
លោក សួន វិសាល ក្នុងពេលផ្ដល់បទសម្ភាសថ្មីៗនេះ។ ហុង មិនា
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាប័នមួយដែលគ្រប់គ្រងមេធាវីហើយក៏បានបំពេញកិច្ចការជួយការពារក្តីជូនជនក្រីក្រមិនយកកម្រៃផងដែរ។ ប៉ុន្តែនៅមានចម្ងល់ខ្លះថាតើស្ថាប័ននេះបានថវិកាពីប្រភពណាដើម្បីចំណាយលើសេវាជួយការពារក្តីជនក្រីក្រ ហើយថា តើស្ថាប័ននេះឯករាជ្យឬយ៉ាងណា? ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោម ៖
តើគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាប័នមួយចំណុះក្រសួងយុត្តិធម៌ឬយ៉ាងណា ហើយបង្កើតឡើងក្នុងគោលបំណងអ្វីដែរ?
តាមពិតទៅគណៈមេធាវីរបស់យើងគឺបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ដោយច្បាប់លក្ខន្តិកៈមេធាវីហើយក្នុងច្បាប់បានបញ្ជាក់ច្បាស់លាស់ណាស់ថា គណៈមេធាវីជាស្ថាប័នឯករាជ្យគឺមិននៅក្រោមចំណុះក្រសួងណាមួយ ឬក៏រាជរដ្ឋាភិបាលទេបាទ។
ចំណុចសំខាន់នៃការបង្កើតគណៈមេធាវីគឺដើម្បីគ្រប់គ្រងវិជ្ជាជីវៈមេធាវីដើម្បីឲ្យការប្រកបវិជ្ជាជីវៈហ្នឹងប្រព្រឹត្តទៅបានល្អប្រសើរ និងឯករាជ្យ។
ក្នុងស្ថាប័នគណៈមេធាវីនេះ តើមានការបែងចែកជាផ្នែកក្នុងការអនុវត្តការងារដូចម្ដេចដែរ?
នៅក្នុងគណៈមេធាវី យើងបានរៀបចំបែងចែកភារកិច្ចមួយចំនួនទាក់ទងនឹងការគ្រប់គ្រងគឺយើងមានប្រធានគណៈមេធាវីដែលបោះឆ្នោតរៀងរាល់ ២ ឆ្នាំម្តង។
ចំពោះអ្នកជាប់ជាប្រធានគឺធ្វើបានតែ ២ អាណត្តិប៉ុណ្ណោះ ហើយទន្ទឹមនឹងនេះយើងមានក្រុមប្រឹក្សាគណៈមេធាវីដែលជាស្ថាប័នមួយសម្រាប់បង្កើតគោលនយោបាយឲ្យប្រធានគណៈមេធាវីដឹកនាំ។ អ៊ីចឹងក្រុមប្រឹក្សាគណៈមេធាវី យើងបោះឆ្នោតរៀងរាល់ ៣ ឆ្នាំម្តងនេះជាស្ថាប័នមួយសម្រាប់គ្រប់គ្រងគណៈមេធាវី។ ចំពោះរចនាសម្ព័ន្ធផ្ទៃក្នុងយើងមាននាយកដ្ឋានមួយចំនួនសម្រាប់ប្រតិបត្តិការគឺនាយកដ្ឋានអធិការកិច្ច នាយកដ្ឋានការពារក្តីជនក្រីក្រ នាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ នាយកដ្ឋានទំនាក់ទំនងកិច្ចការបរទេសហើយនិងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ។
បច្ចុប្បន្នគណៈមេធាវីមានមេធាវីពេញសិទ្ធិប៉ុន្មានរូប ហើយមានមេធាវីមិនពេញសិទ្ធិដែរទេ?
