ជាទូទៅ ដំណើរការ​នីតិវិធី​ក្នុង​តុលាការ​គឺ​ភាគី​ទំនាស់​តែង​​មាន​មេធាវី​ការពារ​សិទ្ធិ​រៀងៗ​ខ្លួន ក៏ប៉ុន្តែ​ក្នុង​ដំណាក់កាល​​ឃាត់ខ្លួន​ដំបូង​មាន​ករណី​ខ្លះ​​ជនសង្ស័យ​ពុំមាន​មេធាវី​ទេ​។

ចង់ដឹងថា​តើ​ដំណាក់កាល​នេះ​​ជនសង្ស័យ​មាន​សិទ្ធិ​ទទួល​​បាន​មេធាវី​ដែរឬទេ​? ​ជុំវិញ​បញ្ហា​នេះ ភ្នំពេញ ប៉ុស្តិ៍ បាន​​សម្ភាស​ជាមួយ​លោក​មេធាវី​ កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី ធម្មសាស្ត្រ មាន​ការិយាល័យ​បម្រើ​ការងារ​នៅ​អគារ​លេខ​ ៣៦ ជាន់​ទី​ ១០ បន្ទប់​លេខ​ P១០-P១១ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ ៧ ​មករា រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖


តើ​ជន​ដែល​នគរបាល​ឃាត់​ខ្លួន​ដំបូង​មាន​សិទ្ធិ​ទទួល​បាន​​មេធាវី​ដែរ​ឬ​ទេ​?​ ហេតុអ្វី​បានជា​តុលាការ​យក​របាយការណ៍​របស់​នគរបាល​ធ្វើជា​មូលដ្ឋាន​​ក្នុង​ការជំនុំ​ជម្រះក្តី​?


ជា​គោលការណ៍​នៅពេល​មាន​ការឃាត់​ខ្លួន​បុគ្គល​ណា​ម្នាក់ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ជូនដំណឹង​ជាបន្ទាន់​អំពី​ការសម្រេច​ឃាត់ខ្លួន​ដល់​បុគ្គល​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ និង​ប្រាប់​អំពី​មូលហេតុ​នៃ​ការឃាត់ខ្លួន​ផងដែរ​។ ​លើស​ពីនេះ​ទៀត មន្ត្រីនគរបាល​យុត្តិធម៌​ជម្រាបជូន​សាមីខ្លួន​ថា គាត់​/​នាង​មាន​សិទ្ធិ​ក្នុងការ​មាន​ជំនួយ​របស់​មេធាវី​នៅក្នុង​ពេល​ឃាត់ខ្លួន​។ ដើម្បី​មាន​ភាពច្បាស់លាស់ យើង​សូម​បង្ហាញ​នូវ​បញ្ញត្តិ​ច្បាប់​មួយចំនួន​ដូចខាងក្រោម ៖


-​ ជំនួយ​របស់​មេធាវី​នៅក្នុងពេល​ឃាត់ខ្លួន​ឃើញ​មាន​ចែង​នៅក្នុង​មាត្រា​ ៩៨ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​មាន​ខ្លឹមសារ​ថា​ “​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​បាន​កន្លង​ផុតទៅ​តាំងពី​ពេល​ផ្តើម​នៃ​ការឃាត់ខ្លួន​មក​នោះ​បុគ្គល​ដែល​ឃាត់ខ្លួន​អាច​សុំ​សន្ទនា​ជាមួយ​មេធាវី​ ឬ​ជាមួយ​ជនណាម្នាក់​ដែល​ខ្លួន​ជ្រើសរើស​កុំ​ឱ្យតែ​ជននេះ​មាន​ការទាក់ទិន​នៅក្នុង​រឿង​ជាមួយ​។ ជននេះ​ត្រូវ​បាន​ទទួលដំណឹង​ពី​ការស្នើសុំ​ជ្រើសរើស​នេះ​តាម​គ្រប់​មធ្យោបាយ​ និង​ជាបន្ទាន់​។ ជននេះ​អាច​ចូល​ទៅ​កាន់​កន្លែង​ឃាត់ខ្លួន​ និង​ទាក់ទង​ជាមួយ​បុគ្គល​សាមីខ្លួន​បាន ៣០ (​សាមសិប​) ​នាទី​ក្នុង​លក្ខខណ្ឌ​ធានា​​ការសម្ងាត់​នៃ​ការសន្ទនា​នេះ​។ ក្រោយ​ការសន្ទនា​ជននេះ​អាចធ្វើ​កំណត់សម្គាល់​ជា​លាយលក្ខណ៍​អក្សរ​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​សំណុំរឿង​” ​។


