ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​ពេល​ខ្លះ​មាន​ជម្លោះ​ជាមួយ​គ្នា ហើយ​ដំណាក់កាល​ដំបូង​ពួកគាត់​ប្រាកដជា​ទៅ​ប្តឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដូចជា អាជ្ញាធរ សង្កាត់-ឃុំ ឬ សមត្ថកិច្ច​​នគរបាល​ប៉ុស្តិ៍​ដែល​ពួកគាត់​​រស់នៅ​នោះ​។ ប៉ុន្តែ​ពេល​មាន​បណ្តឹង​ពី​គូ​ជម្លោះ តើ​នគរបាល​​គួរ​អនុវត្ត​បែប​ណា ដើម្បី​សម្រួល​តាម​នីតិវិធី​ច្បាប់​។

ជុំវិញ​បញ្ហា​នេះ ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី ផុន ធារិន ក្រុមហ៊ុន​មេធាវី ស៊ី ឌី អេស មាន​ការិយាល័យ​នៅ​ផ្ទះ​លេខ​ ៥៤ ផ្លូវ​លេខ​ ៣៣៧ សង្កាត់​បឹងកក់ ​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖


ឧបមា​ថា​លោក​ “​ក​” ​បាន​ជំពាក់​លុយ​លោក ​“​ខ​” ​ហើយ​លោក “​ខ​” ​បាន​ប្តឹង​លោក “​ក​” ទៅ​នគរបាល​ប៉ុស្តិ៍​។ បន្ទាប់មក​នគរបាល​បាន​មក​នាំ​ខ្លួន​លោក​ “​ក​” ​ទៅ​សួរនាំ​។ សួរថា តើ​នគរបាល​អនុវត្ត​បែប​នេះ​ត្រឹមត្រូវ​តាម​ច្បាប់​ឬ​ទេ​?


ជាទូទៅ​ពលរដ្ឋ​ជួប​បញ្ហា​លំបាក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​​ច្បាប់​ស្ទើរ​ទូទាំង​ប្រទេស ហើយ​​បាន​ស្វែងរក​ជំនួយ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដូចជា មេភូមិ មេឃុំ ឬ​មន្ត្រី​នគរបាល​ជាដើម ដើម្បី​ដាក់​បណ្តឹង​ដោះស្រាយ​ជម្លោះ​ ឬ​វិវាទ​នៃ​ការ​ទាមទារ​នានា ដែល​ពួកគេ​យល់​ថា​មន្ត្រី​អាជ្ញាធរ​ទាំងនោះ មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​។


ដោយឡែក​​ នៅ​ក្នុង​ករណី​ខាង​លើ​លោក​“ ​ក​” ​បាន​ជំពាក់​លុយ​លោក​ “​ខ​” ​ហើយ​លោក​ “​ខ​” ​បាន​ប្តឹង​លោក​ “​ក​” ​ទៅ​នគរបាល​ប៉ុស្តិ៍​។ មន្ត្រី​នគរបាល​ទទួល​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​គឺជា​ការអនុវត្ត​​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​បាន​​កំណត់​។ យោង​តាម​មាត្រា​ ៧១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា​ “​មន្ត្រី​នគរបាល​យុត្តិធម៌​ទទួល​បណ្តឹង​ទាមទារ និង​បណ្តឹង​បរិហារ​។


មន្ត្រី​នគរបាល​យុត្តិធម៌​ពិនិត្យ​បទល្មើស​ទាំងឡាយ​ ”​ក្នុង​ករណី​ខាងលើ​នេះ​បន្ទាប់ពី​មន្ត្រី​នគរបាល​បាន​ទទួល​ពាក្យ​​បណ្តឹង​ពី​លោក​ “​ខ​” ​មន្ត្រី​នគរបាល​នោះ​ត្រូវ​ពិនិត្យ​លើ​អង្គហេតុ និង​ខ្លឹមសារ​កម្មវត្ថុ​ដែល​លោក​ “​ខ​” ​ប្តឹង​ទាមទារ​ឲ្យ​លោក​ “​ក​” ​សង​ប្រាក់​ដែល​ជំពាក់ ថា​តើ​ការទាមទារ​តាមរយៈ​ពាក្យ​បណ្តឹង​របស់​លោក​ “​ខ​” ​ជា​សមត្ថកិច្ច​របស់​ខ្លួន​ដែល​ច្បាប់​តម្រូវ​ឲ្យ​បំពេញ​ដែរ​ឬ​ទេ​?​។


