​ភ្នំពេញៈ អ្នក​នៅក្នុង​ផលិតកម្ម​អំបិលអះអាងថា កត្តា​អាកាស​ធាតុ​ឆ្នាំ​​ ២០២៤ កំពុងផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​ចង្វាក់​ផលិត​កម្ម​អំបិល ហើយ​កម្ពុជា​ក៏​មិន​ប្រឈម​នឹង​ការ​នាំចូល​អំបិល​ពី​ក្រៅប្រទេស​ដូច​រយៈពេល​ប៉ុ​ន្មា​ន​ឆ្នាំមុន​ទៀត​ទេ​។​

​អាកាសធាតុ​ក្នុង​ឆ្នាំ ​២០២៤ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ព្យាករ​ថា នឹង​ក្តៅ​លើស​ឆ្នាំ​ ២០២៣ ហើយ​រដូវ​​ប្រាំង​នឹង​អូសបន្លាយ​ពេល​វែង​ជាង​មុន​។


សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​ ១២ ខែ​​មករា ឆ្នាំ​ ២០២៤ បាន​រៀបរាប់ថា បន្ទាប់ពី​ធ្វើការ​តាមដាន និង​ព្យាករ​អាកាសធាតុ​រួចមក ក្រសួង​សូម​ជូនដំណឹង​ថា ចាប់​ពី​ពេលនេះ​ដល់​ខែឧសភា សី​តុ​ណ្ហ​ភាព​នឹងមាន​ការប្រែប្រួល​ខ្លាំង​ជាមួយនឹង​សីតុណ្ហភាព​ក្តៅ​កើនឡើង​ខ្ពស់ជាង​មធ្យម​ភាគច្រើន​ឆ្នាំ និង​ក្តៅ​ជាង​ឆ្នាំ​ ២០២៣ ដោយ​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៧ ​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ខ្ពស់បំផុត​រង្វង់ ៤១​ អង្សា​សេ​នៅក្នុង​ខែមេសា និង​ដើមខែ​ឧសភា​។ រីឯ​ភ្លៀង​កក់ខែ​អាចមាន​តិចតួច​ជាមួយគ្នា​នឹង​របប​ខ្យល់មូសុង​និរតី​ខ្សោយ​ធ្វើឱ្យ​រដូវវស្សា​ចាប់ផ្តើម​យឺត​។​


​ខេត្តកំពត​-​កែប គឺជា​ទីតាំង​ផលិត​អំបិល​នៅ​កម្ពុជា ដោយ​នៅក្នុង​ឆ្នាំ​ ២០២៣ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ​២ មាន​ប្រ​មាណ ៤ ៧៤៨ ​ហិកតា​។ កាល​​ពី​ឆ្នាំ​ ២០២៣ ការប្រមូល​ផល​នៅ​ខេត្តកំពត​សម្រេចបាន​ជិត ៨​ ម៉ឺន​តោន និង​ខេត្ត​កែប បាន​ប្រមាណ ៣ ០០០ ​តោន​។​


​ទិន្នផល​អំបិល​ដែល​ប្រមូលបាន​កើនឡើង​


​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​កែប លោក ភោគ សុ​ខេន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣១ ខែមករា​ថា កត្តា​អាកាស​ធាតុ​មាន​កម្តៅ​ខ្ពស់​នៅក្នុង​ឆ្នាំ ​២០២៤ កំពុងផ្តល់​ផល​វិជ្ជមាន​ជា​បណ្តើៗ​សម្រាប់​ផលិតកម្ម​អំបិល​នៅ​កម្ពុជា ខណៈ​ទិន្នផល​អំបិល​ប្រមូលបាន​នៅ​ខេត្ត​កែប​គិត​មកដល់ពេលនេះ​ស្ថិតក្នុង​រង្វង់ ៣០០​ តោន​។


បរិមាណ​នេះ កើនឡើង​ច្រើន​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។ លោក​បន្តថា សកម្មភាព​ធ្វើស្រែ​​អំបិល និង​ការប្រមូល​ផលកំ​ពុង​មាន​សម្ទុះ​ទៅមុខ​ជាប្រចាំ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ទិន្នផល​អំបិល​ដែល​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២៤ នេះ​នឹង​កើន​ច្រើន ព្រោះ​តាម​ការ​ព្យាករ​របស់​ក្រសួង​ជំនាញ គឺ​រដូវប្រាំង​ឆ្នាំនេះ​នឹង​អូស​បន្លាយពេល​យូរ​ជាង​ឆ្នាំ​ ២០២៣»​។​

​បើតាម​លោក សុ​ខេន គិត​ត្រឹ​​ម​ខែមករា ឆ្នាំ​ ២០២៤ នៅ​ខេត្ត​កែប​មាន​ផ្ទៃដី​កំពុង​ផលិត​អំបិល​សរុប ៣៣១​ ហិកតា និង​ឃ្លាំង​ស្តុក​អំបិល​ចំនួន ៤៤​។ គិត​ត្រឹម​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២៤ អំបិល​ដែល​ផលិត​បាន​មាន​ចំនួន ២៣០​ តោន ដែល​ធ្វើឱ្យ​អំបិល​ក្នុង​ឃ្លាំង​ស្តុក មាន​ប្រមាណ ៧៤០​ តោន​។ កាល​ពី​ឆ្នាំ​ ២០២៣ ទិន្នផល​អំបិល​ដែល​ខេត្ត​កែប​ប្រមូលបាន គឺ​ចំនួន ២ ៥១៥,៧៥​ តោន​។​

​លោកស្រី សឹង ណា​រី ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​កំពត បាន​ប្រាប់ថា ការប្រមូល​ផល​អំបិល​នៅ​ខេត្តកំពត​ពេល​នេះ​បាន​ជាង ២ ០០០​ តោន​ហើយ ដោយ​ចំនួន​នេះ​គឺ​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំមុន​។