រហូតមកទល់ពេលនេះគណៈមេធាវីមានចំនួនមេធាវីកើនបន្តិចហើយដោយតាំងពីឆ្នាំ ១៩៩៥ មកគឺពីដំបូងយើងមានមេធាវីតែ ២៥ រូបប៉ុណ្ណោះ ប៉ុន្តែឥឡូវមានដល់ ១៣៥៥ រូបដែលជាមេធាវីពេញសិទ្ធិ រីឯមេធាវីកម្មសិក្សាមាន ២៥៧ រូប។
តើការកើនឡើងចំនួនមេធាវីនេះមកពីកត្តាអ្វីខ្លះដែរ?
កំណើនមេធាវីនេះគឺយើងគិតទៅលើតម្រូវការនៃសង្គមដែលពីដំបូងយើងបង្កើតមកបានន័យថា យើងបង្កើតថ្មីដូច្នេះការរៀបចំបណ្តុះបណ្តាលគឺធ្វើមិនទាន់។ អ៊ីចឹងតម្រូវការសង្គមរបស់យើងកាន់តែច្រើនសង្គមសេដ្ឋកិច្ចរបស់យើងរីកចម្រើន អ៊ីចឹងសេវាកម្មច្បាប់កាន់តែមានតម្លៃ។ ដូច្នេះហើយពីមួយឆ្នាំទៅមួយឆ្នាំគឺមេធាវីយើងកើនខ្ទង់ ២០០ រូបហើយមកទល់ពេលនេះគណៈមេធាវីបានកើតឡើង ២៣ ឆ្នាំហើយអ៊ីចឹងចំនួនហ្នឹងកើនប្រហាក់ប្រហែលហ្នឹងទៅតាមតម្រូវការនៃសង្គមរបស់យើង។
ចុះមេធាវីសម្រាប់ជួយជនក្រីក្រនៅទូទាំងប្រទេសមានប៉ុន្មានរូបដែរ ?
គណៈមេធាវីយកចិត្តទុកដាក់ជាពិសេសទៅលើសេវាសង្គមហើយរហូតមកទល់ពេលនេះគឺយើងលើកទឹកចិត្តឲ្យមានមេធាវីការពារក្ដីជនក្រីក្រហ្នឹងដែលពីមួយខែទៅមួយខែមានច្រើនដែលមកទល់ពេលនេះមាន ៥៣០ រូបសម្រាប់ការពារក្តីជូនជនក្រីក្រនៅទូទៅប្រទេស។
ចុះការចំណាយថវិកាសម្រាប់មេធាវីជួយជនក្រីក្រក្នុងមួយឆ្នាំៗមានប៉ុន្មានដែរ ហើយថវិកាទាំងនោះបានពីប្រភពណាខ្លះ?
ក្នុងការការពារក្ដីជូនជនក្រីក្រគឺយើងគិតថាថវិកាមានចំនួនច្រើន ប៉ុន្តែនៅខ្វះខាតនៅឡើយ ហើយសព្វថ្ងៃនេះយើងបានទទួលជំនួយពីរាជរដ្ឋាភិបាលជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានយកចិត្តទុកដាក់ផ្តល់ឲ្យគណៈមេធាវីដែលឥឡូវនេះឡើងដល់ ១២០០ លានរៀលក្នុង ១ ឆ្នាំ។
