ជាទូទៅវិវាទក្ដីក្ដាំនៅក្នុងតុលាការភាគីទំនាស់តែងតែមានមេធាវីការពាររៀងៗខ្លួន ក៏ប៉ុន្តែទំនងជាមានពលរដ្ឋភាគតិចណាស់ដែលបានយល់ដឹងថា តើរវាងមេធាវីតំណាងដោយអាណត្តិ និងមេធាវីការពារសិទ្ធិខុសគ្នាយ៉ាងដូចម្ដេច?
ជុំវិញចម្ងល់នេះភ្នំពេញប៉ុស្ដិ៍បានសម្ភាសជាមួយលោកមេធាវី យុង ផានិត អនុប្រធាននាយកដ្ឋានការពារក្តីជនក្រីក្រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោម ៖
តើមេធាវីតំណាងដោយអាណត្តិ និងមេធាវីការពារសិទ្ធិមានន័យខុសគ្នាដូចម្តេច?
មេធាវីតំណាងដោយអាណត្តិ គឺសំដៅលើមេធាវីការពារក្តីក្នុងសំណុំរឿងរដ្ឋប្បវេណីព្រោះមេធាវីតំណាងដោយអាណត្តិនេះអាចឡើងជំនុំជម្រះ និងឆ្លើយជំនួសឲ្យកូនក្តីបាន។ ជានីតិវិធី ជាធម្មតាបើមេធាវីការពាររឿងក្តីណាមួយ គឺមេធាវីត្រូវតែសិក្សាសំណុំរឿងនោះបានល្អិតល្អន់ ឬច្បាស់លាស់ ហើយដូច្នេះតាមរយៈការសិក្សាសំណុំរឿងនេះមេធាវីអាចឆ្លើយជំនួសកូនក្តីបាន។
ប៉ុន្តែបើគេនិយាយថាមេធាវីការពារសិទ្ធិវិញ គឺគេនិយាយសំដៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដូច្នេះគេហៅថា មេធាវីការពារសិទ្ធិ។ ដូចគ្នានោះដែរ បើមេធាវីដែលត្រូវបានចាត់តាំងពីគណៈមេធាវីវិញ គឺការហៅក៏ដូចគ្នាដែរ គ្រាន់តែបន្ថែមពាក្យថា មេធាវីចាត់តាំងតំណាងដោយអាណត្តិ (រឿងរដ្ឋប្បវេណី) ហើយបើរឿងព្រហ្មទណ្ឌវិញហៅថា មេធាវីចាត់តាំងឲ្យការពារសិទ្ធិ។
ដូច្នេះបើតុលាការប្រើពាក្យថាមេធាវីតំណាងដោយអាណត្តិគឺគេដឹងថាមេធាវីនោះការពារតែសំណុំរឿងរដ្ឋប្បវេណីទេ ហើយបើតុលាការប្រើពាក្យថាមេធាវីការពារសិទ្ធិគឺគេសំដៅទៅលើសំណុំរឿងព្រហ្មទណ្ឌ។
រាល់ការជំនុំជម្រះ ពេលខ្លះគេឃើញអវត្តមានជនជាប់ឃុំក្នុងសវនាការប៉ុន្តែមានវត្តមានមេធាវីជាតំណាង។ តើការជំនុំជម្រះបែបនេះអាចចាត់ទុកថា នៅចំពោះមុខជនជាប់ឃុំបានទេ?
