តាម​ការកត់សម្គាល់​មាន​បទល្មើស​ខ្លះ​ពាក់ព័ន្ធ​តែ​អ្នក​ប្រព្រឹត្ត​ប៉ុណ្ណោះ តែមាន​​ករណីខ្លះ​ក៏​ពាក់ព័ន្ធ​មនុស្ស​ច្រើន​ដែរ​។

ចុះបើ​អ្នកប្រព្រឹត្ត​រស់នៅ​ជាមួយ​ឪពុក-ម្ដាយ​ ឬក៏​សមាជិក​ផ្សេង តើ​អ្នករស់នៅ​ជាមួយ​គ្នា​នោះ ត្រូវ​មានទោស​ដែរ​ឬ​យ៉ាងណា​? ​ជុំវិញ​ករណី​លោក​មេធាវី កុយដុល្លា សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​មាន​ការិយាល័យ​នៅ​អគារ​លេខ​ ៣៦​ ជាន់​ទី​ ១០ បន្ទប់​លេខ​ P១០-P១១ ​ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​​រាជធានី​ភ្នំពេញ​បាន​ពន្យល់​តាមរយៈ​សំណួរ​របស់​ភ្នំពេញ​ប៉ុស្ដិ៍​ដូចខាងក្រោម​៖


ឧបមាថា​លោក​ (​ក​) ​រស់ក្នុង​បន្ទុកគ្រួសារ​ឪពុកម្តាយ ប៉ុន្តែ​បាន​ដើរ​បង្ក​បទល្មើស​លួច​ប្លន់​។ ​ចំពោះ​លុយ​បាន​ពី​បទល្មើស​នោះ ឪពុកម្តាយ​លោក​ (​ក​) ​ប្រាប់​សមត្ថកិច្ច​ថា​ពួកគាត់​មិនបាន​ចូលរួម​​ចាយ​ជាមួយ​លោក​ (​ក​) ​ទេ​។ សួរថា​ប្រសិនបើ​នគរបាល​ចាប់​លោក​ (​ក​) ​បាន តើ​ឪពុកម្តាយ​ ឬ​អ្នករស់នៅ​ផ្ទះ​រួមគ្នា​ត្រូវ​ជាប់​ពាក់ព័ន្ធ​ដែរឬទេ​?


ជាទូទៅ​នៅក្នុង​សង្គម​តែងមាន​អំពើ​ខ្លះ​របស់​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​របស់​សង្គម ហើយ​អំពើ​នោះ​ទៀតសោត​អាច​ប្រឈម​ទៅនឹង​បទល្មើស​ព្រហ្មទណ្ឌ​ដូចជា​៖ បទលហុបទមជ្ឈិម និង​បទឧក្រិដ្ឋ​អាស្រ័យ​លើ​កម្រិត​នៃ​គ្រោះថ្នាក់​របស់​អំពើ​នីមួយៗ​។


ជាពិសេស​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដែល​តែងតែ​កើតទ្បើង​ជារឿយៗ​ (​ជាទូទៅ​បងប្អូន​តែងតែ​ហៅថា​ “​បទ​ប្លន់​”)​។ ​អ៊ីចឹង!​សួរថា នៅពេល​មាន​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​បាន​កើតទ្បើង តើ​ឪពុកម្តាយ​ ឬ​អ្នករស់នៅ​ជាមួយ​ជនសង្ស័យ​មាន​ការពាក់ព័ន្ធ​ដែរឬទេ​?


ជាគោលការណ៍ រូបវន្តបុគ្គល​ដែល​ទទួលខុសត្រូវ​នៅក្នុង​រឿងក្តី​ព្រហ្មទណ្ឌ​អាចជា ចារី​ (​ជនដៃដល់​) ​សហចារី អ្នក​សមគំនិត និង​អ្នកផ្តើមគំនិត​។ យោងតាម​មាត្រា​ ២៤ នៃ​ក្រមព្រហ្មទណ្ឌ (​គោលការណ៍​ឯកត្តកម្ម​នៃ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​) ចែងថា​៖ “​បុគ្គល​ម្នាក់ៗ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​តែ​ចំពោះ​អំពើ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​”​។


ត្រង់ចំណុច​នេះ​ប្រសិនបើ​លោក​ (​ក​) ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រាកដ​មែន គឺ​គាត់​ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះមុខ​ច្បាប់​ដោយ​ហេតុថា​ក្នុង​រឿង​ព្រហ្មទណ្ឌ ជន​ណា​ប្រព្រឹត្ត គឺ​ជន​នោះ​ជា​អ្នកទទួល​ខុសត្រូវ​ដូច​ពាក្យ​មួយ​ពោលថា​សក់​អ្នកណា​ក្បាល​អ្នកនោះ (​ជា​ភាសា​បារាំង “Comme on fait son lit, on se couche”)​។ ​

ដូច្នេះ​ប្រសិនបើ​សមត្ថកិច្ច​ ឬ​តុលាការ​ចោទថា​ឪពុកម្តាយ​ ឬ​អ្នករស់នៅ​ជាមួយ​លោក​ (​ក​) មាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​ក្នុងឋានៈ​ជា​សហចារី អ្នកសមគំនិត ឬ​អ្នកផ្តើមគំនិត គឺ​ត្រូវ​បង្ហាញ​ភ័ស្តុតាង​យ៉ាង​ជាក់ច្បាស់​ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ហេតុ និង​ផល​មានន័យថា​រវាង​អំពើ​របស់លោក (​ក​) ​និង​អំពើ​របស់​ឪពុកម្តាយ ឬ​អ្នក​រស់នៅ​ជាមួយ​លោក​ (​ក​) ​មាន​ការពាក់ព័ន្ធគ្នា​ដែល​អាច​ក្លាយ​ទៅ​ជា​បទល្មើស​ព្រហ្មទណ្ឌ​។

ចំណែកឯ​ឪពុកម្តាយ​ ឬ​​អ្នករស់នៅ​ជាមួយ​លោក​ (​ក​) ​ឧបមាថា​មាន​ការចោទ​ដូចខាងលើ​ក៏ដោយ ក៏​ពួកគាត់​មាន​សិទ្ធិ​ស្វែងរក​ភ័ស្តុតាង​ដើម្បី​បញ្ជាក់ថា ពួកគាត់​ពុំបាន​ប្រព្រឹត្ត​បទល្មើស​ ឬ​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ជាមួយ​លោក​ (​ក​) ​នោះទេ​។ ឧទាហរណ៍​ថា ពួកគាត់​ពុំបាន​សម្រួល​ឱ្យមាន​បទល្មើស​ទេ ពុំបាន​ផ្ចុងផ្តើម​ឱ្យមាន​បទល្មើស​ទេ​ដើម្បី​រួចផុត​ពី​ការប្រឈម​នឹង​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​សប្ដាហ៍​ក្រោយ​)