ករណី​​នេះ​កម្មវត្ថុ​របស់​លោក​ “​ខ​” ​បង្ហាញ​ត្រឹម​តែ​ជា​បណ្តឹង​សាមញ្ញ​ (​រឿង​ក្តី​រដ្ឋប្បវេណី​) ហើយ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​នោះ​មន្ត្រី​នគរបាល​ត្រូវ​ពន្យល់​បង្ហាញ​ទៅ​លោក​ “​ខ​” ​ឲ្យ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​តុលាការ​ដែល​មាន​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។

ចំពោះ​មន្ត្រីនគរបាល​វិញ​ក្រោយពី​បាន​ពិនិត្យ​កម្មវត្ថុ និង​អង្គហេតុ​តាម​ពាក្យបណ្តឹង​របស់​លោក ​“​ខ​” ​ហើយ​ឃើញ​ថា​សកម្មភាព​បណ្តឹង​របស់​លោក “​ខ​” មិន​មាន​ជា​បទល្មើស និង​មិនមែន​ជា​សមត្ថកិច្ច​របស់​ខ្លួន ហើយ​មន្ត្រី​នគរបាល​នោះ បែរ​ជា​នាំ​ខ្លួន​លោក “​ក​” មក​ប៉ុស្តិ៍​នគរបាល​របស់​ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​គឺជា​ទង្វើ​ខុស​ច្បាប់​​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព និង​កិត្តិយស​របស់​បុគ្គល​។ មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​បាន​ប្រព្រឹត្ត​កំហុស​ក្នុង​ពេល​អនុវត្ត​មុខងារ​របស់​ខ្លួន​ប្រឈមមុខ​ទទួល​ខុសត្រូវ​ទណ្ឌកម្ម​ខាង​វិន័យ និង​ទោស​ព្រហ្មទណ្ឌ​។

យោង​តាម​មាត្រា ៥៨៨ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា​ “​អំពើ​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ​ ឬ​ ដោយ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ​ ឬ​ នៅក្នុង​ឱកាស​នៃ​ការបំពេញ​មុខងារ​​របស់​ខ្លួន​នៅ​តែ​បំពេញ​ដោយ​ខុសច្បាប់​នូវ​កិច្ចការ​ដែល​ប៉ះពាល់​ដល់​សេរីភាព​បុគ្គល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ (​ពីរ​) ​ឆ្នាំ​ទៅ​ ៥ (​ប្រាំ​) ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤ ០០០ ០០០ (​បួន​លាន​) ​រៀល​ទៅ​ ១០ ០០០- ០០០ (​ដប់​លាន​) រៀល​។

ក្នុង​ករណី​មន្ត្រី​នគរបាល​យុត្តិធម៌​ទទួល​បាន​ពាក្យ​បណ្តឹង​ភ្លាម ហើយ​មក​ហៅ​លោក “​ក​” ទៅ និង​ចាប់​វាយខ្នោះ​សួរ​ថា​ការអនុវត្ត​នីតិវីធី​បែប​ត្រឹមត្រូវ​ ឬ​ក៏​ខុស​ច្បាប់​?