ទន្ទឹមនឹងនេះយើងក៏មិនបានទទួលជំនួយពីបរទេសណានៅឡើយទេគឺយើងបម្រើការងារនេះក្នុងក្របខ័ណ្ឌការងារផ្ទៃក្នុងកម្រិតជាតិតែម្តង។ តាំងពីឆ្នាំ ១៩៩៣ ដែលគណៈមេធាវីយើងមិនទាន់កើតគឺមានជំនួយពីប្រទេសជាច្រើនដែលគ្រប់គ្រងសេវាកម្មការពារក្តីជូនជនក្រីក្រជាពិសេសគឺតាមរយៈអង្គការក្រៅរដ្ឋាភិបាល។
ចាប់តាំងពីគណៈមេធាវីបានកកើតមកគឺយើងខិតខំបំពេញការងារនេះដោយខ្លួនឯងដែលមកទល់ពេលនេះគឺយើងបានបំពេញការងារការពារក្ដីជនក្រីក្រទាំងស្រុងតែម្តង។
ក្រៅពីនេះយើងបានពង្រីកសេវាកម្មការពារក្តីជូនជនក្រីក្រទៅតាមបណ្តាខេត្តនីមួយៗ បើទោះបីជាខេត្តនោះដាច់ស្រយាលក៏ដោយ។ ក្នុង ១ ឆ្នាំៗរឿងក្តីបានកើនឡើងជាលំដាប់ដែលរហូតមកទល់ពេលនេះគឺតាមស្ថិតិរបស់យើងឃើញថាការងារការពារក្ដីជូនជនក្រីក្រគឺអាចឡើងដល់ ៥ ពាន់ក្ដីក្នុង ១ ឆ្នាំ។ ចំពោះថវិកាដែលរាជរដ្ឋាភិបាលជួយប្រហែលជាបាន ៣ ពាន់ករណីតែប៉ុណ្ណោះក្នុង ១ ឆ្នាំ ហើយសេវាកម្មដែលយើងផ្តល់គឺយើងលើកទឹកចិត្តឲ្យមេធាវីជួយដោយស្ម័គ្រចិត្តភាគច្រើន។
ចំនួនថវិការបស់រាជរដ្ឋាភិបាលកម្ពុជាយើងគិតថាច្រើន ប៉ុន្តែបើប្រៀបធៀបជាមួយរឿងក្តីគឺនៅតិចនៅឡើយទេ។ ព្រោះប្រសិនបើយើងគិតមើលថាក្នុងរឿងក្តីមួយបើមេធាវីទទួលសេវាកម្មដែលកូនក្តីពឹងពាក់វិញគឺយ៉ាងតិចក៏ ១ ពាន់ដុល្លារដែរក្នុងមួយករណី។ ប៉ុន្តែរឿងក្តីការពារជនក្រីក្រនេះគឺថវិកាសម្រាប់ឧបត្ថម្ភមេធាវីយើងបានតែ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយករណីបានន័យថាខុសគ្នា ៩ ដង។
ប៉ុន្តែ ៩ ដងនេះគឺជាការស្ម័គ្រចិត្តរបស់គណៈមេធាវីក៏ដូចមេធាវីផ្ទាល់គឺយើងលើកទឹកចិត្តឲ្យមេធាវីទាំងអស់ជួយធ្វើយ៉ាងម៉េចការពារក្ដីជូនជនក្រីក្រឲ្យបានច្រើនតាមដែលអាចធ្វើបាន។
ចំពោះការការពារក្ដីរបស់មេធាវីជូនជនក្រីក្រហ្នឹង តើលោកយល់ថាគាត់ប្រើវិជ្ជាជីវៈដូចមេធាវីប្រើសេវាដែរឬទេ?
