ប្រសិនបើជនណាម្នាក់សង្ស័យថា បានបង្កបទល្មើសអ្វីមួយហើយត្រូវសមត្ថកិច្ចចាប់ខ្លួន និងមានថតរូបផង។ តើជននោះត្រូវតែបិទបាំងមុខដែរឬ? តើគាត់ត្រូវបានច្បាប់ការពារបែបណា? ព្រោះថាជននោះមិនទាន់ត្រូវបានតុលាការផ្តន្ទាទោសផងទេ។ ជុំវិញបញ្ហានេះភ្នំពេញ-ប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី លី កុសល ដែលមានការិយាល័យផ្ទះលេខ ៤៥ Eo ផ្លូវលេខ ៩ ក្រុម ៥ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
ជារឿយៗមានការចុះផ្សាយដោយដាក់ឈ្មោះ និងថតរូបមនុស្សជាក្រុម ឬម្នាក់ឯងដោយមិនបានបិទបាំងមុខនៅដំណាក់កាលនគរបាល និងខ្លះពេលបញ្ជូនដល់តុលា តែមានអ្នកខ្លះត្រូវតុលាការដោះលែងវិញព្រោះរកមិនឃើញជាប់ពាក់ព័ន្ធនឹងបទល្មើស។ ប៉ុន្តែមុខ និងឈ្មោះរបស់ជនដែលត្រូវដោះលែងនោះត្រូវបានចុះផ្សាយតាមកាសែត ឬតាមបណ្តាញហ្វេសប៊ុករួចទៅហើយ។ តើក្នុងករណីបែបនេះបើតាមច្បាប់ គួរត្រូវចុះផ្សាយកែតម្រូវឲ្យជននោះវិញឬយ៉ាងណា? ព្រោះបើតុលាការមិនចោទគាត់ផងមានន័យថា គាត់ជាមនុស្សស្អាតស្អំ។ ចុះចំពោះជនដែលត្រូវតុលាការចោទប្រកាន់ និងមានសាលក្រម ឬសាលដីកាស្ថាពរហើយ តើត្រូវតែបិទបាំង ឬមិនត្រូវបិទបាំងមុខគាត់?
ជាគោលការណ៍គ្មានជនណាម្នាក់ត្រូវបានសន្មតជាមុនថា មានទោសនោះទេដរាបណាមិនទាន់មានសាលក្រម ឬសាលដីកាស្ថាពរពីតុលាការ ដូច្នេះបើពួកគាត់មិនទាន់មានទោស ពុំគួរគប្បីបង្ហាញមុខគាត់ដោយចំហ ដោយមិនមានការបិទបាំងដែលអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិក្រៅបេតិកភណ្ឌរបស់ពួកគាត់។
ពាក់ព័ន្ធនឹងការបិទបាំងមុខ ឬមិនបានបិទបាំងមុខចំពោះជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះច្បាប់មិនបានកំណត់ឲ្យជាក់លាក់នោះទេ តែវាជាបញ្ហាក្រមសីលធម៌វិជ្ជាជីវៈចំពោះអ្នកដែលផ្សព្វផ្សាយដែលគប្បីគួរតែគោរព។ ប៉ុន្តែបើសិនជាជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះជាអនីតិជន យោងតាមមាត្រា ២៣ នៃច្បាប់ស្តីពី យុត្តិធម៌អនីតិជនបានការពារពួកគាត់ដោយមិនឲ្យមន្ត្រីនគរបាលយុត្តិធម៌ដាក់បង្ហាញមុខជាជួរឡើយ ក្នុងករណីដែលគ្មានការយល់ព្រមដោយមានការពិគ្រោះយោបល់ជាមួយមេធាវី អ្នកតំណាងដែលច្បាប់បានកំណត់។
ចំពោះបញ្ហាបង្ហាញមុខ និងឈ្មោះរបស់ជនដែលត្រូវដោះលែងនោះត្រូវបានចុះផ្សាយតាមកាសែត ឬតាមបណ្តាញសង្គមហ្វេសប៊ុករួចទៅហើយនោះ សាមីខ្លួន ឬតំណាងស្របច្បាប់អាចស្នើទៅអ្នកសារពត៌មានទាំងនោះធ្វើការកែតម្រូវដោយផ្អែកទៅតាមមាត្រា ១០ នៃច្បាប់ស្តីពីរបបសារពត៌មាន។ ចំពោះជនដែលត្រូវតុលាការចោទប្រកាន់ និងមានសាលក្រម ឬ សាលដីកាស្ថាពរហើយច្បាប់មិនបានកំណត់ថា ត្រូវបិទបាំងមុខ ឬមិនបិទបាំងនោះទេ ជារួមបញ្ហាការបិទបាំងមុខនេះមិនមានចែងក្នុងច្បាប់ព្រះរាជាណាចក្រកម្ពុជានោះទេ។
ជនម្នាក់បានសារភាពនៅតុលាការពីការសម្លាប់មនុស្សហើយក៏ត្រូវតុលាការផ្តន្ទាទោសគាត់អស់ ១ ជីវិតថែមទៀត។ ករណីនេះបើគាត់ទទួលកំហុស និងត្រូវបានតុលាការចោទប្រកាន់ហើយនោះ ប៉ុន្តែគាត់មិនទាន់បានទទួលសាលដីកាស្ថាពរពីសាលាឧទ្ធរណ៍ និងពីតុលាការកំពូលទេ ហើយគាត់ត្រូវបានគេថតរូប និងចុះផ្សាយក្នុងទំព័រកាសែតដោយមិនបានបិទបាំងមុខ។ ចំពោះករណីនេះតើការមិនបិទបាំងមុខជាកំហុសឆ្គងដែរទេ?
ដោយយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់កថាខណ្ឌចុងក្រោយនៃមាត្រា ៣៨ បានចែងថា ជនណាក៏ដោយត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។ ដូចនេះប្រសិនបើជននោះមិនបានប្តឹងឧទ្ធរណ៍នោះទេ នោះសាលក្រមនៃសាលាដំបូងនឹងត្រូវចូលស្ថាពរ ក្រោយពីផុតរយៈពេល ១ ខែ ដូច្នេះហើយគាត់ត្រូវបានសន្មតថា មានទោស ប៉ុន្តែប្រសិនបើគាត់មានឆន្ទៈប្តឹងបន្តទៅតុលាការជាន់ខ្ពស់ថែមទៀតនោះគឺច្បាប់នៅតែសន្មតថាគាត់ជាអ្នកមិនទាន់មានទោស។ ការបិទបាំងមុខ ឬមិនបិទបាំងមុខ មិនមែនជាបទល្មើសទេ ដោយសារតែមិនមានច្បាប់ចែង។
(សូមរង់ចាំអានវគ្គបន្ដនៅសប្ដាហ៍ក្រោយ)