- ​មាត្រា​ ២ កថាខណ្ឌ ១ នៃ​​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​ចែង​​ថា​៖ “​មេធាវី​អាច​តំណាង​កូនក្តី​តាម​ការយល់ព្រម​ពី​កូនក្តី ឬ​​ជួយ​ការពារ​កូនក្តី​នៅ​គ្រប់​សាលា​ជម្រះក្តី និង​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី​លើកលែង​តែមាន​បទប្បញ្ញត្តិ​ច្បាប់​ចែង​ផ្ទុយ​ពី​នេះ ជាពិសេស​ក្នុង​រឿង​រដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល ការងារ សង្គមកិច្ច​”​។


- ​លិខិត​លេខ​ ១៦១៧ ​ស.ជ.ណ ចុះ​ថ្ងៃទី​ ៦ ខែកញ្ញា ឆ្នាំ​ ២០១៧ របស់​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការណែនាំ​អនុញ្ញាតឱ្យ​មេធាវី​អាច​អម​កូនក្តី​នៅ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី រួមទាំង​ការស្នើសុំ​ពិនិត្យ និង​ថតចម្លង​សំណុំរឿង​ផងដែរ​។

ហេតុដូច្នេះ​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​មាន​សិទ្ធិ​ពឹងពាក់​មេធាវី ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ទៅ​តាម​ផ្លូវច្បាប់​សម្រាប់​ខ្លួន និង​អាច​ស្នើសុំ​សន្ទនា​ជាមួយ​មេធាវី​​បាន​រយៈពេល​ ៣០ ​នាទី​ក្នុង​​លក្ខខណ្ឌ​ធានា​ការសម្ងាត់​នៃ​​ការសន្ទនា​នោះ បន្ទាប់ពី​រយៈពេល ២៤ ​ម៉ោង​បាន​កន្លងផុតទៅ គិត​ចាប់ពី​ពេល​នៃ​ការឃាត់ខ្លួន​។

ក្រោយ​បញ្ចប់​ប្រតិបត្តិការ​​របស់​ខ្លួន មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើ​របាយការណ៍ និង​កំណត់ហេតុ​ផ្សេងៗ​នៅក្នុង​កិច្ច​នីតិវិធី​របស់ខ្លួន​ព្រមទាំង​កសាង​សំណុំ​រឿង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​/​រាជធានី​។ ​ទាក់ទង​​នឹង​របាយការណ៍​នោះ​ផងដែរ មន្ត្រីនគរបាល​យុត្តិធម៌​អាច​ធ្វើការ​សន្និដ្ឋាន​អំពី​រឿង​អង្គហេតុ​។

ឧទាហរណ៍ ផ្អែក​តាម​ការស៊ើបអង្កេត​បឋម ឬ​ស៊ើបអង្កេត​ជាក់ស្តែង​បង្ហាញថា ពិតជា​មាន​អង្គហេតុ លួច បង្ក​ដោយ​ជនសង្ស័យ​ “​ក​” ​ប្រាកដ​មែន​។ ​ប៉ុន្តែ​តាមផ្លូវ​ច្បាប់ របាយការណ៍​នោះ​ទុកជា​ព័ត៌មាន​ធម្មតា​ប៉ុណ្ណោះ​ដែល​អាចឱ្យ​ព្រះរាជអាជ្ញា ឬ​ចៅក្រម​ស៊ើបសួរ ឬ​ចៅក្រម​ជំនុំជម្រះ​ធ្វើការ​ផ្ទៀងផ្ទាត់​របាយការណ៍​របស់​មន្ត្រីនគរបាល​យុត្តិធម៌​ជាមួយ​ភ័ស្តុតាង​ផ្សេងៗ​ទៀត​នៅក្នុង​សំណុំរឿង​ថា តើ​ពិតជា​មាន​អង្គហេតុ​នៃ​បទល្មើស​ដែរឬ​ទេ​? ​