ជាគោលការណ៍ច្បាប់ បើពេលខ្លះតុលាការប្រើពាក្យថា ជំនុំជម្រះចំពោះមុខជនជាប់ចោទ គឺលុះណាតែខាងតុលាការបានជូនដំណឹងដល់ភាគីដែលត្រូវចូលខ្លួនមកជំនុំជម្រះនោះទទួលបានលិខិតកោះអញ្ជើញ ហើយប្រាកដថា ភាគីពាក់ព័ន្ធបានទទួលលិខិតកោះអញ្ជើញពីតុលាការ។ ប៉ុន្តែបើអ្នកនោះគាត់មិនចូលទៅបង្ហាញមុខក្នុងសាលជំនុំជម្រះទេគឺគាត់មានមេធាវីជាតំណាងហើយ។ តែបើលិខិតអញ្ជើញពីតុលាការមិនបានទៅដល់ដៃអ្នកដែលត្រូវកោះអញ្ជើញឲ្យចូលជំនុំជម្រះនោះទេ ប៉ុន្តែមានមេធាវីជាតំណាងគឺតុលាការអាចជំនុំជម្រះកំបាំងមុខបាន។
ដូច្នេះបើតុលាការប្រើពាក្យថា កាត់ក្តីកំបាំងមុខជនជាប់ចោទ ឬជនជាប់ឃុំមានន័យថា លិខិតអញ្ជើញមិនបានទៅដល់ដៃសាមីខ្លួនគេឡើយ។
ករណីជំនុំជម្រះកំបាំងមុខនេះ គឺសំណុំរឿងដែលក្រោយពីត្រូវតុលាការជំនុំជម្រះរួចគឺតុលាការនឹងផ្សព្វផ្សាយជាសាធារណៈអំពីសាលក្រម ឬសាលដីកាកំបាំងមុខនោះ ដើម្បីឲ្យអ្នកពាក់ព័ន្ធក្នុងរឿងនោះមានសិទ្ធិប្តឹងទាស់នឹងសាលក្រមកំបាំងមុខនោះឲ្យជំនុំជម្រះឡើងវិញបានលើសាលក្រមកំបាំងមុខរបស់គាត់។
ប៉ុន្តែការបើកសវនាការជំនុំជម្រះឡើងវិញនេះគឺត្រូវមានវត្តមានចៅក្រមដែលជំនុំជម្រះពីលើកមុនដដែល។ បើក្នុងរឿងព្រហ្មទណ្ឌវិញ ទោះជាមេធាវីបានសិក្សាសំណុំរឿងរបស់កូនក្តីក៏ដោយ ក៏មេធាវីមិនអាចឆ្លើយជំនួសកូនក្តីរបស់ខ្លួនបានឡើយ ចាំបាច់ត្រូវតែមានវត្តមានជនជាប់ចោទពេលជំនុំជម្រះ។
ជាគោលកាណ៍ការជំនុំជម្រះក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌ គឺជាការកាត់ក្តីជាសាធារណៈ ហើយនៅចំពោះមុខជនជាប់ចោទទៀត។ អ៊ីចឹងហើយបានជានៅពេលជំនុំជម្រះក្នុងសំណុំរឿងព្រហ្មទណ្ឌដែលជនជាប់ឃុំអវត្តមានម្តងៗមេធាវីតែងតែតវ៉ាស្នើសុំតុលាការទាមទារឲ្យមានវត្តមានកូនក្តី។ ការស្នើសុំឲ្យមានវត្តមានកូនក្តីក្នុងសវនាការនេះគឺចង់ឲ្យជនជាប់ឃុំនោះបានឆ្លើយដោយខ្លួនគេនៅចំពោះមុខចៅក្រម ដើម្បីឲ្យជននោះអស់ចិត្ត។
ករណីនេះបើការជំនុំជម្រះនៅសាលាដំបូងរាជធានី-ខេត្ត និងសាលាឧទ្ធរណ៍តំបន់ ឬឧទ្ធរណ៍រាជធានីគឺចៅក្រមលោកនឹងធ្វើការពិចារណាទៅលើសំណូមពររបស់មេធាវីអំពីតម្រូវការឱ្យមានវត្តមាននៅក្នុងបន្ទប់សវនាការព្រោះការជំនុំជម្រះក្នុងរឿងព្រហ្មទណ្ឌមេធាវីគ្រាន់តែការពារសិទ្ធិជនជាប់ឃុំប៉ុណ្ណោះតែមិនអាចឆ្លើយជំនួសកូនក្តីបានទេ (ក្នុងរឿងព្រហ្មទណ្ឌ)។
ប៉ុន្តែបើនៅតុលាការកំពូលគឺមានមាត្រាមួយចែងថា បើទោះជាជនជាប់ឃុំមិនមកបង្ហាញខ្លួនក្នុងសវនាការក៏ដោយក៏តុលាការអាចធ្វើការជំនុំជម្រះបានដែរឲ្យតែមានវត្តមានមេធាវី ព្រោះតុលាការកំពូលជំនុំជម្រះតែទៅលើអង្គច្បាប់ប៉ុណ្ណោះ មិនវែកញែកពីអង្គហេតុ (ដំណើររឿង) នោះទេ៕