ជារឿយៗ​ ការប្រើ​ហិង្សា​លើ​អ្នកដទៃ​តែង​ឃើញ​កើត​មាន​​ជា​ញឹកញាប់ ពិសេស​លើ​ជនសង្ស័យ​ ឬ​អ្នក​ដែល​ត្រូវ​គេ​ស្រែក​​ថា​ជា​ជនសង្ស័យ ហើយ​ក៏​នាំ​គ្នា​​វាយ​ ឬ​ប្រើ​ហិង្សា​លើ​ជន​នោះ​​ទាំង​មិន​បាន​ដឹង​ថា​ត្រូវ​ប្រឈម​​នឹង​ទោស​ខ្លួនឯង​ឡើយ​។

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​មេធាវី​លោក យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖


ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​វាយតប់​លើ​អ្នកដទៃ​នៅ​កន្លែង​ណា​មួយ ករណី​ដូចជា​កាលពី​ប៉ុន្មាន​ខែ​មុន​នៅ​ផ្សារ​ព្រៃទា ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ​មាន​ស្ត្រី​ម្នាក់​បាន​លួច​ទូរស័ព្ទ​គេ​ហើយ​ត្រូវ​ក្រុម​អាជីវករ​ព្រួត​គ្នា​វាយ និង​ចាប់​កោរសក់​​គាត់​ជាដើម តើ​បុគ្គល​នោះ​ត្រូវ​មាន​ទោស​ដែរ​ទេ​?


ប្រសិន​បើ​មាន​ករណី​ដូច​ការលើក​ឡើង​បែប​នេះ​មែន​នោះ​អ្នក​វាយ​គេ​គឺ​ត្រូវ​ប្រឈម​នឹង​​ផ្លូវច្បាប់ ពីព្រោះ​តាម​ច្បាប់​ជាគោលការណ៍​គឺ​ការ​សន្មត​ជា​មុន​ថា​ [​អ្នក​ត្រូវគេ​វាយ​នោះ​] ​គ្មាន​ទោស​ទេ​។ ​


ដោយសារ​តែ​មាន​​គោលការណ៍​ស្តីពី​ការ​សន្មត​ជា​​មុន​ថា គ្មាន​ទោស​នេះ​ហើយ​ទើប​បាន​ជា​ហាម​មិន​ឲ្យ​បង្ក​ហិង្សា​​អ្វី​ដែល​ខុសច្បាប់​ទៅលើ​ជនសង្ស័យ​ ឬ​ជនជាប់ចោទ​ដរាបណា​ជន​នោះ​មិន​ទាន់​ត្រូវ​បាន​កាត់ទោស​ជា​ស្ថាពរ​ទេ​នោះ​។


គោលការណ៍​នេះ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​កាត់ទោស​មុន​តុលាការ ព្រោះ​ប្រសិន​បើ​បណ្ដោយ​ឲ្យ​នៅ​តែ​ធ្វើ​បែបនេះ​​​ដែល​អ្នក​ខ្លះ​គ្រាន់តែ​ស្រែក​ថា ចោរៗ​ហើយ​មិន​ទាន់​មាន​ភ័ស្តុតាង​អ្វី​ផង​ក៏​ស្រាប់​តែ​ចាប់​ជន​នោះ​វាយតប់​ទៅ​ហើយ​ហ្នឹង​។


ករណី​នេះ​អាច​ពេល​ខ្លះ​មាន​ជនខិលខូច​ចូល​ទៅ​បន្លំ​លួច​ទ្រព្យសម្បត្តិ​គេ​ ឬ​ម្យ៉ាង​វ៉ៃ​ជន​នោះ​ដោយ​កំហឹង​។ អ៊ីចឹង​វា​មាន​រឿងរ៉ាវ​បទល្មើស​កើត​ច្រើន​ណាស់​ប្រសិន​បើ​យើង​ទាំងអស់​គ្នា​បណ្តោយ​ឲ្យ​ករណី​បែប​នេះ​កើត​មាន​ឡើង​ទៀត​។ ​ឧទាហរណ៍​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​ពេល​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ព្រួត​វាយ​ទៅ​​លើ​ លោក ស៊ុយ សារ៉េត រហូត​រងរបួស​ធ្ងន់ធ្ងរ​។ អ៊ីចឹង​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​បាន​ស្វែងយល់​ពី​ច្បាប់​ទេ​គឺ​វា​មាន​បញ្ហា​ច្រើន​ណាស់​ដែល​ធ្វើឲ្យ​សង្គម​របស់​យើង​ច្របូក​ច្របល់​។ ​

ហេតុ​នេះ​ហើយ​បាន​ជា​រាល់​ការផ្សព្វផ្សាយ គឺ​ខ្ញុំ​តែងតែ​បកស្រាយ​ពី​បញ្ហា​បង្ក​ហិង្សា ពោល​គឺ​គ្មាន​អំពើ​ហិង្សា​ណា​មួយ​ដែល​ថា​ត្រូវ​ច្បាប់​ទេ គ្មាន​អំពើ​ហិង្សា​ណា​មួយ​ក្នុង​ប្រព័ន្ធ​ ឬ​នៅ​ក្រៅ​ប្រព័ន្ធ​ទេ មិន​ដែល​មាន​ច្បាប់​ណា​ឲ្យ​ប្រើ​ហិង្សា​ទេ បើ​ទោះ​ជា​ជន​នោះ​ប្រព្រឹត្ត​ខុស​ច្បាប់​តម្រូវ​ឲ្យ​ជន​នោះ​ជាប់​ពន្ធនាគារ​មិន​ដែល​ច្បាប់​តម្រូវ​ឲ្យ​ប្រើ​ហិង្សា​លើ​ជន​នោះ​ឯណា​។ ​គ្មាន​ច្បាប់​ណា​តម្រូវ​ឲ្យ​ប្រើ​ហិង្សា​ទៅ​លើ​ជនជាប់ចោទ​ ឬ​ទណ្ឌិត​គឺ​គ្មាន​ទេ​។