ត្រង់ចំណុច​នេះ យើង​ពិនិត្យឃើញថា របាយការណ៍​មាន​លក្ខណៈ​ខុសគ្នា​នឹង​កំណត់ហេតុ​របស់​មន្ត្រីនគរបាល​យុត្តិធម៌​ដែល​ត្រូវ​ទុកជា​បន្ទាល់​" ​ឯកសារ​ដើម​" ​ដែល​ត្រូវ​ជឿ​រហូត​​ដល់​មាន​ភ័ស្តុតាង​ផ្ទុយ​។ ចំណែកឯ​ភ័ស្តុតាង​ផ្ទុយ​អាចដាក់​ជូន​ចៅក្រម​បាន​ដោយ​សេរី និង​តាម​គ្រប់​មធ្យោបាយ​ទៅតាម​​ផ្លូវច្បាប់​ (​នេះ​បើ​យោងតាម​ខ្លឹមសារ​មាត្រា​ ១១០ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។

ជារឿយៗ​គេ​សង្កេតឃើញ​​ថា ជន​ដែល​នគរបាល​ឃាត់ខ្លួន​ដំបូង​មិនឃើញ​មាន​វត្តមាន​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​នោះទេ​។ ​ក្នុង​ករណីនេះ​តើ​នគរបាល​អនុវត្ត​ខុសច្បាប់​ឬ​យ៉ាងណា​?

ពាក់ព័ន្ធ​នឹង​ការសង្កេត​ឃើញ​​ថា ជន​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​ឃាត់ខ្លួន​ដំបូង មិនឃើញ​មាន​វត្តមាន​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​នោះទេ ខ្ញុំ​គិតថា អវត្តមាន​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​កូនក្តី​ជា​ជនសង្ស័យ​នៅ​ដំណាក់កាល​មន្ត្រីនគរបាល​យុត្តិធម៌ មិនមែន​កើតឡើង​ក្នុង​គ្រប់​រឿងក្តី​ទាំងអស់​នោះទេ​។ ករណីខ្លះ​ក៏​ឃើញ​មាន​មេធាវី​អម​កូនក្តី​​ដើម្បី​ការពារ​សិទ្ធិ​ផងដែរ​។

ប៉ុន្តែ​យើង​គប្បី​ពិនិត្យ​ទៅលើ​មូលហេតុ​អ្វី​ទើប​មិនឃើញ​មាន​វត្តមាន​មេធាវី​។ ទី​ ១ ករណី​ខ្លះ​​អាច​ថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ពុំបាន​ប្រើ​សិទ្ធិ​ពឹងពាក់​មេធាវី​ដោយសារ​គាត់​មាន​ជីវភាព​ក្រីក្រ​ជាដើម​។ ទី ​២ ជនសង្ស័យ​ពឹងពាក់​មេធាវី ប៉ុន្តែ​បែរជា​មន្ត្រីនគរបាល​យុត្តិធម៌​ពុំ​អនុញ្ញាត​ឱ្យ​មេធាវី​ចូល​អម​កូនក្តី ដើម្បី​ការពារ​សិទ្ធិ​​ដែល​នេះ​គឺជា​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​នីតិវិធី​ច្បាប់ និង​សេចក្តីណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បានបញ្ជាក់​នៅក្នុង​សំណួរ​​ទី​ ១ ​អ៊ីចឹង​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ​)