ប្រសិន​បើ​ករណី​នេះ​ជា​អង្គហេតុ​ខាង​លើ​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​អនុវត្ត​ការនាំ​ខ្លួន​ដោយ​ដាក់​ខ្នោះ​លោក “​ក​” គឺជា​ការបំពាន​ច្បាប់​។ (​សូម​មើល​ការរៀបរាប់​ខាង​លើ​)

ផ្ទុយ​ទៅវិញ​ក្នុង​ករណី​នេះ​មន្ត្រី​នគរបាល​បាន​ទទួល​ពាក្យ​បណ្តឹង​ដែល​មាន​ភាគី​តាំង​ខ្លួន​ជា​ជនរងគ្រោះ ហើយ​បណ្តឹង​នោះ​គឺជា​សមត្ថកិច្ច​របស់​ខ្លួន ដូច្នេះ​មន្ត្រី​នគរបាល​ដែល​ទទួល​​ពាក្យ​បណ្តឹង​ត្រូវតែ​ចាប់ផ្តើម​​បើក​ការស៊ើបអង្កេត​បឋម​។ យោង​តាម​មាត្រា​ ១១១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា “​កាលណា​បាន​ដឹង​ពី​អំពើ​ដែល​អាច​ជា​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម ឬ​បទលហុ មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ធ្វើការ​ស៊ើបអង្កេត​បឋម​ដោយ​ឯកឯង​ ឬ​តាម​ការស្នើសុំ​របស់​ព្រះរាជអាជ្ញា​។

មន្ត្រី​នគរបាល​យុត្តិធម៌​អាច​កោះហៅ​ភាគី​ទាំងឡាយ​ដែល​សង្ស័យ​ថា បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ណា​មួយ​ដើម្បី​មក​ស្តាប់​ចម្លើយ​បុគ្គល​ ឬ​ផ្តល់​ព័ត៌មាន​ស្តីពី​រឿង​ហេតុ​នោះ​បាន​។

ក្រោយពី​ការស៊ើបអង្កេត​បឋម​ត្រូវ​បាន​បញ្ចប់ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​ព្រះរាជអាជ្ញា​ចាត់ការ​បន្ត​តាម​នីតិវិធី​។

យោង​តាម​មាត្រា​ ៧៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា​ “​ក្នុង​ករណី​ណា​ក៏ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌ មិន​​អាច​តម្កល់​រឿង​ព្រហ្មទណ្ឌ​ណា​មួយ​ទុក​ឥត​ចាត់ការ​បាន​​ទេ ទោះបី​ជា​ក្រោយពី​មាន​ការសម្រុះសម្រួល​គ្នា​រវាង​ជនល្មើស​​ និង​ជនរងគ្រោះ​ ឬ​ក៏​មាន​ការដក​​ពាក្យបណ្តឹង​ក៏ដោយ​។

មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​រក្សា​កំណត់ហេតុ ឬ​វត្ថុតាង​ដោយ​ចេតនា ឬ​លាក់​បំបាំង​ដល់​អាជ្ញាធរ​តុលាការ​អំពី​អត្ថិភាព​នៃ​កំណត់ហេតុ​ ឬ​វត្ថុតាង​ត្រូវ​ចាត់ទុក​ថា​មន្ត្រី​នគរបាល​យុត្តិធម៌​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ជំពូក​ស្តីពី​ការស្រាវជ្រាវ​រក​ភ័ស្តុតាង​។

ម្យ៉ាងវិញ​ទៀត​មន្រី្ត​នគរបាល​យុត្តិធម៌​អាច​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​ដើម្បី​កំណត់​បទល្មើស បើ​ក្នុង​ករណី​ចាំបាច់​មន្រី្ត​​នគរបាល​យុត្តិធម៌ អាច​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​បាន​។

យោង​តាម​មាត្រា​ ៩៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា​ “​ដើម្បី​ឆ្លើយ​​តប​នឹង​តម្រូវការ​ចាំបាច់​នៃ​ការស៊ើបអង្កេត មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ឃាត់​ខ្លួន​បុគ្គល​ដែល​សង្ស័យ​ថា​បាន​ចូលរួម​ក្នុង​​បទល្មើស ។ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​រាយការណ៍​ភ្លាម​ទៅ​ព្រះរាជអាជ្ញា​ព្រម​ទាំង​ត្រូវបញ្ជូន​គ្រប់​ភ័ស្តុតាង​ទាំងអស់​ដែល​តម្រូវ​​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​នេះ ។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​)