លោកស្រី​បន្តថា ទោះយ៉ាងណា​តម្លៃ​អំបិល​នា​ដើមរដូវ​នេះ​បាន​ធ្លាក់ចុះ​ប្រមាណ ២០ ​ភាគរយ​ដោយ​អំបិល​ល្អ ក្នុង​ ១​ បាវ​ទម្ងន់ ៥០ ​គីឡូក្រាម​ពេលនេះ​ស្ថិតក្នុង​រង្វង់ ១២ ០០០ រៀល​។​

​លោកស្រី​អះអាងថា​៖ «​ផល​អំបិល​ដែល​ប្រមូលបាន​កំពុង​កើនឡើង​ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ​តម្លៃ​បែរជា​ធ្លាក់ចុះ​។ ផ្អែក​តាម​ការ​ព្យាករ​អាកាសធាតុ គឺ​ផល​អំបិល​ឆ្នាំ​ ២០២៤ ប្រាកដជា​កើន​លើស​ឆ្នាំមុន​ច្រើន​»​។​​លោកស្រី​បន្ថែមថា បើតាម​កត្តា​អាកាសធាតុ​ឆ្នាំនេះ​កម្ពុជា​នឹងមិន​ត្រូវការ​អំបិល​នាំចូល​ពី​ក្រៅប្រទេស​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុងស្រុក​ឡើយ​។​

​កាលពី​ឆ្នាំ​ ២០២២ ប្រទេស​កម្ពុជា​ បាន​នាំចូល​អំបិលធម្ម​ជាតិ​ពី​ប្រទេស​ឥណ្ឌា​ជិត ២​ ម៉ឺន​តោន ​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ខណៈ​កត្តា​អាកាសធាតុ​ធ្វើឱ្យ​ផល​អំបិល​ក្នុង​ឆ្នាំ​ ២០២២  ស្ថិតក្នុង​រង្វង់ ៤​ ម៉ឺន​តោន​។ ឆ្នាំ​ ២០១៩ កម្ពុជា​ក៏បាន​នាំចូល​អំបិល ១ ​ម៉ឺន​តោន​ផងដែរ​។​

​អំបិល​ «GI» ​ត្រូវបាន​នាំចេញ​ជា​ផ្លូវ​ការលើក​ទី​១ ទៅ​អឺរ៉ុប​

​ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត​-​កែប លោក ប៊ុន ណារិន បាន​ប្រាប់ថា បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ការបង្កបង្កើន​ផល​អំបិល​នាពេលនេះ គឺមាន​ភាព​វិជ្ជមាន​ច្រើន​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ គឺ​ធ្លាក់ចុះ​ច្រើន​ដោយ​នៅពេលនេះ​អំបិល​ល្អ​មានតម្លៃ​ពី ១២ ០០០-១៥ ០០០​ រៀល​ក្នុង​ ១​ បាវ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន​មានតម្លៃ​ពី ​១៥ ០០០-១៧ ០០០​ រៀល​។​

​ទាក់ទង​ទៅនឹង​ការនាំចេញ​អំបិល ​«GI»​ លោក ណារិន បាន​ប្រាប់ថា ទើបតែ​បាន​នាំចេញ​លើកដំបូង​កាលពី​ចុង​ឆ្នាំមុន​ក្នុង​បរិមាណ​ជាង ១៧​ តោន​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ខណៈ​នៅពេលនេះ​លោក និង​ក្រុមការងារ​សមាគម​កំពុង​ខិត​​ខំធ្វើការ​ផ្សព្វផ្សាយ និង​ស្វែងរក​ទីផ្សារ​នៅ​ប្រទេស​នានា​ដើម្បី​នាំចេញ​ឱ្យបាន​កាន់តែច្រើន​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​គិតថា ទិន្នផល​អំបិល​ក្នុង​ឆ្នាំ ​២០២៤ នឹង​ខ្ពស់ជាង​ឆ្នាំ​ ២០២៣ ហើយ​ការនាំចេញ​អំបិល GI នឹងមាន​បរិមាណ​កាន់​តែ​ច្រើន​។ យើង​ពិតជា​ចង់​នាំចេញ​អំបិល GI ឱ្យបាន​ច្រើន ព្រោះ​ទីផ្សារ​នាំ​ចេញ​នឹង​ជួយ​ឱ្យ​តម្លៃ​អំបិល GI ខ្ពស់ជាង​មុន​»​។​

​រដ្ឋាភិបាល​តែង​យកចិត្ត​ទុក​ដាក់​លើ​ផលិតកម្ម​អំបិល​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហែម វណ្ណឌី ក្នុង​វេទិកា​ពិភាក្សា ​«​អាទិភាព​ការងារ​របស់​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ ​២០២៤ បាន​លើក​ឡើង​ថា ផលិតកម្ម​អំបិល​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើត​ការងារ​សម្រាប់​ប្រជាកសិករ និង​ជា​គ្រឿងផ្សំ​ចំណីអាហារ​ផង​ដែរ​។ រដ្ឋាភិបាល​តែង​លើក​ទឹក​ចិត្ត​ឱ្យ​កសិករ​ផលិត​អំបិល​ឱ្យបាន​ច្រើន ព្រមទាំង​បានដាក់​ចេញ​វិធានការ​គាំទ្រ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​ផលិតកម្ម​អំបិល​។​

​ក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ធ្លាប់បាន​ឱ្យដឹងថា ក្នុង ១​ ឆ្នាំៗ​កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ ៧-១០ ​ម៉ឺន​តោន​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​៕