណីបែបនេះនិយាយពីផ្លូវច្បាប់វិញបើជនបង្កគ្រាន់តែចេញជាសំណងបែបនេះអាចបញ្ចប់បញ្ហាបានទេ? ពាក់ព័ន្ធនឹងនីតិវិធីច្បាប់តើយ៉ាងម៉េចដែរ?
ជុំវិញបញ្ហានេះក្នុងទំព័រច្បាប់ កាសែតភ្នំពេញប៉ុស្តិ៍សូមលើកយកជ្រុងមួយនៃបទល្មើសចរាចរណ៍មកបកស្រាយជូនតាមរយៈកិច្ចសម្ភាសន៍ជាមួយលោក មេធាវី យុង ផានិត អនុប្រធាននាយកដ្ឋានការពារក្តីជនក្រីក្រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចតទៅ ៖
ប្រសិនបើមានបុគ្គលណាម្នាក់បង្កបទល្មើសណាមួយដែលធ្វើឲ្យភាគីម្ខាងទៀតស្លាប់ឬរបួសហើយក្រោយកើតហេតុក៏មានការសងលុយកាក់ជាសំណងផង។ក្នុងករណីសងសំណងរួចបែបនេះតើជនបង្កនឹងមានទោសទេ?
ករណីបែបនេះទោះជាខាងជនបង្កចេញលុយកាក់ជាសំណងទៅឲ្យភាគីជនរងគ្រោះហើយក្តីក៏មិនអាចគេចផុតពីទោសទណ្ឌបានដែរព្រោះការដែលជនបង្កសងជាលុយកាក់ទៅក្រុមគ្រួសារជនរងគ្រោះគឺមិនអាចរំលត់បណ្តឹងអាជ្ញាបានទេ។
នៅក្នុងរឿងព្រហ្មទណ្ឌមានបណ្តឹង ២ ដែលបណ្តឹងមួយហៅថា បណ្តឹងរដ្ឋប្បវេណី និងមួយទៀតហៅថា បណ្តឹងព្រហ្មទណ្ឌ។ យោងមាត្រា ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា បណ្តឹងអាជ្ញានិងបណ្តឹងរដ្ឋប្បវេណីគឺជាបណ្តឹងពីរផ្សេងគ្នា។
បណ្តឹងអាជ្ញាមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើសបង្ហាញឲ្យឃើញពិរុទ្ធភាពនៃជនល្មើសនិងផ្តន្ទាទោសជននេះតាមច្បាប់កំណត់។
បណ្តឹងរដ្ឋប្បវេណីមានគោលបំណងធ្វើឲ្យបានជួសជុលការខូចខាតដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះហើយក្នុងគោលបំណងនេះឲ្យអ្នករងគ្រោះបានទទួលសំណងជំងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល។
ចំពោះមាត្រា ៣ ក៏ចែងដែរថា បណ្តឹងអាជ្ញាអនុវត្តទៅលើបុគ្គលគ្រប់រូបទាំងរូបវន្តបុគ្គលទាំងនីតិបុគ្គលដោយឥតប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនានិន្នាការនយោបាយដើមកំណើតជាតិឋានៈសង្គមធនធានឬស្ថានភាពឯទៀតឡើយ។
ករណីភាគីជនបង្កសងជាសំណងឲ្យភាគីជនរងគ្រោះហើយក្តីតើខាងជនរងគ្រោះអាចដាក់ពាក្យបណ្តឹងបានទេ?
បើយោងមាត្រា ៤ និងមាត្រា ៥ នៃក្រមខាងលើចែងថាបណ្តឹងអាជ្ញាត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ទូទៅដោយអយ្យការ។អយ្យការធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងសុំឲ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយត្តាធិការជំនុំជម្រះ។
ជនរងគ្រោះនៃបទឧក្រិដ្ឋឬបទមជ្ឈិមអាចដាក់ពាក្យបណ្តឹងដោយតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅចំពោះមុខចៅក្រមស៊ើបសួរ។ពាក្យប្តឹងដោយមានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីមានអានុភាពប្តឹងដល់ចៅក្រមស៊ើបសួរអំពីបណ្តឹងអាជ្ញានៅក្នុងលក្ខខណ្ឌដែលបញ្ញតិ្តដោយមាត្រា ១៣៩ (ការបញ្ជូនបណ្តឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ។
យុត្តាធិការព្រហ្មទណ្ឌក៏អាចទទួលបណ្តឹងពីមន្រ្តីរាជការឬភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកបានប្រគល់អំណាចឲ្យផងដែរ៕