ច្បាប់​បាន​ហាមប្រាម​ណាស់​រឿង​ប្រើ​ហិង្សា​នេះ​គឺ​កុំ​ថា ឡើយ​ជន​ជា​ទណ្ឌិត​ដែល​ជាប់​ឃុំ​នោះ​​គឺ​ច្បាប់​ហាម​មិន​ឲ្យ​បង្ក​ហិង្សា​លើ​ជន​នោះទេ គ្រាន់​តែ​ច្បាប់​ដាក់​ឃុំ​នោះ​ឃាត់ឃាំង​សេរីភាព​លើ​ជន​នោះ​មួយ​ចំនួន​កុំ​ឲ្យ​គាត់​ទៅ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​គេ​ប៉ុណ្ណោះ​។

ឧបមាថា​ជន​នោះ​ជា​មនុស្ស​ល្អ ស្រាប់​តែ​គាត់​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​គាត់​ក៏​ជួប​ហេតុការណ៍​ដោយ​មាន​ជនល្មើស​លួច​ទ្រព្យ​គេ ហើយ​អ្នក​ដំណើរ​នោះ​គាត់​បាន​វាយ​ជន​នោះ​រហូត​ដល់​ស្លាប់ ដូច្នេះ​អ្នក​ដំណើរ​នោះ​នឹង​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ​ឬ​?

ជា​គោលការណ៍​ច្បាប់​ប្រសិន​បើ​អ្នក​ដំណើរ​នោះ​ជា​មនុស្ស​ល្អ​ទេ តែ​បើ​គាត់​ទៅ​វាយ​ចោរលួច​នោះ​បណ្តាល​ឲ្យ​ស្លាប់​គឺ​គាត់​ត្រូវ​តែ​មាន​ទោស​ហើយ​។ ព្រោះ​ច្បាប់​បាន​សន្មត​ជា​មុន​ហើយ​ថា​គ្មាន​ជន​ណា​ម្នាក់​មាន​ទោស​ទេ​ ប្រសិន​បើ​មិន​ទាន់​ត្រូវ​ផ្តន្ទាទោស​​ពី​តុលាការ​។

អ៊ីចឹង​បើ​ច្បាប់​សន្មត​បែប​នេះ​ហើយ​រឿង​អី​យើង​ទៅ​វាយតប់​គេ ហើយ​ប្រសិន​បើ​យើង​ឃើញ​ថា ជន​នោះ​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​គឺ​យើង​ត្រូវ​ចាប់​ជន​នោះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ដើម្បី​​ឲ្យ​នគរបាល​កសាង​សំណុំរឿង​ជន​នោះ​ទៅ​តុលាការ​។ ច្បាប់​អនុញ្ញាត​ឲ្យ​ត្រឹមតែ​ចាប់​ឃាត់​ខ្លួន​ហើយ​ប្រគល់​ឲ្យ​នគរបាល​ដើម្បី​ឲ្យ​សមត្ថកិច្ច​បំពេញ​នីតិវិធី​ឲ្យ​បាន​ត្រឹមត្រូវ​។

ចុះ​ឧបមាថា​មាន​រឿង​ហេតុ​កើត​​ឡើង​នៅ​តាម​ផ្លូវ​សាធារណៈ ស្រាប់​តែ​សមត្ថកិច្ច​នគរបាល​ទៅ​ទាន់​ហេតុការណ៍​នោះ ប៉ុន្តែ​សមត្ថកិច្ច​បណ្តោយ​ឲ្យ​សាធារណជន​វាយ​ជន​នោះ​។ បើ​មាន​ករណី​បែប​នេះ​សួរ​ថា តើ​សមត្ថកិច្ច​នគរបាល​នោះ​មាន​ទោស​ឬ​អត់​?

ប្រសិន​បើ​មាន​ករណី​នេះ​កើត​ឡើង​ដូច​បាន​លើក​ឡើង​នេះ បាន​សេចក្តី​ថា សមត្ថកិច្ច​នគរបាល​រូប​នោះ​មាន​ទោស​ហើយ​ព្រោះ​គាត់​បាន​រួម​គំនិត​។

បើ​និយាយ​ក្នុង​ច្បាប់​រដ្ឋបាល​គឺ​សមត្ថកិច្ច​នគរបាល​នោះ​គាត់​​អសមត្ថភាព ហើយ​ត្រូវ​មាន​ទោស​ព្រោះ​មាន​បទល្មើស​មួយ​ទៀត​គេ​ហៅថា​បទល្មើស​អកម្ម មាន​ន័យ​ថា​យើង​នៅ​ស្ងៀម គ្មាន​សកម្មភាព ហើយ​បណ្តោយ​ឲ្យ​មាន​បទល្មើស​កើតឡើង​។ នោះ​ហើយ​គេ​ហៅថា​បទល្មើស​អកម្ម​។

ខ្ញុំ​ឧទាហរណ៍​ថា​មាន​ក្មេង​ម្នាក់​​កំពុង​លង់ទឹក​ហើយ​អ្នក​ដែល​នៅ​ក្បែរ​នោះ​គាត់​មាន​សមត្ថភាព​អាច​ជួយ​ក្មេង​នោះ​បាន​តែ​គាត់​មិន​ជួយ ករណី​នេះ​ក៏​ជា​បទល្មើស​មួយ​ដែរ​ដែល​ជន​នោះ​​ក៏​ត្រូវ​មាន​ទោស​៕