តាមច្បាប់របស់យើងបើទោះជាមេធាវីនោះការពារជនក្រីក្រក៏ដោយគឺគាត់មានកាតព្វកិច្ចបំពេញការងារដូចរឿងក្តីដែលទទួលសេវាឯកជនដែរ។ ប៉ុន្តែទោះបីច្បាប់តម្រូវបែបនេះក្តី ប៉ុន្តែការអនុវត្តវាមានការឆកល្វែងខ្លះដែលយើងទទួលស្គាល់ដែរ ប៉ុន្តែគណៈមេធាវីជាស្ថាប័នគ្រប់គ្រងវិជ្ជាជីវៈគឺយើងយកចិត្តទុកដាក់ ជាពិសេស ក្នុងការធ្វើយ៉ាងម៉េចឲ្យមេធាវីហ្នឹងមានគុណភាព។ អ៊ីចឹងក្រោយពីខ្ញុំចូលធ្វើជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជារយៈពេលជិត ២ ឆ្នាំកន្លងមកនេះគឺយើងបានកែទម្រង់ពិសេសសម្រាប់គ្រប់គ្រងសេវាកម្មឲ្យមានគុណភាពហើយដល់កន្លែង។
យើងបានបង្កើតប្រព័ន្ធទិន្នន័យរួមសម្រាប់តាមដានរាល់សកម្មភាពរបស់មេធាវីម្នាក់ៗដែលបំពេញការងារដែលយើងមិនអាចឲ្យមេធាវីនោះដោយសារតែរឿងក្រីក្រថវិកាតិចហើយគាត់ធ្វើឲ្យតែបង្គ្រប់កិច្ចនោះគឺអត់ធ្វើបែបនេះទេ។
យើងមានប្រព័ន្ធតាមដានទិន្នន័យរបស់យើង ទី ២ ទៀតគឺយើងមានមន្ត្រីជាពិសេសគឺនាយកដ្ឋានការពារក្តីជូនជនក្រីក្រដូចមានលោក លីវ សុវណ្ណា ជាប្រធាននាយកដ្ឋានការពារជនក្រីក្រ និងលោក យុង ផានិត ជាអនុប្រធាននាយកដ្ឋានធ្វើកិច្ចការនេះ។ យើងតាមដានរាល់សកម្មភាពមេធាវីជាប្រចាំ។ យើងបង្រៀនផងយើងជួយផង ដែលធ្វើឲ្យតម្លៃនៃការងារនេះមានកម្រិតខ្ពស់ ហើយទន្ទឹមនឹងនេះ យើងមានប្រតិភូរបស់យើងនៅក្នុងខេត្តនីមួយៗដែលអាចតាមដានរាល់សកម្មភាពមេធាវី ធ្វើយ៉ាងម៉េចឲ្យមេធាវីការពារក្តីជូនជនក្រីក្រនោះមានគុណភាព។
ចំណុចមួយទៀតដែលយើងធ្វើឲ្យមានគុណភាពគឺយើងមានគោលនយោបាយលើកទឹកចិត្តឲ្យមេធាវីដែលការពារជនក្រីក្រហ្នឹងគាត់មានឆន្ទៈផង ប៉ុន្តែប្រសិនបើគាត់ធ្វើគ្មានឆន្ទៈទេគឺមិនអាចមានគុណភាពទេ។ អ៊ីចឹងយើងជំរុញយ៉ាងម៉េចឲ្យគាត់មានឆន្ទៈខ្ពស់ហើយលើសពីនេះគឺយើងមានវគ្គបណ្តុះបណ្តាល អ៊ីចឹងយើងបង្កើនគុណភាពមេធាវីរបស់យើងដើម្បីឲ្យការផ្តល់សេវាការពារក្តីនេះកាន់តែមានគុណភាពមានបច្ចេកទេសខ្ពស់សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋដែលធ្វើឲ្យពួកគាត់ពេញចិត្ត។
ជាមួយគ្នានេះ គឺយើងមានការសហការជិតស្និទ្ធផងដែរជាមួយស្ថាប័នតុលាការដែលខ្ញុំតែងតែចុះទៅជាប្រចាំក្នុង ១ ឆ្នាំយ៉ាងហោចណាស់ក៏បាន ២ ដងដែរ ដើម្បីប្រជុំពិភាក្សាជាមួយតុលាការប្រសិនបើឃើញមេធាវីណាធ្វើការខ្ជីខ្ជាតុលាការរាយការណ៍ប្រាប់ខ្ញុំដើម្បីឲ្យយើងមានការអប់រំណែនាំ និងជំរុញឲ្យគាត់ធ្វើការងារបានល្អ៕
(សូមរង់ចាំអានបន្តនៅសប្ដាហ៍ក្រោយ)